អានតួអត្ថបទ
អង់គ្លេស-សហភាពអឺរ៉ុប

លោកបូរីស ចនសុន ត្រូវធ្វើចត្តាឡីស័ក ​ខណៈពេលកាន់តែ​ខើច​ដើម្បី​​ចរចា​​កិច្ច​ព្រមព្រៀង​Brexit

លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានប្រាប់ឲ្យ​ដឹងថា លោកនឹងត្រូវធ្វើចត្តឡីស័ក ដាក់ខ្លួន​ឲ្យ​នៅដាច់ដោយ​ឡែក បន្ទាប់ពី​លោក​បាន​ជួបប្រាស្រ័យជាមួយ​ មនុស្សម្នាក់ដែលមានផ្ទុកកូវីដ១៩។ ការធ្វើចត្តាឡីស័ក​របស់លោកនាយករដ្ឋមន្ត្រី​អង់គ្លេស គឺវាជួនចំពេល ដែលរដ្ឋាភិបាលអង់គ្លេស កំពុងជួបភាពរកាំរកូស ហើយជាងនេះទៀត ពេលវេលា​ក្នុងការចរចា ស្វែងរកកិច្ចព្រមព្រៀងជាមួយ​សហភាព​អឺរ៉ុប គឺកាន់តែខើចទៅៗហើយ មុននឹងអង់គ្លេសផ្តាច់ខ្លួន ជាស្ថាពរពីសហភាពអឺរ៉ុប នៅដាច់ឆ្នាំ២០២០នេះ។

លោកបូរីស ចនសុន នៅថ្ងៃរំលឹក​​​ខួប​បទឈប់បាញ់​បញ្ចប់​សង្រ្គាមលើកទី​១។  Westminster abbey ថ្ងៃទី​១១ វិច្ឆិកា ២០២០​
លោកបូរីស ចនសុន នៅថ្ងៃរំលឹក​​​ខួប​បទឈប់បាញ់​បញ្ចប់​សង្រ្គាមលើកទី​១។ Westminster abbey ថ្ងៃទី​១១ វិច្ឆិកា ២០២០​ REUTERS - TOBY MELVILLE
ផ្សាយពាណិជ្ជកម្ម

លោកបូរីស ចនសុន បានសរសេរលើទំព័រ Twitter ថាលោក​បាន​ជួបប្រាស្រ័យជាមួយ​តំណាងរាស្រ្តម្នាក់​ ដែលមានផ្ទុកកូវីដ​១៩។ ដូច្នេះ លោក​ត្រូវតែធ្វើចត្តាឡីស័ក ដើម្បីបង្ការ កុំឲ្យ​ឆ្លងទៅសមាជិក​ដទៃទៀតក្នុងរដ្ឋាភិបាល បើទោះបីជា​លោក​ធ្លាប់ឆ្លងកូវីដ​១៩ម្តងរួចហើយ និងមានអង់ទីក័រក្នុង​ខ្លួនក្តី។

គួរកត់សំគាល់ថា ដំណឹង​នៃការធ្វើចត្តាឡីស័ក របស់​លោក​នាយករដ្ឋមន្ត្រីអង់គ្លេស បាន​មកបន្ថែម ធ្វើ​ឲ្យ​អ្នកតាមដាននយោបាយអង់គ្លេស កាន់តែបារម្ភយ៉ាងខ្លាំង ព្រោះថាក្នុងអំឡុងពេលនេះ រដ្ឋាភិបាលអង់គ្លេស មានរឿងបន្ទាន់ដែលត្រូវដោះស្រាយ​ច្រើនណាស់។ ក្រៅពី​បញ្ហា​ជំងឺឆ្លងកូវីដ១៩ រដ្ឋាភិបាល​អង់គ្លេស ត្រូវដោះស្រាយ​សំណុំរឿងធំមួយ​ទៀត គឺ​ការចរចាសម្រេចឲ្យ​បាន នូវកិច្ចព្រមព្រៀងជាមួយ​សហភាពអឺរ៉ុប មុននឹងចាកចេញ​​​ជា​ស្ថាពរ នៅថ្ងៃ​ទី​​៣១​ធ្នូ។

ជាងនេះទៀត Dominic Cummings ទីប្រឹក្សាពិសេស និងជាមនុស្ស​ជំនិតបំផុតរបស់​លោកបូរីស ចនសុន បាន​លាឈប់ពីរដ្ឋាភិបាល កាលពី​ចុងសប្តាហ៍មុន ដោយ​ទាំង​ លោក Lee Cain ប្រធានទំនាក់ទំនងទូទៅ របស់រដ្ឋាភិបាល​ ក៏បានលាឈប់​ដែរ។ តាម​ដំណឹងពាក្យ​ចចាមអារ៉ាមខ្លះ គឺ​ដោយសារ​តែភាពប្រេះឆា ឈ្លោះគ្នា​ផ្ទៃក្នុងរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ ការចរចាស្វែងរកកិច្ចព្រមព្រៀងជាមួយ​សហភាពអឺរ៉ុប គឺមិនអាចរងចាំបានឡើយ។ មន្ត្រីទូតនៅអឺរ៉ុប បានលើកឡើងថា គេចាប់ផ្តើមអស់សង្ឃឹមហើយ ព្រោះថា​ពេល​វេលា​កាន់តែខើច។ លោក Simon Coveney រដ្ឋមន្ត្រីការបរទេសអៀរឡង់ បាន​លើក​ឡើងថា អង់គ្លេសមានពេលយ៉ាងយូរបំផុត ២សប្តាហ៍ទៀតប៉ុណ្ណោះ ពុំនោះទេ​ នឹងត្រូវផ្តាច់ខ្លួន​ចេញ​ពីអឺរ៉ុប​ ដោយ​គ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។

លោក Michel Barnier តំណាងសហភាព​អឺរ៉ុបក្នុងការចរចា Brexit បានអះអាងថា ភាគី​ទាំងពីរ​បន្តការចរចា ដើម្បីស្វែងរកចំណុចស្របគ្នា ដែលនៅជាប់គាំង មានជាអាទិ៍ បញ្ហាបែងចែក​ដែនទឹកនេសាទ និងវិធានគ្រប់គ្រងការប្រកួតប្រជែងដោយសមភាព។ លោក Michel Barnier បន្ថែមថា សហភាពអឺរ៉ុប ចង់ឲ្យ​ទំនាក់ទំនងរវាងអឺរ៉ុបនិងអង់គ្លេស នៅ​ថ្ងៃ​អនាគត មានសមភាពគ្រប់វិស័យ។

ដោយឡែក លោកបូរីស ចនសុន បានអះអាង​ជាថ្មីថា លោកនឹងមិនព្រមទទួលជា​ដាច់ខាត​​ ​បើ​កិច្ចព្រមព្រៀងនោះ ធ្វើឲ្យ​ប៉ះពាល់ដល់​អធិបតេយ្យ​ភាព​ជាតិ​ ​របស់អង់គ្លេស។ តែយ៉ាងណា ការចាកចេញ​របស់​លោក Dominic Cummings ដែលជាមនុស្ស​មានជំហរ​រឹង​ក្នុងរឿងBrexit នេះ បានធ្វើឲ្យ​អ្នកវិភាគ មានសង្ឃឹមថា លោកបូរីស ចនសុន អាច​ប្រហែល​ជា​បន្ទន់​ជំហរ​ខ្លះ ហើយឈានទៅទទួលយកលក្ខខណ្ឌ របស់សហភាពអឺរ៉ុប ដើម្បី​បញ្ចៀស​ ​​កុំឲ្យ​ផ្តាច់ខ្លួន​ដោយ​គ្មានកិច្ចព្រមព្រៀង នៅថ្ងៃទី​៣១ធ្នូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ