អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេ​ដឹក​នាំ​ហ្សេ២០​នៅ​តែ​ខ្វែង​គំនិត​គ្នា​ពាក់​ព័ន្ធ​សំណុំ​រឿង​អាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេដឹកនាំ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំ​មុនគេ​ហ្សេ២០​ កាលពី​ថ្ងៃ​សៅរ៍ ៣០ តុលា​ម្សិលមិញ​បាន​សម្រេចមូល​មិតគ្នា​​ស្តីពី​ការ​យក​ពន្ធ​លើ​ក្រុម​ហ៊ុនពហុជាតិ​។ ក៏ប៉ុន្តែ​ទាក់ទង​បញ្ហា​អាកាសធាតុ​​វិញ​ មេដឹកនាំហ្សេ២០​ តែ​នៅ​ខ្វែង​គំនិតគ្នា​ និង​មិនទាន់​អាច​ឈានដល់​កិច្ច​ព្រមព្រៀង​រួម​បាន​ឡើយ​។ តើ​ជំនួប​ហ្សេ​២០ សម្រេច​អ្វីខ្លះ​ទាក់ទង​នឹង​ការ​យក​ពន្ធ​ពី​ក្រុម​ហ៊ុន​ពហុជាតិ​? ហេតុអ្វីមេដឹក​នាំហ្សេ​២០នៅតែ​ខ្វែង​គំនិត​គ្នា​ជុំវិញ​សំណុំរឿង​អាកាសធាតុ​?

នៅថ្ងៃសៅរ៍ ទី៣០ តុលា មេដឹកនាំហ្សេ២០ បានសម្រេចមូលមិតគ្នាស្តីពីការយកពន្ធលើក្រុមហ៊ុនពហុជាតិ តែនៅខ្វែងគំនិតគ្នាទាក់ទងសំណុំរឿងអាកាសធាតុ។
នៅថ្ងៃសៅរ៍ ទី៣០ តុលា មេដឹកនាំហ្សេ២០ បានសម្រេចមូលមិតគ្នាស្តីពីការយកពន្ធលើក្រុមហ៊ុនពហុជាតិ តែនៅខ្វែងគំនិតគ្នាទាក់ទងសំណុំរឿងអាកាសធាតុ។ AP - Brendan Smialowski
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រម​ព្រៀង​ស្តី​អំពី​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុន​ពហុជាតិ

ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំមុខគេ​ឬ​​ហៅកាត់ថា​ហ្សេ២០​ ប្រព្រឹត្ត​ធ្វើ​ទៅ​រយៈពេល​ពីរថ្ងៃ​នៅក្នុង​ទីក្រុង​រ៉ូម​ប្រទេសអ៊ីតាលី​ដោយ​ចាប់ផ្តើម​ពី​សៅរ៍ ទី៣០ តុលា​ម្សិលមិញ​និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​នេះ។

កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ ក្រោយ​ជួប​ពិភាក្សាគ្នា​ មេដឹក​នាំ​ហ្សេ២០​ បាន​ចេញ​សេចក្តីប្រកាស​ដំបូង​ដ៏សំខាន់មួយ​អំពី​ការ​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុនពហុជាតិ​ត្រូវ​ជាប់​ពន្ធ​អប្បបរមា​ចំនួន​ ១៥%​។ តាម​ការ​គ្រោង ប្រព័ន្ធ​ពន្ធ​សកល​ដែល​ទើប​ប្រកាស​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ ២០២៣​។

កំណែ​ទម្រង់​ពន្ធថ្មីនឹង​ជួយ​ឲ្យ​ប្រទេស​នានា​ទទួល​បាន​ចំណែក​នៃពន្ធ​លើ​ប្រាក់​ចំណេញ​ដែល​ក្រុមហ៊ុន​ពហុជាតិ​ទទួលបាន​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​។ ជាមួយគ្នា​នេះ​ គេ​សង្ឃឹម​ដែរ​ថា​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធ​នឹង​ជួយ​ធ្វើឲ្យ​ការ​យក​ពន្ធ ​ពី​ក្រុម​ហ៊ុន​ធំៗ មាន​យុត្តិធម៌​ជាង​មុន​ និង​រារាំង​បណ្តា​ប្រទេស​នានា ​ពី​ការ​ប្រកួតប្រជែង​ក្នុង​ការ​ផ្តល់​អត្រាពន្ធ​ទាប​បំផុតដើម្បី​ទាក់ទាញ​ការ​វិនិយោគ ​ដែល​ជា​រឿយៗ​ធ្វើឲ្យ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​បង់ពន្ធ​ក្នុង​កម្រិត​មួយ​ទាប​។

នៅត្រង់ចំណុចនេះ គួរ​បញ្ជាក់ថា​ផែនការ​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធសកល​ដែលគាំទ្រ​រួច​ទៅ​ហើយ​ដោយ​ប្រទេស​ជិត​ ១៤០នេះ​ មានក៏មាន​ទិសដៅ​ឈាន​ទៅ​បិទ​បញ្ចប់​ដែរ​ការ​អនុវត្ត​របស់​ក្រុមហ៊ុនធំៗដូចជា Apple និង Google parent Alphabet ដែល​ជ្រក​កោន​ស្វែងរក​ប្រាក់​ចំណេញ​នៅក្នុង​ប្រទេស​ដែល​មាន​ពន្ធទាប​។

មេ​ដឹក​នាំហ្សេ​២០ និយាយ​មិន​ទាន់​ត្រូវ​គ្នា​ពាក់ព័ន្ធ​សំណុំ​រឿង​អាកាសធាតុ

មេដឹកនាំ​ហ្សេ២០​ បាន​សម្រេច​មូលមតិ​គ្នា​ជា​ប្រវត្តិសាស្រ្តលើ​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុន​ពហុជាតិ​ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​ឯកភាពគ្នា​ណាមួយ​ស្តីអំពី​កម្មវត្ថុ​អាកាសធាតុ​លេច​ចេញ​ជារូបរាងឡើយ​នៅឯជំនួប​ហ្សេ ២០​។

មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ចនាំមុខ​ហ្សេ២០​ កំពុង​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​បញ្ជាក់ពី​ការ​ប្តេជ្ញាចិត្ត​រួម​របស់ពួកគេ​ដើម្បី​បុព្វហេតុ​អាកាសធាតុ​ ជាពិសេស​នៅ​មុនសន្និសីទ​អន្តរជាតិ​អាកាសធាតុ COP26 របស់​អង្គការសហប្រជាជាតិ​ដែល​នឹង​ចាប់បើក​នៅទីក្រុង​ Glasgow នាថ្ងៃ​អាទិត្យនេះ​ហើយ​ដែរ​។

ម្ចាស់​ផ្ទះ​រៀបចំ​ជំនួបកំពូល​គឺ​ប្រទេសអ៊ីតាលី​ កំពុង​ជំរុញ​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ហ្សេ២០​ ឲ្យ​រួមកម្លាំងគ្នា​គាំទ្រ​គោលដៅ​របស់អង្គការសហប្រជាជាតិ​ក្នុងការ​កំណត់​ការឡើងកំដៅ​ផែន​ដី​ត្រឹម​កម្រិត​ ១,៥ អង្សា​។ នេះ​គឺជា​កម្មវត្ថុ​មួយ​ដែល​មាន​ចែង​នៅក្នុង​កិច្ច​ព្រមព្រៀង​អាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥​។

នៅ​មុន​កិច្ច​ពិភាក្សា​បិទ​ទ្វារ​រយៈពេល​ពីរ​ថ្ងៃ​ នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ លោក Mario Draghi បាន​ប្រាប់​មេដឹកនាំ​ហ្សេ ២០ ថា​ មិនថាតែ​វិបត្តិ​ជំងឺ​រាតត្បាតកូវីដ​ ការ​ប្រែប្រួល​អាកាសធាតុ​ រហូតដល់​ការ​បង់ពន្ធ​ដោយ​យុត្តិធម៌​ និង​សមធម៌ គេ​មិន​អាច​ដោះស្រាយ​បញ្ហាណាមួយ​បានឡើយ​ ប្រសិន​បើ​គ្មាន​ការចូលរួម​ពី​អ្នកគ្រប់គ្នា​ពី​ក្រុមប្រទេស​ហ្សេង២០ទាំងអស់ទេ​នោះ​។

ក៏ប៉ុន្តែ​ សមាជិក​ក្រុម​ប្រទេស​ហ្សេ​ ២០ ជាច្រើន​ ដែល​ស្ថិត​នៅក្នុង​ដំណាក់កាល​ផ្សេងៗគ្នា​ នៃការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​នៅតែមានការខ្វែងគំនិត​គ្នា​ លើ​គោលដៅ​សំខាន់​ទាក់ទង​ការ​កាត់​បន្ថយ​ការបំភាយឧស្ម័នផ្ទះកញ្ចក់​ឲ្យ​ដល់​សូន្យ​នៅឆ្នាំ ២០៥០​។

សមាជិក​ក្រុម​ប្រទេស​ហ្សេ២០​ ដែល​រួម​មាន​ចិន​ អាមេរិក​ ឥណ្ឌា សហភាពអឺរ៉ុប​ និង​រុស្ស៊ី​ តំណាង​ឲ្យ​ប្រមាណ​ជា​ ៨០%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក ហើយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មាន​ចំនួន​ជិត​ ៨០ %​ឯណោះ​នៅក្នុង​ប្រទេស​ទាំងនោះ​។

ដូច្នោះ​ហើយ​ បើ​ប្រទេស​ធំៗ​ទាំង​នោះ​នៅតែ​ខ្វែង​គំនិត​គ្នា​ នៅតែ​និយាយ​រុញ​ដាក់​គ្នា​ទៅវិញ​ទៅមក​ថា​អ្នកណា​គួរ​ធ្វើ​សកម្មភាព​នេះ​ ឬ​សកម្មភាពនោះ​បន្ថែម​ដើម្បី​បុព្វហេតុ​អាកាសធាតុ​ នោះ​មានន័យថា​ផ្លូវ​ដើរ​ទៅរក​ច្រកដោះ​ស្រាយ​វិបត្តិ​អាកាសធាតុ​កំពុង​ជួប​ឧបសគ្គធំ​ហើយ​។

ការ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​មិន​ភាព​ស្មើ​ភាពគ្នា​

ការ​ទទួលបាន​វ៉ាក់សាំង​មិន​ស្មើភាពគ្នា​ គឺជា​ប្រធាន​បទ​សំខាន់​មួយ​ដែរ​នៅ​ក្នុង​ជំនួប​កំពូល​ហ្សេ​២០​ នា​ពេលនេះ​។ នៅក្នុង​ពេល​បញ្ចេញមតិ​យោបល់​ទៅកាន់​អង្គប្រជុំ​តាម​វីដេអូ​អនឡាញ​ពី​ចម្ងាយ​ ទាំង​លោក​ប្រធានាធិបតី​ចិន​ស៊ី​ ជីនពីង​ និង​មេដឹកនាំ​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន​ បាន​លើកឡើង​ពី​បញ្ហានៃ​ការ​ចែកចាយ​វ៉ាក់សាំង​សកល​មិនស្មើគ្នា​។

លោកពូទីន​ កន្លង​មក​ធ្លាប់បាន​រិះគន់​ការមិន​ស្មើគ្នាភាព​ ការ​ប្រកួតប្រជែង​មិនស្មោះត្រង់​ ការ​ការពារនិយម​ និងការ​មិន​ទទួលស្គាល់​វ៉ាក់សាំង​និងបណ្ណរ​ចាក់​វ៉ាក់សាំង​របស់គ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​ប្រទេស​ហ្សេ២០​មួយចំនួន​។

គេមិន​រំពឹងទេ​ថា​នឹង​មាន​ការព្រមព្រៀង​មូលមតិ​គ្នា​ទាក់ទង​នឹង​វិសមភាព​នៃការ​ទទួលបាន​វ៉ាក់សាំងប្រឆាំង​កូវីដ១៩​ រវាង​ប្រទេស​អ្នកមាន​ និង​ប្រទេសអ្នកក្រ​។ ក៏ប៉ុន្តែ​នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Draghi បាន​ជំរុញឲ្យ​ប្រទេស​ដៃគូ​ទាំងអស់​ប្រឹងប្រែង​ធ្វើអ្វី​ដែល​ខ្លួន​អាច​ធ្វើទៅបាន​ដើម្បី​សម្រេច​គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក​ ក្នុងការ​ចាក់វ៉ាក់សាំង​ជូន​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ឲ្យ​បាន​ ៧០%​ នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២២។ បើតាម​ទីភ្នាក់​សារព័ត៌មាន​បារាំង​ AFP គ្រប់​មេដឹកនាំ​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​គេ​ហ្សេ២០ សុទ្ធ​តែ​បាន​យល់ព្រម​ចូលរួម​ជួយឲ្យ​គោលដៅ​នេះ​សម្រេច​ទៅបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ