អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

COP២៦៖ មេ​ដឹកនាំ​ពិភពលោក​ប្តេជ្ញា​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ឆ្នាំ ២០៣០

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ជួប​ប្រជុំ​គ្នា​រយៈពេល​ពីរថ្ងៃ​នៅ​ឯ​សន្និសីទ​អាកាសធាតុ​ COP២៦​ ក្នុង​ទីក្រុង Glasgow មេដឹក​នាំ​ពិភពលោក​គ្រោង​នឹង​ប្រកាស​ការ​ប្តេជ្ញា​រួម​មួយ​នៅថ្ងៃអង្គារ​ ទី២​ វិច្ឆិកា​នេះ​។ ជា​ការ​ប្តេជ្ញា​ទាក់ទង​នឹង​ការ​ផ្តល់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ឆ្នាំ ២០៣០​។ នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​ ក៏​ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ការពារ​បរិស្ថាន​វិញ​ រង់ចាំ​ដល់​ឆ្នាំ ២០៣០​គឺយូរ​ពេក​ហើយ​។

ក្រោយជួបប្រជុំគ្នារយៈពេលពីរថ្ងៃ នៅឯសន្និសីទអាកាសធាតុ COP២៦ ក្នុងទីក្រុង Glasgow មេដឹកនាំពិភពលោក គ្រោងនឹងប្រកាសការប្តេជ្ញារួមមួយនៅថ្ងៃអង្គារ ទី២ វិច្ឆិកា ឆ្នាំ ២០២១។
ក្រោយជួបប្រជុំគ្នារយៈពេលពីរថ្ងៃ នៅឯសន្និសីទអាកាសធាតុ COP២៦ ក្នុងទីក្រុង Glasgow មេដឹកនាំពិភពលោក គ្រោងនឹងប្រកាសការប្តេជ្ញារួមមួយនៅថ្ងៃអង្គារ ទី២ វិច្ឆិកា ឆ្នាំ ២០២១។ AP - Victor R. Caivano
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​ពិភពលោក​ប្តេជ្ញា​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ឆ្នាំ​២០៣០

បើ​យោង​ទៅ​តាម​ដ្ឋាភិបាល​អង់គ្លេស​ដែលជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ឬ​ហៅកាត់ថា​ COP២៦​ ការ​ប្តេជា​ថែ​រក្សា​ការពារ​ព្រៃឈើ​ពី​ការ​កាប់​បំផ្លាញ​គឺ​ជា​ការ​សន្យា​មូល​មតិគ្នា​ក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក​។

ការ​ប្តេជា​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​មូលនិធិ​សាធារណៈ​និង​ឯកជន​ចំនួន​ប្រមាណ​ជិត​ ២០ ពាន់​លាន​ដុល្លារ​ ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មេដឹកនាំជាង​ ១០០ ប្រទេស​ ដែល​តំណាង​ឲ្យ​ជាង ៨៥% នៃ​ព្រៃ​ឈើពិភពលោក​ រួមមាន​ទាំង​ព្រៃទឹក​ភ្លៀង​អាម៉ាហ្សូន​ ព្រៃ​ភាគ​ខាង​ជើង​នៃ​ប្រទេសកាណាដា​ និងព្រៃរនាម​ (ព្រៃអាងស្តុកទឹក) កុងហ្គោ​។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរីស ចនសុន​ដែល​ជា​ប្រធាន​ដឹកនាំ​កិច្ច​ប្រជុំកំពូល​ COP២៦​ បាន​និយាយ​ថា​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​កាប់បំផ្លាញព្រៃឈើ​គឺជា​ចំណុច​ដ៏​សំខាន់​នាំ​ពិភពលោក​ឲ្យ​ដើរ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​កម្មវត្ថុ​កំណត់​ការ​ឡើងកម្តៅ​​ផែន​ដី​ត្រឹម​កម្រិត​ ១,៥ អង្សា​។

ព្រៃឈើ​ដែល​ជា​សួត​របស់​ភពផែនដី​ផ្តល់អត្ថប្រយោជន៍ច្រើន​ណាស់​ វា​ជួយ​ដល់​សហគមន៍​ ជួយ​ទ្រទ្រង់​ការ​ចិញ្ចឹម​ជិវិត​ និង​ជួយ​ដល់​ការ​ផ្តត់ផ្គង់​ស្បៀង​។ ក្រៅពីនេះ​ព្រៃឈើ​គឺ​ជា​ប្រភព​ដ៏សំខាន់​ជួយ​ស្រូប​យក​ឧស្ម័នកាបូនិក​ដែល​មនុស្ស​លោក​បញ្ចេញ​ចូល​ទៅ​ក្នុង​បរិយាកាស​។ លោក​នាយករដ្ឋមន្ត្រីអង់គ្លេស​បានលើកឡើងថា​ព្រៃឈើ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​រស់រានមានជីវិត​របស់មនុស្ស​លោក​។

ដូច្នោះហើយ​ តាមរយៈ​កិច្ច​ព្រមព្រៀង​ប្រកប​ដោយ​មហិច្ឆតា​ថ្មី​ដែល​គ្រោងនឹង​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ មេដឹកនាំពិភព​លោក​ សង្ឈឹមថា​ការ​កាប់​បំផ្លាញព្រៃឈើ​នឹង​អាច​បញ្ចប់​បាន​នៅ​ឆ្នាំ ២០៣០​។ ហើយនៅពេលដែល​ព្រៃ​ត្រូវបានថែរក្សា​គង់វង្ស នោះ​គេ​ក៏​សង្ឈឹម​ដែរ​ថា​កម្មវត្ថ​កំណត់​សីតុណ្ហភាព​មធ្យម​លើ​ភពផែនត្រឹម​កម្រិត​ ១,៥ អង្សានឹងអាច​សម្រេច​ទៅរួច​ដូចគ្នា​។

១០ ឆ្នាំ​ទៀត

គួរ​រំឭកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ ញូវយ៉ក កាល​ពី​ឆ្នាំ​ ២០១៤​ មេដឹកនាំ​ពិភពលោក​ក៏ធ្លាប់​បាន​ប្រកាស​ប្តេជ្ញា​ស្រដៀងគ្នា​នេះ​ដែរ​ ថានឹង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅឆ្នាំ​២០២០​។

ក៏ប៉ុន្តែ​ ព្រៃឈើ​ជាច្រើន​នៅ​តែ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ជាពិសេស​នៅ​តំបន់​អាម៉ាហ្សូន​ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាលស្តាំនិយម​នៃ​ប្រធានាធិបតីប្រេស៊ីល​លោកហ្សាអៀរ បុលសូណារ៉ូ​។

រហូតមកទល់​ពេលនេះ​ មនុស្សលោក​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​មាន​នៅលើ​ភពផែនដីអស់​ប្រមាណជា​ពាក់កណ្តាល​ទៅហើយ​។ សកម្មភាព​បែបនេះ​បាន​នឹងកំពុង​ធ្វើ​ឲ្យ​វិបត្តិ​អាកាសធាតុ​កាន់តែធ្លាក់​ចុះដុនដាប​ថែម​មួយ​កម្រិត​ទៀត​។

Greenpeace​ ដែល​អង្គការ​បណ្តាញ​យុទ្ធនាការ​សកល​ និង​ឯករាជ្យ​ដើម្បី​បរិស្ថាន​បាន​រិះ​គន់​មេដឹកនាំពិភពលោក​ដែល​មិនអាច​បិទបញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើបាន​នៅឆ្នាំ ២០២០​ និង​បាន​ពន្យារ​ពេល​ ១០ ឆ្នាំទៀត​ ពោលគឺ​រហូតដល់​ឆ្នាំ ២០៣០​។

នាយកប្រតិបត្តិអង្គការ​ Greenpeace ប្រេស៊ីល​លោកស្រី​ Carolina Pasquali​ បាន​មាន​ប្រសាសន៍ថា​ជនជាតិដើមភាគ​តិចកំពុង​អំពាវនាវមាន​ការ​ការពារព្រៃ​អាម៉ាហ្សូន​ឲ្យបាន ៨០% នៅត្រឹមឆ្នាំ ២០២៥​។ អ្វីដែល​ជនជាតិដើមភាគតិច ចង់បានគឺជារឿង​ត្រឹមត្រូវ និង​ជា​អ្វីដែល​គេត្រូវការ​។ លោកស្រី​ Carolina Pasquali បញ្ជាក់បន្ថែម​។

ជារួមមក​អង្គការ​សមាគមន៍​ជាច្រើន​ បារម្ភ​ខ្លាច​មេដឹកនាំ​ពិភព​លោក​មិន​អាច​ធ្វើតាម​ការ​សន្យា​ជាថ្មីទៀត​ និង​អាច​ពន្យាពេល​ជាលើកទី២​ ដូច្នោះ​ពួក​គេ​ចង់ឃើញ​ការ​បញ្ចប់ការ​កាប់ព្រៃឈើ​ធ្វើឡើងឲ្យបាន​មុន​ឆ្នាំ​ ២០៣០​។

ទាក់ទង​ចំណុចនេះ​ គួរបញ្ជាក់ជូនដែរថា​ ប្រទេស​ហត្ថលេខី​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ពន្លឿន​យុទ្ធនាការទប់ស្កាត់កាប់បំផ្លាញព្រៃឈើ​ក្នុងទឹកដី​របស់ពួកគេ​រួមមាន​ ប្រទេស​ប្រេស៊ីល​ រុស្ស៊ី​ សហរដ្ឋអាមេរិក​ ចិន​ បារាំង​ និងអូស្ត្រាលី​។

ឥណ្ឌា​កំណត់​គោលដៅ​អព្យាក្រឹត​កាបោន​នៅឆ្នាំ​ ២០៧០​

នាយករដ្ឋមន្ត្រីឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​ បាន​ប្រកាសកាល​ពីថ្ងៃចន្ទ​ម្សិលមិញ​នៅឯ​កិច្ច​ប្រជុំ​អាកាសធាតុ​ COP២៦​ នៅទីក្រុង Glasgow ពី​គោលដៅ​កំណត់​អព្យាក្រឹតកាបូន​នៅឆ្នាំ ២០៧០​។

ការ​ប្តេជ្ញាឥណ្ឌា​គឺជាអ្វី​ដែល​គេ​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​ ព្រោះថា​ប្រទេសយក្ស​អាស៊ី​ខាងត្បូង​មួយនេះគឺជា​អ្នក​បញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេ​ទីបួន​នៅពីក្រោយ​ប្រទេសចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​។

ទន្ទឹមនេះលោកនាយករដ្ឋមន្ត្រីឥណ្ឌាបានបញ្ជាក់យ៉ាងច្បាស់ថា ការសន្យា​កាត់​បន្ថយ​ការបំភាយ​ឧស្ម័នពី​សំណាក់​ប្រទេសឥណ្ឌា និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនឹងត្រូវការជាចាំបាច់ជំនួយហិរញ្ញវត្ថុពីប្រទេសអ្នកមានដែលជាអ្នកបានបញ្ចេញឧស្ម័នផ្ទះ​កញ្ចក់ជាច្រើន​។

ដោយឡែក​ រដ្ឋាភិបាល​នៃ​ប្រទេស​ប្រេស៊ីល​ដែលធ្លាប់​ទទួលរង​ការរិះគន់យ៉ាងខ្លាំង​ចំពោះ​គោល​នយោបាយបរិស្ថានរបស់ខ្លួន​ ក៏បានប្រកាសកាលពីថ្ងៃចន្ទដូចគ្នាដែរ​អំពី​ការ​កាត់​បន្ថយ​ការការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

កាលពីម្សិលមិញនេះ​ ប្រេស៊ីលបាន​ប្រកាសថា​ខ្លួន​នឹង​កាត់បន្ថយការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កម្រិត​ ២០០៥ (2005-Level) ឲ្យមានពាក់​កណ្តាល​នៅឆ្នាំ​ ២០៣០​ ពោល​គឺ​កើន​ឡើង​ពី​ការ​សន្យាពី​លើកមុន​ដែល​មានចំនួន​ ៤៣%​។ ក្រៅពីនេះ​ ប្រទេស​ប្រេស៊ីល​ក៏​បាន​បង្ហាញ​ពី​ចេតនាចង់​សម្រេច​បាន​នូវ​អព្យាក្រឹតកាបោន​នាឆ្នាំ ២០៥០​ខាងមុខ​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ