អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើមានអ្វី នៅពីក្រោយ ព្យុហយាត្រា​ប្លែកពិសេស របស់​កូរ៉េខាងជើង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាងជើង​រៀបចំ​ព្យុហយាត្រា ដើម្បី​អបអរ​បុណ្យជាតិ ដោយ​គ្មាន​ការតាំង អួតបង្ហាញ គ្រាប់មីស៊ីល ដូចលើកមុនៗ។ នៅក្នុង​ពិធីបុណ្យខួប លើកទី ៧៣​នៃ​ការបង្កើតសាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ ដែលត្រូវ​បាន​រៀបចំ នៅយប់​ថ្ងៃ​ពុធ​ទី ៩ កញ្ញា  គ្មានទេ មីស៊ីល រថក្រោះ សព្វាវុធ ធ្ងន់ៗ ប៉ុន្តែ គេឃើញ ត្រាក់ទ័រ រថយន្ត​ពន្លត់អគ្គិភ័យ ចំណែក អ្នកដើរព្យុហយាត្រា ភាគច្រើន ជា​យុវជន កសិករ និង ជាពិសេស មន្រ្តី​សុខភាព ក្នុង​ឯកសណ្ឋាន ពណ៌​ទឹកក្រូច និង​ម៉ាសគ្រប​មុខជិត។ នៅក្នុង​ពិធីបុណ្យ កាលពីម្សិលមិញ គេ​ឃើញ​វត្តមាន​របស់​ប្រមុខដឹកនាំ​គីម ជុងអ៊ុន ដែល​ស្រកទម្ងន់​អស់ច្រើន ដូច​ដែល​កាសែត​ក្នុង​ស្រុក កូរ៉េខាងជើង និងកាសែត បរទេស ធ្លាប់​ចុះផ្សាយ កន្លងមក។ ព្យុហយាត្រា កាលពី​យប់ថ្ងៃ​ពុធម្សិលមិញ ជា​ព្យុហយាត្រា លើកទី​៣ ដែល​ព្យុងយ៉ាងរៀបចំឡើង ក្នុងរយៈពេល​តែ​១ឆ្នាំ។ តើ​ព្យុហយាត្រា របស់​កូរ៉េខាងជើង មានអត្ថន័យ​យ៉ាងណា?

កងពិសេស សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ នៅក្នុង​ក្បួនព្យុហយាត្រា នៅទីក្រុង​ព្យុងយ៉ាង កាលពីថ្ងៃពុធទី ៨កញ្ញា ២០២១
កងពិសេស សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ នៅក្នុង​ក្បួនព្យុហយាត្រា នៅទីក្រុង​ព្យុងយ៉ាង កាលពីថ្ងៃពុធទី ៨កញ្ញា ២០២១ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើង​ធ្វើ​ព្យុហយាត្រាកងទ័ព ប្លែក ពិសេស ដោយ​គ្មាន​បង្ហាញ​គ្រាប់មីស៊ីល នៅក្នុង​​ឱកាស​ខួប ៧៣ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ ដែលជា​ឈ្មោះ ផ្លូវការ​របស់​កូរ៉េខាងជើង។

ព្យុហយាត្រា កាលពី​ថ្ងៃ ពុធ ម្សិលមិញ ជា​ព្យុហយាត្រា លើកទី​៣ ដែល​កូរ៉េខាងជើង​រៀបចំឡើង ក្នុង​រយៈពេល​តែ ១ឆ្នាំ។ នេះ​ជារឿង​មិនធម្មតា​នោះទេ។  កូរ៉េខាងជើង តែង​ឆ្លៀត យក​ពិធី​បុណ្យជាតិ ដើម្បី​រៀបចំ​ព្យុហយាត្រា​កងទ័ព។ កាលពី​ខែ​តុលាឆ្នាំមុន នៅក្នុង​ឱកាសគម្រប់​ខួប​៧៥​ឆ្នាំ​ របស់​គណបក្ស​ពលករ -បក្ស​នយោបាយ​តែមួយ​គត់​របស់​​កូរ៉េខាង​ជើង កូរ៉េខាងជើង​បានរៀបចំ​ក្បួនព្យុហយាត្រាកងទ័ព ដ៏ធំ​សម្បើម ដែលនៅក្នុងនោះ គេឃើញ ព្យុងយ៉ាង បង្ហាញ គ្រាប់​មីស៊ីល​បាលីស្ទិក អន្តរទ្វីប ដែល​តាមពិត ត្រូវហាមឃាត់ ដោយ​អង្គការ​សហប្រជាជាតិ។ នៅ​ខែ មករា​ដើមឆ្នាំនេះ ពោល​គឺ​នៅប៉ុន្មាន​ថ្ងៃ​មុន លោក ចូ បៃដិន ស្បថចូលកាន់តំណែង​ជា​ប្រធានាធិបតីអាមេរិក កូរ៉េខាងជើង ក៏​បាន​ធ្វើ​ព្យុហយាត្រា​កងទ័ព ម្តងទៀត ក្នុង​ឱកាស សមាជ​បក្សពលករ​កូរ៉េខាងជើង ដែល​នៅក្នុងនោះ គេឃើញ កូរ៉េខាងជើង បង្ហាញ មីស៊ីល​បាលីស្ទិក ដែល​អាច​បាញ់​ចេញ​ពី​នាវាមុជទឹក។

ព្យុហយាត្រា​របស់​កូរ៉េខាងជើង​មាន​មុខងារ ២។ ទី១​គឺជា​ឱកាស ដែល​កូរ៉េខាងជើង ប្រើសម្រាប់ បង្ហាញ អួត សំញ៉ែង បច្ចេកវិទ្យា​ចុងក្រោយ សព្វាវុធ​ទំនើបៗ ដូចជា មីស៊ីល បាលីស្ទិក អន្តរទ្វីប ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលកូរ៉េខាងជើង​បាន​សម្រេចផលិតបាន។ គោលដៅ គឺ​ដើម្បី​បង្ហាញ ផ្គើន សហគមន៍​អន្តរជាតិ ថា កូរ៉េខាងជើង នៅតែ​មាន​សមត្ថភាព ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ បើទោះបី ជា​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីសហគមន៍ អន្តរជាតិ។

តាមអ្នកជំនាញ ទោះកូរ៉េខាងជើង បង្ហាញ សំញ៉ែងមីស៊ីល ក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែ កូរ៉េខាងជើង ខាន បាញ់​សាកល្បង មីស៊ីល​បាលីស្ទិក តាំង ពី ឆ្នាំ ២០១៧។ ជារួម កូរ៉េខាងជើង មិន​ចង់បាញ់​សាកល្បង ដែលអាច​ជា​សកម្មភាព ញុះញង់ ធ្វើ​ឲ្យ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​អន្តរជាតិ​បន្ថែមទៅលើ​ខ្លួនទៀតនោះទេ។

ប៉ុន្តែ នៅពេល ព្យុហយាត្រា មួយចំនួន ជា​មធ្យោបាយឃោសនា ផ្ញើសារ ទៅ​សហគមន៍​អន្តរជាតិ ព្យុហយាត្រា ភាគច្រើន មាន​ន័យ គោលដៅ សំខាន់ សំដៅ ស្វែងរកការគាំទ្រ​ក្នុង​ស្រុក ជាពិសេស នៅក្នុង​កាលៈទេសៈ ដែលប្រទេស​កំពុងជួបការលំបាក។ ការដង្ហែរក្បួនព្យុហយាត្រា ដែលភាគច្រើន រៀបចំ​នៅពេលរាត្រី អម​ដោយ​ពិធីបុណ្យ​បាញ់កាំជ្រួច ជា​មធ្យោបាយ ជំរុញ លើកទឹកចិត្ត​ប្រជាជន ឲ្យសប្បាយ ជឿជាក់​លើ​ការដឹកនាំ និង​គាំទ្រ ជំហរ​នយោបាយ​របស់​ថ្នាក់ដឹកនាំ កូរ៉េខាងជើង នៅចំពោះមុខ ការដាក់សម្ពាធ​ពីសហគមន៍​អន្តរជាតិ។

ក្បួនព្យុហយាត្រា ដែល​គ្មាន​បង្ហាញ មីស៊ីល​ទំនើបៗ

ព្យុហយាត្រា នៅ​យប់​ថ្ងៃ​ពុធទី ៨ កញ្ញា គឺ​ខុសប្លែក ពី​ក្បួនព្យុហយាត្រា មុនៗ។ ខុសប្លែក មិនធម្មតា នៅត្រង់ថា គេ​មិនបាន​ឃើញ កូរ៉េខាងជើង បង្ហាញ គ្រាប់មីស៊ីល បាលីស្ទិក ធំៗ តាមទម្លាប់ នោះទេ។

សព្វាវុធ​ដែល​មាន ច្រើនជាងគេ នៅក្នុង​ក្បួនព្យុហយាត្រា យប់ម៉ិញ គឺ​កាំភ្លើងផ្លោង កាំភ្លើង ត្បាល់ធំ ប៉ុណ្ណោះ។ ហើយអ្វីដែល​ប្លែក និង​ភ្ញាក់ផ្អើល​ជាងនេះទៅទៀត គឺ​កាំភ្លើងត្បាល់ ត្រូវ​អូស​នាំមុខ ដោយ​ត្រាក់ទ័រ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA អ្នកដែល​បើកត្រាក់ទ័រ ជា កសិករ ដែល ត្រៀមខ្លួន​ជានិច្ច ការពារ ទឹកដី​ពីការឈ្លានពាន​ពីខាងក្រៅ។ ចំណែក អ្នកដើរ​ក្នុង​ក្បួនដង្ហែរ​ព្យុហយាត្រា​ផ្សេងទៀត ជា​យុវជន ជា​ភ្នាក់ងារ ការពារ​សន្តិសុខ សាធារណៈ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អយស្ម័យាន ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម ឬ ក្រុមហ៊ុន​ដឹកជញ្ជូនផ្លូវអាកាស។ ក្នុង​ដៃ​របស់ពួកគេ មាន​ដៃ​កាន់អាវុធ ដូចជា​កងទ័ព​យ៉ាងដូច្នេះ​ដែរ។ នេះអាចជា​សារ បញ្ជាក់ទៅ​ប្រទេស​ខាងក្រៅថា មិនមែន​មាន​តែ​កងទ័ពទេ ដែល កាន់អាវុធ ប្រឆាំង​រាល់ការឈ្លានពាន ពីខាងក្រៅ សូម្បី កសិករ យុវជន និង​មន្រ្តីរដ្ឋការ​ទូទៅ​របស់​កូរ៉េខាងជើង ក៏ចេះកាន់អាវុធ ដើម្បី ការពារ ប្រឆាំង រាល់​ការវាយប្រហារ​ពី​បរទេស​ដែរ។

គេអាច​ថា ព្យុហយាត្រា​លើកនេះ សំដៅ​ផ្តោតខ្លាំង លើ​ការចូលរួម របស់​ប្រជាជន​ស៊ីវិល ប៉ុន្តែ មិនមែន​កងទ័ព​កូរ៉េខាងជើង ដូច​ព្យុហយាត្រា​មុនៗ។ នៅមាន​ចំណុចមួយទៀត ដែលទាក់ទាញ​ ចំណាប់អារម្មណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស គឺ​ការដើរព្យុហយាត្រា​របស់​ក្រុមមនុស្ស ដែល​មាន​ឯកសណ្ឋាន ពណ៌ទឹកក្រូចឆើត និងពាក់ម៉ាសគ្របជិត ដែល​ជា​សញ្ញា​បង្ហាញថា កូរ៉េខាងជើង​បាន​បង្កើត​កងកម្លាំង​ពិសេស ដើម្បី ជួយ​ទប់ស្កាត់ ការឆ្លងរាលដាល​ជំងឺកូវីដ។

កូរ៉េខាងជើង​អះអាងថា ខ្លួនគ្មាន​ករណី​ឆ្លងកូវីដទាល់តែសោះ។

នៅ​សប្តាហ៍មុន កូរ៉េខាងជើង​បាន​បដិសេធ​មិន​ទទួល​វ៉ាក់សាំង​ផលិតនៅចិន ជិត ៣លានដូស ដែល​កូរ៉េខាងជើង ត្រូវ​ទទួលបាន តាមរយៈ យន្តការ​ Covax  របស់​អង្គការ​សុខភាពពិភពលោក។

កូរ៉េខាងជើង​បាន​អះអាង​ថា គ្មានករណី​ឆ្លងជំងឺកូវីដ ក្នុង​ទឹកដី​របស់ខ្លួន។​ អង្គការ​សុខភាព​ពិភពលោក ​បាន​លើកឡើងដែរថា គេគ្មានរកឃើញ ករណី​ឆ្លងជំងឺកូវីដ នៅ​កូរ៉េខាងជើង។ តាម អង្គការ​សុខភាពពិភពលោក ការធ្វើតេស្ត​បុគ្គលិកពេទ្យ និងអ្នកជំងឺ​ក្អក ផ្តាសាយ កូរ៉េខាងជើង ជិត ៤ម៉ឺននាក់ កាលពី​ពាក់កណ្តាល​ខែ​សីហា​កន្លងទៅ បាន​បង្ហាញថា ពួកគេ មាន​តេស្ត​អវិជ្ជមាន​កូវីដ។ អ្នកវិភាគមួយ​ចំនួន​នៅ​តែ សង្ស័យ និង​មិនជឿ​ថា កូរ៉េខាងជើង គ្មានករណី​ឆ្លងកូវីដ​ទាល់តែសោះ ដូចការអះអាង​របស់​មេដឹកនាំ​កូរ៉េខាងជើង នោះទេ។

ទោះជាគេពិបាក​នឹង​ជឿ ប៉ុន្តែ ពិធីដង្ហែរក្បួនព្យុហយាត្រា នៅយប់​ថ្ងៃ​ពុធ​ទី ៨ កញ្ញា ជា​ឱកាស​ដែល​មេដឹកនាំ​កូរ៉េខាងជើង បង្ហាញថា កូរ៉េខាងជើង​ពិតជា​គ្មាន​ករណីឆ្លង​ជំងឺកូវីដ។ ជាក់ស្តែង អ្នកដែល​ចូលរួម​ក្នុង​ពិធីបុណ្យ តាំង​ពី​មេដឹកនាំ គីម ជុងអ៊ុន រហូត​ដល់​ប្រជាជន​សាមញ្ញ គឺគ្មាន​ពាក់ម៉ាស រក្សា​គម្លាតអ្វីនោះទេ។ ក្នុង​ពិធីបុណ្យជាតិ គេឃើញ លោក​គីមជុងអ៊ុន ដែលមាន​រាងស្គម ស្រកទម្ងន់ជាងមុន ឈរសំណេះសំណាល ស្និទ្ធិស្នាលជាមួយ ប្រជាជន​កូរ៉េខាងជើង។

កូរ៉េខាងជើង ​អះអាង ថា គ្មានករណីកូវីដ​សោះ បន្ទាប់ពី​បាន​រឹតបន្តឹង ខ្លាំងមែនទែន ដូចជា បាន​បិទព្រំដែន ជាមួយ​ប្រទេសចិន និង​បិទខ្ទប់​ការធ្វើដំណើរ ដោយសេរី ក្នុង​ប្រទេស។ វិធានការ​បិទព្រំដែន​ជាមួយ​ចិន ដែល​ជា​ដៃគូ ពាណិជ្ជកម្ម សំខាន់​ជាងគេ​បំផុត របស់​កូរ៉េខាងជើង បាន​ទៅ​រឹត ច្របាច់ក កូរ៉េខាងជើង។ ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ បាន​លើកឡើងថា ប្រជាជន​កូរ៉េខាងជើង ប្រមាណ ៤០ភាគរយ បានរងគ្រោះ ដោយសារ​គ្រោះអត់ឃ្លាន។ មេដឹកនាំ កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​ផ្ទាល់ ក៏ធ្លាប់​ទទួលស្គាល់ថា កូរ៉េខាងជើង កំពុង​ជួប​វិបត្តិសេដ្ឋកិច្ច កង្វះផលិតផល​កសិកម្ម ដោយសារ​គ្រោះធម្មជាតិ និង​ទណ្ឌកម្ម​ពី​សហគមន៍អន្តរជាតិ។

ដោយ ផ្តោតអាទិភាព​ការចូលរួម​របស់​ប្រជាជន កសិករ​ក្នុង​ក្បួនព្យុហយាត្រា នៅក្នុង​ឱកាស​ខួប ៧៣ឆ្នាំ​នៃ​ការបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ ថ្នាក់ដឹកនាំ កូរ៉េខាងជើង ចង់ ផ្ញើសារ​ទៅកាន់​ប្រជាជន​ក្នុង​ស្រុកថា ថ្នាក់ដឹកនាំ នៅតែ​យកចិត្តទុកដាក់ គិតដល់​សុខទុក្ខ​របស់ប្រជាជន។ នេះអាច​ជា​មធ្យោបាយ​មួយ កុំ​ឲ្យ​ប្រជាជន​អាច​ខឹងសម្បារ ផ្ទុះគំនិត ទៅ​បង្កើត​ចលនា​បះបោរប្រឆាំង​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ