អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ហា​​សេដ្ឋកិច្ច​​ចិន​​បង្ក​​ជា​​ក្តី​​បារម្ភ​​ដល់​​កំណើន​​សេដ្ឋកិច្ច​​សកល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​បង្ក​ឡើង​ដោយ​កង្វះ​ខាត​ថាមពល​ និង​វិបត្តិ​ទីផ្សារ​អចលនទ្រព្យ​ កំពុងតែ​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ពី​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។ ក្រុម​សេដ្ឋវិទូ​បាន​ចាប់​ផ្តើម​ចោទ​សួរ​ពី​ផលប៉ះពាល់​របស់​បញ្ហា​សេដ្ឋកិច្ច​ចិន​ទៅ​លើ​កំណើន​នៃ​សេដ្ឋកិច្ច​សកល​។ សេដ្ឋកិច្ច​សកល​ដែលត្រូវ​បាន​ជួយ​យឹតយោង​និង​ជំរុញ​ដោយ​កំណើន​សេដ្ឋកិច្ច​ចិន​អស់​រយៈពេល​ជាង ២០ឆ្នាំ​មក​ហើយ​។ ហេតុអ្វី​បាន​ជា​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ធ្លាក់​ចុះ​? តើ​បញ្ហា​សេដ្ឋកិច្ច​ចិន​ អាច​នឹង​ជះ​ចេញ​ជា​ផល​វិបាក​អ្វីខ្លះ​?

អគារមជ្ឈមណ្ឌលរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande។
អគារមជ្ឈមណ្ឌលរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande។ Hector RETAMAL AFP/Archivos
ផ្សាយពាណិជ្ជកម្ម

កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​សម្រាប់​ត្រីមាស​ទីមួយ​នៃឆ្នាំ ២០២១នេះ បាន​កើនឡើង​ដល់​ ១៨,៣%​។ តួលេខនេះ​ធ្លាក់ចុះមកនៅត្រឹម​ ៧,៩​% សម្រាប់​ត្រីមាស​ទីពីរ ហើយ​ធ្លាក់ដល់​ ៤,៩% សម្រាប់​ត្រីមាសទីបី​។

មូលហេតុ​ដែល​បណ្តាលឲ្យ​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ

មាន​បញ្ហាធំៗ​ចំនួនបី​ដែល​បាន​រួមចំណែក​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ចិន​ចុះខ្សោយ​ហើយ​ដើរ​យឺត​ជាងមុន​។ ទី១៖ វិបត្តិ​ជំងឺកូវីដ១៩​ ទី២៖ វិបត្តិ​ថាមពល​ និង​ចុងក្រោយ​គេ​គឺ​បញ្ហា​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​។

ដោយសារ​តែ​ការផ្ទុះ​ឡើង​មក​វិញ​នៃ​ជំងឺកូវីដ​១៩ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ដាក់​ចេញនូវ​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា​ដែល​គេស្គាល់​ឈ្មោះ​ថា​ “ហ្សេរ៉ូកូវីដ” ដោយ​អនុវត្ត​នូវ​វិធានការ​រឹត​បន្តឹងនានា​ដូចជា​បិទខ្ទប់​តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​ជាដើម​។ វិធានការ​រឹតត្បិត​ក្នុងការ​កម្ចាត់ជំងឺកូវីដ១៩​របស់​អាជ្ញាធរចិន​បាន​ធ្វើឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ត្រួវ​ជួប​ភាព​រអាក់រអួលខ្លះ​ លែង​អាច​ដំណើរ​រលូនល្អ​ដូច​ធម្មតាបាន​។

មួយវិញទៀត​ សម្រាប់​ចិន ថាមពល​គឺជា​ប្រភព​ធនធាន​មិន​អាច​ខ្វះ​បានឡើយសម្រាប់​ចិញ្ចឹម​បំពេញ​បំប៉ន​កំណើន​សេដ្ឋកិច្ច​។ នៅ​ក្នុង​ខែតុលា​កន្លងទៅ មាន​តំបន់​ក្នុង​ប្រទេស​ចិន​ជា​ច្រើន​ត្រូវ​រង​នូវ​បញ្ហា​ដាច់​ភ្លើងគ្មានអគ្គិសនីប្រើប្រាស់​ ដោយសារ​តែ​រោងចក្រ​អគ្គិសនី​គ្មាន​ធ្យូងថ្ម​គ្រប់គ្រាន់​។ កង្វះ​ថាមពល​អគ្គិសនី​បាន​ជះ​ផលវិបាក​ធ្ងន់ធ្ងន់​ដល់​វិស័យ​សេដ្ឋកិច្ច​របស់ចិន​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ចទី២​របស់ពិភពលោក​។

បន្ថែមលើនេះ​ បញ្ហា​ធ្លាក់ចុះ​នៃ​ការ​សាងសង់​ក្នុង​វិស័យអចលទ្រព្យ​ក៏ជា​កត្តា​រួម​ចំណែកដ៏​ចំបង​ដែល​ជះ​ផល​អាក្រក់​ដល់​សេដ្ឋកិច្ច​ចិន​។ ភាព​លំបាក​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​ដែល​បង្កឡើង​ដោយ​វិបត្តិ​បំណុល​របស់​ក្រុមហ៊ុន​អចលទ្រព្យ​យក្ស Evergrande បាន​បង្ក​ជា​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ចិន​ ហើយ​ហានិភ័យនេះ​ក៏​អាច​នឹង​ឆ្លង​រាលដាល​ចូលដល់​សេដ្ឋកិច្ច​របស់​ពិភពលោក​យើង​ទាំងមូលដែរ​។

បញ្ហា​របស់​ក្រុម​ហ៊ុន​ Evergrande បង្កជា​ផល​វិបាក​ខ្លាំងដល់​សេដ្ឋកិច្ចចិន?

Evergrande​ ដែលត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩៦​ គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​របស់​ចិន ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​ក្រុមអ្នកជំនាញ ​ទំហំ​ទ្រព្យ​សកម្ម​របស់​ក្រុមហ៊ុន​យក្សនេះ​មាន​តម្លៃ​រហូតដល់ទៅ​ប្រមាណ​ជា ២៦០​ ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​ Evergrande ផ្តល់​ការងារ​ដល់​មនុស្ស​ប្រមាណ​ ២​សែន​នាក់​ និង​បង្កើត​ការងារ​ដោយ​ប្រយោល​ចំនួន​ ៣​លាន ៨ សែន​នៅ​ក្នុង​ប្រទេស​ចិន​។ ក៏ប៉ុន្តែ​នៅ​មួយ​រយៈចុង​ក្រោយ​នេះ​ការ​រកស៊ី​របស់​ក្រុមហ៊ុន​បាន​ជួប​ឧបសគ្គ​ច្រើន​។

អត្រា​លក់​ផ្ទះ​-អាផាតមិន​ របស់​ក្រុមហ៊ុន​ធ្លាក់​ចុះជាខ្លាំង​ ហើយ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ Evergrande ក៏​បាន​ធ្លាក់​ក្នុង​សភាព​ដុនដាប​ដែរ។ Evergrande បាន​ក្លាយ​ជាក្រុមហ៊ុន​ជាប់​បំណុល​ដ៏ច្រើន​បំផុតមួយ​ក្នុងលោក​ ពោល​គឺ​មាន​បំណុល​សរុបដល់​ទៅ​ជាង ​៣០០ ពាន់​លាន​ដុល្លារ។

ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អចលនទ្រព្យដ៏ធំ​ដូចជា Evergrande ត្រូវ​បាន​គេ​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជាទីផុត​ពីព្រោះថា​ការ​ដួលរលំ​របស់​ក្រុមហ៊ុន​នេះ​នឹង​ជះ​ផល​ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើន​នៃ​សេដ្ឋកិច្ច​របស់​មហាយក្ស​ចិន​។

វិស័យ​អចលនទ្រព្យ​គឺជា​ក្បាល​ម៉ាស៊ីនដ៏សំខាន់​មួយ​ចំពោះ​សេដ្ឋកិច្ចចិន​ ហើយ​វា​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយឲ្យ​សេដ្ឋកច្ច​ចិនងើប​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ​។ បើតាម​អ្នកជំនាញ​ វិស័យ​អចលន​ទ្រព្យ​តំណាង​ឲ្យ​ ២៥-៣០ %​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេសចិន​។ នៅក្នុង​ត្រីមាសទីបី​នៃ​ឆ្នាំ​ ២០២១នេះ​ ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​ដែល​ទទួល​រង​ពី​វិបត្តិ Evergrande បាន​កើន​ឡើង​ចំនួន​ ៤,៩%​។ អត្រា​នេះ​ធ្លាក់ចុះ​ពី​ចំនួន​ ៧,៩% នៅក្នុង​ត្រីមាស​ទី​ពីរ​ និង​ធ្លាក់ចុះ​ពី ១៨,៣% សម្រាប់​ត្រីមាស​ទីមួយក្នុង​ឆ្នាំ២០២១​ដូចគ្នា​ ដូចបាន​រៀបរាប់​ខាងលើ​។

វិបត្តិ​សេដ្ឋកិច្ច​ចិន​បង្ក​ជា​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​?

ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ចចិន​ ជាពិសេស​បង្កឡើង​ដោយ​វិបត្តិ​ទីផ្សារ​អចលនទ្រព្យ​ កំពុង​តែ​ធ្វើឲ្យគេ​ព្រួយបារម្ភដែរ​ពី​កំណើន​សេដ្ឋកិច្ចពិភពលោក​ទាំងមូល​។ សេដ្ឋកិច្ច​ពិភពលោក​ដែល​ត្រូវ​បាន​ជួយជំរុញ​ដោយ​កំណើន​សេដ្ឋកិច្ច​ចិន​ អស់​រយៈពេល​ជាង​ ២០ ឆ្នាំមក​ហើយ​។

ស្ថានភាព​លំបាក​របស់​វិស័យ​អចលនទ្រព្យ​នៅចិន​ដែល​បង្កឡើង​ដោយ​បញ្ហា​បំណុល​របស់​ក្រុមហ៊ុន​យក្ស Evergrande អាច​បង្កជា​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ និង​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក​ដូចគ្នា​។ នេះ​គឺជា​ការ​ព្រមាន​របស់​ធនាគារ​កណ្តាល​អាមេរិក​នៅក្នុង​របាយការណ៍​របស់​ខ្លួន​មួយ​ស្តីពី​ស្ថិរភាព​ហិរញ្ញវត្ថុ​ដែល​ទើប​បាន​ចេញផ្សាយ​កាលពី​ថ្ងៃចន្ទ​ដើមសប្តាហ៍​។

ការ​ទាញ​ជា​សញ្ញា​អាសន្ន​ខាងលើ​គឺ​ការ​ផ្លាស់ប្តូរ​ដ៏គួរឲ្យកត់​សម្គាល់​មួយ​ ពីព្រោះ​ថាកាល​ខែ​កញ្ញាកន្លងទៅ​ ប្រធាន​ធនាគារ​កណ្តាល​អាមេរិកលោក Jerome Powell ធ្លាប់​បាន​អះអាង​ពីការ​ជឿជាក់​របស់​លោក​ថា​សេដ្ឋកិច្ច​អាមេរិក​ដែល​ជា​សេដ្ឋកិច្ច​ដ៏​ធំ​ជាងគេ​របស់​ពិភព​លោក​នឹង​មិន​ត្រូវ​បាន​ប៉ះពាល់​ដោយផ្ទាល់​ទៅ​នឹង​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ប្រទេស​ចិន​ឡើយ​។

ទាក់ទងរឿងនេះ​ លោក Gregory Daco អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅសាកល​វិទ្យាល័យ Oxford បាន​មាន​ប្រសាសន៍​ថា​ការ​ធ្លាក់​ចុះ​នៃកំណើន​សេដ្ឋកិច្ច​ប្រទេស​ចិន​តំណាង​ឲ្យ​ការ​បាត់បង់​ប្រភពនៃ​ថាមពល​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​។

តែយ៉ាងណាក៏ដោយ​ សេដ្ឋវិទូ​រូបនេះ​បាន​កត់សម្គាល់​ដែរ​ថា​ថាមវន្ត​ឬ​ភាព​ស្វាហាប់​នៃ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​មាន​អំណោយផល​សម្រាប់ពេលនេះ​ ជាពិសេស​ចាប់​តាំង​ពី​បញ្ហា​សេដ្ឋចិន​នៅចិន​ត្រូវ​បាន​ទូទាត់​សង​ជំនួស​មក​វិញ​ដោយ​កំណើន​សេដ្ឋកិច្ច​ដ៏រឹង​មាំ​នៅក្នុង​សហរដ្ឋ​អាមេរិក​ និង​នៅអឺរ៉ុប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ