អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​និង​ចិន​ប្តេជ្ញា​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​អា​កាស​ធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​និង​ចិន​ បាន​ប្រកាសថា​នឹង​ប្តេជ្ញា​ធ្វើការ​រួមគ្នា​ និង​ជាមួយ​ប្រទេស​ដទៃទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ចំពោះ​សន្តិ​សុខ​ពិ​ភព​លោក​។ នៅក្នុង​សេចក្តីថ្លែងការណ៍រួម​មួយ​នាថ្ងៃអាទិត្យ ១៨ មេសានេះ​ ប្រទេស​មហាអំណាច​ទាំងពីរ​ បាន​ឯកភាព​ផងដែរ​អំពីការ​ចូលរួម​កាត់បន្ថយការ​បំភាយ​ឧស្ម័នផ្ទះ​កញ្ចក់​។ អាមេរិក​និងចិន​មិនចុះ​សម្រុងគ្នា​ទេ​ ចុះតើ​អ្វី​ទៅ​ដែល​អាច​ធ្វើឲ្យ​ប្រទេស​ទាំងពីរ​បេ្តជ្ញា​ចាប់​ដៃ​ធ្វើការ​ជាមួយគ្នា​លើ​បញ្ហាអាកាសធាតុ​បាន?

លោកស៊ី ជីនពីង មេដឹកនាំចិន (ឆ្វេង) និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន។
លោកស៊ី ជីនពីង មេដឹកនាំចិន (ឆ្វេង) និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន។ AP - Damian Dovarganes
ផ្សាយពាណិជ្ជកម្ម

តើ​អ្វី​ជា​កត្តា​អាច​ជំរុញ​អាមេរិក​ និង​ចិន​ឲ្យ​បែរ​ងាក​មក​ប្តេជ្ញា​ចាប់​ដៃ​ធ្វើ​ការរួមគ្នាបាន​?

កិច្ច​សហប្រតិបត្តិការ​ដែលសហ​អាមេរិក​និងចិន​បាន​ប្រកាសប្តេជ្ញា​ធ្វើការរួមគ្នា​កាលពី​ថ្ងៃសៅរ៍​ ទី​១៧ មេសា​ម្សិលមិញនេះ​កើតចេញ​បន្ទាប់ពី​កិច្ចពិភាក្សា​នៅទីក្រុង​សៀងហៃ​រយៈពេល​ពីរថ្ងៃ​ ពោល​គឺថ្ងៃ​ព្រហស្បតិ៍-សុក្រ​ រវាង​លោក ចន ឃែរី​ ប្រេសិត​ពិសេស​ទទួលបន្ទុក​ផ្នែក​អាកាសធាតុ​របស់​អាមេរិក​ជាមួយប្រេសិត​អាកាសធាតុចិន​លោកស៊ី ហ្សេនហួរ (Xie Zhenhua)។

ដំណើរ​ទៅកាន់​ប្រទេសចិន​របស់​លោកឃែរី នេះ​គឺជា​ដំណើរទស្សនកិច្ច​ជាន់​ខ្ពស់ដំបូង​គេ​បង្អស់​របស់​មន្ត្រីអាមេរិក​ ក្រោម​រដ្ឋបាលលោក​ចូ បៃដិន​ ចាប់ពី​លោក​ប្រធានាធិបតីថ្មី​របស់​អាមេរិក​រូបនេះ​ ចូលឡើង​កាន់តំណែងនា​ថ្ងៃទី​ ២០ មករា ដើមឆ្នាំ ២០២១ នេះមក​។

នៅមុន​ដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុងសៀងហៃ​ លោកចន ឃែរី​ បាននិយាយ​ប្រាប់​សារព័ត៌មាន CNN ថា​ កិច្ចសហប្រតិបត្តិការ​ពី​ចិន ពិតជា​មានសារៈសំខាន់​បំផុត​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិអាកាសធាតុ​។

ជាការពិត​ណាស់ នរណាៗ​ក៏គេ​ដឹងដែរថា​សហរដ្ឋអាមេរិក​ដែលជា​មហា​អំណាច​ចាស់​ និង​ចិន​ដែលជាប្រទេសមហាអំណាចថ្មី​មិនចុះ​សម្រុងគ្នា​នោះទេ​ និង​មាន​គោល​នយោបាយ​ប្រឆាំង​គ្នា​ នៅចំពោះ​មុខ​បញ្ហាជាច្រើន​។

ក៏ប៉ុន្តែ​ វិបត្តិ​អាកាសធាតុ​ដែល​ជា​បញ្ហា​ប្រឈមខ្លាំង​បំផុតមួយ​របស់​ពិភពលោក​បាន​ជំរុញ​ឲ្យ​អាមេរិក​ និង​ចិន​ទុកជម្លោះ​ ឬការ​ខ្វែងគំនិតគ្នាមួយឡែក​ ដើម្បីជួយគ្នា ​ពួតដៃរួមគ្នា​ដោះស្រាយ​វិបត្តិអាកាសធាតុ​ដ៏ធ្ងន់ធ្ងរ​ខ្លាំងបំផុត​នេះ​។

បញ្ហា​អា​កាស​ធាតុ ​កំពុង​​គំរាម​កំហែង​ធ្ងន់​ធ្ងរណាស់​ចំពោះ​សន្តិ​សុខ​ពិ​ភពលោកទាំងមូល​ មិនមែន​ប៉ះពាល់​ត្រឹមតែ​លើ​អាមេរិក​ ឬចិន​ ឬរុស្ស៊ី​ ឬក៏ប្រទេស​ណា​ផ្សេង​នោះទេ​។ ​ដូច្នោះហើយ​ មិនថា​អាមេរិក​ឬប្រទេស​សម្ព័ន្ធមិត្ត​នោះទេ​ ដឹងច្បាស់​ក្នុងចិត្តថា​ពួកគេ​អាច​ខ្វែងគំនិត​ឬប្រឆាំង​គ្នា​លើបញ្ហាជាច្រើន​ជាមួយចិន​ ប៉ុន្តែ​រឿងពាក់​ព័ន្ធអាកាសធាតុ​ត្រូវតែជា​ករណី​លើកលែង​ ពីព្រោះ​វិបត្តិ​អាកាសធាតុ​ប៉ះពាល់ដល់គ្រប់គ្នា​ មិនថា​ជាតិ​សាសសន៍​ណាឬប្រទេសណានោះទេ​។

ប្រេសិត​អាកាសធាតុ​អាមេរិក​ លោកចន ឃែរី​ បាន​គូសបញ្ជាក់ថា​ ប្រសិនបើ​អាមេរិក​ បដិសេធ​មិនធ្វើការ​ជាមួយ​ប្រទេសចិន​ទាក់ទង់បញ្ហា​អាកាសធាតុ​ដោយសារ​តែការ មិនចុះសម្រុងនឹង​គ្នា​លើ​រឿងផ្សេងទៀតនោះ​ អាមេរិកហាក់​ដូចជា​កំពុងតែ​សំលាប់​ខ្លួនឯងអីចឹង​។

អាមេរិក​និងចិន​បាន​ប្តេជា​ធ្វើសកម្មភាពជាច្រើន​ដើម្បី​បុព្វហេតុ​អាកាសធាតុ

នៅក្នុង​សេចក្តីថ្លែងការណ៍រួមគ្នា​ សហរដ្ឋអាមេរិក​ និង​ប្រទេសចិន​ បាន​ប្តេជ្ញាថា​នឹងធ្វើការ​ជាមួយគ្នា​ ដោយ​សហការផងដែរ​ជាមួយ​បណ្តាប្រទេស​ដទៃជាច្រើន​ទៀត​ ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​ ដែល​ពិភពលោក​ ចាំបាច់ណាស់​ត្រូវឆ្លើយតប​ជាបន្ទាន់​ និងដោយ​ម៉ឺងម៉ាត់​ជាទីបំផុត​។

មាន​ចំណាត់ការច្រើន​ត្រូវ​បាន​ចុះក្នុងបញ្ជី​នៃ​កិច្ចសហប្រតិបត្តិការ​អាកាសធាតុ​ រវាង​អាមេរិក​ និងចិន​ ដែលជាប្រទេស​បាន​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ច្រើន​ ពោល​ស្មើនឹងចំនួន​ជិត​ពាក់កណ្តាល​នៃការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់សរុប​ទាំងអស់​។

ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​កំពូលទាំងពីររបស់ពិភពលោក​ បានអះអាងថា​នឹងបង្កើន​សកម្មភាព​រៀងៗ​ខ្លួន​ ដើម្បី​កាត់​បន្ថយការ​បំភាយឧស្ម័នកាបូនិក ​និង​ចូលរួម​ក្នុង​សហប្រតិបត្តិការ​ពហុភាគី​ រួមមាន​អនុសញ្ញា​ក្រប​ខ័ណ្ឌអង្គ​ការសហប្រជាជាតិ​ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ និង​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​។

ក្រៅពីនេះ​ ប្រទេសទាំងពីរ​ក៏​បានយល់ព្រម​នឹងគ្នា​ ថានឹង​ជួយ​ផ្តល់​ជំនួយហិរញ្ញវត្ថុ​ដល់​បណ្តា​ប្រទេសកំពុងអភិវឌ្ឍ​ ដើម្បី​ប្តូរទៅ​ប្រើប្រាស់​ថាមពល​កាបូន​ទាប។ ថាម​ពល​កាបូន​ទាប​គឺជា​អគ្គិសនី​ផលិតឡើង​ដោយ​មាន​ការបំភាយ​ឧស្ម័នផ្ទះ​កញ្ចក់ទាបជាង​ការផលិត​ថាមពល​ឥន្ធនៈ​ហ្វូស៊ីល​ធម្មតា​។

ចិន​មិន​ទាន់​បញ្ជាក់​ពីវត្តមាន​របស់​ស៊ី​ ក្នុង​ជំនួប​កំពូល​អាកាសធាតុ​របស់​លោក​ចូ បៃដិន

ប្រេសិត​ពិសេស​ទទួលបន្ទុក​ផ្នែក​អាកាសធាតុ​របស់​អាមេរិក​ លោកចន ឃែរី​ និង​លោកស៊ី ហ្សេនហួរ​ ដែលជា​ប្រេសិត​អាកាសធាតុ​របស់​ចិន​ បាន​ជជែកពិភាក្សាគ្នា​អំពី​ជំនួប​កំពូលស្តី​អំពីអាកាសធាតុ​ដែលរៀបចំដោយលោកចូ បៃដិន​។ ចិន​បាន​បង្ហាញពី​ការ​ទន្ទឹងរង់ចាំ​ក្នុងការ​ចូលរួមក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ។

គួររំឭកជូនថា​ មាន​មេដឹកនាំ​ពិភពលោក​ទាំងអស់​ចំនួន​ប្រមាណ​ ៤០ រូប​ ត្រូវ​បាន​អញ្ជើញឲ្យ​ចូលរួម​ក្នុង​ជំនួបកំពូល​ខាងលើ​ ក្នុងនោះក៏មានដែរ​ប្រធានាធិបតី​រុស្ស៊ី​លោកវ្ល៉ាឌីមៀរ ពូទីន​ និង​លោកស៊ី ជីនពីង​ប្រមុខដឹកនាំនៃប្រទេសចិន​។

យ៉ាងណាក៏ដោយ​ សេចក្តីថ្លែង​ការណ៍​រួម​រវាង​ប្រេសិត​អាកាសធាតុ​អាមេរិក​-ចិន​មិន​បាន​បញ្ជាក់ប្រាប់នោះទេ​ ថាតើលោក​ ប្រធានាធិបតីចិន​លោកស៊ី ជីនពីង​ នឹង​ចូលរួម​ ក្នុង​កិច្ច​ជំនួប​កំពូល​អាកាសធាតុនេះ​ឬ​ក៏​អត់។ ជំនួបកំពូល​អនឡាញ​មួយ​ស្តី​អំពី​អាកាសធាតុ​នេះ​ នឹង​រៀបចំឡើង​នៅថ្ងៃទី​ ២២​ ខែមេសា​ សប្តាហ៍​ក្រោយ​និង​មាន​លោក​បៃដិន​ជា​ម្ចាស់​ដឹកនាំ​កម្មវិធី​។

នៅថ្ងៃអាទិត្យនេះ​ ប្រេសិត​អាកាសធាតុ​របស់​អាមេរិក​បាន​និយាយថា​ អាមេរិក​សង្ឃឹម​ថា​លោក​ស៊ី នឹងចូលរួមក្នុង​កិច្ច​ប្រជុំ​ខាងលើ​ ប៉ុន្តែ​ទន្ទឹមនេះ​ លោកថា​ ចូលរួម​ ឬមិនចូលរួម​ គឺ​ប្រទេសនីមួយៗ​ជាអ្នក​សម្រេចចិត្ត​ខ្លួនឯង​ ហើយ​អាមេរិក​ក៏មិនទៅ​ចាប់​បង្ខំ​នរណា​ម្នាក់​ ឲ្យ​ធ្វើអ្វី​ដែល​ពួកគេ​មិនចង់ធ្វើដែរ​។ អាមេរិក​គឺ​កំពុង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​។

យ៉ាងណាក៏ដោយ​ ពី​ខាង​សេតវិមាន​អាមេរិក​ លោក ចូ បៃដិន​ សង្ឃឹមថា​កិច្ច​ប្រជុំ​កំពូល​របស់លោក​នឹងនាំមកនូវ​ការប្តេជ្ញា​ចូលរួម​សហការ​កាន់តែខ្លាំង​ពីបណ្តា​មេដឹកនាំ​ពិភពលោក​ចំពោះ​បញ្ហាអាកាសធាតុ​ ពិសេសនៅ​មុន​កិច្ចប្រជុំ​ដ៏សំខាន់មួយ​ទៀត​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ ​ដែលគ្រោងនឹងធ្វើនៅ​ក្នុងទីក្រុង Glasgow ប្រទេស​ស្កុតឡេន​ នាខែវិច្ឆិកា ចុងឆ្នាំនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ