អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​បើកកិច្ច​ប្រជុំ​ទល់​មុខ​គ្នា​លើក​ដំបូង​ជាមួយ​ពួក​តាលីបង់​ចាប់តាំង​ពី​ដក​​ទ័ព​ពី​អាហ្វហ្កានីស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋអាមេរិក​ និង​ពួក​តាលីបង់​ចាប់​បើក​កិច្ច​ពិភាក្សា​ទល់មុខគ្នា​ជាលើកដំបូង ​រាប់​ចាប់​តាំង​ពី​អាមេរិក​ដកទ័ពចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​មក​។ បើតាម​ក្រសួង​ការ​បរទេស​អាមេរិក​ ជំនួប​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នេះ​ត្រូវ​រៀបចំ​ឡើង​ក្នុងទីក្រុង​ដូហា​ និង​ចាប់ផ្តើម​ពី​ថ្ងៃសៅរ៍​ ទី ៩ តុលានេះ​ទៅ​។ ហេតុអ្វី​អាមេរិក​ជួប​ចរចាជាមួយ​ពួកតាលីបង់​? តើ​អាមេរិក​អាច​ទទួល​ស្គាល់របបគ្រប់គ្រង​តាលីបង់​ដែរ​ទេ​?

សមាជិកម្នាក់នៃកងកម្លាំងសន្តិសុខតាលីបង់ ឈរយាមក្នុងចំណោមហ្វូងមនុស្សដែលដើរឆ្លងកាត់ផ្លូវមួយក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី៤ ខែ កញ្ញាឆ្នាំ ២០២១។
សមាជិកម្នាក់នៃកងកម្លាំងសន្តិសុខតាលីបង់ ឈរយាមក្នុងចំណោមហ្វូងមនុស្សដែលដើរឆ្លងកាត់ផ្លូវមួយក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី៤ ខែ កញ្ញាឆ្នាំ ២០២១។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ជំនួប​ទល់មុខគ្នា​រវាង​មន្ត្រី​អាមេរិក​ និង​តំណាង​តាលីបង់

ជាដំបូង​គេ​គួរ​ដឹងថា​ សហរដ្ឋ​អាមេរិក​នៅតែ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​តាលីបង់​ចាប់​តាំងពី​ពួកគេ​វាយ​ដណ្តើម​យក​បានទីក្រុង​កាប៊ុលកាលពីខែពាក់កណ្តាលខែ​សីហា​ នៅ​ខណៈ​ដែល​កងទ័ពអាមេរិក​ដក​ខ្លួន​ចេញពី​ប្រទេស​អាហ្វហ្កានីស្ថាន​។

ប៉ុន្តែ កិច្ចប្រជុំ​រយៈពេលពីរថ្ងៃ​ដែល​ចាប់​ផ្តើម​នៅថ្ងៃសៅរ៍​ ទី ៩ តុលានេះ នឹង​ក្លាយ​ជា​ជំនួប​ជាន់ខ្ពស់​និង​ជំនួប​ទល់មុខគ្នា​ជាលើកដំបូង​រវាង​គណៈប្រតិភូ​អាមេរិក​និង​តំណាង​ជាន់​ខ្ពស់​របប​តាលីបង់​។

គណៈប្រតិភូជាន់ខ្ពស់ក្រុងវ៉ាស៊ីនតាន​រួមមាន​មន្រ្តីមកពីក្រសួងការបរទេស​ ទីភ្នាក់ងារ​អាមេរិក​សម្រាប់ការអភិវឌ្ឍន៍​អន្តរជាតិ​ USAID និងមន្ត្រីមកពី​អង្គភាព​ចារកម្ម​អាមេរិក​។

តាម​រយៈជំនួបនេះ​ សហរដ្ឋអាមេរិក​នឹង​ដាក់សម្ពាធ​ពួក​តាលីបង់ឲ្យ​គោរពសិទ្ធិ​ប្រជាជន​អាហ្វហ្កានីស្ថាន​ទាំងអស់​ រួមបញ្ចូល​ទាំងសិទ្ធិស្ត្រី​និងក្មេងស្រី​ ព្រមទាំង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះមួយ​ដោយ​មាន​ការគាំទ្រ​យ៉ាងទូលំទូលាយ​។

ចំណុច​អាទិភាព​មួយទៀត​ដែលអាមេរិក​នឹង​យក​ទៅនិយាយ​ជាមួយ​តំណាង​តាលីបង់ គឺ​ការ​ទាមទារ​ឲ្យ​របប​តាលីបង់​ប្រកាន់ខ្ជាប់​នូវ​ការប្តេជ្ញា​ដែល​ថា​នឹងមិន​បណ្តោយឲ្យ​ប្រទេស​អាហ្វហ្កានីស្ថាន​ក្លាយជា​ជម្រក​ឬសម្បុក​របស់​ពួក​អាល់កៃដា​ ឬ ពួកក្រុមជ្រុលនិយមផ្សេង​ទៀត​ឡើយ​។

មួយវិញទៀត​ ដោយមើលឃើញថា​អាហ្វហ្កានីស្ថាន​ កំពុងប្រឈមខ្លាំង​ទៅនឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ ហើយ​ប្រឈម​ខ្លាំងនឹង​វិបត្តិ​មនុស្ស​ធម៌​ធ្ងន់ធ្ងរ​ មន្ត្រីអាមេរិក​ក៏នឹងដាក់​សម្ពាធផងដែរឲ្យ​ក្រុម​តាលីបង់​បើកភ្លើងខៀវ​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​មនុស្សធ​ម៌នានាចូលទៅកាន់​តំបន់ដែលកំពុងត្រូវការជំនួយ ដោយសេរី​។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យ​ក្រសួង​ការ​បរទេសអាមេរិក​កាលពីថ្ងៃសុក្រម្សិលមិញ។

អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិកអាច​ចាក​ចេញពី​អាហ្វហ្កានីស្ថាន​បាន

ក្នុងជំនួប​រយៈពេល​ពីរថ្ងៃ​ជាមួយ​តំណាង​របប​តាលីបង់​ អាទិភាព​សំខាន់​ចុងក្រោយ​គេ​មួយទៀត​របស់រដ្ឋបាល​លោកចូ បៃដិន​ គឺការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិកសម្ព័ន្ធមិត្តអាច​ចាកចេញពី​អាហ្វហ្កានីស្ថាន​បាន​ប្រសិនណា​បើពួកគេចង់​ធ្វើដូច្នោះ​។

ទាក់ទង់រឿងនេះ​ សហរដ្ឋអាមេរិក​និយាយ​ថា​កាលពីគ្រាកន្លងមក ក្រុមតាលីបង់​បាន​សហការ​ជាមួយខ្លួន​​ក្នុងការ​បើកផ្លូវឲ្យ​ពលរដ្ឋអាមេរិក​ធ្វើដំណើរ​ចាកចេញពី​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​។

នៅពេល​ក្រុមតាលីបង់​ ដណ្តើម​គ្រប់គ្រង​បាន​អំណាច​ទាំងស្រុងនៅ​អាហ្វហ្កានីស្ថាន​សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធ​បាន​ដឹក​ជម្លៀស​ពលរដ្ឋ​ និង​សម្ព័ន្ធមិត្ត​អាហ្វហ្កានីស្ថាន​ បាន​ជាង​ ១២៤ ០០០​នាក់​។

យោងតាមន្ត្រីអាមេរិក​ នៅមាន​ពលរដ្ឋអាមេរិក​ប្រមាណ​ ១០០ នាក់​ដែល​នៅសេស​សល់​។ ពួកគេ​ភាគ​ច្រើន​ជាពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វហ្កានីស្ថាន​ ដែល​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថាត្រូវចាកចេញ ឬក៏អត់​។ ប៉ុន្តែ​ទន្ទឹមគ្នានេះ ទីក្រុង​វ៉ាស៊ីនតោន​បាន​ទទួលស្គាល់​ដែរថា​ខ្លួនមិន​អាច​ដឹកបញ្ជូន​សម្ព័ន្ធមិត្ត​អាហ្វហ្កានីស្ថាន​ជាច្រើននាក់​ដែល​ចង់​ចាកចេញ​ក្នុង​អំឡុង​ប្រតិបត្តិការ​ដឹកជម្លៀសមនុស្សដ៏ធំ​ និង​ដ៏មាន​គ្រោះថ្នាក់​កាលពីខែសីហា​កន្លងទៅ​។

បច្ចុប្បន្ននេះ​ នៅមាន​ជនជាតិ​អាហ្វហ្កានីស្ថាន​ដែល​ជា​សម្ព័ន្ធ​មិត្ត​អាមេរិកជា​ច្រើន​ពាន់នាក់ទៀត​​នៅមិនទាន់​អាចចាកចេញពី​ប្រទេស ហើយ​ពួកគេកំពុង​ប្រឈមនឹង​ការ​ធ្វើទុក្ខ​បុកម្នេញពីសំណាក់​ របបតាលីបង់​។

តើ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​រវាង​មន្ត្រី​ក្រុងវ៉ាស៊ីនតោន​និង​តំណាង​តាលីបង់​អាច​មាន​ន័យថា​អាមេរិក​ព្រម​ទទួលស្គាល់​របប​តាលីបង់​?

ចម្លើយ​នោះ​គឺ​អត់ទេ! ទោះបីជា​បើក​កិច្ច​ពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​ពួកតាលីបង់ក្តី​ ក៏​ក្រសួង​ការ​បរទេស​អាមេរិក​បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ហើយថា​កិច្ចប្រជុំនេះ​មិនមែន​ជា​សញ្ញា​បង្ហាញ​ថា​ ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ទទួលស្គាល់​របប​គ្រប់គ្រង​របស់​ពួកតាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ឡើយ​។

សម្រាប់​សហរដ្ឋអាមេរិក​ មុននឹង​ទទួលស្គាល់​ភាពស្របច្បាប់​ណាមួយ​គឺ​ទាល់​តែ​ក្រុមតាលីបង់​អនុវត្ត​ជាក់ស្តែង​នូវ​អ្វីដែលខ្លួន​បានសន្យា​ដូចជា​ មិន​សងសឹក​គូប្រជែង​ គោរព​សិទ្ធិស្ត្រី ​ និង​គោរព​សិទ្ធិសេរីភាព​សារព័ត៌មាន​ជាដើម​។ល។

បើយោង​តាម​សម្តី​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិកម្នាក់​ និង​ដែល​មាន​ចុះផ្សាយ​នៅលើសារព័ត៌មាន​ Reuters​ កិច្ច​ប្រជុំ​ទល់មុខ​ជាលើក​ដំបូង​រវាងអាមេរិក​និងពួក​តាលីបង់នេះ​គឺជា​កិច្ចការងារ​មួយ​ក្នុង​ចំណោម​ទំនួលខុសត្រូវជាច្រើន​ផ្សេងទៀត​ដែល​មន្ត្រីក្រុងវ៉ាស៊ីនតោនត្រូវ​បន្តធ្វើ​ដើម្បីផល​ប្រយោជន៍ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ