អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-ចិន៖កិច្ចសន្ទនាតាមទូរស័ព្ទលើកទី១ ក្នុងរយៈពេល ៧ខែរវាងលោកចូ បៃដិន និងលោកស៊ី ជីនពីង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៩ កញ្ញា ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​រយៈពេល ៩០នាទី។ គិត​តាំង​ពី​ខែ​កុម្ភៈ​មក នេះ​ជា​កិច្ចសន្ទានា​តាម​ទូរស័ព្ទ​លើកទី១ រវាង​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី១ និង​លំដាប់ទី២ ក្នុង​លោក។ នៅ​ក្នុង​កិច្ចសន្ទនា លោក​បៃដិន និង​ជិនពីង​បាន​និយាយ​ត្រង់​ទៅ ត្រង់​មក​ដោយ​ផ្តោត​សំខាន់​ពី​ទំនាក់ទំនង​ទ្វេភាគី។ គួរ​រម្លឹក​ថា ចិន និង​អាមេរិក​បាន​ស្គាល់​ទំនាក់ទំនង​រកាំរកូស​ខ្លាំង​ណាស់​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​។
ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​។ AFP - MANDEL NGAN,ANTHONY WALLACE
ផ្សាយពាណិជ្ជកម្ម

បើ​គេ​ពិនិត្យ​មើល​ជា​រួម​លើ​ខ្លឹមសារ​ដែល​លោក​ចូ បៃដិន និង​ស៊ី ជីនពីង​បាន​និយាយ​គ្នា គឺ​មាន​លក្ខណៈ​ទូលំទូលាយ​ដែល​ម្នាក់ៗ​បាន​និយាយ​ដោយ​គ្មាន​ការ​លាក់លៀម និង​និយាយ​ត្រង់ទៅ ត្រង់​មក​អស់​ពី​ពោះ​​ដោយ​មិន​ខ្លាច​អ្នក​ណា​ខឹង​អ្នក​ណា​ទេ។ គេ​អាច​និយាយ​បាន​ថា លោក​បៃដិន​បាន​និយាយ​ប្រាប់​លោក​ជីនពីង​ពី​អ្វី​ដែល​អាមេរិក​សប្បាយចិត្ត និង​មិន​សប្បាយចិត្ត​ទៅ​លើ​អ្វី​ដែល​ចិន​បាន​ធ្វើ ហើយ​លោក​ជីនពីង​វិញ​ក៏​បាន​និយាយ​ប្រាប់​លោក​បៃដិន​ពី​អ្វី​ដែល​ចិន​ពេញចិត្ត និង​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​ដែល​អាមេរិក​បាន​ធ្វើ។ ជា​រួម លោក​បៃដិន និង​លោក​ជីនពីង​បាន​ផ្តោត​ខ្លាំង​លើ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក ចិន។

លោក​បៃដិន និង​លោក​ជីនពីង​បាន​យល់​ឃើញ​ដូច​គ្នា​ថា អាមេរិក និង​ចិន​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា។ ពិត​ណាស់ អាមេរិក និង​ចិន​ជា​គូប្រជែង និង​បន្ត​ស្ថិត​ជា​គូប្រជែង។ តែ​អ្វី​ដែល​លោក​បៃដិន​ចង់​ចៀសវាង គឺ​មិន​ចង់​ឃើញ​ការ​ប្រជែង​គ្នា​នេះ​ប្រែ​ក្លាយ​ទៅ​ជា​ជម្លោះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។ ពី​ខាង​ចិន​វិញ លោក​ជីនពីង​បាន​និយាយ​ប្រាប់​លោក​បៃដិន​ច្បាស់ៗ​ថា អរិភាព​ដែល​អាមេរិក​ធ្វើ​លើ​ចិន​បាន​បង្ក​ចេញ​នូវ​ផលវិបាក​ពិត​ប្រាកដ​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV។

តាម CCTV ដដែល លោក​ជីនពីង​បាន​បញ្ជាក់​ប្រាប់​លោក​បៃដិន​ថា បើ​អាមេរិក និង​ចិន​ប្រឈម​មុខ​ដាក់​គ្នា គឺ​ប្រទេស​ទាំង​ពីរ រួម​ទាំង​ពិភពលោក​ទាំង​មូល​ជា​អ្នក​រងគ្រោះ។ សម្រាប់​ប្រធានាធិបតី​ចិន អានាគត និង​វាសនា​របស់​ពិភពលោក​គឺ​អាស្រ័យ​ទាំង​ស្រុង​លើ​សមត្ថភាព​របស់​ចិន និង​អាមេរិក​ក្នុង​ការ​គ្រប់គ្រង​ទំនាក់ទំនង​របស់​ខ្លួន​ឱ្យ​បាន​ល្អ។ ដោយឡែក មន្រ្តីជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ថា លោក​បៃដិន និង​ជីនពីង​ក៏​បាន​និយាយ​គ្នា​លើ​សំណុំរឿង​ផ្សេង ដូច​ជា​បញ្ហា​អាកាសធាតុ ឬ​មួយ​ក៏​ជំងឺ​កូវីដ១៩។

សន្ទនា​គ្នា​ផ្ទាល់​គ្រាន់​បើ​ជាង​បន្ត​ដៀមដាម និង​វាយប្រហារ​គ្នា​ពី​ចម្ងាយ

គ្រប់​គ្នា​កំពុង​ចង់​ដឹង​ថា តើ​រវាង​លោក​ចូ បៃដិន និង​លោក​ស៊ី ជីនពីង អ្នក​ណា​បាន​ចុច​ទូរស័ព្ទ​ហៅ​ទៅ​អ្នក​ណា​មុន?។ បន្ទាប់​ពី​បាន​នៅ​ស្ងៀមស្ងាត់​អស់​រយៈ​ពេល ៧ខែ មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​ក្នុង​លោក​បាន​និយាយ​គ្នា និង​ថែម​ទាំង​និយាយ​គ្នា​ត្រង់​ទៅ ត្រង់​មក​ទៀត​ផង។ គួរ​រម្លឹក​ថា លោក​បៃដិន និង​លោក​ជីនពីង​ធ្លាប់​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​លើកទី១ ក្នុង​ខែ​កុម្ភៈ ពោល​នៅ​ក្រោយ​លោក​បៃដិន​ទើប​ចូល​កាន់​តំណែង​ជា​ផ្លូវការ។ តាំង​ពី​ពេល​នោះ​មក គឺ​ស្ងាត់​ឈឹង និង​មាន​ពេល​ខ្លះ ភាព​ស្ងាត់​ឈឹង​នេះ​ត្រូវ​បាន​ជំនួស​ដោយ​ការ​វាយប្រហារ និង​ការ​ដៀមដាម​ដាក់​គ្នា​ដោយ​ពាក្យ​សម្តី។ នេះ​អាច​ជា​ហេតុផល​មួយ​ដែល​បាន​ជំរុញ​ឲ្យ​លោក​ចូ បៃដិន និង​លោក​ស៊ី ជីនពីង​សម្រេច​ចិត្ត​ជួប​សន្ទនា​គ្នា​ដោយ​ផ្ទាល់​តាម​ទូរស័ព្ទ​ពេល​នេះ។

គួរ​បញ្ជាក់​ថា រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​លោក​បៃដិន​ធ្លាប់​មាន​កិច្ចសន្ទនា​ជាមួយ​ចិន​ក្នុង​ខែ​មីនា​កន្លង​ទៅ។ កាល​ណោះ ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ទទួល​ជួប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​ក្នុង​រដ្ឋ​អាឡាស្កា។ តែ​ជំនួប​ពេល​នោះ​មិន​មាន​ដំណើរការ​ដោយ​រលូន​ទេ ព្រោះ​មាន​ការ​ដំឡើង​សំឡេង និង​ការ​តឹង​សរសៃ ក ដាក់​គ្នា។ នេះ​អាច​ជា​ហេតុផល​មួយ​ទៀត​ដែល​អាមេរិក និង​ចិន​ឲ្យ​សារៈសំខាន់ និង​យល់​ថា មាន​តែ​ការ​ជួប​សន្ទនា​គ្នា​ថ្នាក់កំពូល​ទើប​គេ​អាច​កាត់​បន្ថយ​ភាព​តានតឹង និង​អាច​ស្វែង​យល់​គ្នា​ទៅ​វិញ ទៅ​មក​ឲ្យ​បាន​ស៊ីជម្រៅ។

មាន​ចំណុច​ច្រើន​ដែល​អាមេរិក និង​ចិន​បន្ត​មិន​ចុះ​សម្រុង​គ្នា

គេ​បាន​ដឹង​ថា អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ និង​ចិន​បាន​ស្គាល់​ទំនាក់ទំនង​តានតឹង​ខ្លាំង​រវាង​គ្នា។ នេះ​ក៏​ដោយសារ​តែ​លោក​ត្រាំ​បាន​បញ្ឆេះ​សង្រ្គាមពាណិជ្ជកម្ម​ជា​ចំហ​ប្រឆាំង​នឹង​ចិន​តាម​រយៈ​ការ​ប្រើ​នយោបាយ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក។ សម្រាប់​លោក​ត្រាំ​ដែល​គិត​ប្រយោជន៍​អាមេរិក​ជា​ធំ​បាន​មើល​ឃើញ​ថា សេដ្ឋកិច្ច​ដែល​អាមេរិក​មាន​ជាមួយ​ចិន និង​ភាព​ជា​ដៃគូ​រវាង​អាមេរិក ចិន ពិសេស​ការ​ប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន​ជា​ការ​ប្រកួតប្រជែង​មិន​ស្មើ​ភាព។

ខុស​ពី​លោក​ត្រាំ លោក​បៃដិន​បាន​ការពារ​លើ​គោលការណ៍​ពហុភាគីនិយម​ដោយ​អំពាវនាវ​ឲ្យ​បិទបញ្ចាប់​គំនិត​ដែល​គិត​ប្រយោជន៍​អាមេរិក​ជា​ធំ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា លោក​បៃដិន​មិន​បាន​បោះបង់​ចោល​នូវ​នយោបាយ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដែល​បន្សល់​ទុក​ដោយ​លោក​ត្រាំ​ទេ ពិសេស​រក្សា​ទុក​ដដែល​នូវ​ច្បាប់​ពន្ធគយ។ ក្រៅ​ពី​រឿង​ពាណិជ្ជកម្ម នៅ​មាន​រឿង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អាមេរិក និង​ចិន​កំពុង​បន្ត​យល់​ឃើញ​មិន​ដូច​គ្នា ពិសេស​ទាក់ទង​នឹង​រឿង​តៃវ៉ាន់ ទីបេ ហុងកុង ស៊ីនជាំង ឬ​មួយ​ក៏​រឿង​នៅ​សមុទ្រ​ចិន។

នៅ​ពេល​ដែល​លោក​ចូ បៃដិន​រម្លឹក​ពី​ផលប្រយោជន៍​អាមេរិក​ដែល​ចង់​ឃើញ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ លោក​ស៊ី ជីនពីង​មិន​ញញើត​ចោទ​អាមេរិក​ពី​បទ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ស្គាល់​ភាព​ល្អក់ កករ។ ចិន​យល់​ថា រឿង​តៃវ៉ាន់ ទីបេ ហុងកុង ស៊ីនជាំង ឬ​មួយ​ក៏​រឿង​សមុទ្រ​ចិន​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន​ដែល​អាមេរិក​មិន​ត្រូវ​លូកដៃ​កកូរ​កកាយ​ទេ។ បើ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ អាមេរិក និង​ចិន​បាន​យល់​ឃើញ​ដូច​គ្នា​ពី​ផលប្រយោជន៍​នៃ​ការ​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​សម្រាប់​ទ្វេភាគី​ក៏​ដូច​ជា​សម្រាប់​ពិភពលោក។

តែ​បើ​ពិនិត្យ​ឲ្យ​ជិត​បន្តិច អាមេរិក និង​ចិន​នៅ​មាន​ចំណុច​មិន​ចុះ​សម្រុង​គ្នា​ជា​ច្រើន​ដែល​ពិបាក​និយាយ​គ្នា។ ចូរ​កុំ​ភ្លេច​ថា អាមេរិក និង​ចិន​មាន​ទំនាក់ទំនង​ជា​គូប្រជែង​ច្រើន​ជាង​ទំនាក់ទំនង​ជា​ដៃគូ នោះ​បើ​អ្នក​ទាំង​ពីរ​ដឹង​ថា ពួក​គេ​ត្រូវ​ការ​គ្នា​ទៅ​វិញ​មក​សម្រាប់​ប្រយោជន៍​ទ្វេភាគី និង​ពិភពលោក​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ