អានតួអត្ថបទ
ចិន-ធ្យូងថ្ម

ចិន​ចេញមុខ​ការពារ​ការប្រើប្រាស់ធ្យូងថ្ម នៅក្នុង​គម្រោងវិនិយោគ​របស់​ចិន នៅបរទេស

ក្នុងហេតុផលថា គេ​គ្មាន​ដំណោះស្រាយ​អ្វី​ផ្សេង​សម្រាប់ជំនួស​ការប្រើប្រាស់​ធ្យូងថ្ម នៅតាម​បណ្តាប្រទេស​កំពុងអភិវឌ្ឍ ប្រទេស​ចិន តាមរយៈ ប្រធានផ្នែក​ប្រែប្រួល​អាកាសធាតុ បានចេញមុខ​ការពារ​រោងចក្រដុតធ្យូងថ្ម ដែល​ចិន​សាងសង់ នៅ​ទឹកដីបរទេស។ នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​អង្គារទី​២៨ មេសា ២០២១ ប្រធានផ្នែក​ប្រែប្រួលអាកាសធាតុ របស់ក្រសួងបរិស្ថាន​ចិន​បាន​អះអាងថា ចិន​នៅតែ​បន្ត​គាំទ្រ ការសាងសង់​រោងចក្រ ប្រើធ្យូងថ្ម នៅបរទេស។

រោងចក្រ​ដើរដោយ​ថាមពល​ធ្យូងថ្ម នៅ​ខេត្តHeilongjiang ប្រទេស​ចិន នៅ​ខែ​វិច្ឆិកា ២០២១
រោងចក្រ​ដើរដោយ​ថាមពល​ធ្យូងថ្ម នៅ​ខេត្តHeilongjiang ប្រទេស​ចិន នៅ​ខែ​វិច្ឆិកា ២០២១ REUTERS - MUYU XU
ផ្សាយពាណិជ្ជកម្ម

សម្រាប់មន្រ្តី​ចិន ទទួលបន្ទុក ការប្រែប្រួល​អាកាសធាតុ នៅមាន​ប្រទេសកំពុង​អភិវឌ្ឍ​ជាច្រើន​ដែល​នៅ​មិនទាន់​អាច​ផលិត​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់នៅឡើយ។ នៅ​ក្នុង​កាលៈទេសៈ​នេះ តើ​គេ​អាច​មិន​ប្រើ​រោងចក្រ​ធ្យូងថ្ម ដើម្បី​ផលិត​អគ្គិសនី​បាន​យ៉ាងម៉េច? តើ​ថាមពល​កកើតឡើងវិញ ដូចជា​ផ្ទាំងស្រូបកំដៅព្រះអាទិត្យ មានគ្រប់គ្រាន់ សម្រាប់ ពួកគេ​ដែរ​ឬទេ។ ដរាបណា គេ​នៅមិនទាន់ ដំណោះស្រាយ​ថ្មី សម្រាប់​ជំនួស ថាមពល​ធ្យូងថ្ម​ទេ ចិន​នៅតែ គាំទ្រ គម្រោងសាងសង់​មជ្ឈមណ្ឌល​ថាមពល​ធ្យូងថ្ម នៅទឹកដី​បរទេស។ នេះជា​ការអះអាង​របស់​ប្រធានផ្នែក​ប្រែប្រួល​អាកាសធាតុ នៅ​ក្រសួង​បរិស្ថាន​ចិន ដោយ​សង្កត់ធ្ងន់ថា គេ​មិនអាច​ឈប់វិនិយោគ លើ​រោងចក្រ​អគ្គិសនី ដើរដោយ​ថាមពល​ធ្យូងថ្ម នៅប្រទេស​កំពុង​អភិវឌ្ឍ ភ្លាមៗ​នោះទេ។ ការប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល​អាកាសធាតុ ត្រូវ​តែ​អនុញ្ញាត​ផងដែរ ឲ្យ​ប្រជាជន​នៅ​ប្រទេស​ទាំងនោះ ទទួល​បាន​លក្ខខណ្ឌ​រស់នៅ ល្អប្រសើរមុន។

តាម មន្រ្តីចិន មជ្ឈមណ្ឌល​ថាមពល​ធ្យូងថ្ម ឆ្លើយតប​នឹង​តម្រូវការជាក់ស្តែង​របស់ប្រទេស​កំពុងអភិវឌ្ឍ។ មួយវិញទៀត វា​នឹង​សាងសង់ឡើង ជាមួយ​បទដ្ឋាន​ខ្ពស់ជាងមុន ដោយ​មិន​បញ្ចេញ​ឧស្ម័នកាបូនិក ច្រើនដូចមុននោះទេ។

ថាមពល​ធ្យូងថ្ម​ជា​អ្នកបង្កើត​ឲ្យ​មាន​ឧស្ម័ន​ផ្ទះកញ្ចក់ ប្រមាណ​៤០ភាគរយ នៃ​ឧស្ម័នផ្ទះកញ្ចក់​សរុប​លើ​ផែនដី។ តាម អង្គការ​តាមដាន ឧស្ម័នកាបូនិក ដែលមាន​ទីស្នាក់ការ​នៅប្រទេស​អង់គ្លេស ៨០ភាគរយ​នៃ​រោងចក្រ ប្រើធ្យូងថ្ម នៅ​បរទេស ជាការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន។

សកម្មជន​បរិស្ថាន​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ចិន​ឈប់​វិនិយោគ ឈប់​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​មជ្ឈមណ្ឌល​ធ្យូងថ្ម និងហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ទៀតពាក់ព័ន្ធ​នឹង​ធ្យូងថ្ម ជាពិសេស​នៅ​ទឹកដី​អាហ្វ្រិក ដើម្បី ឲ្យ​ស្របគ្នា​នឹង​ការសន្យា​របស់​ប្រធានាធិបតី​ចិន ដែលថា​ចិន សន្យា​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក នៅ​ឆ្នាំ ២០៣០ និង​សម្រេច​ឲ្យបាន កម្មវត្ថុ អព្យាក្រឹត​កាបូន ឬ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ឲ្យដល់​កម្រិត សូន្យ នៅ​៣០ឆ្នាំ​ក្រោយ។

ប៉ុន្តែ ជា​ថ្មី​ម្តងទៀត ចិន​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័នកាបូនិក​ច្រើនជាងគេ​ក្នុង​ពិភពលោក ពោល​គឺ ២៩%​នៃ​ឧស្ម័នកាបូនិក សរុប​ដែល​បញ្ចេញ​ទៅក្នុង​បរិយាកាស គ្មានចេតនា​លះបង់​ចោល​ថាមពល​ធ្យូងថ្ម​នោះទេ។ ក្រៅ​ពី​បង្កើន​មជ្ឈមណ្ឌល​ថាមពល​ធ្យូងថ្ម ក្នុងស្រុកចិន ដើម្បី​ជំរុញ​សេដ្ឋកិច្ច នៅក្រោយ វិបត្តិកូវីដ ចិន​ជា​អ្នកវិនិយោគ​ធំជាងគេ លើ​គម្រោងការ​សាងសង់ រោងចក្រ​ធ្យូងថ្ម នៅ​ទឹកដី​បរទេស ជាពិសេស នៅតាម​បណ្តា​ប្រទេស ដែល​មានឆ្លងកាត់ គម្រោងផ្លូវសូត្រ ឬ​ផ្លូវមួយ ខ្សែក្រវ៉ាត់ របស់​ចិន ដែល​មាន​តាំង​ពីឥណ្ឌូណេស៊ី នៅទ្វីប​អាស៊ី​ទៅដល់​ស៊ីមបាវ៉េ នៅ​ទឹកដី​អាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ