អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ ​បើក​អង្កេតសំណុំ​រឿង​​ស្ទាក់​ចាប់​​យន្តហោះដោយ​បេឡារុស

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ​ (OACI) ដែល​ជា​ស្ថាប័ន​មួយ​របស់អង្គការ​សហប្រជាជាតិ បាន​បើក​ជំនួប​ប្រជុំ​​បន្ទាន់​មួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧​ឧសភា ដោយ​បិទ​ទ្វារ ដើម្បី​ស្វែង​យល់​ថា​តើ ​ការ​ស្ទាក់​ចាប់​យន្តហោះដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុន​​Ryanair ឱ្យ​ចុះ​ចត​ដោយ​បង្ខំ​​នៅ​​ប្រទេស​បេឡារុស ពី​សំណាក់​រដ្ឋាភិបាល​​បេឡារុស ពិត​ជា​រំលោភ​ច្បាប់​ហោះហើរ​អន្តរជាតិមែន​ឬ​យ៉ាងណា ? ចិន​និង​រុស្ស៊ី​បាន​បង្ហើបឱ្យ​ដឹង​រួច​ជា​មុន​ស្រេច​ទៅ​ហើយ​ថា​ពួកគេ​ប្រឆាំង​នឹង​ការ​អង្កេត​របស់ទី​ភ្នាក់ងារ។ ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​អង្គការ​សហប្រជាជាតិ ត្រូវ​ចេញរបាយការណ៍​អង្កេតបឋម​​ជុំ​វិញ​ហេតុការណ៍នេះ យ៉ាង​យូរ​ត្រឹម​ដំណាច់​ខែមិថុនា។

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO)  ប្រកាសបើកអង្កេតការស្ទាក់ចាប់យន្តហោះដឹកអ្នកដំណើរនៅបេឡារុស្ស៊ី
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) ប្រកាសបើកអង្កេតការស្ទាក់ចាប់យន្តហោះដឹកអ្នកដំណើរនៅបេឡារុស្ស៊ី AP - Graham Hughes
ផ្សាយពាណិជ្ជកម្ម

អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ បាន​សម្រេច​បើក​អង្កេត​លើ​សំណុំរឿង​ស្ទាក់​ចាប់​យន្តហោះ​ដឹកអ្នក​ដំណើរ​ដោយបេឡារុស។ នេះជា​លទ្ធផលនៃ​ជំនួបប្រជុំ​បន្ទាន់​ រៀប​ចំធ្វើ​ឡើង​នាថ្ងៃទី ២៧​ឧសភា ​នៅក្រុង​ម៉ុងរ៉េអាល់​ប្រទេស​កាណាដា ដោយ​មាន​តំណាងការទូត​៣៦​​របស់​ក្រុមប្រឹក្សា​​មក​ចូលរួម​ផង។ សេចក្តី​សម្រេច​បើក​អង្កេត​មិនបាន​ឆ្លង​​កាត់​ការ​បោះឆ្នោត​អនុម័ត​ទេ។ ក្រុមការងារទទួល​បន្ទុក​​អង្កេត​ ដែលសុទ្ធ​តែ​​ជាមន្ត្រី​ជំនាញ​ខាងផ្នែក​សុវត្ថិភាព សន្តិសុខ និង​កិច្ចការ​ច្បាប់របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ​នឹង​លេច​ជា​​រូប​រាង​ច្បាស់លាស់ នៅ​ថ្ងៃសុក្រ​ទី ២៨​ឧសភា​នេះហើយ។

​ពីពេលនេះ​ដល់​ចុង​ខែ​មិថុនា ក្រុមអង្កេត​នឹង​ចេញ​របាយការណ៍​ជា​ដំណាក់ៗ។ ការ​អង្កេត​នេះ​ទាមទារការ​ចូល​រួម​ចំណែកខ្លាំងពី​សំណាក់​​ប្រទេស​ពាក់​ព័ន្ធ ​ ដូច​ជា

ប៉ូឡូញ ប្រទេសផ្តល់​ផ្លាកលេខ​​យន្តហោះ

លីទុយអានី ទិសដៅ​ចុងក្រោយ​របស់​យន្តហោះ​ដែលត្រូវ​​ចុះ​ចត

ក្រិក ប្រទេស​ដែល​យន្តហោះ​ហោះចេញ

អៀរឡង់ ប្រទេស​កំណើត​របស់​ក្រុមហ៊ុន​អាកាសចរណ៍

និងបេឡារុស ប្រទេស​ដែល​បានស្ទាក់​ចាប់​យន្តហោះ។

តែបេឡារុស បានធ្វើ​របាយការណ៍​ជូន​អង្គការ​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ​រួច​ហើយ។ បេឡារុស្ស៊ី​បាន​អះអាង​ថា ការ​ស្ទាក់ចាប់​យន្តហោះ​អ្នកដំណើរ​នៃក្រុមហ៊ុន​អាកាសចរណ៍​Ryanair គឺមកពី​ព័ត៌មាន​អាសន្ន​ប្រាប់​ថាមានគ្រាប់​បែកបង្កប់​ក្នុង​យន្តហោះ តែ​ជា​ចៃដន្យ​នៅ ពេលយន្តហោះ​ចុះ​ចត ក៏​ឃើញ​អ្នក​កាសែត​បក្សប្រឆាំងនិង​ចាប់​ខ្លួន​តែម្តង​ទៅ។​

រំលោភ​ច្បាប់​អាកាសចរណ៍​អន្តរជាតិ នឹង​ទទួល​ទណ្ឌកម្ម ?

អង្គការ​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ​ គ្មានអំណាច​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ណាមួយ​ទេ។ អង្គការ​មាន​អំណាច​ត្រឹម​កំណត់​វិធានច្បាប់ ទាក់ទង​នឹង​ចរាចរណ៍​ផ្លូវ​អាកាស​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​បើ​ការ​អង្កេត​រក​ឃើញ​ថាបេឡារុស​ពិត​ជាបាន​រំលោភ​ច្បាប់​ហោះហើរ​អន្តរជាតិ​មែន នោះ​អង្គការ​មានតួនាទី​ត្រឹម​តែ​ជួយប្រទេស​ពាក់ព័ន្ធ និង​ប្រទេស​ដែលចង់ ឱ្យ​បើក​កិច្ចចរចា ឱ្យ​ប្រកាស​ថ្កោលទោស ឱ្យ​ដាក់និងអនុវត្ត​ទណ្ឌកម្ម ។ល។ និង​។ល។ ស្រប​តាម​សន្ធិសញ្ញាChicago។ សន្ធិសញ្ញា Chicago ដែលជា​ទម្រ​នៃ​ច្បាប់​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ តាំងពី​ឆ្នាំ​១៩៤៤ ​និង​ដែល​ប្រទេសបេឡារុស​បានចុះហត្ថលេខា​ ​ភ្ជាប់ខ្លួន នៅ​ឆ្នាំ​១៩៩៣។ ច្បាប់បាន​ចែង​មិនឱ្យ​ ​ប្រទេស​ហត្ថលេខីណាមួយ យកយន្តហោះស៊ីវិល ​(យន្តហោះ​ដឹក​អ្នក​ដំណើរ)​ ទៅ​បម្រើ​ប្រយោជន៍​ផ្សេង​ផ្ទុយ​ពី​សន្ធិសញ្ញាទេ។

ក្នុង​ករណី​​លទ្ធផលអង្កេត​បញ្ជាក់​ថាបេឡារុស​រំលោភច្បាប់​ហោះហើរ​អន្តរជាតិ​មែន នោះ បេឡារុស​អាច​នឹង​ទទួល​ទណ្ឌកម្ម ពី​ប្រទេស​ផ្សេងៗ។ លីទុយអានី​ បានអះអាងថា ការ​ស្ទាក់​ចាប់​យន្តហោះ​អ្នកដំណើរ​ជា​ទង្វើ​ភេរវកម្ម​រដ្ឋ ដែល​ប្រទេសនោះ​ត្រូវចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើរបស់​ខ្លួន។ សហភាពអឺរ៉ុប ដែល​បាន​ប្រកាស​បិទ​ដែនអាកាសលែង​ឱ្យបេឡារុស​ឆ្លង​កាត់ ក្រោយ​ហេតុការ​ណ៍​កាក់​យន្តហោះ​Ryanairនោះ​ភ្លាម បានបញ្ជាក់​ថា​អឺរ៉ុបកំពុង​សិក្សា​គម្រោង​​ទណ្ឌកម្មពីរ​ដាក់​លើ​ក្រុង​Minsk ៖ ការនាំចេញ​សារធាតុ​ប៉ូតាស និង​ការបង្ហូរ​​​ឧស្ម័ន​​រុស្ស៊ីឆ្លងកាត់​តាមបេឡារុស ដែល​ជា​ប្រភព​ចំណូល​ដ៏​ចំបងពីរ​​របស់​ប្រទេស។

ជំនួប​ពូទីន-លូកាឆេនកូ

ប៉ុន្តែបេឡារុស មានបង្អែក​ការពារ​ដ៏​រឹង​មាំពីប្រទេសពីរ​ដែរ នោះ​គឺ​រុស្ស៊ី និង​ចិន។ ប្រទេស​ទាំងពីរ​បាន​បន្ទោស​ក្រុមបស្ចិមលោកថា​ចោទ​មុន​ពិនិត្យ​ពិច័យ​ហេតុការណ៍។ ហើយ​នៅ​ថ្ងៃទី​២៨ឧសភា​នេះ លោកពូទីន​បាន​ទទួលជួប​លោក លូកាឆេនកូ នៅគេហដ្ឋាន​វិស្សមកាល​នា​ទីក្រុង​មាត់​សមុទ្ទ​សុតឈី​ទៀត។ ជា​ផ្លូវការ ប្រមុខ​ដឹកនាំ​ទាំងពីរ​ត្រូវ​ជជែក​អំពីគម្រោង​សមាហរណកម្មរវាង​ប្រទេស​ពីរជាអតីតសហភាព​សូវៀត​ដូច​គ្នា​ ដែល​រុស្ស៊ី​លួង​លោម​អង្អែលបេឡារុស​តាំង​ពី​យូរ​មក​ហើយ។ ប៉ុន្តែ​ លោក​ ពូទីន ពិត​ជា​មិន​អាច​ធ្មេច​ភ្នែក​ធ្វើ​មិន​ដឹង​មិនឮ បណ្តោយ​ឱ្យបេឡារុស​រង​គំនាប​ពី​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ដែល​អាចប៉ះពាល់​ដល់ប្រព័ន្ធ បង្ហូរ​ឧស្ម័ន​រុស្ស៊ី​ដែល​ឆ្លង​កាត់​តាមបេឡារុស​ឡើយ។

សម្រាប់​ពេល​នេះ​លោកប្រធានាធិបតី​បេឡារុស លូកាឆេនកូ គ្មាន​បង្ហាញ​កាយវិការខ្លបខ្លាច​សម្ពាធ ​របស់​សហគមន៍​អន្តរជាតិ​ទេ បើ​ទោះ​បី​ជា​សម្ពាធ​​នោះ​កាន់​តែ​ធំៗ​ឡើងជា​លំដាប់​ក៏​ដោយ។

​ម្សិលមិញ អង្គការ​អ្នកកាសែតគ្មាន​ព្រំដែនបាន​រៀប​ចំ​បាតុកម្មមួយ​នៅ​ព្រំដែន​លីទុយអានី-បេឡារុស្ស៊ី ដើម្បី​ទាមទារ​សេរីភាព​ឱ្យ​អ្នកកាសែត ប្រូតាសេវិក។ ​ពី​ទីក្រុង​ឡុងដ៍ ក្រុមប្រទេសមហាឧស្សាហកម្មទាំង​៧ បាន​ប្រកាស​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​អ្នក​កាសែត និង​ជំរុញ​ឱ្យបេឡារុស​ដោះលែង​លោក ប្រូតាសេវិច ជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ។

អ្នក​កាសែត រ៉ូម៉ង់ ប្រូតាសេវិច ដែល​អាជ្ញាធរបេឡារុស​បាន​ចាប់​ខ្លួន ពេល​ស្ទាក់​យន្តហោះ​Ryanair ទំនងជា​ត្រូវ​ទទួល​ទោស​ធ្ងន់​ ជាប់​ពន្ធនាគារ​យូរ។ លោកប្រូតាសេវិក បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រៀប​ចំ​បាតុកម្ម​បង្កឱ្យ​មាន​អសណ្តាប់​ធ្នាប់ទ្រង់ទ្រាយ​ធំ ដោយ​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​កាលពី​ឆ្នាំ​២០២០ ប្រឆាំង​នឹងការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក លូកាឆេនកូ។ មិត្ត​ស្រី​របស់​លោក ជាជនជាតិ​រុស្ស៊ី ដែល​ជិះ​ក្នុង​យន្តហោះ​ជាមួយ​គ្នា​ក៏​ត្រូវ​បាន​អាជ្ញាធរបេឡារុស​ចាប់​ខ្លួន​ដែរ។

ម្តាយ​ឪពុក​របស់​លោក​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រុង​វ៉ាសូវី បាន​ធ្វើ​សេចក្តី​អំពាវនាវ​ដ៏​សង្វេគ មួយ​អង្វរ​​ឱ្យ​អន្តរជាតិ​ជួយ​សង្គ្រោះ​ និង​រក​សេរីភាព​ឱ្យ​កូនប្រុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ