អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របាយការណ៍៖ គម្រោងផ្លូវសូត្រថ្មី​របស់​ចិន​បង្កើត​ឲ្យ​មាន “បំណុល​មិនផ្លូវការ” ជាង ៣៣០ ពាន់លានដុល្លារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​របស់វិទ្យាស្ថាន​ស្រាវជ្រាវមួយ នៃ សាកលវិទ្យាល័យ​អាមេរិក William& Mary ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ បាន​បង្ហាញថា គម្រោង​ផ្លូវសូត្រ​ថ្មី ឬ​គម្រោង ផ្លូវមួយ ខ្សែ​ក្រវ៉ាត់​មួយ របស់​ចិន​កំពុង​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​ជាប់ក្នុង​អន្ទាក់​បំណុល។ អ្វីដែល​គួរ​ឲ្យ​កត់សំគាល់ បំណុលជាច្រើន ដែល​ចិន​បាន​ផ្តល់​ទៅ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ មិន​ជាប់ឈ្មោះ​ជា​បំណុល​របស់​រដ្ឋ ប៉ុន្តែ រដ្ឋ​ត្រូវ​មាន​បន្ទុកសង។

ប្រធានាធិបតី​ស្រីលង្កា និង​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​នៅក្នុង​ទស្សនកិច្ច​នៅ​ទីក្រុង​កូឡុំប៊ូ ឆ្នាំ ២០១៤
ប្រធានាធិបតី​ស្រីលង្កា និង​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​នៅក្នុង​ទស្សនកិច្ច​នៅ​ទីក្រុង​កូឡុំប៊ូ ឆ្នាំ ២០១៤ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​វិទ្យាស្ថានស្រាវជ្រាវ​នៃ​សកលវិទ្យាល័យអាមេរិក ឈ្មោះ William & Mary ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី ២៩ កញ្ញា​បាន​បង្ហាញ​ថា គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់​ចិន​បាន​បង្កើត​ឲ្យ​មាន ប្រាក់បំណុល លួចបាំង ដ៏​មហាសាល ប្រមាណ ៣៣០ពាន់​លាន​ដុល្លារ។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​AidData នៃសកលវិទ្យាល័យ អាមេរិកាំង William and Mary ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ​Virginia និយាយ​លម្អិត​ពី​បញ្ហា បា្រក់បំណុល មិនផ្លូវការ ឬ​ប្រាក់បំណុល​ចិន ដែល​មានក្នុង​កិច្ចសន្យា ដែល​ធ្វើឡើង​ដោយ​ស្ងាត់ៗ ព្រោះ​សូម្បី រដ្ឋ​កូនបំណុល​មួយចំនួន ក៏ មិនបាន​ដឹងខ្លួន​ផងទេ​ថា ខ្លួន​ត្រូវ​មាន​បន្ទុក​សង​បំណុល​លាក់បាំង​ទាំងនោះ ទៅ​ចិន។

នៅពេល​ចិន​ចាប់ផ្តើម​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយនៅ​ឆ្នាំ ២០១៣ ដើម្បី​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំងតាម​ផ្លូវគោក និង​ផ្លូវទឹក តភ្ជាប់​ពី​ប្រទេស​មួយ​ទៅប្រទេសមួយ ដើម្បី​បង្កើត​ជាខ្សែបណ្តាញ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ចាប់ពីចិន តភ្ជាប់​ទៅ​អាស៊ី និង​បន្ត​រហូត​ទៅដល់​តំបន់​អឺរ៉ុប និង​អាហ្វ្រិក ​ចិន​បាន​ចំណាយ​លុយ​រាប់រយ​ពាន់លាន​ដុល្លារ។  ប្រទេស​ជាច្រើន​ដែលបាន​ចូលរួម​ក្នុង​គម្រោង​ផ្លូវសូត្រ​ថ្មីរបស់​ចិន ដើម្បី អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ស្រុក បាន​ទទួល​ប្រាក់កម្ចី​ពី​ចិន ដែល​អាច​ជា​កម្ចី​ពី​ធនាគារចិន ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​រដ្ឋ ឬ​អាច​ជា​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ពាក់​កណ្តាល​រដ្ឋ​ ពាក់​កណ្តាល​ឯកជន​ចិន។

នៅពេល រដ្ឋក្រីក្រ មួយចំនួន លែង​មាន​សមត្ថភាព ខ្ចីបំណុល តទៅ ចិន​បាន​ត្រិះរិះរក​ផ្លូវថ្មី ដើម្បីបញ្ជូន​ប្រាក់​បំណុល។

ជាក់ស្តែង តាមការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​AidData គេរក​ឃើញ​មាន​កិច្ចព្រមព្រៀង​ជាច្រើន ដែលក្នុង​នោះ ​ធនាគារចិន ឬ ក្រុមហ៊ុន​រដ្ឋ​ចិន បាន​ចុះកិច្ចសន្យា​ផ្តល់ប្រាក់កម្ចី ឲ្យ​ក្រុមហ៊ុន ឬ​គម្រោងការអភិវឌ្ឍ​​របស់​ប្រទេស​កំពុងអភិវឌ្ឍ ដែលមាន​រដ្ឋាភិបាល​ជា​អ្នកចេញមុខ​ធានា។ ចំណុច​មួយ​នៃ​កិច្ចសន្យា​បញ្ជាក់ថា នៅពេល​ក្រុមហ៊ុន កូនបំណុល​របស់​ចិន ដួលរលំ គ្មាន​សមត្ថភាព​សងបំណុល នោះ​រដ្ឋ​ត្រូវទទួល​បន្ទុក​សងជំនួស។

ដោយសារដំណើរការ​ខ្ចីប្រាក់បំណុល​ចិន តែងតែ​ធ្វើឡើង ដោយ​ទ្វេភាគី គ្មានតម្លាភាព គ្មាន​ប្រកាស​ផ្សាយ​តួលេខ​ផ្លូវការ បូកផ្សំ និង​ការប្រព្រឹត្ត​អំពើ​ពុករលួយ រដ្ឋាភិបាល​របស់​ប្រទេស​មួយចំនួន កំពុង​ឈឺក្បាល វិលក្បុង ព្រោះ​ត្រូវជាប់​ជំពាក់បំណុលចិន ដោយ​មិនដឹងខ្លួន។ ដូចករណី​របស់​ប្រទេស​ហ្សំប៊ី ​កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតី​ទើប​ជាប់ឆ្នោត របស់​ហ្សំប៊ី បាន​ត្អូញត្អែរ ពី​ចំនួន​ប្រាក់បំណុល​ចិន ដែល​រដ្ឋាភិបាល​ទើប​រកឃើញថា ខ្លួន​ត្រូវ​ទទួល​បន្ទុកសងជំនួស បន្ទាប់​ពី មន្រ្តី​រដ្ឋាភិបាល មុនៗ បានចុះ​កិច្ចសន្យា ខ្ចីលុយ​ចិន ដោយ​គ្មាន​ឆ្លងកាត់ ការបោះឆ្នោតអនុញ្ញាតពី​សភាហ្សំប៊ី។

ចិន​ចិត្តល្អ ឬ​ចិន​ចាំកេងយកប្រយោជន៍?

គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ ដែលផ្តោត​ទៅលើ​ការសាងសង់ ផ្លូវថ្នល់ ស្ពាន កំពង់ផែ ស្តាត មន្ទីរពេទ្យ ទាក់ទាញខ្លាំង ណាស់​សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុងអភិវឌ្ឍ ពីព្រោះ​ថា ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ជា​​អ្វី​ដែល​បណ្តា​ប្រទេស​អស់ទាំងនេះ​កំពុងតែ​ត្រូវការ​ខ្លាំង។ ម្យ៉ាង ប្រាក់កម្ចី​ពី​ចិន ដើម្បី​ចំណាយ​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ក៏​ងាយ​នឹង​ទទួល​បាន ព្រោះ​ចិន​មិនបាន​លក្ខខណ្ឌ​អ្វីច្រើន ដូច ក្រុម​ប្រទេស​អ្នកមានផ្សេង ឬស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងទៀត ដូចជា ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ​ធនាគារ​ពិភពលោក​ ដែល​តែង​ចងភ្ជាប់​ប្រាក់កម្ចី​ជាមួយ ការសន្យា​គោរព​សិទ្ធិមនុស្ស ជាដើម។

ការសិក្សា​របស់​វិទ្យាស្ថានស្រាវជ្រាវ AidData បាន​បង្ហាញ​ថា  ចាប់​តាំង​ពី​ឆ្នាំ ២០១៣ ឆ្នាំ ដែល​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ប្រកាស សម្ពោធ គម្រោង​ផ្លូវសូត្រថ្មី ចិន​បាន​ចំណាយ ប្រាក់ប្រមាណ ៨៥ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ៗ គឺ​ច្រើន​ជាង​អាមេរិក ដែលមាន​ត្រឹម​តែ ៣៧ពាន់លានដុល្លារ​ប៉ុណ្ណោះ។ ៧០%​នៃខ្ទង់ចំណាយ​របស់​ចិន ជា​ប្រាក់កម្ចី ដែល​ធនាគារ ក្រុមហ៊ុន​ចិន បានផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដៃគូ​របស់​​ប្រទេស ដែល​កំពុង​ជាប់​ជំពាក់បំណុល​ជាតិ​ជាមួយ​ប្រទេស​ចិន​រួចហើយ ដោយសារ​តែ គម្រោង​ផ្លូវមួយ ខ្សែ ក្រវ៉ាត់​មួយនេះ។ ការសិក្សា​បាន​បង្ហាញថា ប្រទេស​ចំនួន ៤៥ ដែលមាន​ប្រាក់ចំណូល​ទាប ឬ​មធ្យម មាន​ជាប់បំណុល​ចិន ក្នុង​តម្លៃ​ស្មើនឹង ១០%នៃ ផលិតផលក្នុង​ស្រុកសរុប​របស់ប្រទេស។ រដ្ឋាភិបាល​របស់​ប្រទេស​ជាច្រើន បាន​ផ្អាក ឬ​លុបចោល គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ចិន ក្នុងខ្លាច​ថា ខ្លួនគ្មាន​សមត្ថភាព​សងប្រាក់បំណុល​ចិន។

បំណុលចិន មាន​អី មិនល្អ?

កម្ចី​ដែល​បាន​មក​ដោយស្រួល វា​ក៏ងាយ​នឹង​ធ្វើ​ឲ្យ​កូន​បំណុល​ត្រូវ​វ័ណ្ឌក​ដោយ​សារ​បំណុល​ផងដែរ។ នេះ ​ជា​អ្វី​ដែល​កំពុងតែ​កើតឡើង ចំពោះ​ប្រទេស​មួយ​ចំនួន ដែល​ចូលរួម ក្នុង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ជា​មួយ​នឹង​ចិន។

បើមើល​ពី​សំបកក្រៅ គេ​ឃើញថា ចិន​មានសណ្តានចិត្តល្អ ដោយ​បាន​ជួយ​ដោះទ័ល​របស់​ប្រទេស ដែល​តាម​ពិត គ្មាន​លទ្ធភាព ខ្ចី ពី​កន្លែងផ្សេង។ ប៉ុន្តែ តាមការពិត គេ​ដឹង​ហើយថា ចិន​មិន​ដែល​ធ្វើ​ជំនួញ​ខាត​ម្តងណា​នោះទេ។ អ្នកជំនាញ​អាមេរិកាំង​បាន​បង្ហាញ​ថា អត្រាការប្រាក់​របស់​ចិន ខ្ពស់​ជាង​អត្រាការប្រាក់​របស់​ប្រទេស​អ្នកមាន ឬ ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិ។

មួយវិញទៀត នៅគ្រប់​កិច្ចសន្យា ចិន​គឺ​តែង​ចងភ្ជាប់​លក្ខខណ្ឌ​ជានិច្ច ដើម្បី បាន​ប្រាក់​ពីកូនបំណុល របស់ខ្លួន ដូចជា ថា បើក្រុមហ៊ុន​ក្នុង​ស្រុកជាអ្នកខ្ចី គឺត្រូវតែ​មាន​ការធានា​ពីរដ្ឋ ដែលជា​អ្នកមានបន្ទុក​សង ជំនួស នៅពេល​ក្រុមហ៊ុនមិនអាច សងបំណុល​ទៅ​ចិន។ ដើម្បីធានា​ថា ខ្លួន​មិន​ខូចខាត នៅពេល​រដ្ឋមួយ គ្មាន​សមត្ថភាព​សងបំណុល ម្ចាស់បំណុល​ចិនក៏បាន​ ដាក់​លក្ខខណ្ឌ ជាមុនថា អ្នកខ្ចីប្រាក់ត្រូវ ផ្ទេរលុយ មួយចំនួន ទៅកាន់ ធនាគារអន្តរជាតិ ដែលជាភាគីទី៣ ដើម្បី​ងាយស្រួលឲ្យ​​ភាគី​ម្ចាស់បំណុលចិន​អាច​រឹបអូសយក ដោយ​គ្មាន​ឆ្លងកាត់​បណ្តឹងតវ៉ា តាម​ផ្លូវតុលាការ​អន្តរជាតិ​ណាមួយ។

លក្ខខណ្ឌ ទាំងអស់នេះហើយ ដែល​ធ្វើ ឲ្យ​ចិន ដែល​ជា​ម្ចាស់បំណុល​ធំជាងគេ​ក្នុង​ពិភពលោក គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​ថា នឹង​ខាតបង់​នោះទេ បើទោះបី​ជា​ប្រទេស​កូនបំណុល​ជាច្រើន​របស់​ចិន ជួប​វិបត្តិ​ប្រាក់បំណុល រហូត​ដល់​ប្រទេស​ខ្លះ ត្រូវ​ក្ស័យធន គ្មាន​សមត្ថភាពសង​ប្រាក់បំណុល ដូចជា​ប្រទេស​ហ្សំប៊ី ជាដើម។

នៅពេល​ប្រទេស​កំពុង​អភិវឌ្ឍ ​ប្រទេស​ក្រីក្រកំពុង​មានបញ្ហា​សេដ្ឋកិច្ច ដោយសារ វិបត្តិកូវីដ ចិន​អះអាងថា ខ្លួន​មិន​អាច​លុបបំបាត់​ចោលបំណុល ដើម្បី ជួយ​សម្រាល​វិបត្តិបំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងនោះបានទេ ពីព្រោះថា បំណុលជាតិ របស់​ប្រទេស​កំពុង​អភិវឌ្ឍ ​ភាគច្រើន​មិនមែន​ជា​បំណុលផ្ទាល់​របស់​រដ្ឋចិន ប៉ុន្តែ ជា​បំណុល ដែល​ធ្វើឡើង​ដោយ​ភាគី ធនាគារ​ឯកជន​ចិន។

មួយវិញទៀត បើសិន​ប្រទេសកូនបំណុល​គ្មាន​សមត្ថភាព​សង​ទាល់តែសោះ ចិន​នៅតែ​រក​មធ្យោបាយដើម្បី​មិន​ឲ្យ​ខ្លួន​ខាតបង់ ផ្ទុយទៅវិញ គឺ​ធ្វើ​ឲ្យ​ចិន​កាន់តែ​មាន​ឥទ្ធិពល ក្នុង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ។ តាម​អ្នក​ជំនាញ​ ការពឹងផ្អែក​លើ​​បំណុល​ចិន​តែមួយ​មុខ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​កូនបំណុល ត្រូវ​ប្រឈម​នឹង​ហានិភ័យមួយទៀត គឺ​ការបាត់បង់​ឯករាជ្យ​ខាង​នយោបាយ​ការបរទេស។  គេច្រើន​លើកឡើង​​ពី​ឧទាហរណ៍​មួយ​ចំនួន ​ដូចជា ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ចិន និង​ប្រទេសសមាជិក​អាស៊ាន ករណី​ប្រទេស​តាហ្ស៊ីគីស្ថាន​ដែល​កាល​ពី​ឆ្នាំ២០១១​កន្លងទៅ សុខចិត្ត​កាត់​ទៅ​ឲ្យ​ចិន​នូវ​​ដែនដី​ដែល​ជាប់ជម្លោះ​​ជាមួយ​ចិន​អស់រយៈ​ពេល​ជាង​មួយសតវត្សរ៍​កន្លងទៅហើយ ជាថ្នូរ​នឹង​ការ​លុប​បំណុល​មួយ​ផ្នែក និង​ចុងក្រោយ គឺ​ករណី​ប្រទេស​ស្រីលង្កា​សុខចិត្ត​ប្រគល់​កំពង់ផែ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​កាន់កាប់​រយៈពេល ៩៩ឆ្នាំ ដោយសារ​តែ​​​ស្រីលង្កា​គ្មាន​លទ្ធភាព​សងបំណុល​ ដែល​ខ្ចីពីចិន ដើម្បី​សាងសង់​កំពង់ផែនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ