អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ព្រមាន​ចិន​ទាក់​ទង​សកម្ម​ភាព​យោធា​ផ្ទួនៗ​ទៅ​លើ​តៃ​វ៉ាន់​និង​ហ្វីលីពីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​ចិន​បើក​ធ្វើសមយុទ្ធ​ផ្ទួនៗគ្នា​ទាំង​ខាងជើងទឹក​និង​ទ័ព​អាកាស​ព័ទ្ធ​ជុំវិញ​តៃវ៉ាន់​ អាមេរិក​បាន​ចេញមុខ​ព្រមានចិន​ទាក់ទង​នឹង​សកម្មភាព​យោធា​ទាំង​ទៅលើ​តៃវ៉ាន់​ និង​ទៅ​លើ​ហ្វីលីពីន​នៅឯ​សមុទ្រចិន​ខាងត្បូង។ ​នៅថ្ងៃពុធ ទី៧ មេសាម្សិលមិញ អាមេរិក​បាន​រំឭកចិន​អំពី​កាតព្វកិច្ច​របស់ខ្លួន ក្នុង​ការ​ចូល​ជួយ​អន្តរាគមន៍​ប្រទេស​សម្ព័ន្ធមិត្ត​ស្រប​ទៅ​តាម​កិច្ចព្រមព្រៀង​ការពារ​គ្នា​ទៅវិញ​ទៅមក​។

រូបថតបង្ហាញពីនាវាចម្បាំងអាមេរិកដែលចរឆ្លងកាត់សមុទ្រចិនខាងត្បូងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩។
រូបថតបង្ហាញពីនាវាចម្បាំងអាមេរិកដែលចរឆ្លងកាត់សមុទ្រចិនខាងត្បូងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩។ AFP - ERWIN JACOB V. MICIANO
ផ្សាយពាណិជ្ជកម្ម

ចិន​បង្កើន​សកម្មភាព​យោធា​ខ្លាំងក្លា​ទៅលើ​តៃវ៉ាន់និង​ហ្វីលីពីន​

នៅ​ប៉ុន្មានថ្ងៃ​កន្លងមកនេះ​ ប្រទេសចិន​បាន​បង្កើន​សាច់ដុំ​កាន់​តែ​ខ្លាំង​ដាក់កោះតៃវ៉ាន់​និង​ហ្វីលីពីន​តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​ផ្ទួនៗគ្នា​និ​ងតាម​រយៈ​ការបញ្ជូន​នាវា​ជាច្រើន​ទៅ​កាន់​តំបន់​ជាប់ជម្លោះ​។

កាលពី​ថ្ងៃចន្ទ​ដើមសប្តាហ៍នេះ​ កងកម្លាំង​ប្រដាប់​អាវុធ​របស់ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ ដំណាល​ពេលគ្នាតែម្តង​នៅភាគខាងលិច​និង​ខាងកើត​កោះតៃវ៉ាន់​។ យោធាចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃចន្ទ​ថា​ នាវា​ដឹក​យន្តហោះចម្បាំង​ចិន​ឈ្មោះ​ឡៅនីង (Liaoning) មាន​អម​ដោយ​គ្រឿង​សញ្វាវុធជា​ច្រើនទៀត​ កំពុង​មាន​វត្តមាន​ជុំវិញ​កោះតៃវ៉ាន់​ ដើម្បី​បើក​ការ​ធ្វើ​សមយុទ្ធ​។

បើតាម​ក្រសួងការពារជាតិ​តៃវ៉ាន់​ យ៉ាងហោច​ណាស់​មាន​យន្តហោះ​ចម្បាំង​របស់​កងទ័ព​ចិន​ (PLA) ចំនួន ១០ គ្រឿងក្នុងនោះ​រួមមាន​យន្ដហោះចម្បាំង​ J-16 ៤ គ្រឿង​ J-10 ចំនួន ៤ គ្រឿង​ និងយន្តហោះ​ចម្បាំង​ប្រឆាំងនាវា​មុជទឹក​ Y-8 ព្រមទាំង​យន្តហោះ​ប្រភេទ​ KJ-500 បាន​ហោះចូល​ទៅក្នុង​ដែន​អាកាស​របស់​កោះតៃវ៉ាន់​។

ភ្លាមៗនោះ​ តៃវ៉ាន់​ បានចេញមុខដំឡើង​សំឡេងដាក់ចិន​ចំពោះ​សកម្មភាព​លុកលុយ​ថ្មី​របស់​កងទ័ពអាកាសចិន​ដែលបាន​បើក​យន្ត​ហោះ​ចម្បាំង​ជាច្រើនគ្រឿង​ឆ្លង​ចូល​តំបន់​ការពារ​ដែន​អាកាស​របស់​ខ្លួន។​ ទន្ទឹមនេះ​ កោះតៃវ៉ាន់​បានឲ្យ​ដឹងថា​កាលពីខែមុន​មាន​យន្តហោះ​ចិនចំនួន ២០ គ្រឿង​ឯណោះ​បាន​ហោះឆ្លងចូលតំបន់​ការពារ​នេះ​។

មិនខុសពី​តៃវ៉ាន់​ប៉ុន្មានឡើយ​ ហ្វីពីលីន​ដែលជា​សម្ព័ន្ធមិត្ត​ម្នាក់​ដែរ​របស់​អាមេរិក​ និង​ក៏ជា​ប្រទេស​កំពុង​មាន​ជម្លោះ​ដណ្តើម​ដែនកោះ​ជាមួយចិន​នៅ​តំបន់សមុទ្រចិនខាងត្បូង​ ក៏​កំពុង​ទទួល​រងស​ម្ពាធខ្លាំង​ពីសកម្មភាពយោធា​របស់ចិន​ដែរ។

នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ នាវា​កងទ័ពចិន​ជាង​ ២០០​ បាន​បណ្តែត​ខ្លួន​ជាប់គ្នា​ជាខ្សែៗនៅ​ក្បែរ​តំបន់​ថ្មប៉ប្រះ​ទឹក​ដែល​ចិន និង​ហ្វីលីពីនកំពុង​ឈ្លោះគ្នាចង់​ដណ្តើម​កាន់​កាប់រៀងៗខ្លួន​ នៅ​សមុទ្រ​ចិន​ខាងត្បូង។

ទាក់ទង​ការបង្កើន​សាច់ដុំយោធា​របស់​ក្រុងប៉េកាំង​ នៅឯ​តំបន់សមុទ្រចិនខាងត្បូង​នា​មួយរយៈពេលចុងក្រោយនេះ​ ក្រុមអ្នកវិភាគ​បានលើក​ឡើងថា​ វាគឺ​ជាសញ្ញា​ព្រមាន​មួយ​របស់​ចិន​ទៅកាន់​ប្រទេស​ដែល​កំពុងមាន​ជម្លោះជាមួយខ្លួន​ ​និង​អ្នកនៅចាំ​ជួយគាំទ្រ​ពួកគេ​ពីក្រោយ​ ហើយ​អ្នក​នោះ​គ្មាន​ប្រទេសណាក្រៅ​ពីអាមេរិក​នោះទេ​។

អាមេរិក​ ព្រមាន​ចិន​ទាក់ទង​សកម្មភាព​យោធា​ទៅលើ​តៃវ៉ាន់​និង​ហ្វីលីពីន

បន្ទាប់ពី​ចិន​បង្ហាញ​សាច់ដុំ​របស់ខ្លួន​ជាច្រើនដង​រួច​មក​ដាក់ទាំង​តៃវ៉ាន់​និងហ្វីលីពីន​ អាមេរិក​ទប់ខ្លួនលែងជាប់​និង​បាន​ចេញមុខ​ព្រមានចិន​។ កាលពីថ្ងៃ​ពុធ​ ៧ មេសា ម្សិលមិញ​ សហរដ្ឋអាមេរិក​បាន​ព្រមាន​ប្រឆាំង​ នឹង​សកម្មភាព​របស់ចិន​ដែលគេ​មើលឃើញថា​ជា​សកម្មភាព​ឈ្លានពាន​កាន់តែខ្លាំង​ឡើងនៅឯ​តំបន់​សមុទ្រចិន​ខាងត្បូង​។

អាមេរិក​បានរំឭកចិនថា​កុំឲ្យ​ភ្លេចពី​កាតព្វកិច្ច​របស់អាមេរិក​ដែល​មាន​តួនាទី​ត្រូវ​ចូល​ជួយ​អន្តរាគមន៍​ប្រទេសសម្ព័ន្ធមិត្ត​ស្របទៅតាម​កិច្ចព្រមព្រៀង​ការពារគ្នា​ទៅវិញ​ទៅមក​។

អ្នកនាំពាក្យ​ក្រសួងការ​បរទេសអាមេរិក​លោក Ned Price បាន​មានប្រសាសន៍ថា​ ការ​វាយ​ប្រហារ​ប្រដាប់​អាវុធណាមួយ​ប្រឆាំង​នឹង​ហ្វីលីពីន​នៅសមុទ្រចិនខាងត្បូង​ ទោះ​ក្រោម​រូបភាពណា​ក៏ដោយ​ អាមេរិក​នឹង​ចូលជួយ​ហ្វីលីពីន​ ស្របទៅតាម​កាតព្វកិច្ច​ដែល​មាន​ក្រោម​សន្ធិសញ្ញា​​ការពារជាតិ​រវាងសហរដ្ឋអាមេរិក​និង​ហ្វីលីពីន​។

ដោយ​និយាយសំដៅ​ដល់រដ្ឋាភិបាល​ក្រុងប៉េកាំង​ លោក Price បាន​បង្ហាញពី​ក្តីកង្វល់​និង​ការយកចិត្តទុកដាក់ខ្ពស់​របស់អាមេរិក​ចំពោះគ្រប់​សម្ព័ន្ធមិត្ត​ដែលរងការ​ឈ្លានពាន​ពីចិន​។

ចំពោះ​កោះតៃវ៉ាន់​ អាមេរិក​បាន​សម្តែងនូវការព្រួយបារម្ភ​ចំពោះការ​បើកធ្វើសមយុទ្ធ​ផ្ទួនៗគ្នា​ ទាំង​ខាង​ជើងទឹក​ និង​ទ័ពអាកាស​ព័ទ្ធជុំវិញ​តៃវ៉ាន់​។ ក្រសួងការបរទេសអាមេរិក​ បាន​ឲ្យ​ដឹង​ថា​ ក្រុងវ៉ាស៊ីនតោន​នឹងនៅជាមួយ​តៃវ៉ាន់​ ត្រៀម​ទប់ទល់នឹង​ការ​បង្ខិត​បង្ខំ​ណាមួយ​ដែល​អាច​បង្កគ្រោះថ្នាក់ដល់​សន្តិសុខ​ ឬប្រព័ន្ធសង្គម​ ឬក៏​សេដ្ឋកិច្ច​របស់​ប្រជាជាតិ​តៃវ៉ាន់​។ ហើយ​អ្វី​ដែលអាមេរិក​លើកឡើងនេះ​ គឺដោយ​គោរព​ទៅតាម​កិច្ច​ព្រមព្រៀង​ទំនាក់ទំនង​រវាង​អាមេរិក​-តៃវ៉ាន់​ ដែលចែងថា​សហរដ្ឋអាមេរិក​មាន​កាតព្វកិច្ច​ផ្តល់ឲ្យ​កោះតៃវ៉ាន់​នូវ​មធ្យោបាយ​ដើម្បី​ការពារខ្លួនប្រឆាំង​នឹងការ​ឈ្លានពានពីទី​ក្រុង​ប៉េកាំង​។

សមុទ្រ​ចិន​ខាងត្បូង​នៅតែជា​ទីតាំង​ប្រឈម​មុខគ្នាខ្លាំង​រវាង​អាមេរិក​និង​ចិន

នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​ USS Theodore Roosevelt បាន​បរ​ចូល​សមុទ្រ​ចិន​ខាង​ត្បូង​កាលពីថ្ងៃអាទិត្យ​សម្រាប់​ប្រតិបត្តិការជា​ធម្មតារបស់ខ្លួន​។ នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើកទី ២​របស់​នាវា​រូសសេវែល​មកកាន់តំបន់នេះ​ក្នុងឆ្នាំ ២០២១​។

គួរជ្រាបថា​ ដើម្បី​ប្រឆាំងទល់​នឹង​មហិច្ឆតា​របស់​ចិន សហរដ្ឋអាមេរិក​តែង​បញ្ជូន​នាវា​និង​យន្តហោះ​ចម្បាំង ​ទៅ​កាន់​តំបន់សមុទ្រចិនខាងត្បូង​ ក្រោម​ហេតុផលថា ​ជា​ការ​អនុវត្តន៍​ “សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​” ដែល​សមស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ។

សម្រាប់​ប្រតិបត្តិការ​ថ្មីចុងក្រោយនេះ​ មេ​បញ្ជាការ​កងទ័ពជើងទឹកអាមេរិក​បាន​និយាយថា​ វាជារឿងល្អខ្លាំងណាស់​ដែល​បាន​ត្រលប់មកកាន់សមុទ្រចិនខាងត្បូង​ ដើម្បី​ធានាដល់​សម្ព័ន្ធមិត្ត​និងដៃគូ​របស់​អាមេរិក​ ថា​អាមេរិកនៅតែប្តេជ្ញាចិត្ត​ដើម្បី​សេរីភាពនៅ​តំបន់នេះ​។

បើយោងទៅតាមការចុះផ្សាយ​របស់​សារព័ត៌មាន​ CNN​ សម្រាប់​ប្រតិបត្តិការ​នៅសមុទ្រ​ចិនខាងត្បូង​ កងទ័ពអាមេរិក​នឹង​បើក​សមយុទ្ធ​ជាច្រើន​មានទាំង​សមយុទ្ធទ័ព​អាកាស​ និង​សមយុទ្ធ​ជើងទឹក​ ក្នុងនោះក៏មានដែរ​ប្រតិបត្តិការប្រឆាំង​នាវាមុជទឹក​ ការ​ហ្វឹក​ហាត់​យុទ្ធសាស្ត្រ​និង​សកម្មភាពៗដទៃជា​ច្រើនទៀត​។

ដោយឡែក​ ចិន​ដែលជា​មហាអំណាច​ផុតលេខ​នៅអាស៊ី​ និងជាប្រទេស​ដែល​តែង​បាន​អះអាងថា​ស្ទើរតែ​ទាំងអស់​នៃ​ផ្ទៃសមុទ្រចិន​ខាងត្បូង​ទំហំ ១,៣ លាន​ម៉ាយ​ការ៉េ គឺជា​កម្មសិទ្ធិ​របស់ខ្លួន​ មិនដែល​សប្បាយចិត្តសោះឡើយ​ចំពោះវត្តមាន​របស់នាវាចម្បាំង​អាមេរិកនៅ​តំបន់នេះ​។

ចិន​ ថា​វត្តមាន​របស់​កង​កម្លាំងយោធា​បរទេស​ ដូចជា​ក្រុម​កងទ័ពនៃ​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​ កំពុងតែ​បង្កឲ្យ​មាន​ភាពតានតឹងនៅ​ក្នុងតំបន់​។ ហើយក៏ដូចសព្វមួយ​ដងដែរ ចិនតែង​ចេញមុខ​តវ៉ា​ និងប្រឆាំង​ជាដាច់ខាត​ចំពោះ​ការ​ចល័ត​នាវា​របស់​អាមេរិកឆ្លងកាត់​តំបន់​សមុទ្រចិនខាងត្បូង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ