អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីបានជាវ៉ាក់សាំងបង្ការកូវីដ១៩របស់មន្ទីរពិសោធន៍ AstraZeneca កំពុងបន្តចោទជាបញ្ហា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី១៥ មីនា មាន​ប្រទេស​អឺរ៉ុប​ចំនួន ៤ទៀត គឺ​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​អេស្ប៉ាញ​បាន​ប្រកាស​ផ្អាក​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​របស់​មន្ទីរពិសោធន៍ AstraZeneca។ ប្រឈម​នឹង​រឿង​អាស្រូវ​ដែល​កំពុង​បន្ត​ផុសផុល​មួយ​នេះ ទីភ្នាក់ងារ​ឪសថ​អឺរ៉ុប​គ្រោង​បើក​កិច្ចប្រជុំវិសាមញ្ញ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មីនា។ ចំណែក​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាពពិភពលោក​រួម​ប្រជុំ​នា​ថ្ងៃ​អង្គារ ទី១៦ មីនា​ដើម្បី​ផ្តើម​សិក្សា​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង AstraZeneca។

លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការសុខភាពពិភពលោក
លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការសុខភាពពិភពលោក AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​អង្គារ ទី១៦ មីនា មាន ១៣ប្រទេស​បាន​សម្រេច​ផ្អាក និង​លើក​ពេល​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍ AstraZeneca។ ក្នុង​១៣ប្រទេស មាន​ភាគ​ច្រើន​ជា​ប្រទេស​អឺរ៉ុប ក្នុង​នោះ​មាន​បារាំង ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ន័រវែស អ៊ីស្លង់ ប៊ុលហ្ការី ហូឡង់ និង​ប្រទេស​អៀរឡង់។ ចំណែក​ប្រទេស​នៅ​ក្រៅ​តំបន់​អឺរ៉ុប​មាន​២ប្រទេស​នៅ​អាស៊ី គឺ​ថៃ និង​ឥណ្ឌូណេស៊ី ហើយ​មាន​ប្រទេស​មួយ​នៅ​អាហ្រ្វិក គឺ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​ដែល​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ទី១ វ៉ាក់សាំង AstraZenecaដែល​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ផ្អាក​ចាក់​ពេល​នេះ គឺ​ជា​វ៉ាក់សាំង​ដែល​ផលិត​លើ​ទឹកដី​អឺរ៉ុប។

ចំណែក​វ៉ាក់សាំង AstraZenecaដែល​ប្រទេស​ថៃ ឬ​ឥណ្ឌូណេស៊ី​បាន​លើក​ពេល​ចាក់​ពេល​នេះ គឺ​ជា​វ៉ាក់សាំង​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដូច​ដែល​កម្ពុជា​បាន​ទទួល​ពី​អង្គការ​សុខភាព​ពិភពលោក​តាម​រយៈ​យន្តការ​កូវ៉ាក់។ ការ​កត់សម្គាល់ទី២ វ៉ាក់សាំង AstraZenecaដែល​កំពុង​មាន​បញ្ហា​ដ៏​ចម្រូងចម្រាស់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ពេល​នេះ គឺ​ជា​វ៉ាក់សាំង​ដែល​ផលិត​នៅ​អឺរ៉ុប ពោល​មិនមែន​វ៉ាក់សាំង​ដែល​ផលិត​នៅ​ឥណ្ឌា​ទេ។ តើ​វ៉ាក់សាំង AstraZenecaដែល​ផលិត​នៅ​ឥណ្ឌា​នឹង​គ្មាន​បញ្ហា​ដូច​វ៉ាក់សាំង AstraZenecaដែល​ផលិត​នៅ​អឺរ៉ុប​ទេ ឬ​យ៉ាង​ណា?។ រហូត​មក​ដល់​ម៉ោង​នេះ គ្មាន​សញ្ញា ឬ​ផលរំខាន​ណា​មួយ​ធ្ងន់ធ្ងរ​កើត​ចេញ​ពី​ការ​ចាក់​វ៉ាក់សាំង AstraZenecaផលិត​នៅ​ឥណ្ឌា​ទេ។

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អឺរ៉ុប​កាន់​តែ​ច្រើន​សម្រេច​ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca?

បើ​គេ​ពិនិត្យ​មើល​ជា​រួមការ​សម្រេច​របស់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ក្នុង​ការ​ផ្អាក​ចាក់​វ៉ាក់សាំង​ AstraZenecaពេល​នេះ គឺ​ជា​វិធានការ​បង្ការ ពោល​មិនមែន​ជា​វិធានការ​ដោយសារ​តែ​វ៉ាក់សាំង AstraZenecaបាន​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ជីវិត​ទេ។ វិធានការ​បង្ការ​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ក្រៅ​តំបន់​អឺរ៉ុប ដូច​ជា​ថៃ ឬ​ឥណ្ឌូណេស៊ី។ ទោះ​ជា​យ៉ាង​នេះ​ក្តី វិធានការ​បង្ការ​របស់​ប្រទេស​ទាំង​នេះ​បាន និង​កំពុង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ខ្លាំង​ជុំវិញ​សុវត្ថិភាព និង​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង AstraZeneca។ គួរ​រម្លឹក​ថា គឺ​ប្រទេស​ដាណឺម៉ាក​ដែល​បាន​ប្រកាស​ផ្អាក​ចាក់​វ៉ាក់សាំង AstraZenecaមុន​គេ និង​បន្ត​ដោយ​ប្រទេស​ន័រវែស រួម​ទាំង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត​នៅ​ពេល​នេះ។

ប្រទេស​ដាណឺម៉ាក​មាន​ស្លាប់​ម្នាក់ ហើយ​មាន​ស្លាប់​ចំនួន ២នាក់​នៅ​ន័រវែស​ដោយសារ​មាន​ឈាម​កក​ដុំៗ​ក្នុង​សរសៃ​ឈាម​នៅ​ក្រោយ​ចាក់​វ៉ាក់សាំង AstraZeneca។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​សុខាភិបាល​របស់​ដាណឺម៉ាក និង​ន័រវែស។ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​សុខាភិបាល​ដាណឺម៉ាក​ក៏​ដូច​ជា​ន័រវែស​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​ការ​ស្លាប់​នោះ​មក​ពី​ការ​ចាក់​វ៉ាក់សាំង AstraZenecaឬ​មួយ​ក៏​ដោយសារ​ហេតុផល​អ្វី​ផ្សេង។ បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​អឺរ៉ុប​ក្នុង​សហភាព​អឺរ៉ុប​ប្រមាណ​ជា ៥លាននាក់​បាន​ចាក់​វ៉ាក់សាំង AstraZenecaហើយ​ក្នុង​ចំណោម​អ្នក​ចាក់​ទាំង​ប្រមាណ ៥លាននាក់ អ្នក​មាន​បញ្ហា​ឈាមកកដុំៗ​ក្នុង​សរសៃ​ឈាម​មាន​តែ ៣០នាក់​ប៉ុណ្ណោះ។

អ្វី​ដែល​នៅ​មិន​ទាន់​ច្បាស់ និង​នៅ​បន្ត​ជា​សំណួរ​មិន​ទាន់​មាន​ចម្លើយ តើ​ឈាម​កកដុំៗ​ក្នុង​សរសៃ​ឈាម និង​វ៉ាក់សាំង AstraZenecaមាន​ចំណង​ទាក់ទង​គ្នា​ដែរ ឬ​ទេ។ គេ​នឹង​អាច​ដឹង​ចម្លើយ​ចំពោះ​ចម្ងល់ និង​សំណួរ​ទាំង​នេះ​នៅ​ពេល​ខាង​មុខ ព្រោះ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ត្រូវ​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មីនា ហើយ​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាពពិភពលោក​រួម​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​អង្គារ ទី១៦ មីនា​ដើម្បី​សិក្សា​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង AstraZeneca

អឺរ៉ុប​ពឹង​ខ្លាំង​លើ​វ៉ាក់សាំង AstraZeneca

ការ​ផ្អាក​ប្រើ​វ៉ាក់សាំង AstraZenecaនៅ​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុប​ខ្លះ​មិន​អាច​សម្រេច​បាន​នូវ​កម្មវត្ថុ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ ចូរ​កុំ​ភ្លេច​ថា អឺរ៉ុប​បាន​ពឹង​ខ្លាំង​លើ​វ៉ាក់សាំង AstraZenecaដើម្បី​ពន្លឿន​យុទ្ធនាការ​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ គួរ​បញ្ជាក់​ថា សហភាព​អឺរ៉ុប​ជា​ចេញ​មុខ​កម្ម៉ង់​វ៉ាក់សាំង AstraZenecaសម្រាប់​ប្រទេស​សមាជិក​របស់​ខ្លួន​ទាំង​អស់។ តែ​ខណៈ​នេះ មាន​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​ផ្អាក​ចាក់ និង​ខ្លះ​ទៀត​បាន​បន្ត​ចាក់​ដោយ​គេ​យល់​ថា អត្រា​ហានិភ័យ​កើត​ចេញ​ពី​ការ​ចាក់​វ៉ាក់សាំង AstraZenecaមាន​តិចតួច​មែនទែន បើ​ធៀប​នឹង​អត្រា​ហានិភ័យ​កើត​ចេញ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

រហូត​មក​ដល់​ពេល​នេះ មន្ទីរពិសោធន៍ AstraZenecaបាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា វ៉ាក់សាំង​របស់​ខ្លួន​ពិត​ជា​មាន​ផលរំខាន​ដូច​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ផលិត​ដោយ​មន្ទីរពិសោធន៍​ផ្សេង​ទៀត ដូច​យ៉ាង Pfizer-BioNtech ឬ​មួយ​ក៏ Moderna។ ទាក់ទង​នឹង​ផលរំខាន​ដោយ​មាន​ឈាមកកដុំៗ​នៅ​ក្នុង​សរសៃ​ឈាម​ត្រូវ​បាន​មន្ទីរពិសោធន៍ AstraZenecaអះអាង​ថា មាន​តិចតួច​ណាស់​លើ​អ្នក​ចាក់​វ៉ាក់សាំង AstraZenecaបើ​ធៀប​នឹង​អ្នក​អត់​ចាក់។ អ្វី​ដែល​មន្ទីរពិសោធន៍ AstraZenecaអះអាង​នេះ​ក៏​ជា​ការ​យល់​ឃើញ​របស់​ទីភ្នាក់ងារ​ឱសថ​ដែរ។

ចំណែក​ក្រុម​គ្រូពេទ្យ​ភាគ​ច្រើន​បាន​យល់​ឃើញ​ថា ការ​បំភ្លឺ​បន្ថែម​ជុំវិញ​សុវត្ថិភាព​របស់​វ៉ាក់សាំង AstraZenecaជា​រឿង​ដែល​ត្រូវ​ធ្វើ​ដើម្បី​ជម្រះ​ភាព​មន្ទិលសង្ស័យ។ តែ​ក្រុម​គ្រូពេទ្យ​ដដែល​បាន​បញ្ជាក់​ថា​ក្នុង​ពេល​រង់​ចាំ គេ​គួរ​តែ​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង AstraZenecaជា​បន្ត​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ព្រោះ​គឺ​កូវីដ១៩​ជា​អ្នក​សម្លាប់​មនុស្ស មិនមែន​វ៉ាក់សាំង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ