អានតួអត្ថបទ

FMI ផ្តល់​ប្រាក់​កម្ចី​ ៧៤៥លាន​ដុល្លារ ដល់ ទុយនីស៊ី ដើម្បីដោះស្រាយ​វិបត្តិ​​​កូវីដ​១៩

អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (FMI) បាន​សម្រេច​ផ្តល់​ប្រាក់​កម្ចី​ ចំនួន​៧៤៥លាន​ដុល្លារ​ ទៅ​ឱ្យទុយនីស៊ី ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាល​ដាល​កូវីដ​១៩។ រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ទុយនីស៊ី បា​នបញ្ជាក់​នៅថ្ងៃទី​១០មេសាថា ទុយនីស៊ី ​បាន​ទទួល​កញ្ចប់​លុយ​កម្ចី​ពី​ អង្គការរូបិយវត្ថុអន្តរជាតិ បន្ទាប់ពី​ប្រទេសខ្លួន​បានដាក់ពាក្យ​​ស្នើ​សុំ​ខ្ចី អស់​រយៈ​ចំនួន​បីសប្តាហ៍​រួច​មក​។​ 

ស្នាក់ការរបស់​មូលនិធិរូបិយវត្ថុអន្តរជាតិ(FMI)
ស្នាក់ការរបស់​មូលនិធិរូបិយវត្ថុអន្តរជាតិ(FMI) REUTERS - Yuri Gripas
ផ្សាយពាណិជ្ជកម្ម

​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(FMI)  ផ្តល់កម្ចី​​ប្រាក់​យ៉ាងបន្ទាន់ ​ដល់​​ប្រទេស​ទុយនីស៊ី គឺបន្ទាប់ពី​មើលឃើញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​ធ្ងន់ធ្ងរ​​ខ្លាំង​ មិន​ធ្លាប់​ជួប​សោះ នៅ​ទុយនីស៊ី ​ ចាប់តាំង​ពីស្គាល់​ឯករាជ្យ​នៅឆ្នាំ​១៩៥៦មក។ នេះបើតាម​ការ​គូស​បង្ហាញ​ ក្នុងសេចក្តី​ថ្លែង​ការណ៍​របស់ FMI ដោយ​បញ្ជាក់​បន្ថែមថា​  សេដ្ឋកិច្ច​របស់ទុយនីស៊ី ​នឹង​ធ្លាក់​ចុះ​៤,៣ភាគរយ​ នៅឆ្នាំ​២០២០​នេះ ព្រោះ​តែ​វិបត្តិ​មេរោគឧត្បាត​កូវីដ​១៩។

បើ​តាម​អាជ្ញាធរ​ទុយនីស៊ី, ជំនួយ​ជាប្រាក់​កម្ចី​របស់ស្ថាប័ន​អន្តរជាតិ​នេះ នឹង​ត្រូវប្រើប្រាស់​សម្រាប់ចាត់​ចែង​ទប់​ទល់​នឹង​ការ​រីករាលដាល​មេរោគ​កូរ៉ូណាថ្មី, ប្រើ​សម្រាប់កាត់បន្ថយដោះស្រាយ​ បញ្ហា​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​ នៅក្នុង​បរិបទ​មួយ​លំបាក​បំផុត មិន​ធ្លាប់​មាន​សោះ​​ នៅក្នុងប្រទេស​នៅពិភព​អារ៉ាប់​មួយ​នេះ។

ទន្ទឹម​នឹង​គ្នា​នេះ អគ្គ​នាយករង​មូលនិធិរូបិយវត្ថុអន្តរជាតិ លោក Mitsuhiro Furusawa បានលើកឡើងថា អាជ្ញាធរ​ទុយនីស៊ី ​ត្រូវ​មាន​វិធានការ​ដោះស្រាយ​បន្ទាន់​និង​ផ្តោត​សំខាន់​បំផុត​ទៅលើ​ផ្នែក​សុខាភិបាល​, ចាត់​ចែង​​ផ្នែក​សង្គមកិច្ច ​និង​ជួយ​សម្រួល​ការ​លំបាក​របស់​ក្រុម​ហ៊ុន​សហគ្រាស​។ អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាង​ទប់​ទល់​ការធ្លាក់​​ថ្លៃប្រេង ហើយ​និង​ ត្រូវ​រក​យន្តការ​កែសម្រួល​ការ​ធ្លាក់​ចុះ​សេវា​កម្ម​សា​ធារណៈ ដែល​ធ្លាក់​ចុះ​យ៉ាងគំហុក​ ព្រោះតែ​កូវីដ​១៩។

បើ​តាម​អ្នក​ជំនាញកិច្ច​ការ​ទុយនីស៊ី, ទោះបី​ជា ប្រទេស​មួយ​នេះ ទទួល​បាន​ប្រាក់​កម្ចី ចំនួន​​រាប់រយលាន​ដុល្លារ​ពី​ FMI ហើយ​ក្តី ក៏​វា​មិនគ្រប់​គ្រាន់ឡើយ​​សម្រាប់​ដោះស្រាយ​បញ្ហា​នៅក្នុង​ស្រុក។ ហេតុនេះ ទុយនីស៊ី នៅតែបន្ត​ត្រូវការ​ប្រាក់​ជំនួយ​និយោគ និង​ កម្ចីគ្មាន​សំណង​ ផ្សេងៗ​ទៀត​ពីដៃគូ​វិនិយោគ​ ដើម្បី​ជួយ​ស្រោចស្រង់​ប្រទេស​នេះ ចេញពី​វិបត្តិ​បំណុល​ និង​វិបត្តិ​មហន្តរាយ​កូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ