អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបំផ្លែងខ្លួនរបស់កូវីដ១៩ បានបង្ខំឲ្យរដ្ឋាភិបាលអង់គ្លេសបិទខ្ទប់ទីក្រុងឡុងដ៏ និងតំបន់ប៉ែកអាគ្នេយ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អង់គ្លេស នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន​បាន​ប្រកាស​នា​យប់​​ថ្ងៃ​សៅរ៍ ទី១៩ ធ្នូ​ពី​ការ​បិទខ្ទប់​ទីក្រុង​ឡុងដ៍ និង​តំបន់​ប៉ែកអាគ្នេយ៍​ប្រទេស​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី២០ ធ្នូ​រហូត​ដល់​ដំណាច់ឆ្នាំ ២០២០។ គោលដៅ គឺ​ដើម្បី​ទប់ស្កាត់​នឹង​វត្តមាន​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ ដែល​លោក​ចនសុន​អះអាង​ថា មាន​លក្ខណៈ​ឆ្លង​ខ្លាំង ឆ្លងរាតត្បាត​លឿន និង​អាច​បង្ក​ឲ្យ​មាន​អត្រា​មរណៈ​ខ្ពស់។ ការ​ប្រកាស​របស់​ចនសុន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អង់គ្លេស​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​បាន​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​បុណ្យ​ណូអែល​តែ ៤ថ្ងៃ​ប៉ុណ្ណោះ។ ក្រៅ​ពី​អង់គ្លេស ប្រទេស​ហូឡង់​ក៏​បាន​រក​ឃើញ​ករណី​ឆ្លង​ពី​កោសិកា​ថ្មី​របស់​កូវីដ១៩ មួយ​ករណី និង​បាន​ប្រកាស​ព្យួរ​ជើងហោះហើរ​ដឹកអ្នកដំណើរ​ពី​ប្រទេស​អង់គ្លេស។

នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនសុន
នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនសុន AP - Toby Melville
ផ្សាយពាណិជ្ជកម្ម

វត្តមាន​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​អង់គ្លេស​រក​ឃើញ​នៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ជាង ១ ០០០នាក់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ។ លោក Patrick Vallance ទីប្រឹក្សាវិទ្យាសាស្រ្ត​របស់​រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជាក់​ថា វត្តមាន​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ ប្រហែល​ជា​បាន​លេច​រូបរាង​នា​ពាក់កណ្តាល​ខែ​កញ្ញា​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ឬ​មួយ​នៅ​ក្នុង​តំបន់ Kent ស្ថិត​ប៉ែកអាគ្នេយ៍។ តាម​លោក Patrick កោសិកា​ថ្មី​របស់​កូវីដ១៩ នេះ​ជា​ប្រភពដើម​នៃ​ការ​ចម្លង​ចំនួន ៦២% ក្នុង​ទីក្រុង​ឡុងដ៏ និង ៤៣% ក្នុង​តំបន់ Kent។

វត្តមាន​កោសិកា​ថ្មី​របស់​កូវីដ១៩ បាន​បង្ខំ​ឲ្យ​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​ដំឡើង​កម្រិត​អាសន្ន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ និង​តំបន់​ប៉ែកអាគ្នេយ៍​ពី​កម្រិត ៣ ទៅ កម្រិត៤ ដែល​ជា​កម្រិតអាសន្ន​ខ្ពស់​ជាង​គេ។ វិធានការ​បិទខ្ទប់​ទីក្រុង​ឡុងដ៍ និង​តំបន់​ប៉ែកអាគ្នេយ៍​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី២០ ធ្នូ គឺ​ដូច​គ្នា​នឹង​វិធានការ​បិទខ្ទប់​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។ ហាងលក់ទំនិញ​មិន​ចាំ​បាច់​នឹង​ត្រូវ​បិទទ្វារ ហាងកាហ្វេ ភោជនីយដ្ឋាន និង​សារៈមន្ទីរ​ដែល​តម្រូវ​ឲ្យ​បិទទ្វារ​តាំង​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នឹង​បន្ត​បិទទ្វារ​ជា​បន្ត​ទៀត ពលរដ្ឋ​រស់ក្នុង​ទីក្រុង​ឡុងដ៍ និង​តំបន់​ប៉ែកអាគ្នេយ៍​ត្រូវ​នៅ​ផ្ទះ។

ការ​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ឡុងដ៏ ឬ​ពី​តំបន់​ប៉ែកអាគ្នេយ៍​ទៅ​កាន់​តំបន់​ផ្សេង​ទៀត ឬ​ទៅ​កាន់​បរទេស​ត្រូវ​បាន​ហាមឃាត់។ អ្នក​រស់នៅ​ក្នុង​ទីក្រុង​ឡុងដ៏ និង​នៅ​តំបន់​ប៉ែកអាគ្នេយ៍​មិន​អាច​ប្រារព្ធ​បុណ្យណូអែល​ដូច​ដែល​ពួក​គេ​បាន​ព្រាង​ទុក​ឡើយ។ លោក​ចនសុន​បាន​សុំ​ឲ្យ​ពលរដ្ឋ​មាន​ការ​អធ្យាស្រ័យ​ដោយ​បាន​ពន្យល់​ថា ដើម្បី​ការពារ​ជីវិត​ពលរដ្ឋ លោក​គ្មាន​ជ្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​ពហិកា​ថ្ងៃ​បុណ្យ​ណូអែល​ចំពោះ​អ្នក​ទីក្រុង​ឡុងដ៏ និង​អ្នក​តំបន់ប៉ែកអាគ្នេយ៍។

លោក​បូរីស ចនសុន៖​កោសិកា​ថ្មី​នៃ​កូវីដ១៩ អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងន់

អ្វីៗ​កំពុង​បន្ត​ស្រពិចស្រពិល​នៅ​ឡើយ​ទាក់ទង​នឹង​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩។ តើ​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ ពិត​ជា​កាច​សាហាវ​ជាង​កោសិកា​នៃ​កូវីដ១៩​ដែល​ពិភពលោក​បាន​ស្គាល់​តាំង​ពី​ជិត ១ឆ្នាំ​កន្លង​ទៅ​ដែរ ឬ​ទេ?។ នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់​ច្បាស់​ចំពោះ​សំណួរ​នេះ​ទេ។ ពិត​ណាស់ និង​បើ​តាម​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន ប្រភព​នៃ​កណើន​ករណី​ឆ្លង​ថ្មី​នៃ​កូវីដ១៩ នៅ​អង់គ្លេស ពិសេស​ក្នុង​ទីក្រុង​ឡុងដ៏ និង​តំបន់​ប៉ែកអាគ្នេយ៍ គឺ​ប្រហែល​ជា​ឆ្លង​ពី​កោសិកា​ថ្មី​របស់​កូវីដ១៩។ តាម​លោក​ចនសុន ការ​ឆ្លង​តាម​កោសិកា​ថ្មី​នេះ​មាន​ភាព​ងាយ អត្រា​នៃការចម្លង​មានរហូត​ដល់​ទៅ ៧០% អាចមាន​អត្រា​មរណៈ​ខ្ពស់ និងអាច​ធ្វើ​ឲ្យ​អ្នកឆ្លង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង បើ​ធៀប​នឹង​កោសិកា​កូវីដ១៩ បច្ចុប្បន្ន។

តែ​លោក​ចនសុន​ក៏​បាន​អះអាង​ដែរ​ថា លោក​គ្មាន​ភស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​កោសិកា​កូវីដ១៩ នា​ពេល​បច្ចុប្បន្ន​ទេ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកវិទ្យាសាស្រ្ត​អង់គ្លេស​កំពុង​បន្ត​សិក្សាស៊ីជ្រៅ​លើ​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ ហើយ​រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​ឲ្យ​អង្គការ​សុខភាពពិភពលោក​រួច​ហើយ​ដែរ។ ដូច្នេះ​មាន​តែ​ការ​បន្ត​រង់ចាំ​ព័ត៌មាន​បន្ថែម​នៅ​ថ្ងៃ​ខាង​មុខ។

តើ​គេ​គួរ​ព្រួយបារម្ភ​ចំពោះ​កោសិកា​ថ្មី​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ ដែរ​ឬ​ទេ?

អ្វី​ដែល​ត្រូវ​ប្រយ័ត្នប្រយែង និង​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ចំពោះ​មុខ គឺ​ជំងឺ​កូវីដ១៩ ដែល​កំពុង​បន្ត​ឆ្លង និង​សម្លាប់​ជីវិត​មនុស្ស​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ពាន់​ម៉ឺននាក់​ក្នុង​លោក។ ចំណែក​រឿង​វត្តមាន​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ នៅ​មិន​ទាន់​ជា​ក្តីបារម្ភ​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​ព្យួរ​ជើងហោះហើរ និង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ពីប្រទេស​អង់គ្លេស ដូច​យ៉ាង​ប្រទេស​ហូឡង់ ឬ​បែលហ្ស៊ិក។ តាម​ពិត រឿង​វីរុស​បំផ្លែងខ្លួន​នេះ​ជា​រឿង​ដែល​គេ​បារម្ភ​ខ្លាំង និង​ជា​រឿង​ដែល​គេ​បាន​រង់ចាំ។ នៅ​ពេល​ដែល​វីរុស​ចម្លង និង​ធ្វើ​ចរាចរណ៍​លើ​មនុស្ស​ក្នុង​បរិមាណ​មួយ ការ​បំផ្លែងខ្លួន​របស់​វីរុស​នោះ​តែង​កើត​មាន​ជានិច្ច។ សម្រាប់​ក្រុមអ្នកវិទ្យាសាស្រ្ត នេះ​ជា​បាតុភូត​ធម្មជាតិ​មួយ​ធម្មតា។

លោក Patrick Berche សាស្រ្តាចារ្យ និង​ជា​សមាជិក​បណ្ឌិតសភា​វេជ្ជសាស្រ្ត​បាន​លើកឡើង​ពី​ព័ត៌មាន​ស្តីពី​ប្រូតេអ៊ីន Skipe ដែល​កូវីដ១៩​ប្រើ​ជា​គន្លឹះ​ដើម្បី​ជ្រាបចូល​ក្នុង​កោសិកា​របស់​មនុស្ស។ តាម​លោក Patrick  ការ​បំផ្លែងខ្លួន​របស់​វីរុស​ជា​ការ​ថតចម្លង​របស់​វីរុស។ បើ​ការ​បំផ្លែងខ្លួន​របស់​វីរុស​កើត​មាន​នៅ​ក្នុង​តំបន់​ដែល​មិន​សូវ​មាន​វីរុស​ធ្វើ​ចរាចរណ៍ កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​វីរុស​មិន​បង្ក​ឲ្យ​មាន​ផលវិបាក​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ការ​បំផ្លែងខ្លួន​របស់​វីរុស​កើត​មាន​នៅ​ក្នុង​តំបន់​ដែល​វីរុស​កំពុង​ធ្វើ​ចរាចរណ៍​ខ្លាំង កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​វីរុស​អាច​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ខ្លាំង​ដែរ។

ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំងបង្ការ​កូវីដ១៩ ក្រុម​អ្នកស្រាវជ្រាវ​បាន​ពឹង​ផ្អែក​លើ​ព័ត៌មាន​ស្តីពី​ប្រូតេអ៊ីន Skipe នៅ​ក្នុង​វីរុស​កូវីដ១៩។ ក្រុម​អ្នកវិទ្យាសាស្រ្ត​កំពុង​ចង់​ដឹង​ថា តើ​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ប្រូតេអ៊ីន Skipe បំផ្លែង​ខ្លួន ឬ​អត់។ បើ​គ្មាន​ការ​បំផ្លែង​ខ្លួន​ទេ វ៉ាក់សាំង​ដែល​រក​ឃើញ​សព្វថ្ងៃ​អាច​នឹង​មាន​ប្រសិទ្ធិភាព​ជាមួយ​នឹង​កោសិកា​ថ្មី។ ផ្ទុយ​ទៅ​វិញ បើ​ប្រូតេអ៊ីន Skipe មាន​ការ​បំផ្លែង​ខ្លួន​ទៅ​តាម​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ សព្វថ្ងៃ​អាច​ធ្លាក់​ចុះ ឬ​លែង​មាន​ប្រសិទ្ធិភាព​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ