អង្គការសុខភាពពិភពលោកចេញមុខការពារ វ៉ាក់សាំងអង់គ្លេស AstraZeneca
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២០
ប្រធានអង្គការសុខភាពពិភពលោក កាលពី ថ្ងៃពុធម្សិលមិញ បានណែនាំឲ្យគេនៅ បន្តប្រើ AstraZeneca នៅ កន្លែងដែលមានមេរោគបំប្លែងខ្លួន ថ្មី និងអាចចាក់វ៉ាក់សាំង ដល់មនុស្សដែលមានអាយុ ច្រើនជាង ៦៥ឆ្នាំ។ សេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក ធ្វើឡើង បន្ទាប់ពីមានការចោទសួរពី ប្រសិទ្ធភាពរបស់វ៉ាក់សាំង អង់គ្លេស AstraZeneca ទៅលើមេរោគបំប្លែងខ្លួនថ្មីមកពី អាហ្វ្រិកខាងត្បូង។ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍មុន អាហ្វ្រិកខាងត្បូង បានប្រកាសឈប់ចាក់វ៉ាក់សាំង អង់គ្លេស នៅក្រោយ ការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន AstraZenecaបង្ហាញថា វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពត្រឹមតែ២០ភាគរយ ទៅលើមេរោគបំប្លែងខ្លួនថ្មី។
នៅមួយរយៈចុងក្រោយនេះ មានការចោទសួរ សង្ស័យ កាន់តែច្រើនពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ទៅលើមេរោគកូវីដ ជាពិសេស វ៉ាក់សាំង អង់គ្លេស AstraZeneca ដែលសហភាពអឺរ៉ុបណែនាំ មិនឲ្យចាក់លើមនុស្សដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅទេ ដោយសារតែគ្មានទិន្នន័យជាក់ច្បាស់ស្តីពីប្រសិទ្ធភាពរបស់វាទៅលើមនុស្សចាស់។
របៀបវាស់វែងដើម្បី អាចដឹងប្រសិទ្ធិភាពរបស់វ៉ាក់សាំង
នៅពេលគេនិយាយថា វ៉ាក់សាំងមួយអាចមានប្រសិទ្ធភាព ប្រឆាំងនឹងជំងឺកូវីដ គឺមានន័យថា វ៉ាក់សាំង ជួយកាត់បន្ថយ អត្រាឆ្លង មិនឲ្យគេធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ។ ឧទាហរណ៍ នៅក្នុងការធ្វើតេស្តសាកល្បងកន្លងទៅ គេបានចាក់វ៉ាក់សាំង ទៅលើអ្នកស្ម័គ្រចិត្ត ជាច្រើនម៉ឺននាក់។ ពួកគេ បានត្រលប់ទៅរស់នៅធម្មតា និងអាចឆ្លងជំងឺកូវីដ ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ។ ប្រសិនបើវ៉ាក់សាំងមួយមានប្រសិទ្ធភាពមែន នោះ ករណីឆ្លងនឹងមានតិចបំផុត ក្នុងចំណោមអ្នកដែលទទួលវ៉ាក់សាំង។
រហូតមកដល់ពេលនេះ មានវ៉ាក់សាំង ចំនួន ៣ ដែលមានប្រសិទ្ធភាព ខ្ពស់ជាងគេ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកាំង Pfizer Moderna ដែលមានប្រសិទ្ធភាពដល់ទៅ ៩៥ និង៩៤ភាគរយ និងវ៉ាក់សាំង រុស្ស៊ី ឈ្មោះ Sputnik V ដែលមានប្រសិទ្ធភាព ៩១%។
ផ្ទុយពីវ៉ាក់សាំងអាមេរិកាំង ដែលត្រូវបង្កើតឡើងតាមបច្ចេកវិទ្យាថ្មី ដោយប្រើ សារARN វ៉ាក់សាំង រុស្ស៊ី ត្រូវបានបង្កើតឡើង តាមក្បួនចាស់ ពោលគឺប្រើមេរោគកូរ៉ូណា ដែលលែងគ្រោះថ្នាក់សម្រាប់ធ្វើជាវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ។
ប្រសិទ្ធិភាពរបស់វ៉ាក់សាំង អាស្រ័យទៅលើពេលវេលា របៀប ប្រើវ៉ាក់សាំង
ក្រុមហ៊ុនអង់គ្លេស AstraZenecaបានប្រើវិធីសាស្រ្ត ដូចរុស្ស៊ីដែរ គ្រាន់តែថា វ៉ាក់សាំងរបស់ AstraZenecaមានប្រសិទ្ធភាព ច្រើនបំផុត ៦០%។ ប៉ុន្តែ ថ្មីៗនេះ ក្រុមហ៊ុន AstraZeneca និងសកលវិទ្យាល័យ Oxfordបានចេញមុខមកបញ្ជាក់ថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZenecaអាចមានតិច ឬច្រើនអាស្រ័យទៅលើកត្តា របៀបចាក់វ៉ាក់សាំង។ ជាក់ស្តែង ការធ្វើតេស្តសាកល្បងកន្លងមកបានបង្ហាញថា វ៉ាក់សាំង មានប្រសិទ្ធភាព ដល់ទៅ ៨៥% បើសិន គេទទួលបានវ៉ាក់សាំង AstraZeneca ដូសទី២ នៅ៣ខែក្រោយ។ ប៉ុន្តែ បើគេចាក់វ៉ាក់សាំង កៀកពេលគ្នាពេក ពោល គឺចាក់ដូសទី ២នៅ តែ ៦សប្តាហ៍ក្រោយ ចាក់ដូសទី១ នោះ ប្រសិទ្ធភាពរបស់វ៉ាក់សាំង នឹងមានតែ ៥៤%ប៉ុណ្ណោះ។ មួយវិញទៀត គេអាចវាស់វែងប្រសិទ្ធភាពរបស់វ៉ាក់សាំង ដោយអាស្រ័យទៅលើលក្ខណៈវិនិច្ឆ័យរបស់វា។
ក្នុងករណីវ៉ាក់សាំងក្រុមហ៊ុនJohnson Johnson ប្រសិទ្ធភាពរបស់វាមានប្រមាណ ៦៦% ប៉ុន្តែ ក្រុមហ៊ុនអះអាងថា ប្រសិទ្ធភាពរបស់វានឹងឡើងដល់ ៨៥% បើសិនគេនិយាយវិធីបង្ការកុំឲ្យអ្នកជំងឺកូវីដ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។
ប្រសិទ្ធភាពរបស់វ៉ាក់សាំងទៅលើមេរោគបំប្លែងខ្លួនថ្មី
ប្រសិទ្ធភាព របស់វ៉ាក់សាំង ប៉ុន្មានភាគរយខាងលើផ្តោតតែទៅលើមេរោគកូវីដ ដើមដែលមានប្រភពមកពីប្រទេសចិន ប៉ុណ្ណោះ។ ប្រឈមមុខនឹងការឆ្លងរាលដាល របស់មេរោគបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ក្រុមហ៊ុនផលិតវ៉ាក់សាំងបានចេញមុខមកបញ្ជាក់រៀងៗខ្លួន។ ក្រុមហ៊ុនPfizer និងModerna អះអាងថា វ៉ាក់សាំងរបស់ខ្លួន នៅតែមានប្រសិទ្ធភាពប្រឆាំងមេរោគបំប្លែងខ្លួនថ្មី មកពីអង់គ្លេស និងអាហ្វ្រិកខាងត្បូង។
ចំណែក ក្រុមហ៊ុនអង់គ្លេស AstraZenecaវិញ អះអាងថា វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពតែទៅលើមេរោគបំប្លែងខ្លួនអង់គ្លេស ប៉ុន្តែ គ្មានប្រសិទ្ធភាពទៅលើមេរោគបំប្លែងខ្លួន អាហ្វ្រិកខាងត្បូង ដែលឆ្លងរាតត្បាតលឿន ដូចមេរោគអង់គ្លេសដែរ។
ការសិក្សារបស់ក្រុមហ៊ុន AstraZeneca រួមជាមួយសកលវិទ្យាល័យOxford ដែលចេញផ្សាយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានបង្ហាញថា វ៉ាក់សាំង AstraZenecaមានប្រសិទ្ធភាពតិចមែនទែន តែ ២២% ប៉ុណ្ណោះទៅលើមេរោគបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីអាហ្វ្រិកខាងត្បូង។
នៅក្រោយ ការចុះផ្សាយរបស់ក្រុមហ៊ុន AstraZeneca ប្រទេសអាហ្វ្រិកខាងត្បូង ដែលកំពុងរងរាតត្បាតដោយមេរោគបំប្លែងខ្លួនថ្មីបានសម្រេច បញ្ឈប់ ការចាក់វ៉ាក់សាំងអង់គ្លេស AstraZeneca។
នៅថ្ងៃពុធទី ១០កុម្ភៈ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានប្រកាសលក់ វ៉ាក់សាំង AstraZeneca របស់ខ្លួន ប្រមាណ ១លានដូស ដើម្បី ងាកទៅប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនJohnson Johnson ដែលមានប្រសិទ្ធភាព ប្រមាណ ៦៦% សម្រាប់មេរោគបំប្លែងខ្លួនថ្មីវិញ។
អង្គការសុខភាពពិភពលោក នៅ តែណែនាំឲ្យគេបន្តចាក់វ៉ាក់សាំង AstraZeneca
ប្រធានអង្គការសុខភាពពិភពលោកបានអំពាវនាវឲ្យគេបន្តចាក់វ៉ាក់សាំង AstraZeneca សូម្បី នៅក្នុងប្រទេសដែលកំពុងឆ្លងរាតត្បាតដោយមេរោគកូវីដ បំប្លែងខ្លួនថ្មី ព្រោះថា បើតាម អង្គការសុខភាពពិភពលោក ការសិក្សាកន្លងមក ដែលថាវ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពតិចតួចទៅលើមេរោគកូវីដបំប្លែងខ្លួនថ្មី នៅអាហ្វ្រិកខាងត្បូង មិនទាន់អាចយកជាការអ្វី បាននោះទេ បើសិនគេមើលទៅលើចំនួនមនុស្សដែលបានចូលរួមក្នុងតេស្តសាកល្បង។ ការសិក្សានៅអាហ្វ្រិកខាងត្បូងផ្តោតតែទៅលើក្រុមយុវជនប្រមាណ ២ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះ បើតាមប្រធានអង្គការសុខភាពពិភពលោក លទ្ធផលសិក្សានៅអាហ្វ្រិកខាងត្បូង មិនតំណាងឲ្យប្រជាជនទូទៅនៅក្នុងពិភពលោកនោះទេ។
មួយវិញទៀត អង្គការសុខភាពពិភពលោកបានអំពាវនាវឲ្យគេចាក់វ៉ាក់សាំង AstraZeneca សម្រាប់ក្រុមមនុស្សដែលមានអាយុ ចាប់ពី ៦៥ឆ្នាំឡើងទៅដែរ។ ការអំពាវនាវ របស់អង្គការសុខភាពពិភពលោក ធ្វើឡើងនៅក្រោយ ប្រទេសជាច្រើន រួមទាំងសហភាពអឺរ៉ុបបានណែនាំឲ្យគេចាក់វ៉ាក់សាំង AstraZeneca សម្រាប់មនុស្សដែលមានអាយុ ក្រោម ៦៥ឆ្នាំ។ អង្គការសុខភាពពិភពលោក ចេញមុខគាំទ្រ ឲ្យគេចាក់វ៉ាក់សាំង AstraZeneca ព្រោះវាជាវ៉ាក់សាំង ដែលមានតម្លៃថោក ងាយស្រួលស្តុក និងចែកចាយ។ រហូតមកដល់ពេលនេះ ឥណ្ឌាបានទិញសិទ្ធិពីក្រុមហ៊ុន AstraZenecaដើម្បី ផលិតលក់បន្ត វ៉ាក់សាំង AstraZeneca មិនថា នៅក្នុងឥណ្ឌា ឬសម្រាប់លក់បន្តទៅឲ្យប្រទេសដែលគ្មានលទ្ធភាពទិញវ៉ាក់សាំងអាមេរិកាំង។ បើសិនគេនាំគ្នា រើសអើងមិនចង់ចាក់វ៉ាក់សាំង AstraZeneca នោះវានឹងអាចប៉ះពាល់ដល់យុទ្ធសាស្រ្តចាក់វ៉ាក់សាំងរបស់ប្រទេសជាច្រើននៅក្នុងពិភពលោក ជាពិសេស នៅក្នុងប្រទេសក្រីក្រ
អឺរ៉ុប ទាមទារចង់បានភស្តុតាងបញ្ជាក់ពីប្រសិទ្ធភាពរបស់វ៉ាក់សាំងទៅលើមេរោគបំប្លែងខ្លួនថ្មី…
នៅក្រោយការចេញផ្សាយរបស់ក្រុមហ៊ុន AstraZeneca សហភាពអឺរ៉ុបបានទាមទារ ឲ្យគ្រប់ក្រុមហ៊ុនផលិតវ៉ាក់សាំង ទាំងអស់ ផ្តល់ទិន្នន័យ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ទៅលើមេរោគកូវីដបំប្លែងខ្លួនថ្មី។ នៅពេលក្រុមហ៊ុនPfizer Moderna បញ្ជាក់ថា វ៉ាក់សាំង របស់ខ្លួន នៅតែមានប្រសិទ្ធភាពទៅលើមេរោគបំប្លែងខ្លួនថ្មី អ្នកស្រាវជ្រាវដែលទើបចេញផ្សាយការសិក្សារបស់ខ្លួន ចុះផ្សាយ នៅទស្សនាវដ្តី Nature Medecine កាលពីថ្ងៃអង្គារបាននិយាយថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer Moderna បានថយចុះប្រសិទ្ធភាពរបស់វា នៅចំពោះមុខ មេរោគកូវីដបំប្លែងខ្លួនថ្មី មកពីអាហ្វ្រិកខាងត្បូង។ តាមអ្នកស្រាវជ្រាវខាងលើ ក្រុមហ៊ុនPfizer Moderna ត្រូវកែប្រែសម្រិតសម្រាំងវ៉ាក់សាំងរបស់ខ្លួន ជានិច្ច ដើម្បី អាចសម្របខ្លួន កុំឲ្យបាត់បង់ប្រសិទ្ធភាពរបស់វ៉ាក់សាំង ទៅលើមេរោគបំប្លែងខ្លួនថ្មី។
សហភាពអឺរ៉ុបដែលកំពុងប្រឈមខ្លាំង នឹងការឆ្លងរាតត្បាតរបស់មេរោគបំប្លែងខ្លួនថ្មី ដែលមានតាំងពី មេរោគកូវីដអង់គ្លេស អាហ្វ្រិកខាងត្បូង កំពុងចាប់កើតទុក្ខ បារម្ភពីប្រសិទ្ធភាពរបស់វ៉ាក់សាំងទៅលើមេរោគបំប្លែងខ្លួន ជាពិសេស វ៉ាក់សាំងអង់គ្លេស AstraZeneca។
នៅក្នុងប្លុកសហភាពអឺរ៉ុប ដែលមានប្រទេសសមាជិកចំនួន ២៧ គេរកឃើញមានករណីឆ្លងមេរោគកូវីដថ្មីសរុប ១០៣ ២៥០នាក់ និងមានមនុស្សស្លាប់ ជាង ៣ពាន់នាក់ ក្នុងមួយថ្ងៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ