អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​ថាមពល​ឡើងថ្លៃ​ធ្វើឲ្យ​ធ្យូងថ្ម ប្រភពបញ្ចេញឧស្ម័នកាបូនិក​កាន់តែ​ពេញនិយម

ចុះផ្សាយ​នៅ​ថ្ងៃ៖

កំណើនសេដ្ឋកិច្ច​ចិន​ធ្លាក់ថយចុះ​បន្តិច នៅ​ត្រីមាស​ទី​៣។ តាម​ទិន្នន័យ ដែល​ការិយាល័យ​ស្ថិតិ​ជាតិ​ចិន​ចុះ​ផ្សាយ​នៅថ្ងៃ​ចន្ទនេះ កំណើនសេដ្ឋកិច្ច​ចិន​សម្រាប់ត្រីមាស​ទី ៣ (ពីខែ​កក្កដា ដល់ខែ កញ្ញា) មាន​ប្រមាណ ៤,៩%។ ដូច​ចិន និង​ឥណ្ឌា ប្រទេស​នៅអាស៊ី​ផ្សេងទៀត នៅតែ​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​ថាមពលធ្យូងថ្ម ដែល​តាមពិត​ជាប្រភព​បញ្ចេញ​ឧស្ម័ន​កាបូន ឧស្ម័នផ្ទះកញ្ចក់ ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។ ចិន និង​ប្រទេស​អាស៊ី​មួយចំនួន​បាន​សន្យា​ចាត់វិធានការ​មួយចំនួន ដើម្បី​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ប៉ុន្តែ បែរ​ជា​នៅតែពឹងផ្អែក​លើ​ធ្យូងថ្ម ដែល​ជា​ប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក។

ធ្យូងថ្ម​នៅប្រទេស​កូរ៉េខាងត្បូង
ធ្យូងថ្ម​នៅប្រទេស​កូរ៉េខាងត្បូង AP - Matthew Brown
ផ្សាយពាណិជ្ជកម្ម

សុខភាព​សេដ្ឋកិច្ច​ចិន​មាន​សញ្ញា​កាន់តែ​មិនល្អ បន្ទាប់ពី​ការិយាល័យស្ថិតិជាតិ​ចិន បាន​បង្ហាញ​តួលេខ នៅថ្ងៃ​ចន្ទនេះថា កំណើនសេដ្ឋកិច្ច​ចិន នៅ​ត្រីមាស​ទី​៣​បាន​ធ្លាក់ចុះ មក​នៅ​ត្រឹម ៤,៩% បន្ទាប់ពី​កើនឡើង ដល់ ៧,៩% នៅ​ត្រីមាស​ទី​២​ឆ្នាំនេះ។ ជាតួលេខទាបបំផុត គិតចាប់តាំង​ពី​ដើម​ឆ្នាំ ២០២០។ ចិន​មាន​កំណើនសេដ្ឋកិច្ច​យឺត​ដោយសារ​តែ​ចិន កំពុងជួបបញ្ហា​ខ្វះភ្លើងអគ្គិសនី រួមទាំង​តម្លៃ​វត្ថុធាតុដើម​ឡើងថ្លៃ។

ងើបចាកផុត​ពីវិបត្តិកូវីដ​មុនគេ​ក្នុង​ពិភពលោក ចិនក៏​ធ្លាប់​មាន​កំណើន​សេដ្ឋកិច្ច ខ្ពស់ជាងគេដែរ ជាមួយ​នឹង​ការនាំចេញខ្លាំង ក្នុងពេល​ប្រទេស​ទាំងអស់ ក្នុង​ពិភពលោក មាន​សេដ្ឋកិច្ច​ត្រដាបត្រដួស​ដោយសារ​វិបត្តិកូវីដ។

ប៉ុន្តែ កំណើន​សេដ្ឋកិច្ច​ចិន ថយចុះ នៅត្រីមាស​ទី ៣ ដោយសារ​មូលហេតុ​សំខាន់មួយចំនួន ដូចជា ​ការខ្វះចរន្ត​អគ្គិសនី សម្រាប់​រោងចក្រ​ឧស្សាហកម្ម ការឆ្លងរាតត្បាត ឡើង​វិញ នៃ​ជំងឺកូវីដ នៅតាម​ទីក្រុង​សេដ្ឋកិច្ច​មួយចំនួន កាលពី​ខែ សីហា កន្លងទៅ បញ្ហា​ក្នុង​សង្វាក់​ផ្គត់ផ្គង់​វត្ថុធាតុដើម ជាពិសេស ធ្យូងថ្ម ហើយ​និង​ចុងក្រោយ គឺ​ការធ្លាក់ថយចុះ​នៃ​វិស័យ​អចលនទ្រព្យ នៅក្រោយ កើតមាន​វិបត្តិ​ប្រាក់បំណុល​របស់​Evergrande ដែលជា​ក្រុមហ៊ុន អចលនទ្រព្យ ដ៏​ធំជាងគេ​របស់​ចិន។

ទោះចាកផុត​ពី​វិបត្តិ​កូវីដ ប៉ុន្តែ កំណើន​សេដ្ឋកិច្ច​របស់​ចិន​នៅ​តែ​អាច​រង​ការគំរាមកំហែង ព្រោះ​ត្រូវ​ដឹងថា សេដ្ឋកិច្ច​ចិន​នៅពឹង​អាស្រ័យ​ខ្លាំង​លើ​ថាមពល​បាន​មក​ពីធ្យូងថ្ម។ ប៉ុន្តែ នៅប៉ុន្មាន​ខែ​មកនេះ នៅពេល​សេដ្ឋកិច្ច​ពិភពលោក​ចាប់ផ្តើម​ងើបឡើងវិញ នៅក្រោយ វិបត្តិកូវីដ តម្រូវការ​ថាមពល សម្រាប់​ជំរុញ សេដ្ឋកិច្ច ក៏​បាន​កើនឡើង ​នៅគ្រប់កន្លែង ក្នុងពិភពលោក ដែលជា​ហេតុធ្វើ​ឲ្យ​តម្លៃ ធ្យូងថ្ម ប្រេង និង​ឧស្ម័ន កើន​ឡើងថ្លៃ ទៅ​តាម​នោះ​ដែរ។

ចិន​ត្រូវការ​ធ្យូងថ្ម​ខ្លាំង ព្រោះថា រោងចក្រ​អគ្គិសនី​ភាគច្រើន​របស់​ចិន ដើរដោយ​ថាមពល​ធ្យូងថ្ម។ ដូច្នេះ នៅ​ពេល​ធ្យូងថ្មឡើងថ្លៃ រោងចក្រ​ផលិត​អគ្គសនី​ចិន​មួយចំនួន​បាន​បន្ថយ​សកម្មភាពរបស់ខ្លួន។ ដោយសារ​ការខ្វះ​ចរន្តអគ្គិសនី​ក្រុមហ៊ុន រោងចក្រ​ឧស្សាហកម្ម ក៏ត្រូវ​រអាក់រអួល បន្ថយ​សកម្មភាព​ផលិត​ទៅតាម​នោះទេ។

នយោបាយ​បៃតង​របស់​រដ្ឋាភិបាល​ចិន​រួមចំណែក​ធ្វើ​ឲ្យ​តម្លៃ​ធ្យូងថ្ម ឡើងថ្លៃ

ចិន​ខ្វះខាត​ធ្យូងថ្ម សព្វថ្ងៃ នេះ ក៏ដោយសារ​នយោបាយរបស់​រដ្ឋអំណាច​ចិន នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ដែលមាន​គោលដៅ ចង់​ឲ្យ​ចិន​លែង​សូវ​ពឹងអាស្រ័យ​លើ​ថាមពល​ធ្យូងថ្ម ដែល ជា​ថាមពល​កខ្វក់ ប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់។ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ធ្លាប់​បាន​ប្រកាស​នៅ អង្គការ​សហប្រជាជាតិ ថា ចិន​នឹង​មាន​អព្យាក្រិត្យ​កាបូន ឬ​កាបូនសូន្យ នៅ​ឆ្នាំ ២០៦០ មានន័យថា ចិន​នឹង​ស្រូបយក​កាបូន ឲ្យ​បាន​ស្មើ​នឹងចំនួន​កាបូន ដែល​ខ្លួន​បញ្ចេញ។ ដើម្បី​សម្រេច​គោលដៅ​នេះ រដ្ឋាភិបាល​ចិន បាន​ចាប់ផ្តើម​បិទជាបណ្តើរៗ អាជីវកម្ម​ធ្យូងថ្ម នៅភាគខាងជើង ប្រទេស ដែល​ធ្លាប់​រងការចោទប្រកាន់​ថា បាន​បំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។

រោងចក្រ​ផលិតធ្យូងថ្ម ដែលនៅមានជីវិត ផ្សេងទៀត ត្រូវ​ប្រឈម​នឹង​បទវិន័យ ច្បាប់បរិស្ថាន និង​សន្តិសុខ​តឹងតែង ជាងមុន។ គេ​វាយតម្លៃថា ច្បាប់​បរិស្ថាន និង​សន្តិសុខ​ថ្មី​របស់​ចិន ជាដើមហេតុ​ធ្វើ​ឲ្យ​ចិន​ជួបការខ្វះខាតធ្យូងថ្ម។ ឧទាហរណ៍ ទោះមានតម្រូវការ​ធ្យូងថ្ម នៅទីផ្សារ ប៉ុន្តែ ក្រុមហ៊ុន​ផលិត​ធ្យូងថ្ម​ចិន​មួយចំនួន នៅ​តែ​មិនហ៊ាន​បង្កើន​សកម្មភាព​ផលិតកម្ម​របស់ខ្លួននោះទេ ព្រោះថា ក្នុងករណី​ដែល​កើតមាន​គ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិត​របស់​កម្មករ ដោយសារ បញ្ហា​ខ្វះ​សុវត្ថិភាព នោះ ម្ចាស់អាជីវកម្មរ៉ែធ្យូងថ្ម ត្រូវ​មាន​ទោស​ជាប់ពន្ធនាគារ និង​បង់​ប្រាក់ពិន័យ​ធ្ងន់ធ្ងរ។ ដោយសារ​តែ​ម្ចាស់អាជីវកម្ម​កាត់បន្ថយ​ការផលិត ​ធ្យូងថ្ម ​កាន់តែ​កម្រ ហើយ​និង​ឡើងថ្លៃ ដែលនេះ​ជារឿងឈឺក្បាល​ខ្លាំងណាស់​សម្រាប់​រោងចក្រ​ផលិត​អគ្គិសនី។

ចង់ ឬ​មិន​ចង់ វិបត្តិ​លើកនេះ វាបាន​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​កាន់តែ​ច្បាស់ ពី​ផលវិបាក​នៃ​យុទ្ធសាស្ត្រ ចង់​បាន​អព្យាក្រិត្យភាពកាបូន ដែល​រដ្ឋាភិបាល​ចិន បាន​កំណត់ សម្រាប់​៤០​ឆ្នាំខាងមុខ។

គេ​នៅតែ​មិនអាច​បោះបង់ចោល ធ្យូងថ្ម ដែល​ជាប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក

វិបត្តិថាមពល​ឡើងថ្លៃ ដែល​កើតឡើង​នៅក្រោយ​វិបត្តិ​កូវីដ បាន​ធ្វើ​ឲ្យ​គេជឿជាក់​ជាងពេលណាៗ​ទាំងអស់​ថា ពិភពលោក​ពិតជា​មិនអាច​ទៅកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក តាមការកំណត់ចែង នៅក្នុង​កិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ ២០១៥​បាននោះទេ។

វិបត្តិ​ថាមពល ឡើង​ថ្លៃ នៅពេលនេះ បាន​ស្តែងឲ្យ​ឃើញថា គេ​មិនអាច​ឈប់ប្រើធ្យូងថ្ម ដើម្បី ចូលរួម ទប់ទល់​កុំ​ឲ្យ​ផែនដី ឡើងកំដៅ ជាង ១,៥អង្សារ នៅ​ចុងសតវត្សរ៍នេះ។ នៅអាស៊ី នាំមុខ​ដោយ​ចិន និង​ឥណ្ឌា សកម្មភាព​សេដ្ឋកិច្ច​បាន​ពឹង​ខ្លាំង​លើ​ថាមពល​បាន​មក​ពី​ធ្យូងថ្ម។ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច មើល​ទៅ គ្មានប្រទេស​ណាមួយ ដែល​អាច​សម្រេចគោលដៅ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក​តាម​ការសន្យា​របស់ខ្លួន​នោះទេ។

វិបត្តិថាមពល​ឡើងថ្លៃ ជាពិសេស ឧស្ម័ន ហ្គាស នៅទឹកដី​អឺរ៉ុប ដោយសារ​តម្រូវការ​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​ងើបឡើងវិញ នៅក្រោយ​វិបត្តិកូវីដ បាន​ធ្វើ​ឲ្យ​ធ្យូងថ្ម ប្រភព​បញ្ចេញ​ឧស្ម័នការបូនិក​ច្រើនជាងគេ ជាង ហ្គាស ដល់​ទៅ ២ដង ដែល គេគ្រោង​កាត់បន្ថយ ឲ្យបាន​អតិបរិមា បែរ​ជា​ត្រលប់​ ប្រភពថាមពល​ពេញនិយម ដែល​គេ​ត្រូវការ​ចង់បាន​ខ្លាំង សម្រាប់​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ទៅវិញ។

តំបន់​អាស៊ី ប៉ាស៊ីហ្វិក ត្រូវ​គេចាត់ទុក​ថា ជា​អ្នកដែលប្រើប្រាស់​ធ្យូងថ្ម ច្រើនជាងគេ ប្រមាណ ៣ភាគ៤​នៃ​ធ្យូងថ្ម​សរុប​ក្នុង​ពិភពលោក។ ​អ្នកប្រើប្រាស់​ធ្យូងថ្ម ច្រើនជាងគេ ដែលជាអ្នកទទួល​ខុសត្រូវបញ្ចេញ​ឧស្ម័នកាបូនិក​ច្រើនជាងគេ ដូចជា ​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​ប្រទេស​ក្រីក្រ ក៏​ជាអ្នក​រងផលប៉ះពាល់ខ្លាំងជាងគេ ខាងផ្នែក​សុខភាព ផ្លូវដង្ហើម និង​គ្រោះធម្មជាតិ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដូចជា​គ្រោះទឹកជំនន់ទឹកភ្លៀង ខ្យល់ព្យុះ និងគ្រោះរាំងស្ងួត រលក​ក្តៅខ្លាំង។

ប្រទេស​អាស៊ី​ចំនួន​៥​ ដូចជា​ចិន ឥណ្ឌា ជប៉ុន ឥណ្ឌូណេស៊ី និង​វៀតណាម ដែលប្រើប្រាស់​ធ្យូងថ្មច្រើនជាងគេ​សម្រាប់​ផលិតអគ្គិសនី។ នៅឥណ្ឌូណេស៊ី រដ្ឋាភិបាល​ធ្លាប់​បាន​សន្យា​អព្យាក្រិត្យកាបូន​នៅឆ្នាំ ២០៦០​ដូចប្រទេស​ចិនដែរ និង​ចង់​ឈប់​សង់​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​ធ្យូងថ្ម នៅ​ឆ្នាំ ២០៣០ ប៉ុន្តែ រហូតមកដល់​ពេលនេះ ឥណ្ឌូណេស៊ី ក៏ដូច​ជាប្រទេស​អាស៊ី​ផ្សេងទៀត ដូចជា​ឥណ្ឌា ជាដើម នៅតែ មិនអាច​ដោះដៃ ឈប់ប្រើ​ធ្យូងថ្ម។ មូលហេតុ គឺបើប្រៀបធៀប​នឹង​ថាមពល​ផ្សេងទៀត ​ធ្យូងថ្ម​មាន​តម្លៃថោក។ ម្យ៉ាងទៀត បើប្រៀបធៀប​នឹង​ប្រទេស​លោក​ខាងលិខ បណ្តា​ប្រទេស​អាស៊ី​ភាគច្រើន នៅមិនទាន់​មាន​សមត្ថភាព ហិរញ្ញវត្ថុ រចនា​សម្ព័ន្ធ សម្រាប់​បង្កើត​ប្រភពថាមពល​ស្អាតស្អំ ដូចជា ថាមពល​បានមកពី​កង្ហារយក្ស ឬ​ផ្ទាំងស្រូបកំដៅ​ព្រះអាទិត្យជាដើម។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​Agence internationale de l’énergie បាន​វាយតម្លៃ ថា ដើម្បីឈាន​ទៅដល់​គោលដៅ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដែលជាប្រភព​ធ្វើ​ឲ្យ​ផែនដីឡើងកំដៅ ក្រុមប្រទេស​អ្នកមាន​មិនអាច​សម្រេច​គោលដៅ​បាន​តែម្នាក់ឯងនោះទេ។ គេ​ត្រូវការ​ជួយ​ប្រទេស​កំពុងអភិវឌ្ឍ​ ប្រទេស​ក្រីក្រ ផ្សេងទៀត តាមរយៈ​ការផ្តល់​ថវិកា​បៃតង ការបំពាក់​ឧបករណ៍​បច្ចេកវិទ្យា ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ អាច​ផលិត​បាន​ថាមពល ស្អាតស្អំ ជាមុនសិន មុន​នឹង​អាច​លះបង់​ចោល​ទាំងស្រុងប្រេង ឧស្ម័នហ្គាស ធ្យូងថ្ម ដែល​ជា​ប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ