អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ហេតុអ្វីបានជាក្រោយមរណភាព ២០០ឆ្នាំ អធិរាជណាប៉ូឡេអុងកំពុងបន្តបំផុសឲ្យមានសង្រ្គាមពាក្យសម្តី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី៥ ឧសភា ឆ្នាំ ២០២១ ជា​ខួប​គម្រប់ ២០០ឆ្នាំ​នៃ​មរណភាព​របស់​អធិរាជ​បារាំង​លោក​ណាប៉ូឡេអុង ប៊ុនណាប៉ាក​កាល​ពី​ថ្ងៃទី៥ ឧសភា ឆ្នាំ ១៨២១។ ក្នុង​ថ្ងៃ​ពុធ ទី៥ ឧសភា​នេះ បារាំង​រៀបចំ​ពិធី​រម្លឹក​ខួប​មរណភាព ២០០ឆ្នាំ​របស់​អធិរាជ​ណាប៊ូឡេអុង​ដោយ​មាន​ការ​ចូលរួម​ពី​ប្រធានាធិបតី​លោក​អេម៉ានុយអែល​ម៉ាក្រុង សមាជិក​រដ្ឋាភិបាល និង​មនុស្ស​មួយ​ចំនួន​ទៀត ដូច​ជា​អ្នក​ប្រវត្តិសាស្រ្ត​ជា​ដើម។ នៅ​ក្នុង​កម្មវិធី​នា​ពេល​រសៀល​ក្នុង​ប្រទេស​បារាំង លោក​ម៉ាក្រុង​ថ្លែង​សុន្ទរកថា និង​ដាក់​កម្រង​ផ្កា​នៅ​ផ្នូរ​សព​អធិរាជ​ណាប៉ូឡេអុង​នៅ Invalides។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​២០០ឆ្នាំ​ក្រោយ​មរណភាព អធិរាជ​ណាប៉ូឡេអុង​កំពុង​បន្ត​បំផុស​ឲ្យ​មាន​សង្រ្គាម​ពាក្យ​សម្តី​មក​ដល់​សព្វថ្ងៃ។

អធិរាជណាប៉ូឡេអុងបារាំង
អធិរាជណាប៉ូឡេអុងបារាំង © Stéphane Piera / Musée Carnavalet / Roger-Viollet
ផ្សាយពាណិជ្ជកម្ម

ចាប់​កំណើត​ក្នុង​ថ្ងៃទី ១០ សីហា ឆ្នាំ ១៧៦៩ នៅ​តំបន់ Corse ណាប៉ូឡេអុង​ជា​កូនទី២ នៃ​គ្រួសារ​អភិជន​មួយ។ មាន​អាយុ ១០ឆ្នាំ កុមារ​ណាប៉ូឡេអុង​និយាយ​បារាំង​មិន​ត្រូវ​ជ្រុង​ទេ។ មាន​អាយុ ២០ឆ្នាំ ពោល​នៅ​ពេល​ផ្ទុះ​បដិវត្ត​បារាំង​ឆ្នាំ ១៧៨៩ យុវជន​ណាប៉ូឡេអុង​បាន​ចូល​បម្រើ​កងទ័ព និង​បាន​ឡើង​ស័ក្តិ​យ៉ាង​លឿន​ដោយ​បាន​ក្លាយ​ជា​ឧត្តមសេនីយ​នៅ​អាយុ ២៤ឆ្នាំ និង​មេបញ្ជាការ​កងទ័ព​ផ្ទៃក្នុង​នៅ​អាយុ ២៦ឆ្នាំ។ តែ​មហិច្ឆតា និង​ចក្ខុវិស័យ​របស់​ណាប៉ូឡេអុង​មាន​ទាំង​សម្រាប់​អំណាច​ផ្ទាល់​ខ្លួន​ក៏​ដូច​ជា​ដើម្បី​ប្រទេស​ជាតិ។ ឧត្តមសេនីយ​ណាប៉ូឡេអុង​ជា​តួអង្គ​គន្លឹះ​នៃ​រដ្ឋប្រហារ​យោធា​ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ១៧៩៩ និង​បន្ទាប់​ពី​បាន​ក្រសោបអំណាច​ពេញ​ដៃ ឧត្តមសេនីយ​ណាប៉ូឡេអុង​បាន​តែងតាំង​ខ្លួន​ឯង​ជា​អធិរាជ​នៅ​ថ្ងៃទី២ ធ្នូ ឆ្នាំ ១៨០៤។

ក្នុង​នាម​ជា​អធិរាជ ណាប៉ូឡេអុង​បាន​ដឹក​នាំ​កម្លាំងទ័ព​ធ្វើ​សង្រ្គាម​ដណ្តើម​ទឹកដី​នៃ​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ដូច​យ៉ាង​អង់គ្លេស ព័រទុយហ្កាល់ អេស្ប៉ាញ អូទ្រីស ឬ​មួយ​ក៏​រុស្ស៊ី។ សង្រ្គាម​បាន​ផ្ទុះ​ឡើង​ដោយ​ប្រទេស​ដែល​កម្លាំង​ណាប៉ូឡេអុង​បាន​ចូល​ឈ្លានពាន​មិន​ទុក​បណ្តោយ​ឲ្យ​អធិរាជ​ណាប៉ូឡេអុង​សោយរាជ្យ​ហួស​ពី​ព្រំដែន​បារាំង​ទេ។ ក្នុង​ថ្ងៃទី៦ មេសា ឆ្នាំ ១៨១៤ អធិរាជ​ណាប៉ូឡេអុង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ដាក់​រាជ្យ និង​ត្រូវ​បាន​ទៅ​ជ្រកកោន​លើ​កោះ Elbé ដែល​ស្ថិត​ពី​មុខ​តំបន់ Corse ដែល​ជា​ស្រុក​កំណើត​របស់​លោក។ តែ​ជិត ១ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី២០ មីនា ឆ្នាំ ១៨១៥ ណាប៉ូឡេអុង​ដណ្តើម​អំណាច​បាន​ជា​ថ្មី​ដោយ​ទម្លាក់ Louis XVIII។ បន្ទាប់​មក​ទៀត​ក្នុង​ថ្ងៃទី២២ មិថុនា ឆ្នាំ ១៨១៥ និង​ក្រោយ​ពី​ចាញ់​សង្រ្គាម​នៅ Waterloo អធិរាជ​ណាប៉ូឡេអុង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ដាក់​រាជ្យ​ជា​ថ្មី​នៅ​ចំពោះ​មុខ​សត្រូវ។

លើកនេះ ប្រទេស​អង់គ្លេស​ចាប់​ណាប៉ូឡេអុង​ណែន​ក្នុង​ដៃ និង​យក​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​លើ​កោះ Sainte-Hélène។ គឺ​នៅ​ទីនោះ​ដែល​អធិរាជ​ណាប៉ូឡេអុង​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ និង​ទទួល​មរណភាព​នៅ​ថ្ងៃទី៥ ឧសភា ឆ្នាំ ១៨២១ ក្នុង​ជន្មាយុ ៥២ឆ្នាំ។

តើ​អធិរាជ​ណាប៉ូឡេអុង​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ ឬ​មួយ​គួរ​ឲ្យ​ស្រឡាញ់​គោរព?

២០០ឆ្នាំ​ក្រោយ​មរណភាព អធិរាជ​ណាប៉ូឡេអុង​កំពុង​បន្ត​ឲ្យ​មាន​សង្រ្គាម​ពាក្យសម្តី​នៅ​ក្នុង​ចំណោម​មហាជន​គ្រប់​ជាន់​ថ្នាក់​មក​ដល់​សព្វថ្ងៃ។ ហេតុអ្វី?។ គេ​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​តាម​រយៈ​ទង្វើ និង​កេរដំណែល​ដែល​អធិរាជ​ណាប៉ូឡេអុង​បាន​ធ្វើ និង​បាន​បន្សល់​ទុក។ នៅ​ពេល​ដែល​គេ​និយាយ​ពី​ទង្វើ និង​កេរដំណែល គឺ​មាន​ល្អ និង​អាក្រក់។ គេ​អាច​និយាយ​បាន​ជា​រួម​ថា បុគ្គល បុគ្គលិកលក្ខណៈ និង​ទង្វើ​របស់​អធិរាជ​ណាប៉ូឡេអុង​ត្រូវ​បាន​ទទួល​ស្គាល់ និង​គាំទ្រ​ផង ហើយ​មិន​បាន​ទទួល​ស្គាល់ និង​មិន​គាំទ្រ​ផង។ មតិ​ពីរ​ផ្ទុយ​គ្នា​នេះ​ មាន​នៅ​ក្នុង​ប្រទេស​បារាំង និង​នៅ​ក្នុង​ប្រទេស​ផ្សេង ពិសេស​ប្រទេស​ដែល​ធ្លាប់​ធ្វើ​សង្រ្គាម​ទល់​នឹង​អធិរាជ​ណាប៉ូឡេអុង។

សម្រាប់​បារាំង មាន​ស្នាដៃ និង​កេរដំណែល​មួយ​ចំនួន​ដែល​អធិរាជ​ណាប៉ូឡេអុង​បាន​បន្សល់​ទុក​ឲ្យ​មក​ដល់​សព្វ​ថ្ងៃ ដូច​ជា​ការ​បង្កើត​ធនាគារ​បារាំង ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ មេដាយកិត្តិយស វិទ្យាល័យ រៀបចំ​ស្ថាប័នរដ្ឋ​ឡើង​វិញ​ដោយ​បង្កើត​ឲ្យ​មាន​ខេត្ត បង្កើត​ឲ្យ​មាន​មេប៉ូលិស​តាម​ខេត្ត ឬ​មួយ​ក៏​បង្កើត​មាន​សិទ្ធិ​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ជាដើម។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ កេរដំណែល​ទាំង​អស់​នេះ​របស់​អធិរាជ​ណាប៉ូឡេអុង​ក៏​ត្រូវ​បាន​នាំ​ចេញ​ទៅ​អនុវត្ត​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​បាន​ស្ថិត​ក្រោម​នឹមអាណានិគមនិយម​បារាំង។

តែ​ទន្ទឹម​នឹង​កេរដំណែល​ល្អៗ អធិរាជ​ណាប៉ូឡេអុង​ក៏​បាន​ធ្វើ​រឿង​មួយ​ដែល​លោក​មិន​គួរ​ធ្វើ និង​កំពុង​បន្ត​ឲ្យ​មាន​ភាពចម្រូងចម្រាស គឺ​ការ​ដែល​លោក​បាន​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ទាសភាព​តាម​រយៈ​ច្បាប់​អនុម័ត​ក្នុង​ថ្ងៃទី២០ ឧសភា ឆ្នាំ ១៨០២។ គួរ​រម្លឹក​ថា ទាសភាព​នេះ​ត្រូវ​បាន​របប​ក្រោយ​បដិវត្តន៍​បារាំង​លុប​ចោល​ក្នុង​ឆ្នាំ ១៧៩៤។ បន្ទាប់​មក​ទៀត អធិរាជ​ណាប៉ូឡេអុង​ត្រូវ​បាន​អ្នក​ខ្លះ​ចាត់​ទុក​ជា​មេដឹកនាំ​ផ្តាច់ការ​ដែល​មិន​ត្រូវ​យក​គំរូ​តាម។

សរុប​មក​វិញ​សម្រាប់​អ្នក​ខ្លះ អធិរាជ​ណាប៉ូឡេអុង​ជា​វីរជន និង​ជា​មេដឹកនាំ​គួរ​ឲ្យ​ស្រឡាញ់ និង​សម្រាប់​អ្នក​ខ្លះ​ទៀត អធិរាជ​ណាប៉ូឡេអុង​ជា​មនុស្សផ្តាច់ការ រើសអើង ប្រកាន់​ពូជសាសន៍ និង​ជា​មេដឹកនាំ​គួរ​ឲ្យ​ស្អប់។

បារាំង​ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​ប្រវត្តិសាស្រ្ត

នៅ​ថ្ងៃ​ពុធ ទី៥ ឧសភា និង​ខុស​ពី​ប្រធានាធិបតី​មុនៗ ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ម៉ាក្រុង​រៀបចំ​រម្លឹក​ខួប​គម្រប់ ២០០ឆ្នាំ​នៃ​មរណភាព​អធិរាជ​ណាប៉ូឡេអុង។ លោក​ម៉ាក្រុង​មិន​បាន​តាំង​ខ្លួន​ឯង​ជា​ណាប៉ូឡេអុងនិយម​ទេ តែ​លោក​ធ្លាប់​បាន​បញ្ជាក់ និង​បន្ត​បញ្ជាក់​ថា បារាំង​ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ​នឹង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ទោះ​បី​ជា​ប្រវត្តិសាស្រ្ត​នោះ​ជា​ប្រវត្តិសាស្រ្ត​ជូរចត់ អាប់អួរ ឬ​មួយ​ក៏​ជា​ប្រវត្តិសាស្រ្ត​ស្រស់បំព្រោង ភ្លឺថ្លា​ត្រចះត្រចង់​ក៏​ដោយ។ គួរ​បញ្ជាក់​ថា ពិធីរម្លឹក​ខួប​គម្រប់ ២០០ឆ្នាំ​នៃ​មរណភាព​អធិរាជ​ណាប៉ូឡេអុង​បាន​ធ្វើ​ឡើង ខណៈ​ដែល​រឿងរ៉ាវ​ជុំវិញ​ទាសភាព​កំពុង​កក្រើក​ជា​បច្ចុប្បន្នភាព​ខ្លាំង ពិសេស​នៅ​អាមេរិក​តាម​រយៈ​ចលនា Black Lives Matters។

នៅ​បារាំង មាន​ចលនា​ទាមទារ​ឲ្យ​កម្ទេច​រូបសំណាក​អធិរាជ​ណាប៉ូឡេអុង​ដែល​គេ​ចាត់​ទុក​ជា​អ្នក​បង្កើត​ឲ្យ​មាន​របប​ទាសភាព​ឡើង​វិញ។ តែ​លោក​ម៉ាក្រុង​ធ្លាប់​បាន​និយាយ​ច្បាស់ៗ​ថា លោក​នឹង​មិន​លុប​ចោល​ដាន​ប្រវត្តិសាស្រ្ត និង​មិន​កម្ទេច​រូប​សំណាក​បុព្វបុរស ឬ​វីរជន​បារាំង​ណា​មួយ​ទេ។ មែនទែន​ទៅ លោក​ម៉ាក្រុង​បាន​ព្យាយាម​ស្ថិត​នៅ​កណ្តាល​ដោយ​ចង់​ឲ្យ​គ្រប់​គ្នា​ទទួល​ស្គាល់​ពី​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​របស់​អធិរាជ​ណាប៉ូឡេអុង។ គួរ​រម្លឹក​ថា ប្រធានាធិបតី​បារាំង​មុនៗ ដូច​ជា​លោក Valéry Giscard d’Esting លោក François Mitterrand លោក Jacque Chirac ឬ​មួយ​ក៏​លោក François Hollande មិន​បាន​រៀបចំ​ពិធី​អ្វី​ដើម្បី​រម្លឹក​ពី​អធិរាជ​ណាប៉ូឡេអុង​ទេ។

វិមាន​ប្រធានាធិបតី​អេលីហ្សេ​បាន​ព្យាយាម​បញ្ជាក់​ថា អតីតកាល​របស់​បារាំង​ជា​អតីតកាល​របស់​បារាំង និង​បញ្ជាក់​ពី​ភាព​ចាំ​បាច់​ដែល​គេ​ត្រូវ​រក្សា​ទុក​ប្រវត្តិសាស្រ្ត​ដើម្បី​ចែក​រំលែក។ យ៉ាង​ណា​ក៏​ដោយ ២០០ឆ្នាំ​ក្រោយ​មរណភាព រឿងរ៉ាវ​ជុំ​វិញ​អធិរាជ​ណាប៉ូឡេអុង​ប្រហែល​គ្មាន​ថ្ងៃ​បិទបញ្ចប់​ទេ។ កុំ​ថា​ឡើយ​នៅ​ក្រោយ​មរណភាព​តាំង​ពី ២០០ឆ្នាំ សូម្បី​ត​ទៅ​ថ្ងៃ​មុខ​ជា​ច្រើន​រយ​ឆ្នាំ​ទៀត​ក៏​គ្មាន​ថ្ងៃ​ដែល​ឈ្មោះ​ណាប៉ូឡេអុង​នឹង​ត្រូវ​រលុប​ពី​ប្រវត្តិសាស្រ្ត​បារាំង និង​ប្រវត្តិសាស្រ្ត​ពិភពលោក​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ