អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ជំនួប​កំពូល​ហ្សេ២០​អាច​សម្រេច​កម្មវត្ថុ​​​អាកាសធាតុ​ បាន​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ដឹកនាំ​នៃ​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ ២០​ដំបូង​នៅ​លើ​ពិភពលោក ឬ​ហៅ​កាត់​ខ្លី ក្រុមប្រទេស​ហ្សេ២០ ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី នា​ថ្ងៃសោរ៍​និង​អាទិត្យ​នេះ។ ជា​ជំនួប​កំពូល​ដែល​ត្រូវ​ជជែក​អំពី​ប្រធានបទ​សំខាន់ៗ​ជា​ច្រើន ជាពិសេស​ សំណុំ​រឿង​អាកាសធាតុ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ និង​ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ពិភពលោក។ ប៉ុន្តែជា​ការ​កត់​សម្គាល់​ លោកប្រធានាធិបតី​ចិន និង​រុស្ស៊ី មិន​បាន​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​ទេ។

ជំនួប​កំពូល​ហ្សេ​២០ ចាប់​បើក​នៅ​ថ្ងៃសៅរ៍ទី ៣០ តុលា ២០២១ នៅទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី.
ជំនួប​កំពូល​ហ្សេ​២០ ចាប់​បើក​នៅ​ថ្ងៃសៅរ៍ទី ៣០ តុលា ២០២១ នៅទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី. REUTERS - YARA NARDI
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​ដែល​ធំ​និង​បន្ទាន់​ជាង​គេ​មួយ​ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ​។​ ប៉ុន្តែ​​មក​ទល់​នឹង​ម៉ោងនេះ​ ហ្សេ​២០​ពុំ​ទាន់​សម្រេច​ការ​អ្វី​បាន​ទេ។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក អង់តូនីញ៉ូ ហ្គូទែរស៍ ដែល​តែង​តែ​ទាញ​សញ្ញា​អាសន្ន​​ស្តីពី​មហន្តរាយ​អាកាសធាតុ​ និងដែល​តែង​តែ​ចង្អុល​មុខ​​បញ្ជាក់​ពី​​ទំនួល​ខុស​ត្រូវ​​ពិសេសរបស់​ក្រុមប្រទេស​ហ្សេ​២០ ​ចំពោះ​​អាកាសធាតុ ទើប​បានអំពាវនាវ​ឱ្យ​មេដឹកនាំក្រុម​​ប្រទេស​អ្នក​មាន​​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​ក្រុង​រ៉ូម​ថ្ងៃ​នេះ​ទាំង​អស់ ចាប់​ផ្តើមសម្រេចកម្មវត្ថុ​អាកាសធាតុ​ ធ្វើ​ជា​គំរូ​ល្អ នាំ​មុខពិភពលោក​​ឱ្យ​បាន​មុន​ថ្ងៃ​បើក​សន្និសីទ​អន្តរជាតិCOP២៦ ដែល​នឹង​ប្រព្រឹត្ត​នៅថ្ងៃអាទិត្យ​ស្អែក​ផង។

អ៊ីតាលី ដែល​ជា​ម្ចាស់​ផ្ទះ​ ចង់​ឱ្យ​​​ក្រុម​ហ្សេ​២០​ចេញ​សេចក្តី​សន្យាជាក់លាក់​ផែនការ​​​ដើរ​ចេញ​​ពី​ថាមពល​ធ្យូងថ្ម ប៉ុន្តែ​ប្រទេសប្រើ​​ធ្យូងថ្ម​ចំបងៗ​មិនសម្តែង​ឆន្ទៈ​​ល្អ​ទេ ៖ ប្រធានាធិបតី​ចិនមិនទាំង​មក​ប្រជុំផ្ទាល់​ផង - ឥណ្ឌា និង​ឥណ្ឌូណេស៊ី មិន​​ទាន់​​សន្យា​អ្វី​ទាំង​អស់​នៅ​ពេល​នេះ​។ ប្រធានាធិបតី​បារាំង​ ម៉ាក្រុង ត្រូវ​ជួបជាមួយ​សមភាគីឥណ្ឌូណេស៊ីលោក ​​វីដូដូ និង នាយករដ្ឋមន្ត្រី​ឥណ្ឌា ​ម៉ូឌី ដោយ​ផ្ទាល់​ដើម្បី​ជជែក​អំពី​រឿង​នេះ។ ឯ​នាយករដ្ឋមន្ត្រី​អង់គ្លេស​វិញ​ បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ថា​ គេមិន​អាច​បញ្ឈប់​ការ​ឡើង​កម្តៅអាកាសធាតុ ដោយ​ជំនួប​នៅ​ក្រុង​រ៉ូម​នេះបាន​ទេ​។​

ហ្សេ​២០ តំណាង​ឱ្យ​៨០%​នៃ​ផលិតផល​សរុប​ពិភពលោក និង​៨០%​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ដូច្នេះ​ហ្សេ២០​ត្រូវ​តែ​ជា​អ្នក​ផ្តល់​សន្ទុះ​ ជា​អ្នក​នាំ​មុខ​ អនុវត្ត​​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស កំរិត​ការ​ឡើង​កម្តៅអាកាសធាតុ​ត្រឹម​១,៥​អង្សា។ ​ហ្សេ​២០ចង់​​ចេញ​សេចក្តី​ថ្លែងការណ៍អាកាសធាតុ​សម្រាប់​នាំទៅ​ពង្រឹង​កម្លាំង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ​cop២៦​ ប៉ុន្តែ​កិច្ចពិភាក្សា​ត្រូវ​ជួប​ការ​ស្មុគស្មាញជាងការ​គ្រោង​ទុក ព្រោះ​លោកប្រធានាធិបតី ស៊ី ជីនពីង និង​ វ្លាដេមៀ ពូទីន ដែល​ជា​តួអង្គដ៏​សំខាន់​ពីរសម្រេចមិន​មក​ចូល​រួមប្រជុំ​​ដោយ​ផ្ទាល់​ទេ​​ សុខចិត្ត​ធ្វើ​តែ​តាម​វីដេអូខុនហ្វេរ៉ង់​។

កូវីដ​និង​ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​

កាលពី​ឆ្នាំ២០២០ ដោយហេតុ​កូវីដ​១៩ ជំនួប​កំពូល​ហ្សេ​២០​ប្រព្រឹត្ត​ទៅ​តាម​អនឡាញ​។ ឆ្នាំ​នេះ​កូវីដ​មិន​ទាន់​រលត់​និង​ដោះស្រាយបាន​​ដាច់​ស្រេច​ទេ កូវីដ​នៅ​តែ​ជា​ក្តី​ព្រួយ​បារម្ភ​ចំបង​ដដែល​របស់​ក្រុម​ប្រទេស​អ្នក​មាន នៅ​លើ​ផែនដី។ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​ជំងឺ​រាតត្បាត​សកល​កូវីដ ហ្សេ២០​ បាន​​សម្រប​ខ្លួន​តាម​កម្មវត្ថុ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ពន្លឿន​ការ​ចាក់​ថ្នាំបង្ការ​ឱ្យ បាន​ដល់​៧០% ​នៃ​ប្រជាពលរដ្ឋ​នៅ​ទូទាំងពិភពលោក យ៉ាង​យូរ​នៅពាក់កណ្តាល​​ឆ្នាំ​២០២២ ខណៈ​ដែល​ពេល​នេះ មាន​ប្រជាពលរដ្ឋ​​ក្នុង​ប្រទេស​ក្រីក្រ ប្រមាណ ៥%​ប៉ុណ្ណោះ បាន​ទទួល​វ៉ាក់សាំង​ចំនួន​ដូស។

ការ​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច​ ក៏​ជា​ប្រធានបទ​ចំបង​មួយ​ដែលមេដឹកនាំ​ហ្សេ​២០​ ត្រូវ​លើ​មក​ជជែក​ដែរ។ មួយ​ឆ្នាំ ក្រោយ​កូវីដ​ ស្ថានភាព​សេដ្ឋកិច្ច​ចាប់​មាន​សន្ទុះ​នៅ​ស្ទើរ​គ្រប់​ប្រទេស​ ដែល​ជំរុញ​ឱ្យ​មាន​បញ្ហា​ប្រព័ន្ធ​ផ្គត់ផ្គង់​ និង​កង្វះ​វត្ថុ​ធាតុ​ដើម​ និង​ដែល​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​ឡើង​ថ្លៃ។ ក្នុង​បញ្ហា​នេះ​ប្រធានាធិបតី​បារាំង បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​ហ្សេ២០ សហការសម្របសម្រួល​គ្នា​ប្រើ​ស្តុក ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ប្រេង​។​ សង្ឃឹមថា​សំណើរបស់​លោក​នឹង​បាន​ទទួ​ល​ការ​គាំទ្រ។ ហើយ​អ្វី​ដែល​ច្បាស់​ជាង​គេ និង​សម្រេច​បាន​ជាក់លាក់​ជាង​គេ គឺ​ការ​យក​ពន្ធ​អតិប្បរមា​លើ​ក្រុមហ៊ុន​ពហុ​ជាតិ​ ចំនួន​១៥% ចាប់​ពី​ឆ្នាំ​២០២៣​ទៅ។ តាម​រយៈ​ពន្ធ​នេះ​ គេ​អាច​រក​ចំណូល​បន្ថែម​បាន​១៥០ពាន់​លាន​អឺរ៉ូ​។

បន្ទាប់​មក​ មាន​ជំនួប​ទ្វេភាគី ជា​ក្រុមតូចៗ ដោយ​ផ្ទាល់ ដើម្បី​ដោះស្រាយ​វិវាទ​ផ្សេងៗ ជាក់ស្តែង ជំនួប​រវាង​លោកប្រធានាធិបតី​បារាំង​ជាមួយ​ប្រធានាធិបតី​អាមេរិកបៃដិន ដើម្បីជម្រះ​សំណុំ​រឿង​លុបកិច្ចសន្យា​លក់​នាវា​មុជទឹក​ ឬ​ជំនួ​ប​រវាង​លោក​ម៉ាក្រុង​នឹង​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ចន ស៊ុន ដើម្បី​ដោះស្រាយ​ជម្លោះ​អ្នក​នេសាទ​ក្រោយ​Brexit។​

លោកស៊ីជីនពីង អវត្តមាន

ជំនួប​កំពូលហ្សេ​២០​នេះ​ ជា​ជំនួប​អន្តរជាតិ​​លើក​ទីមួយ​​ ​គិត​ចាប់​តាំង​ពី​វិបត្តិ​កូវីដ​ផ្ទុះឡើង​ដែល​ប្រមុខដឹកនាំប្រទេស​នីមួយៗ បង្ហាញ​វត្តមាន​ផ្ទាល់​ក្នុង​កន្លែង​ប្រជុំ និង​ជា​ឱកាស​ជួប​និយាយ​ចរចា​គ្នា​ដោយ​ស្រួល​ផង ប៉ុន្តែ​លោក​ស៊ីជីនពីង​ ប្រធានាធិបតី​ចិន​ បែរ​ជា​អវត្តមាន​ មិន​បង្ហាញ​ខ្លួន​ក្បែរ​ប្រមុខដឹកនាំប្រទេស​ដទៃ​ទេ។

ពុំ​មាន​ការ​បញ្ជាក់​អ្វី​ជា​ផ្លូវការ​​អំពី​មូលហេតុ​ដែល​លោក​ស៊ីជីនពីង អវត្តមាន​ក្នុង​ជំនួប​កំពូល​ហ្សេ​២០ និង​សន្និសីទ​អន្តរជាតិ​COP២៦​នេះ​ទេ ប៉ុន្តែ​​លេស​ចំបង ទំនង​ជា​គ្មានក្រៅ​​អ្វី​ពី​ បញ្ហា​កូវីដ ដែល​ហាក់​មាន​ចាប់​មាន​សន្ទុះឆ្លង​កើន​ឡើង​​ជា​ថ្មី​ទេ។ តាំង​ពី​កូវីដ​ផ្ទុះ​ឡើង គេ​ឃើញ​រូប​លោក​ស៊ី​ ជីនពីង នៅ​ពេញ​ទំព័រ​មុខ​របស់​កាសែត​ក្នុង​ស្រុក នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​លើ​ពិភពលោក​ និង​សំឡេង​ទូរស័ព្ទ​ហៅ​ទៅសមភាគី​ប្រទេស​ផ្សេង​ឥតដាច់ តែ​ លោកប្រធានាធិបតី​ចិន មិន​ដែល​បង្ហាញ​វត្តមាន​សោះ លោក​បញ្ជូន​តែ​រដ្ឋមន្ត្រីការបរទេស​ទៅ​ជំនួស។ សូម្បី​តែ​ជំនួបអាកាសធាតុ​រៀប​ចំ​ធ្វើ​​ក្នុង​ប្រទេស​ចិនផ្ទាល់ ក៏​លោក​មិន​ចេញ​មក​ជួប​មេដឹកនាំដទៃ​ដែរ គឺ​បាន​ត្រឹម​ថ្លែង​សុន្ទរកថាតាម​​អនឡាញ​ប៉ុណ្ណោះ។ នៅ​ក្នុង​ជំនួបកំពូល​ហ្សេ​២០ និង​COP២៦ ក៏​លោក​ចេញ​តែ​តាម​អេក្រង់​ដែរ។

សម្រាប់​អ្នក​វិភាគ​ ចិន​កំពុង​ធ្វើ​ខ្លួន​ឱ្យ​ឯកា និង​នៅ​ឯកា​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០២២ ក្រោយ​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​រងារ​ចប់ ឬ​ដល់​ចុង​ឆ្នាំ២០២២ ក្រោយ​មហាសន្និបាត​បក្ស​ចប់ផង ព្រោះ​នយោបាយ សូន្យ​កូវីដ​របស់​ចិន​ដែល​ជា​វិធានការ​ដ៏​តឹង​រឹង ជា​តំណាង​បរាជ័យ​នៃនយោបាយ​របស់​លោក​ស៊ីជីនពីង។ លោក ស៊ីជីនពីង ត្រូវ​ការ​ពារ​សុវត្ថិភាព ផ្ទាល់​ខ្លួន​សិន។ នៅ១០០​ថ្ងៃ​មុន​ការ​ប្រកួតកីឡាអូឡាំពិក​រដូវ​រងារ ករណី​ឆ្លង​ថ្មី​បាន​ស្ទុះ​ឡើង​វិញ​នៅ​ចិន រហូត​ជំរុញ​ឱ្យ​ប៉េកាំង​បិទ​ខ្ទប់​ក្រុង​មួយ​ភាគ​និង​ចេញ​បម្រាម​ជា​ថ្មី។ ម្យ៉ាងទៀត​ ទាក់ទង​នឹង​អាកាសធាតុ ចិន​បាន​ប្រកាស​ផែនការ​ប្រកប​ដោ​យ​មហិច្ឆតា ដែល​ប៉េកាំង​ទំនង​មិន​អាច​គោរព​តាម​បាន​​ទើប​មិន​ចង់​មក​ប្រឈម​ទល់​នឹង​ក្រុម​បស្ចឹម​លោក។ ជា​ចុងក្រោយ ក្នុង​បរិបទ​នៃ​សង្គ្រាម​ត្រជាក់​រវាង​អាមេរិក​និង​ចិន សំណុំ​រឿង​តៃវ៉ាន់ អាច​នឹង​ត្រូវ​លើ​កមក​ជជែកក្នុង​ជំនួប​ហ្សេ​២០ ដែល​លោកស៊ីជីនពីង​មិន​ត្រូវ​ការ​ពន្យល់​បំភ្លឺ​អ្វី ទាំង​អស់។

ចំពោះ​លោក​ ពូទីនវិញ លោក​សម្រេច​មក​មិន​ចូល​រួម ក៏​ព្រោះ​លោក​តាំង​ខ្លួន​ជា​អ្នក​ប្រឆាំង​នឹង​ក្រុម​បស្ចឹមលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ