អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អេប្រាហ៊ីម​ រ៉ៃស៊ី​ ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ អេប្រាហ៊ីម​ រ៉ៃស៊ី ​ដែលជា​អ្នក​អភិរក្ស​និយមជ្រុល​ ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់​ នៅថ្ងៃអង្គារ​ ទី៣​ សីហា​នេះ​។ ជាការ​គួរឲ្យ​កត់សម្គាល់​ លោក រ៉ៃស៊ី​ ឡើង​ស្នង​តំណែង​ជា​មេដឹកនាំ​ ក្នុងពេល​ដែល​ប្រទេស​ស្ថិតនៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ និង​ក្នុង​បរិបទ​នៃ​ភាពតានតឹង​ជាមួយ​សហរដ្ឋអាមេរិក​ និង​អ៊ីស្រាអែល​។ តើ​លោក អេប្រាហ៊ីម រ៉ៃស៊ី ​ជាអ្នកណា​? ហើយ​ថាតើអ្វី​ ជា​គោលនយោយបាយ​ការបរទេស​សំខាន់ៗ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី​រូប​នេះ​?

លោកអេប្រាហ៊ីម រ៉ៃស៊ី ស្បថចូលកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ថ្មី នៅថ្ងៃអង្គារ ទី៣ សីហានេះ។
លោកអេប្រាហ៊ីម រ៉ៃស៊ី ស្បថចូលកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ថ្មី នៅថ្ងៃអង្គារ ទី៣ សីហានេះ។ ATTA KENARE AFP/File
ផ្សាយពាណិជ្ជកម្ម

តើ​លោក​អេប្រាហ៊ីម រ៉ៃស៊ី ជាអ្នកណា​?

មាន​វ័យ​ ៦០ ឆ្នាំ​ លោកអេប្រាហ៊ីម​ រ៉ៃស៊ី​ គឺជា​អ្នកច្បាប់​មួយរូប​ដែល​មាន​ទស្សនៈ​នយោបាយ​អភិរក្សនិយមជ្រុល​ និង​បាន​ជាប់ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតីទី​ ៨​ របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ ត​ពី​លោក​ ហាសសាន​ រ៉ូហានី​។ ប្រទេស​លោកខាងលិច​ និង​សកម្មជន​សិទ្ធិ​មនុស្សជាច្រើន​ បាន​បរិហារ​លោក​ថា​ធ្លាប់​មានតួនាទី​ ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រហារ​ជីវិត​អ្នកទោស​នយោបាយដ៏ច្រើន​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។

អេប្រាហ៊ីម រ៉ៃស៊ី​ កើតនៅថ្ងៃទី​ ១៤​ ធ្នូ ឆ្នាំ ១៩៦០​ នៅ​ម៉ាហាដ​ (Mashhad) ដែលជា​ទីក្រុង​ធំទី​ ២ របស់​អ៊ីរ៉ង់​ និង​ជាទី​សក្ការ​បូជា​សាសនា​អ៊ីស្លាម​ ដ៏ពិសិដ្ឋបំផុត​របស់ប្រទេស​។ ឪពុក​របស់​លោក​ គឺជា​បព្វជិតសាសនា​ម្នាក់​និង​បាន​ស្លាប់នៅពេលដែល​កុមារ​រ៉ៃស៊ី មាន​អាយុ ទើបបាន​៥​ឆ្នាំ​។

ប្រវត្តិសិក្សា​របស់​លោក​ រ៉ៃស៊ី​ គឺល្អណាស់​ ហើយ​លោក​បាន​ក្លាយជា​ រដ្ឋ​អាជ្ញា​រង​នៅទី​ក្រុងតេហេរ៉ង់​ទាំងវ័យក្មេង​ ពោលនៅវ័យត្រឹម​តែ​ ២៥ ឆ្នាំប៉ុណ្ណោះ​។ បន្ទាប់មកទៀត​ លោកបាន​បន្តធ្វើជា​រដ្ឋ​អាជ្ញា​ក្រុងតេហេរ៉ង់​ និងក្រោយ​មក​ជាប់​ជា​រដ្ឋអាជ្ញា​រង​នៃ​តុលាការ​បដិវត្ត​អ៊ីរ៉ង់​មុននឹងត្រូវ​បាន​តែងតាំង​ជា​អគ្គ​រដ្ឋ​អាជ្ញា​អ៊ីរ៉ង់​ក្នុងឆ្នាំ​ ២០១៤​។

២​ ឆ្នាំ​បន្ទាប់មក​ទៀត​ ពោលគឺនៅ​ឆ្នាំ ២០១៦ ​មគ្គុទេសក៍​សាសនាអ៊ីស្លាម​អ៊ីរ៉ង់​អាលី ខាមេណី​ បានដាក់ឈ្មោះលោកថា​ជាមូលដ្ឋានគ្រឹះនៃ​សាសនា​ដ៏​សំខាន់​។ នៅឆ្នាំ​ ២០១៧ លោករ៉ៃស៊ី​ បានធ្វើឲ្យអ្នកសង្កេតការណ៍​ភ្ញាក់ផ្អើល​ ដោយលោក​បាន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​។

ក៏ប៉ុន្តែកាលណោះ​ លោកមិនអាច​ប្រជែង​យកឈ្នះ​ អតីតប្រធានាធបិតី​ ហាសាន រ៉ូហានី បាន​នោះ​ទេ​។ លោកត្រូវរង់ចាំ​ រយៈពេល ៤ ឆ្នាំ​ ទើបអាចដណ្តើមយកឈ្នះ​ តំណែងជា​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់​ នៅក្នុង​ការ​បោះឆ្នោត​ កាលពីខែមិថុនា​ និង​ត្រូវស្បថ​ចូលកាន់​តំណែង​គ្រប់គ្រងប្រទេសជាផ្លូវការ​ នាថ្ងៃអង្គារ ទី៣​ សីហា ឆ្នាំ ២០២១នេះ​។

គោល​នយោបាយ​ការ​បរទេស​របស់លោករ៉ៃស៊ី​?

លោកអេប្រាហ៊ីម រ៉ៃស៊ី​ ឡើង​គ្រង​តំណែង​ប្រធានាធិបតី​ ជំនួស​លោក ហាសាន រ៉ូហានី​។ កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ​ ២០១៥​ រវាងអ៊ីរ៉ង់​ និង​ប្រទេស​មហាអំណាច​ចំនួន ៦​ គឺជា​សមិទ្ធផល​ដ៏លេចធ្លោជាងគេ​បំផុតមួយ​ ក្រោមការ​ដឹកនាំ​រយៈពេល​ ២​អាណត្តិ​របស់​ លោក​អតីត​ប្រធានាធិបតី​ រ៉ូហានី​។

ដូច្នោះ​ បញ្ហាធំ​ដែល​មេដឹកនាំអ៊ីរ៉ង់ថ្មី​លោក រ៉ៃស៊ី​ ត្រូវដោះស្រាយ​នៅចំពោះមុខ​ គឺ​កិច្ចចរចា ស្តីអំពី​សំណុំរឿង​នុយក្លេអ៊ែរ​ ដែលអាមេរិក​របស់​លោកអតីត​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​សម្រេចដកខ្លួន ជាឯកតោភាគីកាលពីឆ្នាំ ២០១៨​ និង បាន​សម្រេច​ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាងធ្ងន់​ លើអ៊ីរ៉ង់​។

ក្នុងពេលថ្លែងសុន្ទរកថា​ នៅឯ​ពិធីស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតីនា​ថ្ងៃនេះ​ លោក រ៉ៃស៊ី​ បាននិយាយថា​ រដ្ឋាភិបាលថ្មី​របស់​លោក​ នឹង​ខំ​ពុះពារ​ធ្វើយ៉ាងណា​ ដកទណ្ឌកម្ម​ដែល​គាប​សង្កត់​ដោយ​ក្រុងវ៉ាស៊ីនតោន​ឲ្យបាន​។ តែទោះជាយ៉ាងណាក៏ដោយ​ ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី​រូប​នេះ​ ហាក់​បង្ហាញ​ជំហរ​ងាកចេញ​ពី​បច្ចិម​លោក​កាន់តែខ្លាំង​។

នៅ​មុនចប់​អាណត្តិដឹកនាំប្រទេស​ លោក​ហាសាន​ រ៉ូហានី​ បាន​ប្រឹងប្រែង​ បើក​ចំហ​ទ្វារ​ចរចា​ជាមួយ​រដ្ឋបាល​អាមេរិក​របស់​លោក ចូ បៃដិន ដើម្បី​ឈាន​ទៅ​ស្រោចស្រង់​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ និងដើម្បី​រួចខ្លួន​ពី​ទណ្ឌកម្ម​។ ផ្ទុយទៅវិញ​ នៅប៉ុន្មានថ្ងៃ​ក្រោយ​ជាប់​ឆ្នោត​ក្លាយជា​ប្រធានាធិបតី​អ៊ីរ៉ង់​ លោកអេប្រាហ៊ីម រ៉ៃស៊ី​ បាន​បង្ហាញ​ជំហរ​មុតមាំ​ ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​ ដោយនិយាយថា​លោក​មិនចង់​ជួបចរចា​ជាមួយ​លោក​ បៃដិនទេ​។

លោករ៉ៃស៊ី​ បានសង្កត់ធ្ងន់ដែរថា​ រដ្ឋាភិបាលរបស់លោក​នឹងគាំទ្រកិច្ចពិភាក្សាណា​ដែលធានានូវផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់​ ហើយក្រុងតេហេរ៉ង់​ នឹង​មិន​ទោរទន់​ធ្វើតាម​ការ​បង្គាប់​បញ្ជា​របស់ប្រទេសលោកខាងលិច ដើម្បីតែ​អាច​រួចផុតពីការដាក់ទណ្ឌកម្ម​ឡើយ។

វិបត្តិ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ ដែល​កាន់តែ​ធ្ងន់ធ្ងរឡើងៗ​ ដោយសារ​ទណ្ឌកម្ម​អាមេរិក​ និង​ជំងឺ​កូវីដ គឺជាបញ្ហាប្រឈមខ្លាំង​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ថ្មី​។ ទណ្ឌកម្មអាមេរិក​បាន​ទៅ​បង្អាក់​ការនាំ​ចេញ​ប្រេង​ដែលជា​វិស័យទ្រទ្រង់ដ៏សំខាន់​ដល់សេដ្ឋកិច្ច​អ៊ីរ៉ង់​។ សេដ្ឋកិច្ចអ៊ីរ៉ង់​ បាន​ធ្លាក់​ចុះជាង ៦ % ទាំង​ក្នុងឆ្នាំ​ ២០១៨ និង​ឆ្នាំ ២០១៩​។

យ៉ាងណាក៏ដោយ​ មេដឹកនាំថ្មី​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ មាន​ភាព​ជឿជាក់ថា​ ថា​អាច​ជម្នះ​រាល់ឧបសគ្គ​ ដើម្បីនាំយកនូវភាព​សុខសាន្ត​ជូនប្រជាជាតិទាំងមូល​។ លោក អេប្រាហ៊ីម រ៉ៃស៊ី​ ដែលជាអ្នក​អភិរក្ស​និយម​ជ្រុល​ ត្រូវបាន​គេមើលឃើញថា​ ជា​មនុស្ស​ដែល​ប្រកាន់​មនោគមវិជ្ជារឹងរូសបំផុត​ នៅចំពោះមុខ​ប្រទេស​លោកខាងលិច​ មិនថា​សហរដ្ឋអាមេរិក​ ឬក៏អឺរ៉ុបទេ​ ទោះបីក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច​នៃ​ប្រទេសអ៊ីរ៉ង់​ កំពុង​ធ្លាក់ក្នុង​ជង្ហុកជ្រៅ​នៃវិបត្តិក៏ដោយ​។

ឥឡូវនេះ​ ដើម្បី​ដោះស្រាយវិបត្តិសេដ្ឋកិច្ច​ដែល​កំពុងទន់ជង្គង់ខ្លាំង​ រដ្ឋាភិបាលថ្មី​របស់​លោក រ៉ៃស៊ី​ សំឡឹងឃើញច្រកចេញមួយ​ ហើយច្រកនោះ​គឺជំរុញការដោះដូរពាណិជ្ជកម្មជាមួយ​ប្រទេសក្បែរខាង​និងប្រទេសដៃគូផ្សេងទៀត​ដូចជារុស្ស៊ី និងចិន​ជាដើម​។

តើ​ប្រធានាធិបតី​អ៊ីរ៉ង់ថ្មី​ អាច​ដឹកនាំ​ប្រទេសឲ្យងើបចេញពីវិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បាន​ទេ​?

បើយោងតាមការលើកឡើង​ របស់លោក អេប្រាហ៊ីម រ៉ៃស៊ី​ ឃើញថា​ លោកពិត​ជាទឹក​ចិត្ត​មោះមុត​ណាស់​ មានក្តីសង្ឃឹមច្រើនណាស់​ ក្នុងការ​ដោះស្រាយ​វិបត្តិ និង​ជួយ​ប្រទេសអ៊ីរ៉ង់​ឲ្យអាច​ក្រោកឈរ​ឡើងនិង​ដើរចាកចេញឆ្ងាយពីវិបត្តិសេដ្ឋកិច្ច​ ដែល​កំពុងបោកបក់​ប្រទេស​អ៊ីរ៉ង់​ក៏ដូចជា​ប្រជាជនអ៊ីរ៉ង់​ដែរ​។

ក៏ប៉ុន្តែ​ ការនិយាយ​ ឬការសន្យា​គឺជារឿងដែល​ងាយធ្វើ​ តែអ្វីដែល​សំខាន់​គឺ​លទ្ធផលទៅវិញទេ។ ដូច្នោះហើយ​ ចង់ដឹងថា​ប្រធានាធិបតីអ៊ីរ៉ង់ថ្មី​ លោក អេប្រាហ៊ីម រ៉ៃស៊ី អាច​ជួសជុល​សេដ្ឋកិច្ច​ដែលកំពុងជួប​វិបត្តិខ្លាំង​បាន​ឬយ៉ាងណា​ គេ​មានតែ​រង់ចាំ​មើល​លទ្ធផល​ជាក់ស្តែង​ ក្រោយ​លោកបានឡើងដឹកនាំប្រទេសអ៊ីរ៉ង់​ប៉ុណ្ណោះ​។

នៅចុងបញ្ចប់នេះ​ គួរបញ្ជាក់ដែរ​ថា​ ក្រៅតែពី​កិច្ចចរចា​ស្តីពី​កិច្ចព្រមព្រៀម​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ បញ្ហាសេដ្ឋកិច្ច​ លោកប្រធានាធិបតីអ៊ីរ៉ង់​ថ្មី​ ក៏ត្រូវ​ដោះស្រាយផងដែរ​ ភាព​តានតឹង ដែល​កំពុងកើនឡើងខ្លាំង​នាពេលថ្មីនេះ​ ជាមួយប្រទេសអ៊ីស្រាអែល​ សហរដ្ឋ​អាមេរិក និងអង់គ្លេស​ ជុំវិញការ​វាយប្រហារ​នាវា​ដឹកប្រេងមួយ​នៅសមុទ្រ​អូម៉ង់។

ភាពតានតឹងនេះ​ បានចាប់ផ្ទុះឡើង​ បន្ទាប់ពី​សហរដ្ឋអាមេរិក​ អង់គ្លេស ​បាន​ចូលរួម​ជាមួយ​អ៊ីស្រាអែល​ ចោទអ៊ីរ៉ង់ថាជាអ្នកវាយប្រហារ​នាវាដឹកប្រេង​របស់​អ៊ីរ៉ង់​ កាលពីថ្ងៃទី​ ២៩ កក្កដា​កន្លង​ទៅថ្មីៗនេះ​។ អាមេរិក​ បានព្រមាន​ថានឹងឆ្លើយតប​ចំពោះការ​វាយប្រហារ ឲ្យបានស័ក្តិសម​។

ដូចគ្នា​ដែរ​ ចង់ដឹងថា​ ទំនាក់ទំនង​ រវាង​សហរដ្ឋ​អាមេរិក អ៊ីស្រាអែល​ ជាមួយនឹង​អ៊ីរ៉ង់ អាច​ជួប​ភាព​ប្រសើរ​ឡើងវិញ​ខ្លះ​ឬក៏អត់​ គេមានតែរ​ង់ចាំ​មើល​ប្រតិកម្ម​តបត​ របស់​មេដឹកនាំអ៊ីរ៉ង់ថ្មី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ