អានតួអត្ថបទ
អាមេរិក-ប្រែប្រួលអាកាសធាតុ

លោកចូ បៃដិន អញ្ជើញលោកពូទីននិងលោកស៊ី ឲ្យចូលរួមក្នុងជំនួបកំពូលអាកាសធាតុ

លោក​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន​ បាន​អញ្ជើញ​មេដឹកនាំ​ពិភពលោក​រាប់សិប​រូប​ក្នុង​នោះ​​ក៏មាន​ផងដែរ​ប្រធានាធិបតី​​រុស្ស៊ី​ និងចិនឲ្យចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អនឡាញ​មួយ​ស្តី​អំពី​អាកាសធាតុ​។ បើតាម​សេចក្តី​ប្រកាស​របស់​សេតវិមាន​អាមេរិក​ ជំនួប​កំពូល​នេះ​ គ្រោង​នឹង​រៀបចំ​ធ្វើឡើង​នាថ្ងៃទី​ ២២-២៣​ មេសាខាងមុខ​ និងដែល​មាន​លោក​បៃដិន​ ជា​ម្ចាស់​ដឹកនាំ​កម្មវិធី​។

លោកប្រធានាធិបតីចិនស៊ី ជីនពីង (ស្តាំ) និងលោកវ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី។
លោកប្រធានាធិបតីចិនស៊ី ជីនពីង (ស្តាំ) និងលោកវ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី។ © AFP
ផ្សាយពាណិជ្ជកម្ម

ជាសរុប​មាន​មេដឹកនាំ​ពិភពលោក​ទាំងអស់ចំនួន​ ៤០​ រូប​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រយៈពេល​ ២ ថ្ងៃនេះ​ ដើម្បី​កត់​សម្គាល់​នូវ​ការវិល​ត្រឡប់មកវិញ​របស់​ក្រុង​វ៉ាស៊ីនតោន​ទៅ​ក្នុង​ជួរមុខ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​លោក​។

ជាការ​គួរឲ្យ​កត់​សម្គាល់ ​ប្រធានាធិបតី​រុស្ស៊ី​លោកវ្ល៉ាឌីមៀរ ពូទីន​ ព្រមទាំង​លោកស៊ី ជីនពីង​ ប្រមុខដឹកនាំនៃប្រទេសចិន​ក៏ត្រូវបានស្នើឲ្យ​ចូលរួមក្នុងជំនួបកំពូលស្តីអំពីអាកាសធាតុ​នេះ​ដែរ​។ លោក​ចូ បៃដិន បានឲ្យដឹងថា​លោកទើបតែបាននិយាយទូរសព្ទ​ជាមួយ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស ​ហើយកាលពីព្រហស្បតិ៍​ លោកបាន​និយាយ​ជាមួយ​សមាជិក​ទាំងអស់​នៃសហភាព​អឺរ៉ុប។

លោកចូ បៃដិន​ នៅមិនទាន់​បាន​និយាយអ្វីនៅឡើយ​ទេ​ជាមួយ​មេដឹកនាំ​នៃប្រទេសរុស្ស៊ី​ និង​ចិន​។ ក៏ប៉ុន្តែលោកថា​ ទាំងសមភាពី​ពូទីន​ ហើយនិង​លោកស៊ី ជីពីន ដឹង​ហើយ​ថា​ពួកគេ​ ត្រូវបាន​អញ្ជើញឲ្យចូលរួម​ក្នុងព្រឹត្តិការណ៍ខាងលើ​។

គួរជ្រាបថា​កិច្ចប្រជុំ​កំពូលស្តី​អំពីអាកាសធាតុនេះ​ នឹង​ចាប់ផ្តើមប្រព្រឹត្ត​ធ្វើនៅថ្ងៃទី​ ២២ ខែមេសា​ ស្របគ្នាជាមួយនឹង​ទិវានៃភពផែនដី​ ហើយក៏នឹងត្រូវរៀបចំដែរ​នៅមុន​កិច្ចប្រជុំ​ដ៏សំខាន់មួយ​របស់អង្គការសហប្រជាជាតិ​ ស្តីពី​ការប្រែប្រួលអាកាសធាតុ​ដែលគ្រោងនឹង​ធ្វើនៅខែវិច្ឆិកា​ក្នុងទីក្រុង Glasgow ប្រទេស​ស្កុតឡេន​។

តាមការគ្រោង​ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ​នឹង​ធ្វើតាមរយៈ​អនឡាញ​ ដោយសារ​ការរីក​រាលដាលនៃជំងឺឆ្លងកូវីដ​។ លោកចូ បៃដិននឹងត្រូវ​ធ្វើជាម្ចាស់ផ្ទះដឹកនាំនៃកិច្ចប្រជុំ​ ហើយ​លោកក៏នឹងគូសបញ្ជាក់ផងដែរ​ពីគោលដៅ​របស់​សហរដ្ឋអាមេរិក​ ចំពោះ​ការកាត់បន្ថយការ​បំភាយ​ឧស័ន្មកាបូនិក​នៅត្រឹមឆ្នាំ២០៣០​។ វាជាគោលដៅ​ដែលគេស្គាល់ថា​ជាការ​ចូល​រួម​វិភាគ​ទាន​របស់ក្រុមប្រទេសជាសមាជិក​ និងដែល​មាន​កំណត់ចែង​ក្រោម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុងប៉ារីស​ឆ្នាំ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ