អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​ទុយនីស៊ី​ប្រឈម​នឹង​វិបត្តិ​ធំ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទុយនីស៊ី​ កំពុង​ប្រឈម​នឹង​វិបត្តិ​អាក្រក់​បំផុត​មិនធ្លាប់មាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​។ បញ្ហាបាន​ផ្ទុះឡើង​នៅថ្ងៃចន្ទ​ ២៦​ កក្កដា ​ក្រោយពី​លោក​ប្រធានាធិបតី​ កាអ៊ីស សៃអ៊ីដ​ (Kais Saied) បណ្តេញ​នាយករដ្ឋមន្ត្រី​ចេញពី​តំណែង និង​ប្រកាសព្យួរសភា​ដោយមាន​ជំនួយពីកងទ័ព​។ គណបក្ស​នយោបាយ​ធំៗ​នៅសភា​ រួម​បញ្ចូល​ទាំង​បក្ស​អ៊ីស្លាម​និយម​ “អែរណាដា” ផង​ បាន​បរិហារ​ទង្វើ​របស់​លោក​ប្រធានាធីបតី​ សៃអ៊ីដ​ ថា​ជា​រដ្ឋប្រហារ​។

កាលពីយប់ថ្ងៃអាទិត្យ ទី២៥ កក្កដា ប្រធានាធិបតីទុយនីស៊ី លោកកាអ៊ីស សៃអ៊ីដ បានសម្រេចបណ្តេញលោក អ៊ីឆេម មេឈីឈី (Hichem Mechichi) ចេញពីតំណែងជានាយករដ្ឋមន្រ្តី និងបានចេញក្រឹត្យព្យួរសភារយៈពេល ៣០ ថ្ងៃ។
កាលពីយប់ថ្ងៃអាទិត្យ ទី២៥ កក្កដា ប្រធានាធិបតីទុយនីស៊ី លោកកាអ៊ីស សៃអ៊ីដ បានសម្រេចបណ្តេញលោក អ៊ីឆេម មេឈីឈី (Hichem Mechichi) ចេញពីតំណែងជានាយករដ្ឋមន្រ្តី និងបានចេញក្រឹត្យព្យួរសភារយៈពេល ៣០ ថ្ងៃ។ AP - Hassene Dridi
ផ្សាយពាណិជ្ជកម្ម

កាលពី​យប់ថ្ងៃអាទិត្យ​ ទី២៥​ កក្កដា​ ប្រធានាធិបតី​ទុយនីស៊ី​លោកកាអ៊ីស​ សៃអ៊ីដ​ បាន​សម្រេច​បណ្តេញ​លោក អ៊ីឆេម​ មេឈីឈី​ (Hichem Mechichi) ចេញពី​តំណែងជា​នាយក​រដ្ឋមន្រ្តី​ និងបានចេញក្រឹត្យព្យួរ​សភារយៈពេល ៣០ ថ្ងៃ​។

ហេតុអ្វី​លោក​ប្រធានាធិបតីសៃអ៊ីដ​ហ៊ាន ​សម្រេច​ធ្វើដូច្នោះ​?

សេចក្តី​សម្រេច​របស់លោក​សៃអ៊ីដ​ ធ្លាក់មកភ្លាមៗ​ ក្រោយ​ផ្ទុះការ​តវ៉ា​ទ្រង់ទ្រាយធំ​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅនរះ។ ប្រជាជនទុយនីស៊ី​ ខឹង​សម្បា​ជាខ្លាំង ចំពោះ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រងជំងឺកូវីដ១៩​។ វិបត្តិកូវីដ​បានទៅបន្ថែម​បន្ទុកដ៏ធ្ងន់​មួយ​ទៀត​ពី​លើ​វិបត្តិសេដ្ឋកិច្ច​ និង​ភាពច្របូកច្របល់​ក្នុង​សង្គមទុយនីស៊ី​។

ប្រធានាធិបតី​សៃអ៊ីដ​ ដែលបានជាប់ឆ្នោតនៅឆ្នាំ ២០១៩​ បាន​ប្រកាសថាលោកនឹង​ដឹកនាំ​ប្រទេស​ជាមួយ​នាយករដ្ឋមន្ត្រីថ្មី​។ ប៉ុន្មានម៉ោងក្រោយមក​ អ្នកគាំទ្រ​លោកដ៏​ច្រើន​កុះករ​បាន​ចេញប្រមូលផ្តុំគ្នា​សម្តែង​ការ​គាំទ្រ​នៅទីក្រុង​ទុយនីស​ និង​ទីក្រុងដទៃទៀត​។

ក៏ប៉ុន្តែ​ភ្លាមៗនោះ​ ក្រុមអ្នក​ប្រឆាំងនៅក្នុងសភា​បាន​ចោទ​លោកសៃអ៊ីដ​ ពី​បទ​ធ្វើ​រដ្ឋប្រហារ ហើយ​ក្រោយមកទៀត ការប៉ះទង្គិចគ្នា​រវាងប្រជាជនដែលម្ខាងគាំទ្រប្រធានាធិបតី​ និងម្ខាងទៀត​គាំទ្រខាង​គណបក្ស​គ្រប់គ្រងសភាគឺបក្ស“អែរណាដា”​ ក៏ផ្ទុះឡើង​នៅជិតអគារសភា។​ តែកងទ័ព​បាន​ចូល​អន្តរាគមន៍​។

គួរបញ្ជាក់ថា​ មានវ័យ៦៣​ ឆ្នាំ​ ប្រធានាធិបតី​ទុយនីស៊ី​ លោក កាអ៊ីស សៃអ៊ីដ​ គឺជា​អ្នក​នយោបាយឯករាជ្យ​ និងជា​អតីតមេធាវីម្នាក់​។ លោក​មានជម្លោះជូរចត់​ និង​មិន​ត្រូវ​រ៉ូវគ្នា​ជាយូរ​ណាស់​មកហើយ​ ជាមួយនឹងលោកអ៊ីឆេម មេឈីឈី ដែលជានាយករដ្ឋមន្ត្រី​។ លោកមេឈីឈី​ មានការគាំទ្រពី​គណបក្សធំជាងគេនៅក្នុងសភាគឺ​បក្ស​អ៊ីស្លាមនិយម​ “អែរណាដា”​។

ក្រៅពី​បាន​បណ្តេញនាយករដ្ឋមន្ត្រី​និង​ផ្អាកដំណើរការសភា​ នៅថ្ងៃចន្ទ ២៦ កក្កដា លោក​ប្រធានាធិបតី ​ក៏បាន​ដកតំណែង​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ និងបាន​ប្រកាសថាក៏នឹង​ដកតំណែងរដ្ឋមន្ត្រីយុត្តិធម៌រូបទៀតផងដែរ​។

នៅព្រឹកថ្ងៃចន្ទដដែល​ គេឃើញវត្តមានកងទ័ព​ នៅ​យាមកាម​ពេញ​អាគារសភា​ និង​រារាំង​មិនឲ្យ​អ្នកណា​ចូលទីនោះបានឡើយ​។ អ្វីដែលកំពុងកើតឡើងនេះ​គឺវាជា​បញ្ហាប្រឈម​ធំ​បំផុត​ចំពោះ​ប្រទេសទុយនីស៊ី​ បន្ទាប់ពី​បដិវត្ត​អារ៉ាប់នា ​២០១១។ ក្រោយបដិវត្ត​ ប្រជាជន​ទុយនីស៊ី​ អាច​បណ្តេញ​ប្រមុខរដ្ឋាភិបាល​ដែល​កាន់​តំណែង​ដុះស្លែបាន​ ប៉ុន្តែ​អ្វី​ដែល​ពួកគេនៅមិនទាន់ទទួលបាន​នោះ​គឺស្ថិរភាពនយោបាយ​ និង​សេដ្ឋកិច្ចនៅក្នុងប្រទេស​។

តើទង្វើ​របស់​លោកប្រធានាធិបតី​ សៃអ៊ីដ គឺជាការធ្វើរដ្ឋប្រហារមែនឬ​?

នៅទុយនីស៊ី​ ទាំងប្រធានាធិបតី​ និង​សភា​សុទ្ធតែប្រសូតចេញពី​ការ​បោះឆ្នោត​ដែល​ទទួល​បាន​សំឡេងគាំទ្រភាគច្រើន​។ តាម​រដ្ឋធម្មនុញ្ញ​ ប្រធានាធិបតី​ត្រួតត្រាតែ​ផ្នែកយោធា​ និង​កិច្ចការបរទេសប៉ុណ្ណោះ​ ប៉ុន្តែ​លោក​ប្រធានាធិបតីសៃអ៊ីដ​ មាន​ជម្លោះ​ជាមួយ​លោក​មេឈីឈី​​ដែលជានាយករដ្ឋមន្ត្រីជាយូរមកហើយជុំវិញចំណុចនេះ​។

ដោយ​សំអាងលើ​មាត្រា​ ៨០ នៃ​រដ្ឋធម្មនុញ្ញ​ លោកសៃអ៊ីដ​ អះអាងថា​លោក​មាន​សិទ្ធិ​ក្នុង​ការ​បញ្ជា​ឲ្យ​ព្យួរសភា​ប្រសិនបើវាស្ថិតក្នុង​ "គ្រោះថ្នាក់​" ហើយថា​អ្វីដែលលោក​កំពុង​ធ្វើ គឺ​ដើម្បីព្យាបាល​ភាពខ្វិន​នៃសេដ្ឋកិច្ច​ និង​នយោបាយ​ ដែល​បាន​លង​បន្លាច​ទុយនីស៊ីអស់​ជាច្រើនឆ្នាំមកហើយ​។

ក្នុងនាមជា​គណបក្សធំជាងគេនៅក្នុងសភា​ បក្ស​អែរណាដា​ដែល​មាន​សិទ្ធិ​តែងតាំង​នាយករដ្ឋមន្ត្រី​ បានបរិហារទង្វើ​របស់​លោកប្រធានាធិបតី​សៃអ៊ីដ ថា​មិនស្របទៅតាម​រដ្ឋធម្មនុញនោះទេ​ និងចោទប្រកាន់លោកប្រធានាធិបតីថា​បានធ្វើរដ្ឋប្រហារ​។

សហស្ថាបនិកនៃគណបក្សអែរណាដា លោក Rached Ghannouchi បានចោទប្រកាន់​លោក​ប្រធានាធិបតីស៊ីអ៊ីដ​ ពីបទធ្វើរដ្ឋប្រហារ​ប្រឆាំង​នឹងបដិវត្ត និង​រដ្ឋធម្មនុញ្ញ ហើយបានអំពាវនាវឲ្យប្រជាជនទុយនីស៊ី​ក្រោកការពារ​រដ្ឋធម្មនុញ​របស់ប្រទេស​។

ការផ្ទុះឡើងនៃវិបត្តិថ្មី “កូវីដ១៩”

គួររំឭកថា​បច្ចុប្បន្ននេះ​ ប្រទេសទុយនី​កំពុង​រងការ​ញាំញី​ខ្លាំងពីជំងឺកូវីដ១៩​។ ចំនួនអ្នក​ស្លាប់​ដោយកូវីដ​ បានឈានដល់កំណត់ត្រា​មួយ​សម្រាប់ប្រទេសកាលពីសប្តាហ៍​មុន​ដោយមានស្លាប់ ៣០០ នាក់ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ​។ ចំណែក​ ការចាក់​វ៉ាក់សាំង​វិញ​មានភាពយឺតយ៉ាវខ្លាំង ដោយមានត្រឹមតែ​ ៧ %​នៃចំនួន​ប្រជាជន​សរុប​ ១១ លាន ៨ សែន​នាក់ប៉ុណ្ណោះ​ បាន​ទទួលការចាក់​ថ្នាំបង្ការកវីដ ១៩ ពេញលេញ​។

រដ្ឋាភិបាល​របស់លោកនាយករដ្ឋ​មន្ត្រី​មេឈីឈី​ បានព្យាយាម​ពន្លឿន​ការចាក់វ៉ាក់សាំង​ដោយ​ចាប់បើកឲ្យចាក់​ប្រជាជនអាយុចាប់ពី ១៨ ឆ្នាំ​ ក្នុង​អំឡុងពេល​វិស្សមកាល Eid al-Adha។ ប៉ុន្តែ​ កិច្ចប្រឹងប្រែងនេះ​ បានធ្លាក់ចូលទៅក្នុងភាពវឹកវរ​ ព្រោះតែ​វ៉ាក់សាំង​មិន​គ្រប់​គ្រាន់​ ហើយ​មនុស្ស​ដែល​សម្រុកទៅចាក់វ៉ាក់សាំងដ៏ច្រើនកកកុញ​ បាន​បង្កឲ្យផ្ទុះ​បញ្ហា​ជាច្រើន​ និង​អំពើហិង្សា​ផងដែរ​។

ក្រោយព្រឹត្តិការណ៍នេះ នាយករដ្ឋមន្រ្តី​បាន​បណ្តេញ​រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ដែលជា​សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​ ជាហេតុ​ជំរុញឲ្យ​លោកប្រធានាធិបតីសាអ៊ីដ​ បញ្ជា​យោធាឲ្យ​កាន់កាប់​លើ​វិធានការ​គ្រប់គ្រងវិបត្តិកូវីដវិញ​។

សរុបមក​ កូវីដ១៩​ គឺជាដំបៅថ្មី​ ដែលបាន​ទៅបន្ថែមលើ​ដំបៅចាស់នៃ​វិបត្តិនយោបាយ​ និង​សេដ្ឋកិច្ច ដែល​កើត​មានជាយូរមកហើយ​នៅទុយនីស៊ី​។ ចាប់តាំងពីបដិវត្តឆ្នាំ​ ២០១១មក ទុយនីស៊ី មាន​រដ្ឋាភិបាល​ចំនួន ៩ ដែល​ភាគច្រើន សុទ្ធតែដឹកនាំ​បានរយៈពេលខ្លី​ ឬ​មាន​បញ្ហា​មិនចេះចប់​។ បញ្ហា​ចាក់​ឫសគល់ជ្រៅផ្សេងទៀត​គឺ​ភាពអត់ការងារធ្វើ​ និងការដួល​រលំនៃ​ហេដ្ឋារចនា​សម្ព័ន្ធ​រដ្ឋ​ដែល​ក្រោយ​ការបះបោរមក​ នៅមិនទាន់អាចត្រូវបាន​ដោះស្រាយ​ទេនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ