អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើប្រធានាធិបតីអាមេរិក​ថ្មី នឹងសើរើ បោះចោល​ទាំងស្រុង នយោបាយ​ការបរទេស របស់​លោកដូណាល់ ត្រាំ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

៣ថ្ងៃ​ក្រោយ ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី អាមេរិក លោក​ចូ បៃដិន​បាន​ទូរស័ព្ទ ទៅ​លោក​នាយករដ្ឋមន្រ្តី អង់គ្លេស បូរីស ចនសុន កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ។ កិច្ចសន្ទនា​ដែល​ផ្តោត​សំខាន់​លើ​ការសហប្រតិបត្តិការ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ ជាជំហរបញ្ជាក់​ចំណងមិត្តភាព​ជាមួយ អង់គ្លេស បន្ទាប់​ពី ​លោក​ចូ បៃដិន ធ្លាប់​និយាយ​ចាត់ទុក លោកនាយករដ្ឋមន្រ្តី​អង់គ្លេស ថា​ជា​តួត្លុក របស់​លោក​ដូណាល់ ត្រាំ។ តើ​អ្វីទៅ​ជា​នយោបាយ​ការបរទេស​ថ្មី​របស់​លោក​ចូ បៃដិន? 

លោក​ចូ បៃដិន​ក្លាយ​ជាប្រធានាធិបតី ទី​៤៦​របស់​សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០​មករា ២០២១
លោក​ចូ បៃដិន​ក្លាយ​ជាប្រធានាធិបតី ទី​៤៦​របស់​សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០​មករា ២០២១ © Reuters
ផ្សាយពាណិជ្ជកម្ម

តើប្រធានាធិបតីអាមេរិក​ថ្មី នឹងសើរើ បោះចោល​ទាំងស្រុង នយោបាយ​ការបរទេស របស់​លោកដូណាល់ ត្រាំ?

 

៣ថ្ងៃ​ក្រោយ ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី អាមេរិក លោក​ចូ បៃដិន​បាន​ទូរស័ព្ទ ទៅ​លោក​នាយករដ្ឋមន្រ្តី អង់គ្លេស បូរីស ចនសុន កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ។ កិច្ចសន្ទនា​ដែល​ផ្តោត​សំខាន់​លើ​ការសហប្រតិបត្តិការ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ ជាជំហរបញ្ជាក់​ចំណងមិត្តភាព​ជាមួយ អង់គ្លេស បន្ទាប់​ពី ​លោក​ចូ បៃដិន ធ្លាប់​និយាយ​ចាត់ទុក លោកនាយករដ្ឋមន្រ្តី​អង់គ្លេស ថា​ជា​តួត្លុក របស់​លោក​ដូណាល់ ត្រាំ។ តើ​អ្វីទៅ​ជា​នយោបាយ​ការបរទេស​ថ្មី​របស់​លោក​ចូ បៃដិន?

 

នៅក្រោយ​ស្បថចូលកាន់តំណែង​ជា​ប្រធានាធិបតី អាមេរិក លោក​ចូ បៃដិន បាន​ទូរស័ព្ទ ភ្លាម ទៅ​នាយករដ្ឋមន្រ្តី កាណាដា និង​មេដឹកនាំ​ម៉ិចស៊ិក។ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ លោក​ប្រធានាធិបតី ចូ បៃដិន​បានទូរស័ព្ទ សន្ទនា ជាមួយ នាយករដ្ឋមន្រ្តី​អង់គ្លេស ​លោក​បូរីស ចនសុន។ កាសែត​អង់គ្លេស​បាន​សរសេរ​ថា លោកនាយករដ្ឋមន្រ្តី អង់គ្លេស​ជា​មេដឹកនាំ​ដំបូងគេ​នៅទឹកដី អឺរ៉ុប ដែល​បានទទួល​ទូរស័ព្ទ ពីលោក​ប្រធានាធិបតី​ចូ បៃដិន។

នៅមុន​ក្លាយ​ជា​ប្រធានាធិបតី អាមេរិក លោក​ចូ បៃដិន បាន​រិះគន់ និយាយ​បង្អាប់​លោកនាយករដ្ឋមន្រ្តី​ច្រើនណាស់។ នៅក្នុងអំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ឆ្នាំ​២០១៩ លោក​ចូ បៃដិន ធ្លាប់​និយាយ​ចាត់ទុក លោក​បូរីស ចនសុន ថា ជា​ត្លុក ទាំង​កាយ និង​ចិត្ត​របស់​លោក​ដូណាល់ ត្រាំ។ លោក​បៃដិនធ្លាប់​រិះគន់​ខ្លាំងៗ ផងដែរ ជំហរ​នយោបាយ​របស់​លោក​បូរីស ចនសុន ក្នុងការចរចា​ដកអង់គ្លេស ចេញពី​សហភាព អឺរ៉ុប។ លោក​ចូ បៃដិន ដែល​មាន​ដើមកំណើត​ឬសគល់​ចេញពី​អៀរឡង់ ធ្លាប់​បាន​ព្រមាន​ហើយថា លោក​នឹង​មិន​ចុះ កិច្ចព្រមព្រៀង​ដោះដូរ​សេរី ជាមួយ រដ្ឋាភិបាល​អង់គ្លេស នៅក្រោយ Brexit នោះទេ បើសិន កិច្ចព្រមព្រៀង​Brexit ស្នើ​ដោយ​រដ្ឋាភិបាល​របស់​លោក​បូរីស ចនសុន ធ្វើ​ឲ្យប៉ះពាល់ដល់ ​កិច្ចព្រមព្រៀង ឆ្នាំ ១៩៩៨ ដែលបាន​ជួយ​បិទបញ្ចប់​អំពើហិង្សា នៅ​អៀឡង់ខាងជើង​របស់​អង់គ្លេស។

លោក​ចូ បៃដិន ធ្លាប់​មាន​អគតិ ច្រើន​ទៅលើ​លោក​នាយករដ្ឋមន្រ្តី អង់គ្លេស​ ដោយសារ​តែ​លោក​បូរីស ចនសុន ជិតស្និទ្ធ​ខ្លាំងពេក នឹង​លោក​ដូណាល់ ត្រាំ។ ប៉ុន្តែ នៅពេលលោក​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​ជំនួស លោកដូណាល់ ត្រាំ វិញ លោក ចូ បៃដិន ត្រូវ​ធ្វើ​ដូចជា ប្រធានាធិបតី អាមេរិក​មុនៗ​ពោល​គឺ​រក្សា ចំណងរឹងមាំ​ជាមួយ សម្ព័ន្ធមិត្ត ដ៏​សំខាន់ ដូចជា​អង់គ្លេស។ ក្រៅតែពី​ការដោះដូរ​ពាណិជ្ជកម្ម អាមេរិក និង​អង់គ្លេស មានទំនាក់ទំនង​ពិសេស ក្នុង​ផ្នែក​សន្តិសុខ ចារកម្ម ព័ត៌មានវិទ្យា។ តាម​សេចក្តីថ្លែងការណ៍ របស់​សេតវិមាន កិច្ចសន្ទនា​រវាង​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្រ្តី អង់គ្លេស ផ្តោតសំខាន់​ទៅលើ​សហប្រតិបត្តិការ រួម នៅក្នុង​នយោបាយ​ការបរទេស ដើម្បី​ទប់ទល់​នឹង​ការពង្រីកឥទ្ធិពល ការឡើង​អំណាច​របស់​ប្រទេស​ចិន អ៊ីរ៉ង់ និង​រុស្ស៊ី។

លោក​ចូ បៃដិន ចង់​ធ្វើ​ឲ្យអាមេរិក ត្រលប់​ទៅល្អូកល្អឺន​ជាមួយ ប្រទេស​សម្ព័ន្ធមិត្តឡើងវិញ

នៅក្នុង​សុន្ទរកថា​ថ្លែង នៅក្នុង​ពិធី​ស្បថ​ចូលកាន់តំណែង​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន បាន​និយាយ​បញ្ជាក់​សង្កត់ធ្ងន់ ពី ការពង្រឹងទំនាក់ទំនង​ជាមួយ ប្រទេស​សម្ព័ន្ធមិត្ត ដែល​លោក​ដូណាល់ ត្រាំ បានខ្ជីខ្ជា ​បែរខ្នង ដាក់ ក្នុង​រយៈពេល ៤ឆ្នាំមកនេះ។

ជ័យជំនះ​របស់​លោក​ចូ បៃដិន នៅក្នុង​ការបោះឆ្នោត ប្រធានាធិបតី គឺ​ជា​ការធូរស្រាល​ចិត្ត​មួយ សម្រាប់ គ្រប់មេដឹកនាំ មិនថា ប្រទេស សម្ព័ន្ធមិត្ត នៅអឺរ៉ុប ឬ​ប្រទេស​ប្រជែង​នឹង អាមេរិក ដូចជា​រុស្ស៊ី ចិន ជាដើម ដែល​ពិបាក​ធ្វើការ ជាមួយ រដ្ឋបាល​លោកដូណាល់ ត្រាំ ដែលមាន​នយោបាយ​មិន​ប្រាកដប្រជា។

លោក​ចូ បៃដិន ចង់​ឲ្យអាមេរិក​ត្រលប់​មក​ជា​មេដឹកនាំ ជា​ប្រទេស​គំរូប្រជាធិបតេយ្យ សាជាថ្មី នៅក្នុង​ឆាកអន្តរជាតិ បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ សាបព្រួស នយោបាយអាត្មានិយម អាមេរិក​មុនគេ ហើយ​និង​រូបភាពអាម៉ាសចុងក្រោយ របស់អាមេរិក នៅក្នុង​ពិភពលោក នោះ​គឺ ការចូល​លុកលុយ ដោយហិង្សា​របស់​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ នៅ វិមាន​កាពីតូល។ រឿងដំបូង​ចាំបាច់​ដែលលោកចូ បៃដិន​ធ្វើមុនគេ ដើម្បី​ស្តារមុខមាត់​របស់អាមេរិក ក្នុង​នាមជាមេដឹកនាំ​ពិភពលោក គឺ ការត្រលប់​ទៅ​ចូល​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុក្រុង​ប៉ារីស ហើយនិង​ទៅ​ពង្រឹង​ឡើងវិញ ចំណង​មិត្តភាព ជាមួយ សម្ព័ន្ធមិត្ត នៅក្នុង អង្គការ​អូតង់ ដែល​លោកដូណាល់ ត្រាំ ធ្លាប់​ចង់​ដោះដៃ នៅក្រោយ ចោទប្រកាន់​ថា បាន​កេងចំណេញ​ពី​អាមេរិក។

សម្រាប់​លោក​ចូ បៃដិន អាមេរិក​មិនអាច​ធ្វើ​នយោបាយ​ជាតិ​និយម បោះបង់​ចោល​សម្ព័ន្ធមិត្ត​នោះទេ។ អាមេរិក​តែម្នាក់ឯង ​មិនអាច​ខ្លាំង យកឈ្នះគេ​បានទេ។ អាមេរិក​ត្រូវការ​សម្ព័ន្ធមិត្ត ជាពិសេស សម្ព័ន្ធមិត្ត​អឺរ៉ុប សម្រាប់​ទប់ទល់​ជា​ពិសេស នឹង​អ៊ីរ៉ង់ កូរ៉េខាងជើង និង​រុស្ស៊ី​ជាដើម។ អនាគត ប្រមុខការបរទេស​របស់​លោកចូ បៃដិន គឺ​លោក Anthony Blinken ធ្លាប់​បាន​អះអាងហើយថា អំណើះតទៅ ដើម្បី ចរចា និយាយ​ពី​សំណុំរឿង កូរ៉េខាងជើង រុស្ស៊ី ឬ​អ៊ីរ៉ង់ អាមេរិក​នឹង​ពិភាក្សា សម្រេច​ជារួម​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក គឺ​មិនធ្វើតែ​ឯង ដូចក្នុង​អាណត្តិ​របស់​លោកដូណាល់ ត្រាំ​នោះទេ។

ទោះលោកចូ បៃដិន ឬ​លោកដូណាល់ ត្រាំ នយោបាយ​ការបរទេស​របស់​អាមេរិក ​នៅដដែល គឺ​សម្រេច​ឧត្តមភាព​របស់អាមេរិក

លោក​ចូ បៃដិន មានការយល់ឃើញ និង​ជំហរ​ ផ្ទុយស្រឡះ ពី​ប្រធានាធិបតី​មុន ប៉ុន្តែ សួរថា តើ​លោក​ចូ បៃដិន នឹង​ប្រែក្រឡាប់​ចាក់ រាល់​នយោបាយ​កន្លងមក​របស់​លោក ដូណាល់ ត្រាំ?

លោក​ចូ បៃដិន ដែល​ជាអ្នកនយោបាយ មិនជ្រុលនិយម នឹង​ដើរ​តាម​គន្លងនយោបាយ​អាមេរិក​មុនៗ ពោល​គឺ​សម្រេច​ឧត្តមភាព​របស់​អាមេរិក នៅក្នុងពិភពលោក។ លោក​ដូណាល់ ត្រាំ ក៏​បាន​ប្រកាន់ធ្វើ​នយោបាយ​បែប​ហ្នឹងដែរ ប៉ុន្តែ គ្រាន់តែថា វិធីសាស្រ្ត របស់​លោក គ្រោតគ្រាត ចង្អៀតចង្អល់​បន្តិច ដោយសារ​តែ​និន្នាការ​ជាតិនិយមជ្រុល​របស់​លោក។ លោក​ដូណាល់ ត្រាំ បាន​ផ្តល់តម្លៃ​ទៅ ផលប្រយោជន៍​របស់​ជនជាតិ​អាមេរិកាំង​មុនគេ រហូត​ដើរឈ្លោះ ជាមួយគេឯងគ្រប់គ្នា មិនថា ជាមួយ​សម្ព័ន្ធមិត្ត ឬ​ប្រទេស​ប្រជែង ដូចជា​ចិនជាដើម។

ជាក់ស្តែង​នៅក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ដែល​ជា​គូប្រជែង​ធំជាងគេ​របស់​អាមេរិក លោក​ប្រធានាធិបតី​ចូ បៃដិន បាន​បញ្ជាក់ហើយ​ថា នឹង​ប្រកាន់ជំហរ រាំងមាំ មិន​ចុះញ៉ម ធ្វើ​ឲ្យ​អាមេរិកខាតបង់​ប្រយោជន៍​នោះទេ។

ជាមួយ​ចិន រុស្ស៊ី អ៊ីរ៉ង់ ឬ​សំណុំរឿង​នៅ ដើមបូព៌ា អាមេរិករបស់​លោក​ចូបៃដិន នឹងអាច​បន្ត​រក្សា គោលនយោបាយ​ចាស់​របស់​លោកដូណាល់ ត្រាំ។ អាមេរិក​របស់​លោក​ចូ បៃដិន​ប្រកាន់ជំហរ​តឹងរ៉ឹង​ជាមួយ​ប្រទេស​គូសត្រូវ​របស់​អាមេរិក ប៉ុន្តែ នៅតែផ្តល់អាទិភាព ដល់​ ផ្លូវចរចា ជាជាង ការប្រើ​វោហាសាស្រ្ត រិះគន់ ញុះញង់ ដូចដែល​លោកដូណាល់ ត្រាំ​បានធ្វើ​កន្លងមក។

តាំង​ពីអាស៊ី ដើមបូព៌ា អឺរ៉ុប គេ​ចាប់​មានអារម្មណ៍​ថា អាមេរិក​ក្រោម​ការដឹកនាំ​របស់​លោក​ចូ បៃដិន នឹង​នាំមក​នូវ​ភាពស្ងប់ស្ងាត់ ដោះស្រាយ​បញ្ហា ដោយការចរចា ប៉ុន្តែ មិនមែន ដោយ​ប្រើពាក្យគំរាម យក​ទណ្ឌកម្ម មកដាក់​សម្ពាធ លើ​ប្រទេស​ដែល​ប្រឆាំង ឬ​ប្រជែង​អាមេរិកនោះទេ។ នៅ សប្តាហ៍នេះ លោក​ចូ បៃដិន​បាន​ថ្លែង​ចង់​ត្រលប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់។ លោក​ចូ បៃដិន​ធ្លាប់​រិះគន់​ក្រុមសាធារណរដ្ឋ​ដែល​បាន​ជ្រើសរើស​ផ្លូវដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ប៉ុន្តែ យ៉ាងណា លោក​ចូ បៃដិន​នៅតែ​ទាមទារ​ឲ្យ​អ៊ីរ៉ង់ ត្រលប់​មក​គោរព​ខ្ជាប់ខ្ជួន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​សាជាថ្មី បន្ទាប់​ពី អ៊ីរ៉ង់ បាន​រំលោភ​ កិច្ចព្រមព្រៀង ជាបន្តបន្ទាប់ តាមរយៈ ការចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម ផ្ទុយពីការចែង​របស់​កិច្ចព្រមព្រៀង៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ