អានតួអត្ថបទ
កាតា-អាមេរិក

ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិនទៅកាតាដើម្បីនិយាយពីស្ថានការណ៍អាហ្វហ្កានីស្ថាន

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កាតា​នា​ថ្ងៃ​ចន្ទ ទី៦ កញ្ញា។ នេះ​ជា​ទស្សនកិច្ច​លើកទី១ របស់​លោក​ប៊្លីនកិន​នៅ​កាតា តាំង​ពី​ថ្ងៃ​ដែល​ពួក​តាលីបង់​បាន​ឡើង​កាន់​អំណាច​ជា​ថ្មី​នៅ​អាហ្វហ្កានីស្ថាន។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​និយាយ​ពី​ស្ថានការណ៍​អាហ្វហ្កានីស្ថាន។ បន្ទាប់​ពី​កាតា លោក​ប៊្លីនកិន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​ដែល​នៅ​ទីនោះ លោក​ក៏​នឹង​លើក​យក​រឿង​អាហ្វហ្កានីស្ថាន​ទៅ​ជជែក​ជាមួយ​សមាភាគី​ចំនួន ២០ប្រទេស​ផ្សេង​ទៀត​ដែរ។

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន
ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន Manuel Balce Ceneta POOL/AFP/File
ផ្សាយពាណិជ្ជកម្ម

ជម្រើស​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​ទៅ​ប្រទេស​កាតា​ពេល​នេះ​មិនមែន​ជា​ជម្រើសចៃដន្យ​ឡើយ។ មិនមែន​ចៃដន្យ ព្រោះ​ទី១ កាតា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដែនដី​ការទូត​សម្រាប់​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អាហ្កហ្កានីស្ថាន និង​ទី២ ថ្នាក់ដឹកនាំ​កាតា​កំពុង​រក្សា​ទំនាក់ទំនង​ស្អិតរមួត​ជាមួយ​ពួក​តាលីបង់​តាំង​ពី​ពួក​នេះ​យក​បាន​អំណាច​ជា​ថ្មី​នា​ពាក់​កណ្តាល​ខែ​សីហា។ គឺ​ថ្នាក់ដឹកនាំ​កាតា​ដែល​ធ្លាប់​បាន​ជួយ​សម្រួល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ឲ្យ​មាន​កិច្ចចរចា​រវាង​អាមេរិក និង​ពួក​តាលីបង់​ក្នុង​ឆ្នាំ ២០២០។

តែ​គោលដៅ​សំខាន់​នៃ​ទស្សនកិច្ច​របស់​លោក​ប៊្លីនកិន​នៅ​កាតា​ពេល​នេះ គឺ​ដើម្បី​អរគុណ​ដល់​បណ្តា​ប្រទេស​ទទួល​យក​ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន​ដែល​អាមេរិក និង​ប្រទេស​បស្ចិមលោក​ផ្សេង​ទៀត​បាន​ជម្លៀស​ចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល​នា​ដំណាច់​ខែ​សីហា។ ថ្នាក់ដឹកនាំ​កាតា​ដែល​លោក​ប៊្លីនកិន​មាន​ជំនួប​ក៏​មាន​ប្រមុខការទូត​ម្នាក់​ដែរ ហើយ​នា​ឱកាស​នោះ លោក​ប៊្លីនកិន​អរគុណ​កាតា​ដែល​បាន​គាំទ្រ និង​ប្រឹងប្រែង​ជួយ​សម្រួល​ដល់​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល។

បន្ទាប់​មក លោក​ប៊្លីនកិន​ជួប​ជាមួយ​មន្រ្តីទូតអាមេរិក​ដែល​ជម្លៀស​ចេញ​ពី​អាហ្វហ្កានីស្ថាន រួម​ទាំង​ជនជាតិ​អាហ្វហ្កានីស្ថាន។ តែ​គេ​មិន​ដឹង​ថា តើ​លោក​ប៊្លីនកិន​មាន​គម្រោង​ជួប​ជាមួយ​អ្នកតំណាង​តាលីបង់​នៅ​កាតា​ឬ​អត់​ទេ នោះ​បើ​ទោះ​បី​ជា​ក្រសួង​ការបរទេស​អាមេរិក​បាន​ធានា​ថា កាណាល់​ទំនាក់ទំនង​ជាមួយ​ពួក​តាលីបង់​នៅ​បន្ត​បើក​ចំហ។ បន្ទាប់​ពី​កាតា ប្រមុខ​ការទូត​អាមេរិក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ លោក​ប៊្លីនកិន​នឹង​ទៅ​ទស្សនកិច្ច​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក Ramstein ដែល​បាន​ទទួល​បណ្តោះអាសន្ន​នូវ​ជនជាតិ​អាហ្វហ្កានីស្ថាន​ជម្លៀស​ចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល។ បន្ទាប់​មក​ក្នុង​ទឹកដី​អាល្លឺម៉ង់​ដដែល លោក​ប៊្លីនកិន​នឹង​ចូលរួម​ប្រជុំ​តាម​អនឡាញ​ជាមួយ​ថ្នាក់ដឹកនាំ​ចំនួន ២០ប្រទេស​ផ្សេង​ទៀត​ដើម្បី​និយាយ​ពី​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ