អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកប្រធានាធិបតី​ចូ បៃដិន៖ នយោបាយការទូត​អាមេរិក​ត្រលប់មកវិញហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

“អាមេរិក​ត្រលប់​មក​វិញ​ហើយ” នេះជាការប្រកាស​របស់​លោកប្រធានាធិបតី ចូ បៃដិន នៅក្នុង​ឱកាស​ទស្សនកិច្ច​ នៅ​ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ បន្ទាប់ពី​ជាប់រវល់​លើសំណុំរឿង អាទិភាព​ក្នុង​ស្រុក ដូចជា​វិបត្តិសេដ្ឋកិច្ច និង​ជំងឺរាតត្បាត​កូវីដ ប្រធានាធិបតី អាមេរិក​ថ្មី បាន​បង្ហាញ នយោបាយ​ការបរទេស​អាមេរិក​ថ្មី តាមរយៈ​ការស្តារតម្លៃ​របស់​អាមេរិក និងទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត ដែលត្រូវ​ខ្ជីខ្ជា អស់​រយៈពេល ៤ឆ្នាំ ក្នុង​អាណត្តិ​របស់​លោកដូណាល់ ត្រាំ។ តើអ្វីទៅ​ជា​នយោបាយការបរទេស​ថ្មី​របស់​រដ្ឋបាល​លោក​ចូ បៃដិន?

លោកប្រធានាធិបតី​ចូ បៃដិន នៅ​ក្រសួងការបរទេស​អាមេរិក នៅថ្ងៃទី ៤​កុម្ភៈ ២០២១
លោកប្រធានាធិបតី​ចូ បៃដិន នៅ​ក្រសួងការបរទេស​អាមេរិក នៅថ្ងៃទី ៤​កុម្ភៈ ២០២១ REUTERS - TOM BRENNER
ផ្សាយពាណិជ្ជកម្ម

នៅពេល លោក​ដូណាល់ ត្រាំ យឺតយ៉ាវ ដល់ទៅ ១ឆ្នាំ ដើម្បី ដាក់ជើងជាន់​ក្រសួងការបរទេស នៅទីក្រុង​វ៉ាស៊ីនតោន លោក​ប្រធានាធិបតី ចូ បៃដិន និង​អនុប្រធានាធិបតី ខាម៉ាឡា ហារីស បាន​ធ្វើដំណើរ​រួមគ្នា ទៅ​ក្រសួងការបរទេស នៅតែ ២​សប្តាហ៍ក្រោយ ថ្ងៃស្បថ​ចូលកាន់តំណែង។ នេះ​សបញ្ជាក់​ថា បើទោះជា​កំពុងជាប់រវល់​នឹង​បញ្ហា​ជាតិ ដូចជា វិបត្តិ​សេដ្ឋកិច្ច ហើយ​និង​វិបត្តិកូវីដក៏ដោយ លោក​ប្រធានាធិបតី ចូ បៃដិន​នៅតែ​ផ្តោត​ឲ្យ​តម្លៃ​ខ្លាំង​ទៅលើ​សារៈសំខាន់​នៃ​នយោបាយការបរទេស​អាមេរិក។

ថ្លែងប្រាប់​បុគ្គលិក​ក្រសួងការបរទេស នៅថ្ងៃ​ព្រហស្បតិ៍ លោក​ចូ បៃដិន​បាន​និយាយថា “អាមេរិក​ត្រលប់មកវិញហើយ។ ការទូត​ត្រលប់មកវិញហើយ។ យើង​នឹង​កសាង​សម្ព័ន្ធភាព​របស់យើងឡើងវិញ។ យើង​នឹង​ត្រលប់​ទៅ​ចូលរួម ប្រលូក​ក្នុង​ឆាកអន្តរជាតិ។”

នៅ​ថ្ងៃ​ម្សិលមិញ លោក​ចូ បៃដិន​បាន​បង្ហាញ​ខ្សែបន្ទាត់​នយោបាយ​អន្តរជាតិ​ដែល​អាមេរិក​ធ្លាប់ប្រកាន់ជាប់​រហូតមក ចាប់​តាំងពី ចប់​សង្រ្គាម​លោក​លើកទី​២ ប៉ុន្តែ ដែលលោកដូណាល់ ត្រាំ បានខ្ជីខ្ជា បំភ្លេចចោល។

លោក​ចូ បៃដិន​បាន​ប្រកាស​៣ចំនុច​សំខាន់។ ទី១ លោក​បាន​ប្រកាស​ផ្អាក ផែនការ​ដកកងទ័ព​អាមេរិក​ចេញពី​ទឹកដី អាល្លឺម៉ង់ ដែលធ្លាប់​បាន​សម្រេចឡើង នៅក្នុង​អាណត្តិ​របស់​លោក​ដូណាល់ ត្រាំ។ គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ ដែល​មានទំនាក់ទំនង​មិនសូវ​ចុះ​សម្រុង​ជាមួយ លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ ដោយសារ​សំណុំរឿង​ពាណិជ្ជកម្ម ហើយនិង​ជនអន្តោប្រវេសន៍​ស៊ីរី បាន​ប្រកាស នៅ​ឆ្នាំមុន ដក​កងទ័ពអាមេរិក ចំនួន ៩ពាន់នាក់ ចេញពីទឹកដី អាល្លឺម៉ង់។ ការសម្រេច​របស់​លោកដូណាល់ ត្រាំ បាន​រងការរិះគន់ និង​ជំរុញ​ឲ្យ​មានក្តីបារម្ភ​របស់​អង្គការ​អូតង់ ព្រោះថា វត្តមាន​ទ័ពអាមេរិក សរុប ៣៥០០០នាក់  ដែលមាននៅ​ទឹកដី អាល្លឺម៉ង់ ចាប់តាំង​ពី​ចប់សង្រ្គាម លោកលើកទី ២ មាន​បេសកកម្ម ធានា​សន្តិសុខ​ទប់ទល់​នឹង​ការវាយប្រហារឈ្លានពាន​ណាមួយរបស់​រុស្ស៊ី នៅទឹកដី អឺរ៉ុប។

លោកចូ បៃដិនដកអាមេរិក​ចេញពី​សង្រ្គាម​នៅយេម៉ែន

ប្រធានាធិបតី​អាមេរិក​ថ្មី​ចង់​ឲ្យ​សង្រ្គាម​នៅ យេម៉ែន​ចប់ឆាប់ៗ ព្រោះថា វា​បានបង្ក​ឲ្យ​មាន​វិបត្តិមនុស្សជាតិ ធ្ងន់ធ្ងរ មិនធ្លាប់មាន នៅក្នុង​ពិភពលោក។ សង្រ្គាម​នៅ​យេម៉ែន រយៈពេល ៦ឆ្នាំមកនេះ បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ជាច្រើន​ម៉ឺននាក់ និង​បាន​បង្ក​ឲ្យ​គ្រោះទុរ្ភិក្ស កង្វះអាហារូបត្ថម្ភ​របស់​កុមារ​រាប់លាន​នាក់។

លោក​ចូ បៃដិន​និយាយ​ថា ដើម្បី​ឲ្យ​សង្រ្គាម​នៅ​យេម៉ែន​ចប់ អាមេរិក​នឹង​ឈប់​គាំទ្រ បេសកកម្ម យោធា​របស់​អារ៉ាប៊ី សាអូឌីត នៅ​យេម៉ែន។ មានន័យថា អាមេរិក​នឹង​ឈប់​លក់ សព្វាវុធ ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត និង​អេមីរ៉ា អារ៉ាប់រួម ដែល​បើក​បាន​ប្រតិបត្តិការ​យោធា នៅ​យេម៉ែន។ សូមរំលឹកថា អាមេរិក​បានគាំទ្រផ្នែកយោធា ដល់​អារ៉ាប៊ី សាអូឌីត ដែល​បាន​បើកប្រតិបត្តិការ​យោធា វាយប្រហារ ​ទៅលើ​ក្រុមឧទ្ទាមហ៊ូទី ដែល​ទីក្រុង​រីយ៉ាដ​ចោទប្រកាន់ថា បានប្រើ​អាវុធ​ទំនើប ដែល​បាន​មកពី​អ៊ីរ៉ង់ សម្រាប់​បាញ់ផ្លោង​ចូល​ទឹកដី អារ៉ាប៊ី សាអូឌីត។

តាមទីប្រឹក្សាសន្តិសុខ​របស់​ប្រធានាធិបតី អាមេរិក អាមេរិក​ឈប់​គាំទ្រ​ប្រតិបត្តិការ​យោធា​របស់អារ៉ាប៊ី សាអូឌីត នៅ យេម៉ែន ប៉ុន្តែ អាមេរិក​នៅតែ​បន្ត បេសកកម្ម​របស់ខ្លួន​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងបណ្តាញ​អាល់កៃដា នៅ​ទឹកដីយេម៉ែន​ដដែល។

រដ្ឋមន្រ្តីការបរទេស​អាមេរិក ធ្លាប់​បាននិយាយ​ចង់​សើរើ នយោបាយ​របស់​រដ្ឋបាល​ចាស់​ដែល​បាន​សម្រេច ដោយ​ប្រថុចញ៉ុច នៅ​ចុងអាណត្តិ ដាក់បញ្ចូល ក្រុម​ឧទ្ទាម​ហ៊ូទី ក្នុង​បញ្ជី ក្រុមភេរវនិយម។ នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​ចូ បៃដិន​បាន​ប្រកាស​តែងតាំង មន្រ្តីទូត​ដ៏ល្បីឈ្មោះម្នាក់ គឺ លោក Timothy Lenderkingឲ្យធ្វើជា​ប្រេសិត​អាមេរិក​សម្រាប់​រកដំណោះស្រាយនយោបាយ​ឲ្យ​វិបត្តិ​យេម៉ែន។

ឈប់​លក់អាវុធ ឲ្យអារ៉ាប៊ី សាអូឌីត សម្រាប់​ធ្វើ​សង្រ្គាម​នៅ យេម៉ែន គេ​អាច​យល់​បាន​ថា លោកចូ បៃដិន បាន​បែរខ្នង​ដាក់​ព្រះរាជបុត្រ​ស្នងរាជ្យ អារ៉ាប៊ី សាអូឌីត ដែលធ្លាប់​តែមានទំនាក់ទំនងល្អ​ល្អូកល្អើន​ជាមួយ រដ្ឋបាល​មុន របស់​លោក​ដូណាល់ ត្រាំ។ ប៉ុន្តែ រដ្ឋមន្រ្តី​ការពារ​ជាតិ រួម ទាំង​ព្រះរាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត​ផង បាន​ថ្លែងគាំទ្រ​ ដំណោះស្រាយ នយោបាយ​អាមេរិក នៅ​យេម៉ែន និង​ស្វាគម​ការគាំទ្រ​របស់​អាមេរិក​នៅចំពោះមុខ​ការគំរាមកំហែង​របស់​អ៊ីរ៉ង់ នៅក្នុង​តំបន់។

លោកចូ បៃដិន បង្ហាញជំហរច្បាស់ លើ​នយោបាយ​ការបរទេស ដែលធ្លាប់តែ​ស្រពិចស្រពិល​នៅក្រោមអាណត្តិរបស់លោកដូណាល់ ត្រាំ

លោក​ចូ បៃដិន ចង់​បង្ហាញ​ជំហរ​ច្បាស់របស់​អាមេរិក បន្ទាប់​ពី​ស្រពិចស្រពិល អស់​៤ឆ្នាំ ក្រោមអាណត្តិ​ដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ ជាពិសេស​ក្នុងទំនាក់ទំនង​ជាមួយ​រុស្ស៊ី។ គេ​ចាំបានថា លោក​ដូណាល់ ត្រាំ ធ្លាប់​និយាយ​កោតសរសើរ លោក​ប្រធានាធិបតី រុស្ស៊ី និង​ធ្លាប់​បដិសេធ​ការចោទប្រកាន់ថា រុស្ស៊ី បាន​លូកដៃ​ចូលក្នុងការកិច្ចការបោះឆ្នោត ដែលមានគោលដៅ ជួយ​លោកដូណាល់ ត្រាំ ឲ្យឈ្នះឆ្នោត នៅ​ឆ្នាំ ២០១៦។

ប៉ុន្តែ លោក​ចូ បៃដិនវិញ ​បានត្រលប់​មកដើរតាម​នយោបាយ​ចាស់​របស់​អាមេរិក នៅចំពោះមុខ​រុស្ស៊ី។ បើទោះជា​អាមេរិក​ទើប​ចុះ​ហត្ថលេខាជាមួយ​រុស្ស៊ី លើ​សន្ធិសញ្ញា​ស្តីពីការកាត់បន្ថយ អាវុធនុយក្លេអ៊ែរ លោក​ចូបៃដិន​បាន​បញ្ជាក់ហើយថា អាមេរិក​នឹង​ប្រកាន់ជំហរតឹង​ជាមួយ​រុស្ស៊ី។ តាម​លោក​ចូ បៃដិន នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយ​លោកប្រធានាធិបតី​ពូទីន លោក​បាន​និយាយ​ព្រមាន​រដ្ឋាភិបាល​រុស្ស៊ី តាំង​ពីរឿង លូកដៃ​របស់​រុស្ស៊ី ចូលក្នុង​កិច្ចការបោះឆ្នោត​អាមេរិកាំង ការវាយប្រហារ​អ៊ីនធ័រនែត ឬ​ការបំពុល​ជនជាតិ​រុស្ស៊ី។

នៅក្នុង​ពេល​ថ្លែង​នៅ ក្រសួងការបរទេស​អាមេរិក​នៅថ្ងៃ​ម្សិលមិញ លោក​ចូ បៃដិន​បាន​និយាយ​ចោទចំៗ​ថា រុស្ស៊ី មាន​ឆន្ទៈ បំបាក់​លទ្ធិប្រជាធិបតេយ្យ​របស់អាមេរិក។ ដូច្នេះ  នៅចំពោះមុខ​របបផ្តាច់ការ​ដែល​កាន់តែ​បោះជំហាន​ទៅមុខ អាមេរិក​ត្រូវ​តែ​ខ្លាំង ហើយ​និង​មាន​សមត្ថភាព ប្រសិទ្ធិភាព ទប់ទល់​នឹង​រុស្ស៊ី បើសិន អាមេរិក​ធ្វើការ​សហការជាមួយ ប្រទេស​សម្ព័ន្ធមិត្ត។

នឹង​លែង​មានទៀតហើយ “នយោបាយ អាមេរិក​មុនគេ” ដែល​ជា​ពាក្យ​ស្លោក​របស់​លោកដូណាល់ ត្រាំ ប៉ុន្តែ គឺ​ពាក្យ ថា អាមេរិក​ត្រលប់​មកវិញ សាជាថ្មី​របស់​លោក​ចូ បៃដិន ក្នុង​នាមជា​មេដឹកនាំ​ពិភពលោក។ សម្រាប់​ប្រធានាធិបតី អាមេរិក ប្រជាជនអាមេរិកាំង​នឹង​ទទួលបាន​ការធានា ក្នុងស្រុក បើសិន​អាមេរិក​ចូលរួម ប្រលូក​ក្នុង​កិច្ចការពិភពលោក។

អាមេរិក​របស់លោកចូ បៃដិន​មិនត្រឹមតែ ត្រលប់​ទៅ​រក្សា​ទ័ព​អាមេរិក​នៅអាល្លឺម៉ង់ ដើម្បី រក្សាសាមគ្គីភាព​ជាមួយ​សម្ព័ន្ធមិត្ត​តែប៉ុណ្ណោះទេ។ អាមេរិក​របស់​លោក​ចូ បៃដិន​បាន​ធ្វើ​នយោបាយការទូត​ដ៏ទាក់ទាញ​មួយទៀត ដោយ​បាន​បង្ហាញ​សាមគ្គីភាព​ជាមួយ​ជនភៀសខ្លួន ដោយ​មិន​ប្រកាន់​រើសអើង​សាសនា ពូជសាសន៍។ តាមរដ្ឋបាល​លោក​ចូ បៃដិន អាមេរិក​នឹង​បើកទ្វារ ទទួល​យក​ជនភៀសខ្លួន ជាង ១សែននាក់ ក្នុង​មួយឆ្នាំ គឺ​មិនមែន ជាង ១៥០០០នាក់ ដូចក្នុង​អាណត្តិ​របស់​លោកដូណាល់ ត្រាំនោះទេ។

លោក​ចូ បៃដិន​អត់មាន​និយាយ​ពី​ចិន ក្នុង​ខ្សែបន្ទាត់​នយោបាយ​ការបរទេស ថ្មី

លោក​ចូ បៃដិន ពន្លយ​ឲ្យដឹង​ថា អាមេរិក​នឹង​បន្ត​ប្រកាន់ជំហរ​តឹងជាមួយ​ចិន ដូច​ក្នុង​អាណត្តិ​មុន ប៉ុន្តែ លោក​​មិន​បាន​និយាយ​លម្អិតអ្វី​ច្រើន​នោះទេ។

តាំង​ពី​ចូលដឹកនាំអាមេរិក នៅថ្ងៃ​ទី ២០​មករា  រដ្ឋបាល​អាមេរិក​របស់លោក ចូ បៃដិន បាន​បង្កើន​សកម្មភាព​ការទូត ដោយ​ទូរស័ព្ទ ទៅ​និយាយ​ធានា​ប្រទេស​សម្ព័ន្ធមិត្ត​នៅអាស៊ី ដែលមាន​តាំង​ពី​ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និង​អូស្ត្រាលី ដែល​សុទ្ធ​ជា​គូប្រជែង និង​កំពុង​ជាប់មានជម្លោះតិច ឬ​ច្រើន ផ្ទាល់ ឬ​មិនផ្ទាល់ជាមួយ​ប្រទេស​ចិន។ រដ្ឋបាល​លោក​ចូ បៃដិន ត្រូវ​ត្រលប់​ចេញមុខ​ទៅធានា ការពារ​ប្រទេស​នៅអាស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ព្រោះថា ពួកគេ ធ្លាប់​ត្រូវ​បាន​រដ្ឋបាល​លោកដូណាល់ ត្រាំ ព្រងើយកន្តើយ មិន​យកចិត្ត​ដាក់ទុក នៅចំពោះមុខ​ការគំរាមកំហែង និង​ការពង្រីកវិសាល​ឥទ្ធិពល​របស់​ចិន នៅអាស៊ី ប៉ាស៊ីហ្វិក។ ជាថ្មី​ម្តងទៀត មានតែ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ ប្រទេស​សម្ព័ន្ធមិត្ត ទើប​អាមេរិក​អាច​យក​ឈ្នះ ឬ​មានប្រៀប​ក្នុង​ការចរចា ប្រឈមមុខ​ជាមួយ មហាអំណាច​ចិន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ