អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អារ៉ាប៊ី សាអូឌីត​ថា ខ្លួនស្ទាក់បាញ់បាន យន្តហោះដ្រូន​របស់​ពួកឧទ្ទាមហ៊ូទី យេម៉ែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

​មួយថ្ងៃ​ក្រោយ អាមេរិក​ប្រកាស​ចង់​ដក​ក្រុមឧទ្ទាម​ហ៊ូទី​យេម៉ែន ចេញពី​បញ្ជី ក្រុមភេរវនិយម អារ៉ាប៊ី សាអូឌីត បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះថា ខ្លួន​បាន​ចាប់​ស្ទាក់ បាញ់កម្ទេច ដ្រូន​ ដែល​ក្រុម​ហ៊ូទី បញ្ជូនទៅ​វាយប្រហារ ទឹកដី​ភាគខាងត្បូង​អារ៉ាប៊ី សាអូឌីត។ ដំណឹង​ស្តីពីការកម្ទេច​បាន​យន្តហោះដ្រូន​របស់ក្រុមហ៊ូទី នៅ​រាជាណាចក្រ​អារ៉ាប៊ី សាអូឌីត កើតមាន នៅក្រោយ​ដែល ប្រធានាធិបតី អាមេរិក​ លោក​ចូ បៃដិន បាន​ប្រកាស​កាលពី​ថ្ងៃព្រហស្បតិ៍ ឈប់​គាំទ្រ​ប្រតិបត្តិការ​យោធា របស់​អារ៉ាប៊ី សាអូឌីត និង​អេមីរ៉ា អារ៉ាប់រួម នៅក្នុង​សង្រ្គាម​យេម៉ែន។

យន្តហោះចម្បាំង​របស់​អារ៉ាប៊ី សាអូឌីត ហោះពីលើ​ទីក្រុង​រីយ៉ាដ នៅ​ឆ្នាំ ២០០៩
យន្តហោះចម្បាំង​របស់​អារ៉ាប៊ី សាអូឌីត ហោះពីលើ​ទីក្រុង​រីយ៉ាដ នៅ​ឆ្នាំ ២០០៩ ASSOCIATED PRESS - Hassan Ammar
ផ្សាយពាណិជ្ជកម្ម

នៅតែប៉ុន្មាន​ម៉ោង ក្រោយ អាមេរិក​ប្រកាស​ចង់​ក្រុមហ៊ូទី យេម៉ែន ចេញពី បញ្ជី ក្រុមភេរវនិយម អារ៉ាប៊ី សាអូឌីត​បាន​អះអាងថា ខ្លួន​ស្ទាក់​ចាប់បាន និង​បាញ់​កម្ទេច​យន្តហោះ​ដ្រូន​របស់​ពួកឧទ្ទាម​ហ៊ូទី នៅ​ថ្ងៃ​អាទិត្យនេះ។ ប៉ុន្តែ ខាង​ពួកឧទ្ទាម​ហ៊ូទី ដែល​គាំទ្រ​អ៊ីរ៉ង់ នៅ មិនទាន់​ចេញមុខ ទទួល​ខុសត្រូវ​ ថា ខ្លួន​ជា​អ្នកបញ្ជូន​យន្តហោះ​ដ្រូន​នោះ​ទេ។

តាមអ្នកនាំពាក្យ​របស់​សម្ព័ន្ធ​យោធា ដែលដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត សម្រាប់ប្រតិបត្តិការ​ធ្វើ​សង្រ្គាម​នៅ​យេម៉ែន គេ​បានស្ទាក់ ចាប់បាន និង​បាញ់​កម្ទេច​យន្តហោះដ្រូន បំពាក់​ដោយ​អាវុធ ដែល​ក្រុមហ៊ូទី បាន​បញ្ជូន​ទៅបាញ់​បំផ្លាញ ហេដ្ឋារចនា​សម្ព័ន្ធ ស៊ីវិល ក្នុង​ទឹកដី​អារ៉ាប៊ី សាអូឌីត នៅ​ថ្ងៃអាទិត្យនេះ។ បើសិន​ការលើកឡើង​របស់​អារ៉ាប៊ី សាអូឌីត ជា​ការពិត នោះ គឺ​ក្រុមហ៊ូទី អាច​ឆ្លៀតឱកាស​ដែល​ឃើញ​អាមេរិក​ដកខ្លួន​លែងគាំទ្រ​អារ៉ាប៊ី សាអូឌីត នៅក្នុង​សង្រ្គាម​យេម៉ែន ដើម្បី វាយប្រហារ​ទៅលើ​អារ៉ាប៊ី សាអូឌីត។

ប៉ុន្តែ ដោយសារ​ក្រុមហ៊ូទី នៅមិនទាន់​ចេញ​មុខ អះអាងថា ជា​ស្នាដៃ​របស់ខ្លួន គេ​អាច​យល់​បាន អារ៉ាប៊ី សាអូឌីត​អាច​យក​រឿងនេះ មក​ទាញ​ចំណាប់អារម្មណ៍ របស់​អាមេរិក​ឲ្យ​ឃើញ​ថា ក្រុមហ៊ូទី ជាក្រុមដ៏​គ្រោះថ្នាក់ ហើយ​អារ៉ាប៊ី សាអូឌីត នៅ​តែ​រងគ្រោះ នៅតែ​ជាផ្ទាំងស៊ីប វាយប្រហារ របស់ក្រុមហ៊ូទី​យេម៉ែន។ អារ៉ាប៊ី សាអូឌីត​ទំនង​ចង់​បង្ហាញថា បើសិន អាមេរិក ដក​ក្រុមហ៊ូទី​ចេញពី​បញ្ជី​ភេរវនិយម នោះ ក្រុមហ៊ូទី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់​អារ៉ាប៊ី សាអូឌីត ច្បាស់​ជាបាន​ដៃ វាយប្រហារ បំផ្លាញ​សន្តិសុខ​របស់​អារ៉ាប៊ី សាអូឌីត​កាន់តែ​ច្រើនជាងមុន។

ក្រុមឧទ្ទាម​ហ៊ូទី ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ បាន​ចូល​កាន់កាប់រដ្ឋធានី សាណា របស់​យេម៉ែន និង​តំបន់ភាគខាងជើង​យេម៉ែន ដែល​ស្ថិតនៅ​ជាប់ព្រំដែន​ភាគខាងត្បូង អារ៉ាប៊ី សាអូឌីត។ សម្រាប់​អារ៉ាប៊ី សាអូឌីត វា​មិនមែន​ជា​រឿងល្អ​នោះទេ ដែលក្រុមឧទ្ទាម គាំទ្រ​ដោយ​អ៊ីរ៉ង់ កាន់កាប់​បាន​តំបន់​ក្បែរទឹកដី​របស់ខ្លួន​យ៉ាងដូច្នេះ។ នេះ​ជា​ហេតុផល​មួយ​ដែលធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត គៀងគរ​គេ​ឯង ឲ្យទៅធ្វើ​សង្រ្គាម​នៅយេម៉ែន ដោយ​ចូល​ទៅ​គាំទ្រ​រដ្ឋាភិបាល​យេម៉ែន ស្របច្បាប់ ដើម្បីប្រយុទ្ធ​វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម​ហ៊ូទី នៅទឹកដី​យេម៉ែន។

ហេតុអ្វី ​អាមេរិក​សម្រេច​ដកក្រុមឧទ្ទាម​ហ៊ូទី​ចេញពី​បញ្ជីក្រុមភេរវនិយម​នៅពេលនេះ?

ក្រុមហ៊ូទី ត្រូវ​បាន​រដ្ឋបាល​អាមេរិក មុន របស់​លោក​ដូណាល់ ត្រាំ ប្រកាស​ដោយ​ប្រថុចញ៉ុច បំផុត ដាក់​បញ្ចូល​ក្នុង​បញ្ជី​ភេរវនិយម ក្នុង​ហេតុផល​ថា ក្រុមនេះ បាន​វាយប្រហារ​ទៅលើព្រលាន​យន្តហោះ ក្នុង​ទីក្រុង​អាដិន ទីក្រុងមួយទៀត របស់​យេម៉ែន ដែល​បាន​សម្លាប់មនុស្ស ៣០នាក់។ ការសម្រេច​របស់​រដ្ឋបាលលោកដូណាល់ ត្រាំ បាន​បង្ក​ឲ្យមានការរិះគន់ ជាពិសេស ពី​ខាង​មន្រ្តីអង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិមនុស្ស ព្រោះថា វា​នឹងទៅ​បង្ក​ឧបសគ្គ​សម្រាប់​ប្រតិបត្តិការ​ផ្តល់ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​យេម៉ែន ដែលកំពុង​ជួបគ្រោះអត់ឃ្លាន ដ៏ធ្ងន់ធ្ងរ​ដោយសារ​តែ​សង្រ្គាម ជិត​៦ឆ្នាំមកនេះ។

តាម អង្គការ​មនុស្សធម៌ ដើម្បី​ដឹកនាំ​ជំនួយ ទៅ​ចែកជូន​ប្រជាជន​យេម៉ែន ពួកគេគ្មានជម្រើសអ្វី​ក្រៅតែ​ពីធ្វើការ​ជាមួយ​ពួកឧទ្ទាមហ៊ូទី ដែល​គ្រប់គ្រង​ទឹកដី មួយផ្នែកធំ​របស់យេម៉ែននោះទេ។ ប៉ុន្តែ នៅពេល ពួកឧទ្ទាម​ហ៊ូទី ស្ថិតក្នុង​បញ្ជី​ភេរវនិយម​របស់​អាមេរិក នោះ​អង្គការ​មនុស្សធម៌ ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់ នៅ​តុលាការ​អាមេរិក​ថា បាន​ធ្វើការ​សហការជាមួយ ពួកភេរវនិយម។

លោក​ចូ បៃដិន​ការពារ​នយោបាយ​មនុស្សធម៌

គឺ​ដោយសារ​តែ​ហេតុផល​មនុស្សធម៌នេះហើយ បានជា​រដ្ឋបាល​អាមេរិក​ថ្មី សម្រេច ដក​ក្រុមហ៊ូទី ចេញ​ពី​បញ្ជី ក្រុមភេរវនិយម​នេះ។ នៅថ្ងៃ​សុក្រ ក្រសួង​ការបរទេស​អាមេរិក បាន​ជូនដំណឹង​ទៅ​សភាអាមេរិក​ពី​គម្រោង​ចង់​ដក​ក្រុមឧទ្ទាម​ហ៊ូទី ចេញពីបញ្ជី ភេរវនិយម។ តាម​អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​វិធានការ​នេះ នឹង​មិនទាក់ទង​នឹងការយល់​ឃើញ​របស់​អាមេរិក​ទៅលើសកម្មភាព​របស់​ក្រុមហ៊ូទី ដែល​កំពុង​ធ្វើ​សង្រ្គាម​នៅយេម៉ែននោះទេ ជាពិសេស ការវាយប្រហារ​ដោយ​ហិង្សា​ក្រុមនេះ ទៅលើ​ប្រជាជន​ស៊ីវិល និង​ហើយ​និង ការចាប់ជំរិត ជនជាតិ​អាមេរិកាំង ដោយ​ក្រុមហ៊ូទី​នៅយេម៉ែន។

ដោយ​ដកក្រុមហ៊ូទី​យេម៉ែន​ចេញ​ពី បញ្ជី​ក្រុមភេរវនិយម និង​ប្រកាស​ឈប់​លក់អាវុធ ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត សម្រាប់​ធ្វើ​សង្រ្គាម​នៅយេម៉ែន អាមេរិក​កំពុងជ្រើសរើស​យកផ្លូវចរចា​នយោបាយ ជាជាង​ការប្រយុទ្ធតាមផ្លូវអាវុធ ដើម្បី បិទបញ្ចប់​សង្រ្គាម​នៅ យេម៉ែន។

ក្រុមហ៊ូទី និង​អ៊ីរ៉ង់ ដែល​ជាអ្នកគាំទ្រ​ក្រុមហ៊ូទី​យេម៉ែន បាន​ស្វាគម​ជំហរ​របស់​អាមេរិក​ដែលឈប់​លក់​អាវុធ​ឲ្យអារ៉ាប៊ី សាអូឌីត ប៉ុន្តែ និយាយ​ព្រមានថា សង្រ្គាម​នៅយេម៉ែន​នឹង​មិនចប់​នោះទេ បើសិន ប្រតិបត្តិការ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត នៅ​តែ​បន្ត​វាយប្រហារ​លើ​ក្រុមហ៊ូទី ក្នុងទឹកដី យេម៉ែននោះ។

អាមេរិកកំពុង​ដោះដៃ​ចោល​អារ៉ាប៊ី សាអូឌីត ?

រដ្ឋបាល​អាមេរិក​ថ្មី នឹង​មិន​ព្រលែង​ចោល​អារ៉ាប៊ី សាអូឌីត ដែល​ជា​សម្ព័ន្ធមិត្ត និង​ជា​ដៃគូ​សំខាន់ របស់​អាមេរិក​សម្រាប់​ទប់ទល់​នឹង​អ៊ីរ៉ង់ នៅក្នុងតំបន់​នោះទេ។

នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​អារ៉ាប៊ី សាអូឌីត លោក​ប្រមុខការបរទេស​អាមេរិក អង់តូនី ប្លីងកិន បាននិយាយ​ពី សន្តិសុខ​ក្នុង​តំបន់ ការប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម ហើយនិង​ការសហការ​ដើម្បី​ការពារ ទប់ស្កាត់​កុំ​ឲ្យ​មានការវាយប្រហារ​ទៅលើ​រាជាណាចក្រ​អារ៉ាប៊ី សាអូឌីត។ តាម

Bin Farhan រដ្ឋមន្រ្តីការបរទេស​អារ៉ាប៊ី សាអូឌីត ថ្លែង​គាំទ្រ ជំហរ​អាមេរិក ដើម្បី​ឈាន​ទៅបិទបញ្ចប់​សង្រ្គាម​នៅ យេម៉ែន ហើយនិង​រង់ចាំ ធ្វើការ​ជាមួយ​រដ្ឋបាល​អាមេរិក​ថ្មី ដើម្បី រក្សា​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ ព័ត៌មាន រដ្ឋ​របស់អារ៉ាប៊ី សាអូឌីត SPA។

ដោយ​ឈប់​លក់​អាវុធ ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត សម្រាប់​ធ្វើ​សង្រ្គាម​នៅយេម៉ែន  រដ្ឋបាលលោក​ចូ បៃដិន គ្រាន់តែ​ចង់​ដកខ្លួន បន្តិច កុំ​ឲ្យ​នៅ ជិតស្និទខ្លាំង នឹង​អារ៉ាប៊ី សាអូឌីត​ដូច​ក្នុង​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​តែប៉ុណ្ណោះ។ ក្នុងរដ្ឋបាល​លោកដូណាល់ ត្រាំ អាមេរិក​ធ្វើ​នយោបាយ ផ្អៀងខ្លាំង ទៅ​រក​តែ​ម្ខាងៗ ដូចជា គាំទ្រ ផ្តាច់មុខ​អារ៉ាប៊ី សាអូឌីត ជាពិសេស រាជបុត្រ​ស្នងរាជ្យ Mohammed Bin Salman ដែល​ជាអ្នកចេញមុខ​ប្រឆាំង​អ៊ីរ៉ង់។ លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​យកហេតុផល​ថា ទំនាក់ទំនង​ជាមួយ រាជបុត្រ​ស្នងរាជ្យ ហើយ​និងការលក់​អាវុធ​អាមេរិក​ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត សំខាន់ជាង​អ្វីទាំងអស់។

ដោយ​ដកខ្លួន​ឃ្លាតឆ្ងាយ​បន្តិច ពី​អារ៉ាប៊ី សាអូឌីត រដ្ឋបាល​អាមេរិក​ថ្មី របស់​លោក​ចូ បៃដិន ចង់ធ្វើ​ឲ្យជញ្ជីង របស់អាមេរិក​កុំ​ទោរខ្លាំង​ទៅភាគី​តែម្ខាង ប៉ុន្តែ ត្រូវ​នៅ កណ្តាល ដើម្បី​ផ្តល់​ឱកាស​បើក​ផ្លូវ​ឲ្យ​មាន​សម្របសម្រួល ចរចា រវាង​ភាគី​ជម្លោះ។

សម្រាប់​អារ៉ាប៊ី សាអូឌីត អាមេរិក​នៅតែ​ចេញមុខ​ធានា​ការពារ​សន្តិសុខ ព្រោះ​អារ៉ាប៊ី សាអូឌីត​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អាមេរិក។ ប៉ុន្តែ ជាមួយ​គ្នានោះ អាមេរិក​ក៏ចង់​ជំរុញ​ឲ្យ​មានការចរចា ដើម្បីបិទបញ្ចប់​សង្រ្គាម​ដ៏រ៉ាំរ៉ៃ នៅយេម៉ែន ដែល​បង្ក​ឲ្យ​មាន​ផលវិបាក​មនុស្សធម៌​ដ៏ធ្ងន់ធ្ងរ​ដែរ។

ដើម្បី​ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាម​នៅយេម៉ែន អាមេរិក មាន​តែ​ដើរ​ផ្លូវនយោបាយ​ដកខ្លួនឃ្លាតឆ្ងាយ​ពីអារ៉ាប៊ី សាអូឌីត ដើម្បីទៅ បន្ទន់ជំហរ​របស់​អ៊ីរ៉ង់ ​ដែល​ជាអ្នកគាំទ្រ​ឧបត្ថម្ភ​ផ្តាច់មុខ​របស់​ក្រុមឧទ្ទាមហ៊ូទីយេម៉ែន។

ម្យ៉ាងដោយ​សម្រេច​ឈប់​ចូល​រួម​ធ្វើ​សង្រ្គាម​នៅ​យេម៉ែន ឈប់​លក់​អាវុធ​ឲ្យ​អារ៉ាប៊ី សាអូឌីត​និង​អេមីរ៉ា អារ៉ាប់រួម ដែល​ជា​សត្រូវ​របស់​អ៊ីរ៉ង់ អាមេរិក​ក៏កំពុង​ចង់​បញ្ចុះបញ្ចូល​អ៊ីរ៉ង់​ឲ្យ​ត្រលប់​មក​គោរព​កិច្ចសន្យា ស្តីពី​នុយក្លេអ៊ែរឡើងវិញ មុន​នឹង​អាមេរិក​អាច​ត្រលប់​មក​ចូល​ក្នុង​កិច្ចព្រមព្រៀងសាជាថ្មី។ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ បានដកខ្លួន កាលពី​ឆ្នាំ ២០១៨៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ