អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​និង​អង់គ្លេស​ប្រញាប់​ជម្លៀស​មន្ត្រី​ទូត​ពី​អាហ្វហ្កានីស្ថាន​ ខណៈ​ពួក​តា​លី​បង់​វាយ​លុក​កាន់​តែ​ជិត​ដល់​ក្រុងកាប៊ុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​តាលីបង់​ប្រកាស​អះអាង​នៅថ្ងៃ​សុក្រ ១៣​សីហានេះ​ ថា​បាន​កាន់​កាប់​ទីក្រុង​កង់ដាហារ (Kandahar) ដែលជា​ទីក្រុងធំទី២​របស់​អាហ្វហ្កានីស្ថាន​។ ខណៈ​ពេលនេះ​ ពួកឧទ្ទាម​តាលីបង់​កំពុង​បន្តគោលដៅ​សំដៅ​យ៉ាងលឿន​ឆ្ពោះទៅ​រដ្ឋធានី​កាប៊ុល​។ ចំណែក​សហរដ្ឋអាមេរិក​ និងអង់គ្លេស​វិញបាន​បញ្ជូន​ទ័ពជាច្រើនពាន់នាក់​ដើម្បី​ទៅ​ជម្លៀស​មន្រ្តីទូត​ចេញ​ពី​អាហ្វហ្កានីស្ថាន​។

គេឃើញផ្សែងហុយទ្រលោមឡើងលើមេឃក្នុងទីក្រុងកង់ដាហារ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងទ័ពអាហ្វហ្កានីស្ថាន និងពួកតាលីបង់ នៅថ្ងៃទីព្រហស្បតិ៍ ១២ ខែសីហា ឆ្នាំ ២០២១។
គេឃើញផ្សែងហុយទ្រលោមឡើងលើមេឃក្នុងទីក្រុងកង់ដាហារ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងទ័ពអាហ្វហ្កានីស្ថាន និងពួកតាលីបង់ នៅថ្ងៃទីព្រហស្បតិ៍ ១២ ខែសីហា ឆ្នាំ ២០២១។ AP - Sidiqullah Khan
ផ្សាយពាណិជ្ជកម្ម

ពួកតាលីបង់​វាយ​ដណ្តើម​បាន​ទីក្រុង​កង់ដាហារ​ដែលជា​ទីក្រុងធំ​ទី២​របស់​អាហ្វហ្កានីស្ថាន

ស្ថានការណ៍​នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នាពេលនេះ​កំពុងកើន​កម្តៅ​ខ្លាំង​ណាស់​ ព្រោះថា ពួកតាលីបង់​សម្រុក​វាយ​ដណ្តើម​កាន់កាប់​យក​ទីតាំង​សំខាន់ៗ​បាន​កាន់តែច្រើន​។ ជាពិសេស​ នៅថ្ងៃសុក្រនេះ​ ពួក​តាលីបង់​​អះអាងថា​ពួកគេ​បាន​វាយ​ដណ្តើម​ក្រុងធំទី២ របស់​អាហ្វហ្កានីស្ថាន​គឺទីក្រុង​កង់ដាហារ​ (Kandahar) យក​មក​កាន់កាប់បាន​ហើយ​។

ការ​យក​ក្រុងកង់ដាហារ​មក​ត្រួតត្រា​បាននេះ​ គឺជា​និមិត្តរូប​នៃ​ជោគជ័យ​ធំ​ក្រៃ​ណាស់សម្រាប់​ពួក​តាលីបង់ ព្រោះថា​កង់ដាហារ​ ធ្លាប់ជា​បន្ទាយ​របស់ក្រុមតាលីបង់​ ឬគេអាច​និយាយបានដែរថា​វា​គឺជាស្រុក​កំណើត​របស់​ពួកតាលីបង់​។ ដូច្នោះ​ ការចូល​គ្រប់គ្រង​ទីក្រុង​ដែលមាន​ប្រជាជនចំនួន​ប្រមាណ​ ៦០ ម៉ឺននាក់នេះ​ គឺជា​រង្វាន់ដ៏ធំ​មិន​អាចកាត់​ថ្លៃបានទេ​សម្រាប់​ពួកសកម្មប្រយុទ្ធតាលីបង់​។

ជាការពិត​ពីមួយថ្ងៃទៅមួយថ្ងៃ​ ក្រុម​តាលីបង់​បាន​វាយលុក​ដណ្តើម​បាន​ទីក្រុង​សំខាន់ៗ​ ក្នុង​តំបន់​ជាច្រើន​។ ជាក់ស្តែង​ កាលពីថ្ងៃព្រហស្បតិ៍​ ក្រុមតាលីបង់​បាន​វាយ​ដណ្តើម​យក​បាន​ទីក្រុង​ហេរ៉ាត (Herat) ដែលជាទីក្រុងធំទី ៣ របស់​អាហ្វហ្កា​នីស្ថាន​ និងដែល​មាន​ចម្ងាយ​ត្រឹមតែ​ប្រមាណតែ ១៣០ គីឡូម៉ែត្រប៉ុណ្ណោះ​ពីរដ្ឋធានីកាប៊ុល​។

ចំណែក​ទីក្រុង​ហ្គាហ្វនី (Ghazni) ដែលជា​ទីតាំងផ្លូវ​ឆ្លងកាត់​ដ៏សំខាន់​ទៅកាន់​រដ្ឋធានី​កាប៊ុលវិញ ក៏​ធ្លាក់​ចូល​ទៅក្នុងដៃ​របស់​ក្រុមសកម្មប្រយុទ្ធដែរ​តាំងពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​។ មាន​ជន​ស៊ីវិល​អាហ្វហ្កានីស្ថាន​ចំនួន​រាប់ម៉ឺននាក់​ក្នុងនោះ​មាន​កុមារ​ប្រមាណ​ ៧ ២០០០ នាក់​ បាន​រត់​ភៀសខ្លួន​ពីការ​វាយលុករបស់​ពួក​តាលីបង់​។ ហើយ​ក៏មាន​មនុស្សជាច្រើន​នាក់ដែរ​ ​បាន​ធ្វើដំណើរទៅរដ្ឋធានីកាប៊ុល​ ដើម្បីស្វែងរក​កន្លែង​សុវត្ថិភាព​ជ្រកកោន​។

នៅតាមដងផ្លូវ​ គេឃើញ​សុទ្ធតែ​មនុស្សម្នាជាច្រើន​កំពុងសម្រាក​និង​ទទួលទាន​ដំណេក​ផងដែរ។ ទិដ្ឋភាព​បែបនេះ​ ធ្វើឲ្យគេមានការសង្វេគចិត្ត​អាណិតជាខ្លាំង​ ចំពោះ​ប្រជាជន​អាហ្វហ្កានីស្ថាន​ដែលកំពុងរងគ្រោះ​ពីការវាយការវាយប្រយុទ្ធគ្នា​។ បើយោង​តាម​អង្គការសហប្រជាជាតិ​ អាហ្វហ្កានីស្ថាន​មានប្រជាជន​ រត់​ភៀស​ចេញពី​ផ្ទះសម្បែង​ធំ​ជាងគេ​លំដាប់​ទី ៣ក្នុង​ពិភពលោក​។

ខណៈដែលពួក​តាលីបង់​វាយចូល​កាន់តែ​កៀកជិតដល់​​ក្រុង​កាប៊ុល  អាមេរិក​និង​អង់គ្លេស ក៏បាន​ប្រញាប់​​ជម្លៀស​មន្រ្តីទូត​ចេញ​ពីអាហ្វហ្កានីស្ថាន

ពួកតាលីបង់​កំពុង​បង្កើន​សន្ទុះសម្រុក​វាយលុក​លើ​ទាហានរដ្ឋាភិបាលជាខ្លាំង។​ បើ​យោងតាមអ្នកជំនាញ មកទល់នឹងពេលនេះ ពួក​តាលីបង់វាយចូលគ្រប់គ្រង​បានទីតាំង​ច្រើន​ណាស់នៅលើដែនដីរបស់អាហ្វហ្កានីស្ថាន​ទាំងមូល​។ ចំណែកទាហានរដ្ឋាភិបាល​របស់​លោកប្រធានាធិបតីអាស្រាហ្វ ហ្កានី វិញ​ បច្ចុប្បន្នមានតែរដ្ឋធានីកាប៊ុល និងទីតាំង​ផ្សេងទៀត​មិនច្រើននោះទេនៅក្នុងដៃ​ បើប្រៀបធៀបនឹងពួកតាលីបង់​។

ក្រោយទទួលបានជ័យជម្នះជាបន្តបន្ទាប់​ ក្រុមសកម្មប្រយុទ្ធរបស់ពួកតាលីបង់​ ហាក់​កាន់​តែ​មានកម្លាំងខ្លាំងឡើង និង​កំពុងតែត្បុលរុលទៅមុខទៀត​ឆ្ពោះសំដៅ​ទៅ​រដ្ឋធានីកាប៊ុល​ដែលជាហេតុធ្វើឲ្យទីក្រុងនេះ កំពុងតែងប្រឈមមុខនឹងគ្រោះ​ថ្នាក់ខ្លាំង​ណាស់​។

ដោយហេតុនេះហើយ​ ទើបនៅថ្ងៃសុក្រនេះ​ សហរដ្ឋអាមេរិក​និង​អង់គ្លេស ប្រញាប់​រូតរះ​បញ្ជូន​ទ័ព​រាប់ពាន់​នាក់ទៅ​ជម្លៀស​មន្រ្តីទូតរបស់ពួកគេ​ចេញ​ពីប្រទេស​អាហ្វហ្កានីស្ថាន​។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​ មន្ទីរបញ្ចកោណ​បានឲ្យដឹងថា​មាន​កងទ័ព​អាមេរិក​ចំនួន​ប្រមាណ ៣ ០០០ នាក់​នឹងត្រូវ​បញ្ជូនទៅកាន់ប្រទេសអាហ្វហ្កានីស្ថានភ្លាមៗ​ ដើម្បី​ជម្លៀស​បុគ្គលិកស្ថានទូត​អាមេរិកខ្ទង់​ ១ ៤០០ នាក់​ដែល​កំពុងធ្វើការ​ក្នុង​រដ្ឋធានីកាប៊ុល​។

ជាមួយគ្នានេះ​ ក្រសួងការបរទេសអាមេរិកបាននិយាយថា​ សហរដ្ឋអាមេរិកក៏មាន​គម្រោង​រៀបចំជើង​ហោះហើរប្រចាំថ្ងៃដែរ​ដើម្បី​ជម្លៀស​សម្ព័ន្ធមិត្តទាំងឡាយ​របស់ខ្លួន​ចេញ​ពី​អាហ្វហ្កា​នីស្ថាន។

ដូចគ្នាដែរ អង់គ្លេស​ដែជាប្រទេសគូកន​ជិតដិត​របស់​អាមេរិក​ បានប្រកាសថា​នឹង​បញ្ជូន​កង​ទ័ពចំនួន ៦០០ នាក់ទៅ​អាហ្វហ្កានីស្ថាន​ដើម្បី​ជួយ​បុគ្គលិក​ស្ថានទូត​អង់គ្លេស​នៅក្នុង​ទីក្រុងកាប៊ុល​។

ជារួម ចំណាត់ការចុងក្រោយរបស់សហរដ្ឋអាមេរិក​ និង​អង់គ្លេសនេះ​ បង្ហាញពី​ការ​ខ្វះ​ទំនុក​ចិត្ត​របស់រដ្ឋបាលលោក ចូ បៃដិន​ និងលោកបូរីស ចនសុន ចំពោះ​សមត្ថភាព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ក្នុងការ​គ្រប់គ្រងសន្តិសុខ​ការទូត​ឲ្យ​បាន​គ្រប់គ្រាន់ សូម្បីតែ​នៅ​ក្នុងរដ្ឋធានី​ក៏​ដោយ​។ ក្នុងខណៈពេលនេះ​ កងទ័ពអាមេរិកប្រហែលជា​ ៦៥០ នាក់ នៅតែ​មានវត្តមាន​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដើម្បី​ការពារ​ព្រលានយន្តហោះ​និង​ស្ថានទូត​។

ហេតុអ្វីកងទ័ព​អាហ្វហ្កានី​ស្ថាន​ដែល​មាន​ចំនួនច្រើន​ជាង​ពួក​សកម្មប្រយុទ្ធ​តាលីបង់​ និង​ទទួល​បាន​ការ​ហ្វឹកហ្វឺនពី​អាមេរិក​ផង​នោះ​ តែបែរ​ជា​មិន​អាច​ទប់​​​ក្រុមតាលីបង់​ជាប់?

តើ​មាន​អ្វីកើតឡើង​ចំពោះ​កងទ័ពអាហ្វហ្គានីស្ថាន​? ចំនួន​កងទ័ពអាហ្វហ្កានីស្ថាន​មាន​ច្រើន​ជាង​ បំពាក់​ដោយគ្រឿងសព្វាវុធក៏ទំនើបជាង​ពួកតាលីបង់​ ហើយថែមទាំង​ទទួលបាន​ការហ្វឹកហ្វឺន​ពីអាមេរិកទៅទៀត​។ ប៉ុន្តែ​ ពួកគេ​នៅតែមិនអាច​ទប់ទល់​ក្រុមតាលីបង់ជាប់​ដដែល​។ ហេតុអ្វី​?

ចម្លើយនោះគឺថា​ អំពើពុករលួយ​ កង្វះឆន្ទៈ​មុះមុត​ក្នុងការប្រយុទ្ធ​ និង​ភាព​ខ្វះចន្លោះ​របស់​សហរដ្ឋអាមេរិក​ដែល​ប្រញាប់​ដក​កង​ទ័ពចេញ​ ត្រូវ​គេ​មើលឃើញថា​ ជា​ហេតុផលដ៏សំខាន់ចូលរួមចំណែកក្នុង​នៃ​បរាជ័យ​របស់​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ​ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ បាន​ចេញ​របាយការណ៍​លម្អិត​ជាច្រើន​អំពីអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់​ នៅ​ក្នុង​ជួរកងទ័ព​អាហ្វហ្កានីស្ថាន​។

ពួកមេបញ្ជាការធំៗ​របស់​អាហ្វហ្កានីស្ថាន​ តែងតែ​លួចបន្លំកិបកេងប្រាក់ ​ដែល​ត្រូវផ្តល់ឲ្យ​កូន​ទាហានដាក់ចូល​ហោប៉ៅ​ខ្លួនឯង​។ ក្រៅពីនេះ ពួកគេ​នៅឆ្លៀត​លួចលក់អាវុធ​ក្នុងទីផ្សារ​ងងឹត ​ហើយ​បង្កើតបុគ្គលិកខ្មោច ដោយនិយាយ​កុហកបោកប្រាស់​ពី​ចំនួន​ទាហា​ន​ដែល​នៅក្រោមការបង្គាប់បញ្ជា​របស់ពួកគេ​។

មួយវិញទៀត​ ទោះបីជា​ទទួលបានការហ្វឹកហ្វឺនក្តី​ ក៏​ទាហានអាហ្វហ្កានីស្ថាន​ គ្មាន​ម្ចាស់​ការ​លើខ្លួនឯង​គ្រប់គ្រាន់​ និងនៅតែពឹងផ្អែកខ្លាំង​លើកម្លាំង​ទ័ព​របស់​អាមេរិក​។ ដូច្នោះហើយ​ នៅពេល​ទទួល​រង​ការវាយប្រហារ​លុកលុយ​ ពី​ពួក​តាលីបង់​ដែលខ្លាំង​ជាង​មុន​និងដែល​មានទឹកចិត្ត​មុតស្រួច​ក្នុងការប្រយុទ្ធនោះ​ កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​មិន​អាច​ទប់ទល់​ជាប់នោះទេ​។

តើ​ភាព​ជ្រួលច្របល់នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​អាច​បិទបញ្ចប់​តាមច្រកណាទៅ​?

បើ​ពិនិត្យ​មើល​ស្ថានការណ៍​បច្ចុប្បន្ននេះ​ ក្រុមតាលីបង់​ កំពុង​មាន​ជំនឿ​ចិត្តខ្ពស់​ថា​អាច​វាយ​ដណ្តើម​យក​រដ្ឋធានី​កាប៊ុល​មកត្រួតត្រាបាន​ទៀត​។ មាន​របាយការណ៍​ថ្មីៗ​ជាច្រើន​បង្ហាញថា​ ពួក​យុទ្ធជន​របស់ក្រុមតាលីបង់​កំពុង​វាយ​រុល​ទៅមុខ​យ៉ាងលឿន​ នៅផ្នែក​ខាងជើង​និង​ខាងត្បូង​នៃ​រដ្ឋធានីកាប៊ុល​។

សហរដ្ឋអាមេរិក​និងសហគមន៍អន្តរជាតិ ​ទំនងជានឹងមិនអាច​ជៀសរួចនោះទេ ពីការ​ដាក់​សម្ពាធ​ខ្លាំងឡើង​លើ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ និង​ពួកតាលីបង់ឲ្យ​ចរចាគ្នា​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ណាមួយ​។ យ៉ាងណាក៏ដោយ ឥឡូវនេះ​សន្លឹក​បៀសំខាន់ៗ​គឺ​ស្ថិត​នៅក្នុង​ដៃក្រុម​តាលីបង់​ស្ទើរ​តែ​ទាំងអស់​ទៅហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ