អានតួអត្ថបទ
បារាំង អ៊ីស្លាម តួកគី

បារាំងប្តេជ្ញាប្រយុទ្ធ​នឹង​ចរន្តអ៊ីស្លាម​ជ្រុល​និយម តែ​​ព្យាយាម​រំងាប់​​មតិ​ស្អប់​បារាំ​ងពី​អ្នកកាន់​សាសនាអ៊ីស្លាម

ថ្មីៗនេះ ប្រធានាធិបតីតួកគី បានប្រើភាសាអសុរស​ ចាត់ទុកលោក​ម៉ាក្រុង ប្រធានាធិបតីបារាំង ថាជាមនុស្ស​មាន​បញ្ហាខួរក្បាល បន្ទាប់ពី​លោកម៉ាក្រុង បានដាក់ចុះនូវវិធានការ​ប្រយុទ្ធប្រឆាំងនឹង​ចរន្តអ៊ីស្លាមជ្រុលនិយម នៅក្នុងប្រទេសបារាំង។ លោកអ៊ែរដូហ្កាន់ បានទាំងហៅឲ្យ​អ្នកកាន់សាសនាអ៊ីស្លាមទូទាំងពិភព​លោក​ ត្រូវធ្វើពហិកា ឈប់ប្រើផលិតផលបារាំង ថែមទៀតផង។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាល​ កាលពីថ្ងៃចន្ទម្សិលមិញ បានបង្ហាញជំហរម៉ឺងម៉ាត់ ក្នុងការបោសសំអាតទ្រឹស្តីអ៊ីស្លាមបែបផ្តាច់ការ តែទន្ទឹមនឹងនេះដែរ បារាំងក៏មានចេតនា រំងាប់មតិដែល​ស្អប់បារាំង របស់អ្នកកាន់សាសនាអ៊ីស្លាម ដែលជឿតាមការស្រែកអំពាវនាវ របស់លោក​ប្រធានាធិបតីតួកគី។ 

បាតុកម្មដុតទង់ជាតិ និងរូបលោកម៉ាក្រុង នៅមុខស្ថានទូតបារាំង ក្រុងបាកដាត ថ្ងៃទី​២៦ តុលា ២០២០
បាតុកម្មដុតទង់ជាតិ និងរូបលោកម៉ាក្រុង នៅមុខស្ថានទូតបារាំង ក្រុងបាកដាត ថ្ងៃទី​២៦ តុលា ២០២០ REUTERS - TEBA SADIQ
ផ្សាយពាណិជ្ជកម្ម

លោក អ៊ែរដូហ្កាន់ បានស្រែកក្តែងៗ ​ហៅលោកម៉ាក្រុង ថាជាមនុស្ស​មានបញ្ហាខួរក្បាល ហើយ​និងបានចាត់ទុក​ប្រទេសបារាំង ថាជាប្រទេសដែល​ស្អប់ខ្ពើមសាសនាអ៊ីស្លាម​។ ក្រៅពីបានដៀលត្មេះ ប្រធានាធិបតីបារាំង លោកអ៊ែរដូហ្កាន់បាន​ទាំងអំពាវនាវ ឲ្យ​អ្នកកាន់សាសនាអ៊ីស្លាមទូទាំងពិភពលោក ​ត្រូវធ្វើពហិការឈប់ប្រើផលិតផលបារាំង។ ជាមួយ​នឹងសារតាមបណ្តាញសង្គម ការអំពាវនាវញុះញង់ឲ្យ​ស្អប់បារាំងនេះ បានរីកសាយភាព​យ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា​ សង្រ្គាមពាក្យសម្តីនេះ គឺបន្ទាប់ពីរដ្ឋាភិបាលបារាំង បានចេញវិធានការតឹងតែង ដើម្បី​​បោសសំអាត​ចរន្តទ្រឹស្តី​អ៊ីស្លាម​ជ្រុលនិយម បែបភេរវកម្ម​ ដែលកំពុងតែរីក​សាយភាយ​​​នៅក្នុង​ប្រទេសបារាំង។ គឺទ្រឹស្តីអ៊ីស្លាម​ជ្រុលនិយមនេះហើយ ដែលបាន​ជំរុញឲ្យ​ភេរវជន​​ងប់ងុលម្នាក់ សម្លាប់​កាត់ក្បាល​ លោកគ្រូ​ Samuel Paty កាល​ពីថ្ងៃទី​១៦តុលា ដោយសារតែលោកគ្រូបង្រៀនរូបនេះ បាន​យក​រូបត្លុក​​ព្រះអាឡា មកពន្យល់បង្ហាញសិស្សក្នុងថ្នាក់។ ខណៈដែលគ្រប់ប្រទេស បានថ្លែងសារថ្កោលទោលអំពើនេះភ្លាមៗ តួកគីឯនេះ ទើបតែបានថ្កោសទោសអំពើព្រៃផ្សៃនេះ នៅថ្ងៃចន្ទី​២៦តុលាប៉ុណ្ណោះ។

ប្រឈមនឹងបញ្ហានេះ លោកប្រធានាធិបតីម៉ាក្រុង បានសរសេរសារមួយ​ជាភាសាបារាំង ភាសាអង់គ្លេស និងជាភាសា​​​​អារ៉ាប់ នៅលើ​បណ្តាញ Twitter ដោយលោកបានលើកឡើងថា ៖ រដ្ឋាភិបាលបារាំង គោរពនូវរាល់ភាពខុសគ្នាក្នុងសង្គម ជាមួយ​នឹង​ស្មារតី​សន្តិភាព។ បារាំងមិនអាចទទួលបាន​ជាដាច់ខាត ចំពោះសម្តី​ផ្សព្វផ្សាយ​​​​ញុះញង់ ឲ្យ​មានការស្អប់ខ្ពើមគ្នា រវាងមនុស្សនឹងមនុស្ស ហើយរដ្ឋបារាំង​នឹងនៅតែបន្ត​ការពារ​​ជានិច្ច នូវការជជែក​​ ដោះដូរយោបល់ គំនិតយល់ឃើញផ្សេងៗគ្នា ប្រកបដោយ​ការគោរពគ្នា។

គួរកត់សំគាល់ថា តាមរយៈសារ​ជាភាសាអារ៉ាប់​នេះ គឺលោកម៉ាក្រុង​មាន​បំណង​ផ្សព្វផ្សាយ​ ឲ្យ​អ្នកកាន់​​សាសនា​អ៊ីស្លាម​​ទូទាំងពិភពលោក បានយល់ច្បាស់ ​ពី​គោល​នយោបាយ​​​​របស់រដ្ឋាភិបាល​បារាំង ដែលប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងចរន្តអ៊ីស្លាមផ្តាច់ការជ្រុលនិយម​ ព្រោះវា​ផ្ទុយនឹងច្បាប់​​បារាំង ដែលឲ្យ​តម្លៃសិទ្ធិសេរីភាពបញ្ចេញមតិជាធំ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលបារាំង មាន​បំណង​រំងាប់ ចរន្តគំនិតស្អប់បារាំងដោយយល់ខុស បើទោះបីជាការធ្វើពហិការលើទំនិញបារាំង មានផលប៉ះពាល់តិចតួចប៉ុណ្ណោះ សម្រាប់សេដ្ឋកិច្ចបារាំងនាពេលនេះ។

នៅថ្ងៃចន្ទដែរ លោកម៉ាក្រុង បានអញ្ជើញ ប្រធាន​ក្រុមប្រឹក្សាសាសនាអ៊ីស្លាមនៅបារាំង (CFCM) ឲ្យ​ចូលជួប។ លោក Mohammed Moussaoui ប្រធានក្រុមប​្រឹក្សានេះ បានលើកឡើងថា ប្រជាជនបារាំងដែលកាន់សាសនាអ៊ីស្លាមទាំងអស់ ត្រូវរួមគ្នា ជួយការពារប្រយោជន៍ជាតិ ប្រឈមនឹងពាក្យ​ឃោសនា​ញុះញង់ទាំងអស់នេះ។

ដោយឡែក លោកស្រីអង់ហ្គេឡា មែរកិល ព្រមទាំងថ្នាក់ដឹកនាំប្រទេសសហភាពអឺរ៉ុបផ្សេងទៀត​ បានថ្លែងសារ​សម្តែងការគាំទ្រលោកម៉ាក្រុង និងបានចាត់ទុកសម្តីរបស់​លោក​អ៊ែរដូហ្កាន់ ថាជាសម្តីបង្កាច់បង្ខូចកិត្តិយស​បារាំង។ លោក Clément Beaune រដ្ឋលេខាធិការបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប បានលើកឡើងថា លោកអ៊ែរដូហ្កាន់ ​កំពុងតែឆក់ឱកាស ដោយគ្មានភាពអៀនខ្មាស ដើម្បីបំពេញមហិច្ឆិតា អួតថាខ្លួន ជាកំពូលមេដឹកនាំតែម្នាក់គត់ ដែលការពារអ្នកកាន់សាសនាអ៊ីស្លាម ទូទាំងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ