អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីបានជា​Astra Zeneca បើកការសិក្សា​បន្ថែម​លើ​វ៉ាក់សាំង ដែលខ្លួន​ទើបរកឃើញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ទីរពិសោធន៍​របស់​ក្រុមហ៊ុនផលិតឱសថ Astra Zeneca បាន​បង្កើត​ភាពស្រពិចស្រពិល​ជុំវិញ វ៉ាក់សាំង ប្រឆាំង​កូវីដ ១៩ ដែល​មន្ទីរពិសោធន៍​អង់គ្លេស មួយនេះ ទើប​បាន​ប្រកាស នៅ​ដើមសប្តាហ៍នេះ ថា មាន​ប្រសិទ្ធិភាព​ជាមធ្យម ៧០ភាគរយ។ នៅថ្ងៃ​ព្រហស្បតិ៍ទី ២៦ វិច្ឆិកា នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក Bloomberg ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង កូវីដ Astra Zeneca  គឺ​លោក Pascal Soriot​ទទួល​ស្គាល់ថា ទិន្នន័យ​លទ្ធផល​សាកល្បង​វ៉ាក់សាំង​របស់Astra Zeneca ​មាន​បញ្ហា ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​​សិក្សា​ឡើងវិញ។ 

រូប ដំណក់វ៉ាក់សាំង​ប្រឆាំង​កូវីដ​របស់​ក្រុមហ៊ុន​ឱសថអង់គ្លេស Astra Zeneca
រូប ដំណក់វ៉ាក់សាំង​ប្រឆាំង​កូវីដ​របស់​ក្រុមហ៊ុន​ឱសថអង់គ្លេស Astra Zeneca REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ប្រធាន​ក្រុមហ៊ុន​ Astra Zeneca​ប្រកាស​បើកការសិក្សា​ថ្មី គឺ​នៅបន្ទាប់​ពី​ការរិះគន់​លើ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំងប្រឆាំង​កូវីដ ដែល​ Astra Zeneca​បាន​ប្រកាស​ថា មាន​ប្រសិទ្ធិភាព​ជាមធ្យម ៧០ភាគរយ។

នៅពីក្រោយ​ពាក្យ ជាមធ្យម ៧០​ភាគរយ តាមពិត​មាន​បង្កប់ នូវទិន្នន័យ​ពីផ្សេងគ្នា និង​បាន​មក​ពីការធ្វើតេស្ត​សាកល្បង ពីរបែបផ្សេងគ្នា។ របាយការណ៍លម្អិត​របស់​ Astra Zenecaបាន​បង្ហាញថា ​ប្រសិទ្ធិភាព​របស់វ៉ាក់សាំង អាច​ឡើងដល់ ៩០% ចំពោះក្រុមដែល បានទទួល​ចាក់វ៉ាក់សាំងដំបូង ​តែ​កន្លះដូស និង​បន្ទាប់មក​គឺ​បានទទួល​មួយដូសពេញ​នៅមួយខែក្រោយ។ ចំណែកក្រុម​ដែល​ទទួល​​បាន​មួយ​ដូស​ពេញ ទាំង​លើក​ទី​មួយ​និង​លើក​ទីពីរវិញ ប្រសិទ្ធភាព​របស់វ៉ាក់សាំង បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៦២%។

គឺ​គម្លាត​ប្រសិទ្ធិភាព​របស់វ៉ាក់សាំង​នេះហើយដែល​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្រ្ត​ចោទជា​សំណួរ និងបាន​ស្រាវជ្រាវ​ទៅ រកឃើញថា ក្រុមហ៊ុន ដែល​ទទួល​បន្ទុក ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង នៅទឹកដី​អាមេរិក បាន​ប្រព្រឹត្ត​កំហុស​បច្ចេកទេស នៅក្នុង​ពេល​ធ្វើតេស្ត​សាកល្បង។

គេរកឃើញថា ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង របស់​Astra Zeneca ដែល​មាន​ដល់ ៩០ភាគរយ គឺ​កើតឡើង​ដោយ​ចៃដន្យ ដោយសារ​តែ​កំហុស​បច្ចេកទេស របស់​មនុស្ស។ ដើមឡើយ គេ​តម្រូវ​ឲ្យ​ចាក់​ពីរ​ដូស នៅរវាង​រយៈពេល​១ខែ។ ប៉ុន្តែ ក្រុមហ៊ុន​នៅអាមេរិក ដែល​ទទួល​បន្ទុក សាកល្បង ច្រលំ ចាក់តែ​កន្លះដូស នៅ​លើកទី១ និង​១ដូស​ពេញ នៅ​មួយខែ​ក្រោយ។ ក្រុមហ៊ុន​ Astra Zeneca​​ប្រកាស​បើកការសិក្សា​ឡើងវិញ ក៏ព្រោះតែ​ឃើញថា វិធី​ចាក់​វ៉ាក់សាំង ​តែ​កន្លះ​ដូស នៅលើកទី១ មាន​ប្រសិទ្ធិភាព ដល់ទៅ ៩០ភាគរយ គឺ ខ្ពស់ជាង ការចាក់​វ៉ាក់សាំង ពីរដូសពេញៗ ដែល​មានប្រសិទ្ធិភាព​ត្រឹមតែ ៦០ភាគរយ។ ក្រុមហ៊ុន​ត្រូវ​សិក្សា​លម្អិត​បន្ថែមទៀត ព្រោះថា អ្នកដែល​បាន​ទទួល​ចាក់វ៉ាក់សាំង​ដោយ​ច្រលំដូស មានតែ ៣ពាន់នាក់ តែប៉ុណ្ណោះ គឺ​មិនច្រើនក្នុងទ្រង់ទ្រាយធំ សក្តិសម​នឹង​ដំណាក់កាល​សាកល្បង​ទី​៣​នោះទេ។ ម្យ៉ាងទៀត ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង ដល់​ទៅ ៩០ភាគរយ មានតែ​ក្នុង​ចំណោម​មនុស្ស​ ដែល​អាយុ ក្រោម ៥៥ឆ្នាំ ដែល​ជារឿង​ធ្វើ​ឲ្យ​គេ​មិនសូវ​ពេញចិត្ត ខ្លាំង​នោះទេ ព្រោះថា វ៉ាក់សាំង​នៅតែ​មិនទាន់​មាន​ប្រសិទ្ធិភាព ខ្ពស់​សម្រាប់​ក្រុមមនុស្ស​ចាស់ ដែល​ជា​ក្រុមមនុស្ស​ងាយរងគ្រោះ ដែល​តាមពិត ត្រូវការ​ចាំបាច់​វ៉ាក់សាំង ជាង​ក្រុមមនុស្ស​ដែល​មានវ័យ ក្រោម ៥៥ឆ្នាំ។

ការប្រកាស​បើកការសិក្សា​បន្ថែម លើ​វ៉ាក់សាំង​របស់​Astra Zeneca  ធ្វើឲ្យ​ទំនុកចិត្ត​លើ​វ៉ាក់សាំង​កាន់តែ​ធ្លាក់ចុះ អាក្រក់​មួយកម្រិតទៀត

ការបិទបាំង កំហុស​បច្ចេកទេស​របស់ខ្លួន នៅក្នុង​ពេល​សាកល្បង វ៉ាក់សាំង​ក្នុង​ដំណាក់កាល​ទី៣ បាន​ធ្វើ​ឲ្យ​ ក្រុមហ៊ុន​ Astra Zeneca ​រងការរិះគន់ និង​ធ្វើ​ឲ្យ​គេ​កាន់តែ​លែង​ជឿទុកចិត្ត​លើ​ក្រុមហ៊ុន​ផលិត​ឱសថ។ ការស្រាវជ្រាវ​រកវ៉ាក់សាំង បាន​ក្នុង​ពេលវេលា​ខ្លីដ៏សែនខ្លី បានធ្វើ​ឲ្យ​គេ​មិនសូវ​ជឿទុកចិត្ត​លើ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​រួចទៅហើយ នេះគេ​នៅមិនទាន់​និយាយ​ពី​ផលប៉ះពាល់​របស់វា ដែលអាច​មាន​ទៅលើ​សុខភាព របស់​មនុស្ស នៅ ​ថ្ងៃ​អនាគតផង។

ករណី​របស់​ Astra Zeneca​បង្ហាញ​ឲ្យឃើញថា ក្រុមហ៊ុន​ធ្វើការ​ធ្វេសប្រហែស ចាក់ច្រលំ ចំនួនដូស ប៉ុន្តែ បាន​បិទបាំង មិន​ឲ្យ​សាធារណជន​ដឹងទេ។ ទោះជា​ដឹងថា ខ្លួន​ចាក់ច្រលំ ចំនួនដូស ប៉ុន្តែ ក្រុមហ៊ុន នៅតែ​បន្ត ធ្វើ ហើយ​​បាន​ព្យាយាម​បិទបាំង កំហុស​បច្ចេកទេស​របស់ខ្លួន។ មួយវិញទៀត នៅពីក្រោយ តួលេខ ប្រសិទ្ធិភាព វ៉ាក់សាំង ដល់​ទៅ ៩០ភាគរយ Astra Zeneca​មិន​បាន​បញ្ជាក់​អាយុ​របស់​អ្នកដែល​បានទទួល​វ៉ាក់សាំង​នោះទេ។ តាម​អាជ្ញាធរ​អាមេរិក Warp Speed ដែល​តាមដាន​ដំណើរការ​តេស្ត​របស់​ Astra Zeneca​​នៅអាមេរិក វ៉ាក់សាំង​របស់​ Astra Zeneca​ដែល​ចាក់ច្រលំ មានប្រសិទ្ធិភាព សម្រាប់តែ​អ្នកដែល​មានអាយុ ក្រោម ៥៥ឆ្នាំ។ Astra Zeneca​មិន​បាន​បញ្ជាក់​លម្អិត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ទូទៅអាច​ជឿ​ថា វ៉ាក់សាំង របស់​ Astra Zeneca​អាច​មាន​ប្រសិទ្ធិភាព ៩០ភាគរយ សម្រាប់​មនុស្ស​ទូទៅ គ្រប់អាយុ។

ហេតុអ្វី​បានជាគេ​មិនអាច​ផ្តោតសំខាន់តែ ទៅលើ​ភាគរយ​នៃ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង?

វ៉ាក់សាំង​មួយ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា គេ​មិនមើល​តែ​ទៅលើ​កម្រិតភាគរយ​នោះទេ។ គេ​ត្រូវ​មើល​ទៅលើ​ទិដ្ឋភាព​ផ្សេងទៀត​របស់​វ៉ាក់សាំង ដែល​មានតាំង​ពី​ថេរវេលា​នៃ​ប្រព័ន្ធ​ការពារខ្លួន ដែល​វ៉ាក់សាំង​ជួយ​ទៅ បង្កើតសម្រាប់​ទប់ទល់​មេរោគកូរ៉ូណា ប្រសិទ្ធិភាព​របស់វ៉ាក់សាំង ទៅលើ​ក្រុមមនុស្ស​ដែល​ងាយរងគ្រោះ គឺ មនុស្សចាស់ ហើយ​និង​តម្លៃ របស់វា។

វ៉ាក់សាំង​របស់ ក្រុមហ៊ុន Pfizer និង​Moderna មាន​ប្រសិទ្ធិភាព​ខ្ពស់​ដល់ទៅ ៩៥%​ប៉ុន្តែ​តម្លៃ​របស់វាថ្លៃខ្លាំងណាស់ ដល់ទៅ៣០ ទៅ ៤០ដុល្លារ ចំណែក រឿងស្តុក វ៉ាក់សាំង​ក៏ស្មុគស្មាញ ពិបាក ព្រោះវា​ត្រូវការ​កន្លែងស្តុក នៅកន្លែងត្រជាក់ខ្លាំង ដល់​ក្រោម ២០ ឬ ៧០អង្សារ។

វ៉ាក់សាំង​របស់​Astrazeneca វិញ ត្បិតតែ​មានប្រសិទ្ធិភាព​ត្រឹម ៧០ភាគរយ ប៉ុន្តែ វា​មាន​តម្លៃ​ថោក ត្រឹម​តែ ៨ដុល្លារ ចំនែក កន្លែងស្តុក គឺ​ត្រឹមតែ​ទូទឹកកកធម្មតា ដែល​ជាហេតុ​ធ្វើ​ឲ្យគេជឿថា វ៉ាក់សាំង Astra Zeneca​នឹង​អាច​ត្រូវ​គេ​ចាយចាយ និង​មាន​ប្រសិទ្ធិភាព​ទូលំទូលាយ​ជាង​វ៉ាក់សាំង​របស់​Pfizer Moderna។ ប៉ុន្តែ ចំណោទ​ចុងក្រោយ​សម្រាប់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ទាំងបី ដូចគ្នា គឺ​រយៈពេល នៃ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង។ គេ​នៅតែមិនដឹងថា តើ​វ៉ាក់សាំង​នឹងអាច​ជួយ​ការពារ​កុំ​ឲ្យ​គេ​អាច​ឆ្លង​មេរោគកូរ៉ូណា បាន​ក្នុង​រយៈពេល​ប៉ុណ្ណានៅឡើយ

Astra Zeneca​ប្រកាសបើកការសិក្សា​ឡើងវិញ ប៉ុន្តែ ក៏នៅតែ​បន្ត​ផលិតវ៉ាក់សាំង​តាមគម្រោង

តាម​ប្រធាន​ក្រុមហ៊ុន​ Astra Zeneca​ការសិក្សា​បន្ថែម លើ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​នឹង​មិនប៉ះពាល់​ដំណើរការ ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​ចរាចរណ៍​ និង​ប្រើប្រាស់​ថ្នាំ​បង្ការ​នោះទេ។ ក្រុមហ៊ុន​សង្ឃឹមថា នឹង​បញ្ចប់​ដំណាក់កាល​សិក្សា​ថ្មី នៅក្នុង​ពេល​ដ៏ខ្លី ឆាប់ៗ​ខាងមុខ។ តាម​ប្រធាន​ក្រុមហ៊ុន​ Astra Zeneca​ដដែល ទោះជា​ក្រុមហ៊ុន​ចាប់សិក្សា​ថ្មីឡើងវិញ ប៉ុន្តែ ក្រុមហ៊ុន​នៅតែ​បន្ត​ដំណើរការ សុំ​ចុះឈ្មោះ ដាក់​ឲ្យចរាចរណ៍​វ៉ាក់សាំង តាមធម្មតា។ ដោយសារ​តែ​ថ្នាំ​វ៉ាក់សាំង​នេះ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការទុក​ដាក់​និង​ចែកចាយ ​ពិភពលោក​នឹងអាច​ទទួល​ ​វ៉ាក់សាំង​បង្ការកូវីដ របស់​អង់គ្លេស​ ក្នុង​បរិមាណ ៣ពាន់​លាន​ដូស នៅក្នុង​អំឡុង​​ឆ្នាំ​២០២១។

ដោយសារ​តែ​ក្រុមហ៊ុន​ Astra Zeneca​ជា​ក្រុមហ៊ុន​អង់គ្លេស ស្រាវជ្រាវ​នៅទឹកដី អង់គ្លេស រដ្ឋាភិបាល​អង់គ្លេស​ទើប​បាន​ប្រកាស​កាលពីថ្ងៃ​ម្សិលមិញ​ថា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ឱសថជាតិ ចូល​សិក្សា ទិន្នន័យ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Astra Zeneca ដែល​ជា​ដំណាក់កាល​បើកផ្លូវ​ឈាន​ទៅ​ផលិត និង​ចាក់វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ អង់គ្លេស។

តាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អង់គ្លេស ​អាជ្ញាធរ​ត្រួតពិនិត្យ​ថ្នាំ ចូលទៅ​យកទិន្នន័យ​របស់​ក្រុមហ៊ុន​ Astra Zeneca​មក​សិក្សា  វាយតម្លៃ ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង។ បើសិន អាជ្ញាធរត្រួតពិនិត្យ​ថ្នាំ​យល់ព្រម បើកភ្លើងខៀវ នោះ​រដ្ឋាភិបាល​អង់គ្លេស​គ្រោង​នឹង​ចាប់ផ្តើម​យុទ្ធនាការចាក់​វ៉ាក់សាំង ឲ្យ​បានលឿនបំផុត។ Astra Zeneca​បាននិយាយ​ហើយថា វ៉ាក់សាំង ប្រមាណ ៤លានដូស នឹង​ត្រូវ​ផ្គត់ផ្គង់​នៅអង់គ្លេស ឲ្យ​បានមុន​ចុងឆ្នាំនេះ។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ