តើបារាំង មានជាប់ពាក់ព័ន្ធអ្វីខ្លះ នឹងប្រល័យពូជសាសន៍នៅរវ៉ាន់ដា?
រវ៉ាន់ដា នៅថ្ងៃអាទិត្យនេះ ប្រារព្ធខួប ២៥ឆ្នាំ នៃសោកនាដកម្ម ប្រល័យពូជសាសន៍ ដែលបានសម្លាប់មនុស្ស ៨សែននាក់ នៅក្នុងរយៈពេល ១០០ថ្ងៃ។ នៅទីក្រុងគីហ្កាលី ប្រធានាធិបតីរវ៉ាន់ដា ប៉ូល កាហ្កាមេ បានដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធ និងប្រកាសចាប់ផ្តើមសប្តាហ៍នៃការចងចាំ ដល់សោកនាដកម្មប្រល័យពូជសាសន៍នៅរវ៉ាន់ដា។ នៅពេល វិមានប្រធានាធិបតី រវ៉ាន់ដា ប្រកាសថា នឹងមានប្រមុខដឹកនាំបរទេស ជាង១០រូបចូលរួម ក្នុងកម្មវិធីរំលឹកខួប២៥ឆ្នាំ នៃសោកនាដកម្ម ប្រល័យពូជសាសន៍ នៅថ្ងៃនេះ គឺ វត្តមានរបស់ប្រធានាធិបតី បារាំង ដែលប្រជាជនរវ៉ាន់ដា ទន្ទឹងចង់បានជាងគេ ដោយសារហេតុផលប្រវត្តិសាស្រ្តដ៏សាំញ៉ាំរវាងប្រទេសទាំង២។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥៩
ប្រជាជនរវ៉ាន់ដា នៅថ្ងៃអាទិត្យនេះប្រារព្ធខួប ២៥ឆ្នាំនៃសោកនាដកម្មប្រល័យពូជសាសន៍ ដែលបានចាប់ផ្តើម ពីថ្ងៃទី ៧មេសា រហូតដល់ថ្ងៃទី ៤កក្កដា ឆ្នាំ ១៩៩៤ និងដែលបានសម្លាប់មនុស្ស ប្រមាណ ៨សែននាក់ ដែលភាគច្រើនជាប្រជាជនជាតិពិន្ធុ ទុតស៊ី។ ក៏ដូចជាឆ្នាំមុនៗ នៅពេលដែលរវ៉ាន់ដា ចាប់ផ្តើមរំលឹកដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ ក្នុងអំពើប្រល័យពូជសាសន៍ សំណួរជាច្រើន ក៏ផុសឡើង ទាក់ទងនឹងការដើរតួរបស់បារាំង នៅក្នុងអំពើប្រល័យពូជសាសន៍ នៅរវ៉ាន់ដា។ ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុងវិញ បានបដិសេធ មិនទៅចូលរួមក្នុងពិធី រំលឹកខួប ឆ្នាំនេះ ទៅតាម ការអញ្ជើញ ដោយសារហេតុផល ការងារមមាញឹក។
រវ៉ាន់ដាមាន ជាតិពិន្ធុពីររួបរួមរស់នៅជាមួយគ្នា គឺ ប្រជាជនទុតស៊ី ដែលភាគច្រើនជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ហើយនិងប្រជាជនហ៊ូទូ ដែលជាកសិករ។ ប៊ែលហ្សិក ដែលធ្វើអាណានិគមកិច្ចទៅលើរវ៉ាន់ដា រហូតដល់ឆ្នាំ ១៩៦២ ធ្លាប់បានជ្រើសរើសយកប្រជាជនទុតស៊ី ដែលមានចំនួនតិច នៅរ៉វាន់ដា ឲ្យធ្វើជាមេដឹកនាំរវ៉ាន់ដា។ ប៉ុន្តែ នៅពេលរវ៉ាន់ដា ទទួលឯករាជ្យ នៅឆ្នាំ ១៩៦២ ប្រជាជនហ៊ូទូបានដណ្តើមចូលគ្រប់គ្រងប្រទេស វិញ និងបានកាប់សម្លាប់ប្រជាជនទុតស៊ី។ នៅឆ្នាំ ១៩៩០ សង្រ្គាមស៊ីវិល បានផ្ទុះឡើង នៅពេល ប្រជាជនទុតស៊ីមួយចំនួន ដែលបានរត់ចូលព្រៃ ទៅបង្កើតជាក្រុមឧទ្ទាម វាយប្រហារទៅលើរដ្ឋាភិបាលដែលមានមេដឹកនាំជាជាតិពិន្ធុ ហ៊ូទូ។
នៅឆ្នាំ ១៩៩០ ដែលបារាំងបានលេចវត្តមាននៅរវ៉ាន់ដា។ ដោយមានការសុំជំនួយដោយផ្ទាល់ពីប្រធានាធិបតី ហ៊ូទូ លោក ហាប៊ីយ៉ារីម៉ាណា ប្រធានាធិបតីបារាំង ជំនាន់នោះ គឺលោកហ្វ្រង់ស័រ មីទែរ៉ង់ បានយល់ព្រមលក់អាវុធ និងបណ្តុះបណ្តាលទាហាន ហ៊ូទូរបស់រដ្ឋាភិបាល ដើម្បី ប្រយុទ្ធទប់ទល់នឹងការវាយសម្រុករបស់រណសិរ្សស្នេហាជាតិ រវ៉ាន់ដា ដឹកនាំដោយជនជាតិទុតស៊ី ម្នាក់ ដែលគ្មានអ្នកណាក្រៅពីប្រធានាធិបតីរវ៉ាន់ដាសព្វថ្ងៃ។
ជនជាតិទុតស៊ី ៨សែននាក់ ស្លាប់នៅក្នុងសោកនាដកម្មប្រល័យពូជសាសន៍រយៈពេល ១០០ថ្ងៃនៅរវ៉ាន់ដា
នៅថ្ងៃទី ៦មេសា ឆ្នាំ ១៩៩៤ យន្តហោះដឹកប្រធានាធិបតី ហ៊ូទូត្រូវគេបាញ់ទម្លាក់។ នៅមួយថ្ងៃក្រោយ គឺថ្ងៃ៧មេសា អំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនទុតស៊ី ដែលក្រុមមន្រ្តីរដ្ឋាភិបាល និងក្រុមជុ្រលនិយមហ៊ូទូ ចាត់ទុកជាសត្រូវ និងសំរាមក្នុងកែវភ្នែក បានចាប់ផ្តើមបើកមុខ នៅទូទាំងប្រទេសរវ៉ាន់ដា។ ទាហានរដ្ឋាភិបាលហ៊ូទូ បានទទួលជំនួយពីប្រជាជនហ៊ូទូ តាមភូមិ ឃុំ បានដើរសម្លាប់ រាល់ប្រជាជនទុតស៊ី ហើយនិងប្រជាជនហ៊ូទូណា ដែលបដិសេធ មិនចូលរួមក្នុងការសម្លាប់រង្គាលជនជាតិទុតស៊ី។ ដោយសារតែគំនុំ ស្អប់រើសអើង ពូជសាសន៍ ប្តីសម្លាប់ប្រពន្ធ ម្តាយសម្លាប់កូន អ្នកជិតខាងសម្លាប់អ្នកជិតខាងនឹងកាំបិតផ្គាក់។
ប្រតិបត្តិការតាមសម្លាប់ជនជាតិទុតស៊ី មានរយៈពេល ១០០ថ្ងៃ គត់ គឺរហូតដល់ថ្ងៃ ទី ៧ កក្កដា ឆ្នាំ ១៩៩៤ នៅពេល ដែលរណសិរ្សស្នេហាជាតិរបស់ជនជាតិទុតស៊ី ទទួលជ័យជំនះលើក្រុមទាហានរដ្ឋាភិបាល ហ៊ូទូ។ នៅក្រោយអំពើប្រល័យពូជសាសន៍ បិទបញ្ចប់ រដ្ឋាភិបាលទុតស៊ី នៅរវ៉ាន់ដា បានចោទប្រកាន់បារាំងថា បានចូលរួម ក្នុងអំពើប្រល័យពូជសាសន៍របស់ជនជាតិហ៊ូទូ ទៅលើជនជាតិទុតស៊ី ព្រោះថា នៅពេលកំពុងកើតផ្ទុះ ការសម្លាប់រង្គាល ទៅលើជនជាតិទុតស៊ី រដ្ឋាភិបាលបារាំងនៅតែបន្តគាំទ្រទាហានហ៊ូទូបន្តទៀត។
ដោយសារតែ ដិតដាមនឹងប្រវត្តិសាស្រ្តជូរចត់ និងការចោទប្រកាន់ ជាប់សង្ស័យ លើការចូលរួមរបស់បារាំង ក្នុងអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដា បារាំង និងរវ៉ាន់ដា ឧស្សាហ៍ ជួបវិបត្តិការទូតជាញឹកញយ និងពេលខ្លះ ដល់ថ្នាក់ កាត់ផ្តាច់ចំណងការទូតជាមួយគ្នាទៀតផង។
តួនាទីរបស់បារាំង នៅក្នុងប្រល័យពូជសាសន៍រវ៉ាន់ដា នៅតែស្រពិចស្រពិល
បារាំងមិនត្រឹមតែអាចចូលដៃ នៅក្នុងប្រល័យពូជសាសន៍នៅរ៉វ៉ាន់ដាតែប៉ុណ្ណោះទេ។ នៅឆ្នាំ ២០១៤ ប្រធានាធិបតីរវ៉ាន់ដា លោក លោក ប៉ូល កាហ្កាមេ ធ្លាប់បានចោទបារាំងខ្លាំងៗថា បានចូលរួមយ៉ាងសកម្ម នៅក្នុងអំពើប្រល័យពូជសាសន៍របស់ទាហាន ហ៊ូទូ ទៅលើប្រជាជនទុតស៊ីទៀតផង។
នៅពេលដែលទាហានហ៊ូទូ កំពុងដើរកាប់សម្លាប់ប្រជាជនទុតស៊ី ទូទាំងប្រទេស រដ្ឋាភិបាលបារាំងនៅតែបន្តលក់អាវុធទៅឲ្យទាហានហ៊ូទូទៀត។ ប្រឈមនឹងការចោទប្រកាន់ ហើយនិងប្រតិកម្មរិះគន់ពីអង្គការការពារសិទ្ធិមនុស្ស រដ្ឋាភិបាលបារាំង បានអះអាងថា ខ្លួនមិនបានដឹងថា មានការកាប់សម្លាប់ ប្រល័យពូជសាសន៍ទៅលើជនជាតិទុតស៊ីនោះទេ។ បារាំងបន្តលក់អាវុធទៅឲ្យរដ្ឋាភិបាលហ៊ូទូ ព្រោះដើម្បីជួយទប់ទល់ប្រឆាំងនឹងក្រុមឧទ្ទាមទុតស៊ីតែប៉ុណ្ណោះ។ បារាំងបានបដិសេធការចោទប្រកាន់ ប៉ុន្តែ ទាំងនៅក្នុងការបកស្រាយរបស់បារាំង ទាំងនៅក្នុងឯកសារ ប្រវត្តិសាស្រ្ត គេឃើញមានចំណុចស្រពិចស្រពិលជាច្រើន ទាក់ទងនឹងតួនាទីរបស់បារាំង នៅក្នុងអំពើប្រល័យពូជសាសន៍ នៅរវ៉ាន់ដា។
ជាក់ស្តែង នៅក្នុងសាររបស់ខ្លួន ទៅរដ្ឋាភិបាលក្រុងប៉ារីស ស្ថានទូតបារាំងប្រចាំនៅទីក្រុងគីហ្កាលីបានលើកឡើងតាំងពីឆ្នាំ ១៩៩០ ម្ល៉េះថា មានសកម្មភាព លុបបំបាត់ចោលជនជាតិទុតស៊ី នៅរវ៉ាន់ដា។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បារាំង នៅបានសរសេរនៅឆ្នាំ ១៩៩៣ ពោលគឺមួយឆ្នាំ មុនប្រល័យពូជសាសន៍ នៅរវ៉ាន់ដាថា គេសង្កេតឃើញមាននយោបាយបន្សុទ្ធជាតិសាសន៍នៅរវ៉ាន់ដា។
នៅក្នុងពេលកើតមានអំពើប្រល័យពូជសាសន៍ទៅលើជនជាតិ ទុតស៊ី ទៀតសោត ទាហានបារាំងត្រូវបានគេចោទប្រកាន់ថា បានបិទភ្នែក មិនព្រមជួយ ជនជាតិទុតស៊ីរាប់ពាន់នាក់ និងបណ្តោយទុកឲ្យទាហានហ៊ូទូ កាប់សម្លាប់រណូករណែលពេញផ្លូវ។ ហើយនៅពេលសោកនាដកម្មនេះបិទបញ្ចប់ បារាំង ដែលបានទទួលសិទ្ធិពីអង្គការសហប្រជាជាតិ បើកបេសកកម្ម ផ្តល់ជំនួយដល់រវ៉ាន់ដា បានទៅបង្កើតតំបន់សុវត្ថិភាពមួយ នៅក្នុងទឹកដីរវ៉ាន់ដា។ បារាំងអះអាងថា តំបន់សុវត្ថិភាពមានតួនាទីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនរវ៉ាន់ដា ដែលរងគ្រោះដោយសារការកាប់សម្លាប់ប្រល័យពូជសាសន៍។ ប៉ុន្តែ សាក្សីជាច្រើនអះអាងថា តំបន់សុវត្ថិភាពរបស់ទាហានបារាំង បង្កើតឡើង ដើម្បី បន្ទុចបង្អាក់ការរុលទៅមុខ របស់ក្រុមឧទ្ទាមទុតស៊ី។ មួយវិញទៀត វាជាកន្លែងជួយលាក់ មន្រ្តីរដ្ឋាភិបាល ទាហានហ៊ូទូ ដែលជាជនដៃដល់ សម្លាប់ប្រជាជនទុតស៊ីទៀតផង។ ដោយសារតែមានការជួយបិទបាំងរបស់អាជ្ញាធរបារាំង គេវាយតម្លៃថា មានជនសង្ស័យ ដែលជាឃាតករ ហ៊ូទូជាច្រើននាក់ បានបន្លំ រត់ភៀសខ្លួនមករស់នៅស្រុកបារាំង ដែលនៅក្នុងនោះមានផងដែរ ភរិយារបស់អតីតប្រធានាធិបតីហ៊ូទូ។
លោកម៉ាក្រុង យកថ្ងៃ៧មេសា ជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះទុតស៊ី នៅក្នុងប្រល័យពូជសាសន៍ នៅរវ៉ាន់ដា
រដ្ឋាភិបាល បារាំង នៅប៉ុន្មានអាណត្តិចុងក្រោយនេះ បានបន្ទន់ជំហរចង់ផ្សះផ្សារជាមួយភាគីរវ៉ាន់ដា។ លោកអេម៉ានុយអែល ម៉ាក្រុងផ្ទាល់ ទោះបីជាលោកមិនបានទៅតាមការអញ្ជើញ ទៅក្នុងពិធីប្រារព្ធខួប ២៥ឆ្នាំនៃអំពើប្រល័យពូជសាសន៍ នៅក្រុងគីហ្កាលី ប៉ុន្តែ លោកបានចាត់វិធានការជាច្រើនដើម្បី បន្ធូរភាពតានតឹងជាមួយ រដ្ឋាភិបាលរវ៉ាន់ដា។ ជាក់ស្តែង នៅក្នុងប្រល័យពូជសាសន៍រវ៉ាន់ដា លោកបានសម្រេចទម្លាយឯកសារឱ្យអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តបានមើល ដើម្បី បំភ្លឺឲ្យច្បាស់ពីតួនាទីរបស់បារាំង ហើយនិងសកម្មភាព ប្រល័យពូជសាសន៍ ទៅលើជនជាតិទុតស៊ី។
សូមអាន៖ បារាំងសម្រេចទម្លាយឯកសារឱ្យអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រវិភាគ
នៅក្នុងក្រសែភ្នែករបស់ជនរងគ្រោះ ហើយនិងអ្នកស្រាវជ្រាវប្រវត្តិជំហរ លោកម៉ាក្រុងបានចាត់វិធានការវិជ្ជមានជាច្រើន។ នៅថ្ងៃសុក្រទី ៥មេសា នៅមុនជំនួបជាមួយសមាគមជនរងគ្រោះដោយសារអំពើប្រល័យពូជសាសន៍ នៅវិមានអេលីហ្សេ លោកប្រធានាធិបតី ម៉ាក្រុងបានប្រកាស បង្កើតគណៈកម្មការស្រាវជ្រាវឯកសារចាស់ៗ ជាច្រើន ដែលនិយាយពី ទំនាក់ទំនងបារាំង និងរវ៉ាន់ដា នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
ទីពីរទៀត លោកបានបង្កើតយន្តការយុត្តិធម៌ ដើម្បី ជំរុញឲ្យមានសវនាការកាត់ទោស ជនសង្ស័យរវ៉ាន់ដា ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងដែលកំពុងរស់នៅលាក់ខ្លួននៅស្រុកបារាំង។
សូមអាន៖ តុលាការបារាំងជំនុំជម្រះជាលើកទីមួយ ជនសង្ស័យប្រល័យពូជសាសន៍ នៅរវ៉ាន់ដា
សម្បទានចុងក្រោយរបស់ប្រធានាធិបតីបារាំង គឺនៅថ្ងៃនេះតែម្តង លោកបានប្រកាសយកថ្ងៃទី ៧មេសានេះ ជាថ្ងៃ រំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះទុតស៊ី នៅក្នុងអំពើប្រល័យពូជសាសន៍ នៅរវ៉ាន់ដា។ អ្នកជំនាញជឿថា ការស្រាវជ្រាវ ចូលមើលឯកសារចាស់ៗ ប្រហែលនឹងផ្តល់លទ្ធផលច្រើនទេ ព្រោះមានឯកសារជាច្រើន នៅសម័យ នោះ ត្រូវគេបំផ្លាញ បំបាត់ភស្តុតាង។ ប៉ុន្តែ យ៉ាងណាក៏ដោយ កាយវិការចុងក្រោយរបស់ប្រធានាធិបតី ម៉ាក្រុង អាចទៅបន្ធូរសម្រាលទុក្ខមួយផ្នែករបស់ជនរងគ្រោះ ទុតស៊ី ដែលនៅតែដក់ជាប់ ដោយការឈឺចាប់ ហើយនិងការសង្ស័យ គ្មានចម្លើយ ដែលអាចពន្យល់ពីសោកនាដកម្មប្រល័យពូជសាសន៍នៅសតវត្សរ៍ទី ២០នេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ