អានតួអត្ថបទ
អាកាសធាតុ

៦ថ្ងៃមុនបើក​​COP26  អង្គការ​ឧតុនិយម​ពិភពលោក ទាញ​​សញ្ញាអាសន្ន ពីគ្រោះថ្នាក់​​​កាន់តែ​​បន្ទាន់​នៃ​​វិបត្តិ​​អាកាសធាតុ

កម្រិតនៃឧស្ម័ន​ផ្ទះកញ្ចក់​ ក្នុងបរិយាកាស បាន​កើនឡើងយ៉ាងក្រាស់ នៅក្នុងឆ្នាំ​២០២០កន្លងទៅ ចំណែកឯ​​ព្រៃអាម៉ាហ្សូន បាន​បាត់បង់ នូវសមត្ថភាព ស្រូបយកឧស្ម័ន​កាបូនិក។ នេះគឺជាសារ ទាញសញ្ញាអាសន្ន របស់អង្គការ​ឧតុនិយមពិភពលោក​ ខណៈដែ​លសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ ​COP26 នឹងត្រូវចាប់​ផ្តើម ក្នុងរយៈពេល​៦ថ្ងៃទៀត។ អង្គការសហប្រជាជាតិអំពាវនាវ ឲ្យ​ពិភពលោក​ ត្រូវតែយកឱកាសនេះរួមគ្នា ប្រឹងប្រែងដោះស្រាយ​វិបត្តិអាកាសធាតុ។

រូបថតថ្ងៃទី ២៩ សីហា ២០១៩ នៅតំបន់ Porto Velho ប្រទេសប្រេស៊ីល បង្ហាញពីការដុតព្រៃនៅតំបន់អាម៉ាហ្សូន ដើម្បីយកដីធ្វើកសិកម្ម។
រូបថតថ្ងៃទី ២៩ សីហា ២០១៩ នៅតំបន់ Porto Velho ប្រទេសប្រេស៊ីល បង្ហាញពីការដុតព្រៃនៅតំបន់អាម៉ាហ្សូន ដើម្បីយកដីធ្វើកសិកម្ម។ AP - Victor R. Caivano
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​ចុងក្រោយ ស្តីពីឧស្ម័នផ្ទះកញ្ចក់ របស់អង្គការ​ឧតុនិយមពិភពលោក (OMM) បាន​បង្ហាញ​ឲ្យឃើញថា មួយ​ផ្នែកនៃព្រៃអាម៉ាហ្សូន មិនមែន​ជាតំបន់ស្រូប​យកឧស្ម័ន​កាបូនិក​នោះទេ តែជា​កន្លែងបញ្ចេញ​ឧស្ម័ន​កាបូនិក​ ទៅក្នុង​បរិយាកាសទៅវិញ។ នេះបើតាម​លើកឡើង របស់​លោក Petteri Taalas អគ្គលេខាធិការអង្គការនេះ នៅចំពោះមុខអ្នកកាសែត។

លោក​បាន​បញ្ជាក់ថា តួលេខទាំងនេះ គឺជាសញ្ញាអាសន្ន ព្រោះ​បញ្ហានេះ គឺវាបណ្តាលមកពី​ការកាប់​បំផ្លាញព្រៃឈើ នៅក្នុងតំបន់អាម៉ាហ្សូន។ លោក​បានពន្យល់ថា ពាក់កណ្តាលនៃ​ឧស្ម័នកាបូនិក ដែលកើតចេញពីសកម្មភាព​របស់មនុស្ស គឺស្ថិតនៅកកកុញក្នុងស្រទាប់បរិយាកាស។ សល់ពីនេះ គឺត្រូវស្រូបដោយទឹកសមុទ្រ និងព្រៃឈើគ្រប់ដណ្តប់​ជុំវិញផែនដី។ ក៏ប៉ុន្តែអ្នកជំនាញ នៃអង្គការ​ឧតុនិយមអន្តរជាតិ កំពុងតែភ័យបារម្ភថា លទ្ធភាព​នៃការស្រូបយក​ឧស្ម័ន​កាបូនិក កំពុងតែថយចុះ ដោយសារតែ​ការកាប់បំផ្លាញព្រៃឈើ ការឡើងកំដៅទឹកសមុទ្រ និង​ការឡើងជាតិអាស៊ីតនៅក្នុងសមុទ្រ។

គួរបញ្ជាក់ថា ឧស្ម័នផ្ទះកញ្ចក់នៅក្នុង​បរិយាកាស គឺមាន​៣ប្រភេទធំៗ គឺឧស្ម័នកាបូនិក CO2 ឧស្ម័ន​ម៉េតាន (CH4) និង​ឧស្ម័ន​ប្រូតុកស៊ីដ អាហ្សូត (N2O)។ យោងតាមអង្គការឧតុនិយមអន្តរជាតិ  កម្រិតឧស្ម័នទាំង៣នេះ បាន​កើនឡើងខ្លាំងណាស់ ក្នុងឆ្នាំ​២០២០កន្លងទៅ​។ កម្រិតនៃការកើនឡើង នៃឧស្ម័ន​នីមួយ​ៗ មានលើសកម្រិតកើនជាមធ្យម ក្នុងរវាង​ ឆ្នាំ ២០១១-២០២០។ ការចុះថយខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច ដោយសារតែវិបត្តិកូវីដ​១៩ ក្នុងឆ្នាំកន្លងទៅ មិនបាន​ជះឥទ្ធិពលទាល់តែសោះ ទៅលើ​កម្រិតឧស្ម័នផ្ទះកញ្ចក់។ អង្គការនេះ បានទាញសញ្ញាអាសន្នថា បើ​មនុស្សលោក នៅតែប្រើប្រាស់ ថាមពល​ដើរដោយចំហេះហ្វូស៊ីល ដោយមិនបង្អង់ដៃទេនោះ នោះសីតុណ្ហភាពផែនដី នឹងឡើងកំដៅ យ៉ាងហោច៤°c បន្ថែមទៀត ពីនេះ​ដល់ដំណាច់សតវត្ស​ទី​២១។

នៅចុងសប្តាហ៍នេះ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ នឹងចាប់ផ្តើមបើកនៅទីក្រុង​Glasgow តំបន់អេកូស។ អង្គការសហប្រជាជាតិ បានសង្ឃឹម និងអំពាវនាវ ថាប្រទេសទាំងអស់នឹងរួមគ្នា យក​ឱកាសនេះ ដើម្បី​បន្ថែម​ការប្រឹងប្រែង ក្នុងការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នពុល​។ តែយ៉ាងណាក៏ដោយ លោកស្រី Euan Nisbet អ្នកស្រាវជ្រាវនៅ Royal Holloway University of London បាន​លើកឡើងថា របាយការណ៍​របស់អង្គការឧតុនិយមពិភពលោក បាន​បង្ហាញពី​ការដើរដល់ចំណុចគ្រោះថ្នាក់ ដែលគ្មានអ្វីទប់បាន​ទៀតទេ។ មហន្តរាយ​កំពុងខិតជិតមកដល់ ហើយ​មនុស្សយើង​បានត្រឹមតែស្រែក តែមិនអាចធ្វើ​អ្វីបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ