អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ទីផ្សារកាបោន​ចិន មាន​ដំណើរការ​យ៉ាង​ដូចម្តេច​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ថ្ងៃ​សុក្រ​ទី ១៦​កក្កដា ២០២១​នេះ ចិន​ដែល​ជា​ប្រទេស​បញ្ចេញ​ផ្សែងពុល​ខ្លាំង​ជាង​នៅ​គេ​លំដាប់​ទីមួយ​ពិភពលោក និង​ក៏​ជា​ប្រទេស​ធ្វើ​វិនិយោគ​ថាមពលស្អាត​ច្រើន​ជាង​គេ បានប្រកាស​​បើក​ជា​ផ្លូវការ​ទីផ្សារ​កាបោន។ តាម​រយៈ​ទីផ្សារ​កាបោន ដែល​ជា​មធ្យោបាយ​ដ៏​​សំខាន់​មួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ចិន​សង្ឃឹម​ថា​នឹង​អាច​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​បានច្រើន។ ប៉ុន្តែ​អ្នក​សង្កេត​ការណ៍ហាក់ដូច​ជា​មិន​សូវ​ជឿជាក់​លើប្រសិទ្ធភាព​នៃ​​ប្រព័ន្ធ​ទីផ្សារកាបូន​ចិន​នេះ​ទេ។

មជ្ឈមណ្ឌល​ថាមពល​ដើរដោយ​ធ្យូងថ្ម Datongខេត្តShanxi ប្រទេស​ចិន
មជ្ឈមណ្ឌល​ថាមពល​ដើរដោយ​ធ្យូងថ្ម Datongខេត្តShanxi ប្រទេស​ចិន GREG BAKER AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ដោ​យ​យល់អំពី​គ្រោះ​ហានិភ័យ​បរិស្ថាន​និង​សង្គម​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួលអាកាសធាតុ​ ចិនចង់ក្លាយ​មេដឹកនាំ​ម្នាក់​ដែរ​ក្នុង​វិស័យ​អាកាសធាតុ និង​ត្រូវ​ក្លាយ​ជាតួអង្គ​ដ៏​សំខាន់​មួយ​នៃសន្និសីទ​អាកាសធាតុ​​អង្គការ​សហប្រជាជាតិ​ COP26នៅ​ខែវិច្ឆិកា​ខាងមុខ​នេះផង។

ទីផ្សារកាបោន​មានដំណើរការ​យ៉ាងណា​ ?

បន្ទាប់ពី​បាន​ត្រៀមលក្ខណៈ​អស់​ជាច្រើនឆ្នាំមានផែនការមេ ចំនួន ៧ ​នៅ​ថ្ងៃនេះ ចិន​បាន​ប្រកាស​បើក​ជា​ផ្លូវការ​ទីផ្សារ​កាបោន​។ ប្រព័ន្ធទីផ្សារ ដែល​តម្រូវ​ឱ្យ​ ក្រុមហ៊ុនសហគ្រាសចិន កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន បើ​មិន​ចង់​ខាតបង់​ប្រាក់ ឬ​ត្រូវ​បង់​លុយ​ ដើម្បី​មានសិទ្ធិ​បញ្ចេញឧស្ម័ន​ពុល។

ក្នុង​ពេល​ចាប់​ផ្តើម​ភ្លាម​នេះ មាន​តែ​ក្រុមហ៊ុន​ក្នុង​វិស័យ​អគ្គីសនី​ទេ ដែល​ជាប់​ក្នុង​ប្រព័ន្ធ​ទី​ផ្សារ​កាបោន។ ពោល​គឺ​ត្រូវ​ជា​២២២៥​ក្រុមហ៊ុន​ ដែល​ជា​អ្នក​បញ្ចេញឧស្ម័ន​បំពុល​បរិយាកាស​ចំនួនជិត​៤០​% នៃ​ឧស្ម័នពុល​កាបូនិក​សរុប​របស់​ចិន។ ហើយ​បើ​ប្រៀប​នឹង​អឺរ៉ុប គឺ​ច្រើន​ជាង​ដល់​ពីរ​ដង​ និង​ជា​តំណាង​ឱ្យ​១ភាគ៧​នៃ​ការ​បញ្ចេញ​​កាបោន​នៅលើ​ពិភពលោក​ពី​សំណាក់ក្រុមហ៊ុនអគ្គីសនី​ដើរ​ដោយ​ធ្យូងថ្ម។

ដោយ​ជាក់ស្តែងទៅនោះ​គឺ អាជ្ញាធរខេត្ត​ជា​អ្នក​កំណត់​កូតានៃ​ការ​បញ្ចេញឧស្ម័ន​បំពុល​បរិយាកាស ហើយ​ក្រុមហ៊ុន​នីមួយៗ​អាច​មានលទ្ធភាពទិញ​សិទ្ធិ​បញ្ចេញ​ឧស្ម័ន​កាបូនិក ពី​ក្រុមហ៊ុន​ដែល​មាន​សំណល់​កាបោន​តិចបាន។

អាជ្ញាធរ​នឹងចេញ​លិខិត​បញ្ជាក់​អំពី​បរិមាណ​ឧស្ម័ន​ពុលគិត​ជា​តោន​​ដែលក្រុមហ៊ុនបាន​​បញ្ចេញ​ និង​មាន​សិទ្ធិ​បញ្ចេញ។  ប្រសិន​បើ​ល្មើស ក្រុមហ៊ុននោះ​នឹង​រង​ការ​ពិន័យ។ រដ្ឋាភិបាល​នឹង​ផ្តល់​អាជ្ញាបណ្ណ​ឱ្យ​បញ្ចេញ​ឧស្ម័នកាបូនិក ឬ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផ្សេងទៀត កាន់​តែតិច​ទៅៗ​ជា​លំដាប់។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក Zhang Jianyu អនុប្រធាន​សមាគម​អ្នកបរិស្ថានអាមេរិក Environmental Defense Fundដើម្បី​ចិន។

ដើម្បី​មានតម្លាភាព ក្រុមហ៊ុនត្រូវ​ផ្តល់​ទិន្នន័យ​នៃការបញ្ចេញ​ឧស្ម័នពុល​ជា​សាធារណៈ​ និង​ត្រូវ​ផ្ទៀង​ផ្ទាត់​ដោយ​អ្នកទី​បី។ ការ​ត្រួត​ពិនិត្យ​របស់ក្រសួង​បរិស្ថានចិន​កាលពី​ខែមុន បាន​បង្ហាញ​ថា​មាន​ក្រុមហ៊ុន​មួយភាគបី​ បញ្ចេញ​ឧស្ម័នកាបូនិក​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​ប្រកាស។ អ្នក​វិភាគ​ខ្លះ​ថា​នេះ​គឺ​បណ្តាល​មក​ពី​ ការ​ពិន័យស្រាលពេក។

​តម្លៃ​កាបោន​ ទាប ?​

ក្រសួង​បរិស្ថាន​យក​ផលិតផល​សរុប​​របស់​ក្រុមហ៊ុន​មកធ្វើ​ជារង្វាស់​គោល​​សម្រាប់​ គិត​អំពី​បរិមាណ​​កាបោន ឬ​ឧស្ម័នកាបូនិកដែល​ត្រូវ​បញ្ចេញ។ មិនមែន​តម្រូវ​ឱ្យ​កាត់​បន្ថយ​ឧស្ម័ន​ពុល​ជា​សរុប​ទេ។ រង្វាស់​បែប​នេះ​ អា​ច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្មនៅ​តែ​ទាក់ទាញ ​និង​ចំណេញ​​ខ្លាំងផ្នែកសេដ្ឋកិច្ច។

ចំណែ​ក​តម្លៃ​វិញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៦ កក្កដា​ ថ្ងៃ​បើក​ទីផ្សារ​ដំបូង​នេះ កាបោន​មួយ​តោនថ្លៃ ៨​ដុល្លារ។ តែ​តម្លៃ​មធ្យម​ប្រចាំ​ឆ្នាំមាន​ត្រឹម​​តែ ៤,៦០​ដុល្លារ​ប៉ុណ្ណោះ នៅ​ឆ្នាំនេះ ពោល​គឺ​ទាប​ជាង​អឺរ៉ុប​ដល់​ទៅ​១០​ដង។ នៅអឺរ៉ុប​ កាបោនមួយតោនថ្លៃ​ ៤៩,៤០ដុល្លារ។

ប៉ុន្តែ​ចិនបាន​អះអាង​ ទីផ្សារកាបូន​ចិន​ទើបចាប់​ផ្តើមប៉ុណ្ណោះ។ ទីផ្សារ​កាបោននឹងពង្រីក​ខ្លួន​កាន់តែ​ធំ មានមហិច្ឆតា​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន ១ម៉ឺន​ ដែល​ជា​អ្នក​បញ្ចេញ​ឧស្ម័នពុល​ ចំនួន ៥ពាន់​លាន​តោន​បន្ថែម​ទៀត។

ទីផ្សារ​កាបោន​ នឹងអាច​ជួយ​កាត់បន្ថយ​​​ឧស្ម័ន​ពុល?

​ប្រព័ន្ធទី​ផ្សារ​កាបោន​ថ្មី​នេះ នឹងមិន​អាចមកបញ្ចុះ​ឧស្ម័ន​កាបូនិក​ បាន​ច្រើន​ និង​លឿន​ដូច​ ក្តី​សង្ឃឹម​ទេ។

ចិន​បានសន្យាកាត់​បន្ថយ​ការបញ្ចេញឧស្ម័នពុល​ចាប់​ពី​ឆ្នាំ​២០៣០​ទៅ​និង​មាន​អព្យាក្រិត្យ​កាបោន (បញ្ចេញហើយ​ស្រូប​វិញ​អស់) នៅ​ឆ្នាំ​២០៦០​។ នៅក្នុង​ផែនការមេ ទីផ្សារកាបោន​មាន​សន្ធឹង​ដល់​ទៅ ៧០ទៅ​៨០%​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ពុលចិន ដោយ​រាប់​តាំង​​វិស័យ​បញ្ចេញ​ឧស្ម័នពុលខ្លាំង​ដូច​ជា​វិស័យ​អាកាសចរណ៍ ប្រេង​គីមី ...ចូល​ផង។ តែថ្ងៃ​នេះ អាជ្ញាធរ​ចិន​មិនអាចចាប់​ផ្តើម​លើ​​គ្រប់​វិស័យ​ដូច​ចែង​ក្នុង​គម្រោង​ទេ ព្រោះ​បរិបទ​មិន​អំណោយ​ផល។ ដើម្បីកុំ​ឱ្យ​ប៉ះពាល់​ដល់​ទីផ្សារការងារ​​និងស្ថិរភាពសង្គម ចិន​ផ្តល់អាទិភាព​ចំបង​ពេល​នេះ​​ដល់​កំណើនសេដ្ឋកិច្ច​ក្រោយ​កូវីដ​១៩។

នៅ​ឆ្នាំក្រោយ ក្រុមហ៊ុនផលិត​ស៊ីម៉ង់ អាលុយមីញ៉ូម ក៏​នឹងមាន​ឈ្មោះ​​ចូល​ក្នុង​ប្រព័ន្ធ​ទីផ្សារ​កាបោនដែរ។

ចំណុច​មួយ​ទៀត ដែល​មកពន្យឺតកម្មវត្ថុ​អាកាសធាតុ​ គឺការ​ផ្តល់​បណ្ណ​​អនុញ្ញាត​ឱ្យ​បញ្ចេញ​ផ្សេង​ពុល​ត្រូវ​បាន​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ មិន​មែនដោយ​ការ​ដេញ​ថ្លៃ​យក​ទេ។ ដូច្នេះក្រុមហ៊ុនមិន​សូវ​រួស​រាន់​កាត់​បន្ថយ​ផ្សែង​ពុល​។

ជាមួយ​តម្លៃកាបោន​ និង​តម្លៃពិន័យ​ទាប ក្រុមហ៊ុន​ពិត​ជា​មិនខ្លាច​បង់​ឡើយ​ប្រសិន​ផលិតកម្ម​ខ្លាំង​តផ្តល់ប្រាក់​ចំណេញ​ច្រើន​ជាងនោះ។ បើ​តាម​តំណាង​GREENPEACE​នៅចិន ទាល់​តែ​តម្លៃកាបោន​និង​ពិន័យ​ខ្ពស់​ខ្លាំង​ទើប​ក្រុមហ៊ុន​បង្ខំ​ចិត្ត​ត្រូវ​ប្រឹង​គោរព​ច្បាប់។

សម្រាប់​អ្នក​ជំនាញ​សេដ្ឋកិច្ច ពីពេលនេះ​ដល់​ឆ្នាំ​២០៣០ មួយ​តោនកាបោនត្រូវ​មានតម្លៃ​ពី ៥០ទៅ​១០០​ដុល្លារ គ្រប់​ទិស​ទី​ទាំងអស់ ទើប​ពិភពលោក​អាច​សម្រេច​កម្មវត្ថុ​កំរិត​កម្តៅ​សីតុណ្ហភាព​ពិភពលោក​មិន​ឱ្យ​ឡើង​លើស​២អង្សា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ