អានតួអត្ថបទ
មីស៊ីល​បាលីស្ទិក​-កូរ៉េខាងជើង

ព្យុងយ៉ាង​បង្ហាញ​មីស៊ីលបាលីស្ទិក ដែល​អាច​បាញ់​ចេញ ពី​នាវាមុជទឹក

នៅក្នុង​ព្យុហយាត្រា យោធា កាលពី យប់​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ កូរ៉េខាងជើង​បាន​បង្ហាញ មីស៊ីល​បាលីស្ទិក ដែល​អាច​បាញ់​ចេញ​ពី​នាវាមុជទឹក។ របប​កុម្មុយនិស្ត​ព្យុងយ៉ាង បង្ហាញ​សាច់ដុំ​យោធា នៅ តែ​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​លោក​ចូ បៃដិន ស្បថ​ចូលកាន់តំណែង​ជា​ប្រធានាធិបតី អាមេរិក ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ នៅថ្ងៃទី ២០​មករា សប្តាហ៍ក្រោយ។ 

នៅក្នុង​ក្បួនព្យុហយាត្រា​នៅទីក្រុង​ព្យុងយ៉ាង ថ្ងៃទី ១៤​មករា ២០២១ សម្រាប់​រំលឹក​ខួប​៨ឆ្នាំ​នៃ​មហាសន្និបាត​បក្ស​ពលករ កូរ៉េខាងជើង​បង្ហាញ​មីសីល​បាលីស្ទិក​ដែល​បាញ់ចេញពី​នាវាមុជទឹក
នៅក្នុង​ក្បួនព្យុហយាត្រា​នៅទីក្រុង​ព្យុងយ៉ាង ថ្ងៃទី ១៤​មករា ២០២១ សម្រាប់​រំលឹក​ខួប​៨ឆ្នាំ​នៃ​មហាសន្និបាត​បក្ស​ពលករ កូរ៉េខាងជើង​បង្ហាញ​មីសីល​បាលីស្ទិក​ដែល​បាញ់ចេញពី​នាវាមុជទឹក via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

ព្យុហយាត្រា​យោធា ដ៏ធំ​សម្បើម ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ដែល​ញញឹម ស្រស់ស្រាយ ​បក់ដៃ ស្វាគម សមិទ្ធិផល របស់​កងទ័ពជាតិ។

នៅក្នុង​ព្យុហយាត្រា កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្រៅតែ ក្បួនទ័ព​ជើងគោក ក្រុមកាំភ្លើងធំ និង​ក្បួន​រថក្រោះ របបកុម្មុយនិស្ត​កូរ៉េខាងជើង បង្ហាញ​ផងដែរ មីស៊ីល​បាលីស្ទិក ដែល​បាញ់​ចេញពី នាវាមុជទឹក។ តាម រដ្ឋមន្រ្តី ក្រសួងការពារ​ជាតិ​កូរ៉េខាងជើង ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ KCNA មីស៊ីល​បាលីស្ទិក បាញ់​ចេញពី​នាវាមុជទឹក ​ដែលជា អាវុធ ដ៏​មានកម្លាំង ខ្លាំងជាងគេ នៅក្នុង ពិភពលោក និង​ដែល​មាន​វត្តមាន​នៅ​ទីលាន​គីម អ៊ីលស៊ុង ជាភស្តុតាង​បង្ហាញ​កម្លាំងខ្លាំង​មហិមារ​របស់​កងទ័ព​បដិវត្តន៍​កូរ៉េខាងជើង។

រូបភាព​របស់ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​KCNA បាន​បង្ហាញ រថយន្ត ដឹក​មីស៊ីល ដែល​មាន​បំពាក់ក្បាលគ្រាប់ សខ្មៅ ចំនួន ៤ នៅក្នុង​ក្បួនព្យុហយាត្រា កាលពី យប់​ថ្ងៃ​ព្រហស្បតិ៍។ តាម​អ្នកជំនាញអាមេរិក លោក​Ankit Panda នៃវិទ្យាស្ថាន Carnegie Endowment គេ​មិនដែល​ធ្លាប់​ឃើញ ម៉ូដែល មីស៊ីល​ប្រភេទនេះ ទេ​ពីមុនមក។

កន្លងមក កូរ៉េខាងជើង ធ្លាប់​បាន​បង្ហាញ មីស៊ីល ធុនតូច ប៉ុន្តែ គេ​មិនដឹងថា តើ​វាអាច​បាញ់​ចេញ​ពី​នាវា​មុជទឹកដែរឬទេ។ នៅក្នុង​មហាសន្និបាត បក្ស​ពលករ កូរ៉េខាងជើង នៅ សប្តាហ៍មុន មេដឹកនាំ កូរ៉េខាងជើង លោក​គីម ជុងអ៊ុនធ្លាប់​បាន​ប្រកាស​ហើយថា កូរ៉េខាងជើង កំពុង​រៀបចំ​ប្លង់ សម្រាប់​សាងសង់ នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ។

មីស៊ីលបាលីស្ទិក​បាញ់​ចេញ​ពី​នាវាមុជទឹក​នឹង​អាច​ធ្វើ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង បង្កើត​បានយុទ្ធសាស្រ្ត​ថ្មី ដូចជា អាច​ចាប់ផ្តើម​ការវាយប្រហារ ដោយ​មិន​ឲ្យ​អាមេរិក​ដឹងខ្លួនមុន ឬ​មួយ​កូរ៉េខាងជើង​អាច​បើកការវាយប្រហារ ដោយ​មិនចាំបាច់ បាញ់​មីស៊ីល​ពីដីគោក។

អ្នកជំនាញ​ជាច្រើន​វាយតម្លៃថា ការផ្លាស់ប្តូរ រដ្ឋបាល​ថ្មី​អាមេរិក ជាកង្វល់​មួយថ្មី​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង ដែល​បានចាត់ទុក អនាគត​ប្រធានាធិបតី​អាមេរិក ជា​ឆ្កែឆ្កួត។ នៅពេល រដ្ឋបាល​លោកចូ បៃដិន នឹង​ត្រលប់ទៅ​ប្រើ​នយោបាយការទូត​ចាស់ ពោល​គឺ​ចរចា ត្រឹមថ្នាក់​មន្រ្តីជំនាញ នៅមុន ជំនួបកំពូលរវាង​មេដឹកនាំ គេ​វាយតម្លៃថា កូរ៉េខាងជើង​បាន​ប្រើរូបភាព មហាសន្និបាត​បក្ស​កុម្មុយនិស្ត​លើកទី ៨ ហើយ​និង​ក្បួនព្យុហយាត្រា បង្ហាញ​មីស៊ីល សាច់ដុំ​យោធា លើកនេះ  ដើម្បី ធ្វើ​ជា​សារ ដាក់សម្ពាធ ទាមទារ​ចង់​បាន​សម្បទាន នៅក្នុង​ការចរចា​ជាមួយ​អាមេរិក។ ការចរចា ដែល​បាន​ជាប់គាំង រហូត​មក ដោយសារ​តែ កូរ៉េខាងជើង មិន​ព្រម​លះបង់​ចោល​កម្មវិធី​ផលិតអាវុធនុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការដកទណ្ឌកម្ម​របស់អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ