អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នូវែលសេឡង់៖ ហេតុអ្វី​ជនសង្ស័យ​ក្នុងបញ្ជីតាមដាន​របស់​ប៉ូលិស​អាចចេញទៅ​បង្កភេរវកម្ម​ចាក់សម្លាប់មនុស្ស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​នូវែលសេឡង់ បានរង​ការវាយប្រហារភេរវកម្ម​សាជាថ្មី នៅ​ថ្ងៃ​សុក្រ​ទី ៣ កញ្ញា បន្ទាប់ ពី​ឧក្រិដ្ឋជន​ម្នាក់​បាន​ដើរចាក់​មនុស្ស នៅ ផ្សារទំនិញ មួយ ក្នុង​ទីក្រុង​Auckland។ នៅ​ក្នុង​សន្និសីទកាសែត នាយករដ្ឋមន្រ្តី​នូវែលសេឡង់ លោកស្រី ហ្សាស៊ីនដា អារឌែន បាននិយាយ​ថា មាន​មនុស្ស៦នាក់​រងរបួស ចំណែក ឧក្រិដ្ឋជន ត្រូវ​ប៉ូលិស​ស៊ីវិល បាញ់​សម្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ។ នាយករដ្ឋមន្រ្តី​នូវែលសេឡង់ បានចាត់ទុក​ការវាយប្រហារខាងលើ​ជា​ការវាយប្រហារភេរវកម្ម ព្រោះជនដៃដល់​បានទទួល​ឥទ្ធិពល​ពី​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ប៉ូលិស​យាម​នៅ​មុខ​ហាងទំនិញ ក្នុង​ទីក្រុង​អូកលែន ប្រទេស​នូវែលសេឡង់​ជាទី​ដែល​ភេរវជនចាក់មនុស្ស​ឲ្យ​របួស ៦នាក់ កាលពី​ថ្ងៃទី ៣​កញ្ញា ២០២១
ប៉ូលិស​យាម​នៅ​មុខ​ហាងទំនិញ ក្នុង​ទីក្រុង​អូកលែន ប្រទេស​នូវែលសេឡង់​ជាទី​ដែល​ភេរវជនចាក់មនុស្ស​ឲ្យ​របួស ៦នាក់ កាលពី​ថ្ងៃទី ៣​កញ្ញា ២០២១ AP - Brett Phibbs
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រទី ៣កញ្ញា ប៉ូលិស​នូវែលសេឡង់ បាន​បាញ់សម្លាប់ ជនជ្រុលនិយម​ដ៏ហិង្សា​ម្នាក់ បន្ទាប់​ពី​ជនដៃដល់ ​ដើរចាក់​សម្លាប់​មនុស្ស នៅក្នុង​ផ្សារទំនិញមួយ​ក្នុង ទីក្រុង​អូកលែន។ នាយករដ្ឋមន្រ្តី​នូវែលសេឡង់ បាននិយាយ​នៅក្នុង​សន្និសីទ​នៅថ្ងៃ​នេះថា ជនជ្រុលនិយម បាន​វាយប្រហារ​ភេរវកម្ម សំដៅ ពលរដ្ឋស្លូតត្រង់ ប៉ុន្តែ ប៉ូលិស​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​តាំងពីដំបូងទី។

ហេតុការណ៍​ចាក់សម្លាប់មនុស្ស កើត​មាន នៅ​ម៉ោង ២រសៀល ម៉ោង​នៅ​ប្រទេស​នូវែលសេឡង់ នៅ​ផ្សារទំនិញ មួយ ឈ្មោះ Countdown Lynnmall ក្នុង​ទីក្រុង​អូកលែន។ តាម​កាសែត​ក្នុង​ស្រុក ដែល​បាន​ដកស្រង់​សំដី​របស់​សាក្សី ដែលជា​អតិថិជន ជនដៃដល់​បាន​ចាប់​យក​កាំបិត ដែល​តាំងលក់​ក្នុង​ផ្សារ និង​បាន​រត់ទៅ​ចាក់​មនុស្ស​ពេញផ្សារ។ មនុស្ស​៦នាក់ ត្រូវ​ឧក្រិដ្ឋជន ចាក់ឲ្យ​របួស ក្នុង​នោះ មាន​៣នាក់ រង​របួសធ្ងន់។

តាម​សាក្សីនៅកន្លែងកើតហេតុ នៅពេល​កំពុង​មាន​ភាពឆោឡោ មនុស្ស​រត់ប្រសាច​ចេញពី​ហាងទំនិញ ទៅតាម​ការស្រែក​អំពាវនាវ​របស់​សន្តិសុខផ្សារ គេ​ឃើញ​ប៉ូលិសស៊ីវិល រត់ចូល ទៅ​កាន់​កន្លែង​កើតហេតុ។ បន្ទាប់មក គេ​ក៏​លឺ​សំឡេង​គ្រាប់កាំភ្លើង​១០គ្រាប់។ មេប៉ូលិស នូវែលសេឡង់ លោក Andrew Coster បាននិយាយ​ថា ភ្នាក់ងារ​ប៉ូលិស​បាន​អន្តរាគមន៍​យ៉ាលឿនរហ័ស ដោយ​បាន​បាញ់​សម្លាប់​ឧក្រិដ្ឋជន នៅតែ ១នាទីក្រោយ​ដែលឧក្រិដ្ឋជន​បង្ក​អំពើហិង្សា​ចាក់សម្លាប់មនុស្ស។

តើ​គេអាច​​ដឹង​អ្វីខ្លះ​ពី​អត្តសញ្ញាណ​របស់​ភេរវជន?

នៅក្នុង​សន្និសីទ​កាសែតនៅថ្ងៃ​នេះ លោកស្រីនាយករដ្ឋមន្រ្តី​នូវែលសេឡង់ ហ្សាស៊ីនដា អារឌែន បាននិយាយ​ថា លោកស្រីមិនអាច​ទម្លាយ​ឲ្យដឹង​ច្រើន​ពី​អត្តសញ្ញាណ​របស់​ភេរវជន​នោះទេ ដោយសារ មាន​បម្រាម ទាក់ទង​នឹង​កិច្ចការសម្ងាត់​របស់​តុលាការ។ ប្រមុខរដ្ឋាភិបាលនូវែលសេឡង់​បាន​អះអាងដែរថា លោកស្រី នឹង​ជំរុញ​ឲ្យ​តុលាការ​បញ្ចេញ​ឯកសារ​សម្ងាត់​ផ្សេងទៀត ដើម្បី ឲ្យសាធារណជន នូវែលសេឡង់​បាន​យល់​ច្បាស់​ច្រើន​ជាងនេះ ពីហេតុការណ៍ វាយប្រហារ​ភេរវកម្ម នៅក្រុង​អូកលែន Auckland។

ក្នុង​អំឡុងពេលនេះ គេដឹងត្រឹមថា ភេរវជន​ដែល​បាន​ដើរចាក់សម្លាប់​មនុស្ស នៅថ្ងៃនេះ មានដើមកំណើត​ស្រីលង្កា ដែល​បាន​ចូលមក​រស់នៅ ប្រទេស​នូវែលសេឡង់ តាំង​ពី​ឆ្នាំ ២០១១។ នៅ​ឆ្នាំ ២០១៦ នៅក្នុង​ហេតុផល​សន្តិសុខ​ជាតិ បុរស​ស្រីលង្ការ​ម្នាក់នេះ ត្រូវបាន​ប៉ូលិសនូវែលសេឡង់ ប្រឆាំង​ភេរវកម្ម ដាក់​ក្នុង​បញ្ជីតាមដាន​រហូតមក។

ប្រមុខរដ្ឋាភិបាល​នូវែលសេឡង់​បញ្ជាក់ដែរ​ថា ភេរវជន​ធ្លាប់ជាប់​ពន្ធនាគារ ប៉ុន្តែ ក្រោយ​មក​ក៏ត្រូវ​តុលាការ​ដោះលែង​ឲ្យមាន​សេរីភាព​មកវិញ។ តាមនាយករដ្ឋមន្រ្តី​នូវែលសេឡង់ ចាប់តាំង​ពី​តុលាការ​ដោះលែងឲ្យ​នៅក្រៅឃុំ ប៉ូលិស​នៅតែ​បន្ត​តាមដាន​រហូត និង​ដឹង​ថា ជនដៃដល់​ធ្លាប់​បាន​ទទួល​ឥទ្ធិពល មនោគមវិជ្ជា ពីក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ភេរវជន​ស្ថិតក្រោម​ការតាមដាន របស់​ប៉ូលិស​តាំង ពី ៥ឆ្នាំ

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​នេះ លោកស្រី អារឌែន បាន​និយាយថា លោកស្រី​នាយករដ្ឋមន្រ្តី ហ្សាស៊ីនដា អារឌែន បាននិយាយ​ថា លោកស្រី ខកចិត្តខ្លាំង នៅពេល​លឺថា មាន​ការវាយប្រហារ​ភេរកម្ម​នៅក្រុង​អូកលែន។ លោកស្រី​ផ្ទាល់​បានដឹង​ស្គាល់មុខ  ជនដៃដល់ នៅមុន​ដែល គេដើរចាក់សម្លាប់មនុស្ស ព្រោះថា ជនដៃដល់​ស្ថិតក្នុង​បញ្ជីតាមដាន​របស់ ប៉ូលិស​ប្រឆាំង​ភេរវកម្ម​រហូតមក។

មេប៉ូលិស​នូវែលសេឡង់​ លោក Andrew Coster ទៀតសោត ទទួលស្គាល់​ថា គេ​បាន​តាមដាន​បុរស​ស្រីលង្កា​នេះ យ៉ាង​ជាប់ស្អិត ២៤ម៉ោង លើ​២៤ម៉ោង ៧ថ្ងៃ​ក្នុង​មួយសប្តាហ៍។ប៉ូលិស​នូវែលសេឡង់ បាន​ធ្វើ​អស់​ពីសមត្ថភាពហើយ នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​នូវែលសេឡង់។ កន្លងមក ជនដៃដល់​ដឹងថា ខ្លួនគេ​ស្ថិតក្រោម​ការតាមដាន​របស់​ប៉ូលិស ដូច្នេះ ប៉ូលិស​ស៊ីវិល ព្យាយាម​មិន​ចូល​ទៅ​ជិត​ខ្លាំងពេក ដើម្បី​កុំ​ឲ្យ​វាយស្មៅបង្អើលពោះ។ ប៉ុន្តែ គេ​នៅតែ​មិនអាច​ទប់ស្កាត់​កុំ​ឲ្យកើតមាន​​ហេតុការណ៍​ចាក់សម្លាប់មនុស្ស​បាន។ យ៉ាងណាក៏ដោយ  គឺ​មកពី​ប៉ូលិស នៅ​ឃ្លាំជាប់ជិត​ជានិច្ច បាន​ជា​ប៉ូលិស អាច​ចូល​ទៅ​អន្តរាគមន៍ នៅក្នុង​រយៈពេល តែ ១​នាទីប៉ុណ្ណោះ នៅក្រោយ ភេរវជន​ចាប់ធ្វើ​សកម្មភាព។

សំណួរដែលចោទឡើង​នៅ​ត្រង់ថា ឧក្រិដ្ឋជន​ស្ថិតក្នុង​បញ្ជី​ឃ្លាំតាមដាន​មើល​របស់​ប៉ូលិស ប្រឆាំង​ភេរវកម្ម តាំង​ពី​៥ឆ្នាំមកហើយ។ ឆ្លើយទៅនឹង​សំណួរ​របស់អ្នកកាសែតដែលថា ហេតុអ្វី​ជនដៃដល់ ត្រូវ​តុលាការ ដោះលែង​ឲ្យ​រស់នៅក្នុង​សហគមន៍ ធម្មតា លោកស្រី​នាយករដ្ឋមន្រ្តី​នូវែលសេឡង់បាននិយាយ​ថា អាជ្ញាធរ​បាន​ប្រឹងអស់​ពី​សមត្ថភាព និងអនុវត្ត​ទៅតាម​ច្បាប់របស់ប្រទេស។ ជាការពិត ជនដៃដល់​ធ្លាប់​បាន​ជាប់​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​មកវិញ។ នេះ​សបញ្ជាក់ថា តាមផ្លូវច្បាប់ គេ​គ្មានអ្វី​ដែលអាច​បន្ទោស ដាក់បន្ទុក ចាប់បុរសម្នាក់ នេះ ឲ្យ​នៅក្នុង​ពន្ធនាគារ​ទៀត​នោះដែរ។ ប៉ុន្តែ យ៉ាងណាក៏ដោយ លោកស្រីប្រមុខរដ្ឋាភិបាល​នូវែលសេឡង់​សន្យា​ថា នឹង​ពិនិត្យមើលឡើង​វិញ បញ្ជីឈ្មោះ និង​វិធានការ​តាមឃ្លាំមើល​ជនសង្ស័យ ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កើតមាន​ហេតុការណ៍​ដូចថ្ងៃនេះ។

តើការវាយប្រហារ​លើកនេះ​អាច​ទាក់ទង​នឹង​ការវាយប្រហារ​ភេរវកម្ម នៅ​វិហារអ៊ីស្លាម ក្រៃឈើច កាលពី​ឆ្នាំ ២០១៩ ដែរឬទេ បុប្ផា?

ហេតុការណ៍​ចាក់សម្លាប់​មនុស្ស ដែលលោកស្រី នាយករដ្ឋមន្រ្តី​អារឌែន​ចាត់ទុក​ជា​ការវាយប្រហារ​ភេរវកម្ម បានធ្វើ​ឲ្យ​នឹកភ្លាម​ទៅដល់ព្រឹត្តិការណ៍​ដែល​បុរស​ស្តាំនិយមជ្រុល អូស្រ្តាលីម្នាក់ បាញ់រះ សម្លាប់មនុស្ស ៥១នាក់ នៅវិហារអ៊ីស្លាម នៅ​ទីក្រុង​ក្រៃឈើច កាលពី​ឆ្នាំ ២០១៩។ ប៉ុន្តែ សម្រាប់​ប្រមុខរដ្ឋាភិបាល​នូវែលសេឡង់ ហេតុការណ៍ លើកនេះ មិនទាក់ទង ឬជាការសងសឹក នឹង​ការវាយប្រហារ​ភេរវកម្ម សម្លាប់​ជនជាតិ​អ៊ីស្លាម កាលពី​២ឆ្នាំមុននោះទេ។ សម្រាប់​លោកស្រី ការវាយប្រហារ​ភេរវកម្ម​លើកនេះ បង្កឡើង​ដោយ​បុគ្គលមួយរូប គឺ​គ្មានទាក់ទង​នឹង​ជំនឿសាសនា វប្បធម៌ និង​ជាតិសាសន៍អ្វីនោះទេ។ ភេរវកម្ម​នៅ​អូកលែន ជាការទទួលខុសត្រូវ​របស់​មនុស្ស​តែ​១នាក់​គត់ប៉ុណ្ណោះ។

មេប៉ូលិស​នូវែលសេឡង់ បាន​និយាយ​ធានាថា ភេរវជន​ធ្វើ​សកម្មភាព តែម្នាក់ឯង ដូច្នេះ នឹង​គ្មាន​ការគំរាមកំហែង សម្រាប់​សហគមន៍​នូវែលសេឡង់​តទៅ​ទៀតនោះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ