អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

CNUCEDព្រមាន​ពីវិបត្តិ​អតិផរណា​ដែលកើតឡើង​ដោយសារ​ភាពរអាក់រអួល​ក្នុងការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការCNUCED របស់​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​ពាណិជ្ជកម្ម​និង​អភិវឌ្ឍ បាន​ចេញ​របាយការណ៍ ព្រមាន​ពី​វិបត្តិអតិផរណា​ដែល​អាច​បង្កផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និងជាពិសេស​ប្រទេស​ក្រីក្រ។ នៅក្នុង​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍ទី ១៨ វិច្ឆិកា​២០២១ ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ បាន​ទាញ​សញ្ញាអាសន្ន​ជាពិសេស ពីវិបត្តិអតិផរណា នៅ​បណ្តាប្រទេស​ក្រីក្រ។ ទាក់ទង​នឹង​បញ្ហា​អតិផរណានេះ ប្រធានាធិបតី​អាមេរិក​បានស្នើសុំ​ឲ្យ​សម្ព័ន្ធមិត្ត និង​ប្រទេស​ប្រើប្រាស់​ប្រេងច្រើន ដូចជា ឥណ្ឌា និង​ចិន ចាប់ផ្តើម​ប្រើប្រេង​ក្នុង​ស្តុកបម្រុងរបស់ខ្លួន ដើម្បី​ជួយ​កាត់បន្ថយ​តម្លៃ​ថាមពល ដែលជាដើមហេតុ​ចម្បងមួយ បង្ក​ឲ្យ​វិបត្តិអតិផរណា។

រូប​ថត​នៅ​ខែ​តុលា ឆ្នាំ ២០២១​បង្ហាញ​កំពង់ផែ​នៅទីក្រុង​Los Angeles ដែល​កកស្ទះ ដោយសារ​ចំនួន​កប៉ាល់​ដឹកទំនិញ
រូប​ថត​នៅ​ខែ​តុលា ឆ្នាំ ២០២១​បង្ហាញ​កំពង់ផែ​នៅទីក្រុង​Los Angeles ដែល​កកស្ទះ ដោយសារ​ចំនួន​កប៉ាល់​ដឹកទំនិញ © AP Photo/Damian Dovarganes)
ផ្សាយពាណិជ្ជកម្ម

ខណៈដែលសកម្មភាព​សេដ្ឋកិច្ចពិភពលោក កំពុងតែ​ងើប​ស្ទុះឡើងវិញ នៅក្រោយ​វិបត្តិកូវីដ អង្គការ​CNUCED របស់​អង្គការ​សហប្រជាជាតិ​បាន​ទាញសញ្ញាអាសន្ន នៅថ្ងៃ​ព្រហស្បតិ៍នេះ ពី​បញ្ហា​អតិផរណា ទំនិញ ឡើងថ្លៃ នៅក្នុង​ពិភពលោក។

នៅក្នុង​របាយការណ៍​របស់​ខ្លួន ចុះផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍ អង្គការ​CNUCED បាន​ព្រមាន​ពី​បញ្ហា​អតិផរណា​ក្នុង​ពិភពលោក ដែល​កើតឡើង មួយចំណែក ដោយសារ​តែ​បញ្ហា​រអាក់រអួល​ខាងផ្នែក​ដឹកជញ្ជូន​ផ្គត់ផ្គង់ទំនិញ នៅក្នុង​ពិភពលោក។

ជាក់ស្តែង ដោយសារ​វិបត្តិ​កូវីដ កំពង់ផែ​មួយចំនួន ដូចជា​កំពង់ផែ​Yantian( យ៉ានធាន ) នៅ​ប្រទេស​ចិន​បាន​បិទទ្វារ កាលពី​ខែ​ឧសភា ដើម្បី​ទប់ស្កាត់​ការឆ្លងរាតត្បាត​កូវីដ ចំណែក​កប៉ាល់​ជាច្រើន​គ្រឿង ត្រូវ​បង្វែរ​ផ្លូវ​ធ្វើដំណើរ​របស់ខ្លួន ដោយសារ តែ​ការជាប់គាំង​នៅ​ច្រកព្រែកជីក Suez នៅ​ប្រទេស​អេហ្ស៊ីប កាលពី​ខែ​មីនា។ នេះគេ​នៅមិនទាន់​និយាយ​ពី​ឧបសគ្គ​ផ្នែក​រដ្ឋបាល នៅ​តាមកំពង់ផែ ដែល​ជាដើមហេតុ​ធ្វើ​ឲ្យ​កប៉ាល់ដឹកទំនិញ​ជាច្រើន​គ្រឿង​ត្រូវ​បញ្ឈរជើង​ចោល នៅក្នុង​សមុទ្រ មិនអាចចូលទម្លាក់ទំនិញ ទាន់ពេលវេលា។

ភាពរអាក់រអួល​ក្នុង​បណ្តាញ​ដឹកជញ្ជូន ផ្គត់ផ្គង់ទំនិញ ឬការចំណាយពេល​វេលាយូរ ដើម្បី​ដឹកជញ្ជូន តាមសមុទ្រ មិនត្រឹម​តែ​ធ្វើ​ឲ្យ​មាន​ការយឺតយ៉ាវ ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម តែប៉ុណ្ណោះទេ ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន កាន់តែ​ឡើង​ថ្លៃ​ជាងមុនដែរ។ គេ​វាយតម្លៃ​ថា ក្នុងរយៈពេល​តែ មួយឆ្នាំ តម្លៃដឹកជញ្ជូន​តាមផ្លូវសមុទ្រ បាន​បាន​កើនឡើង ៧ដង។ ឧទាហរណ៍ នៅ​ខែ មិថុនា ឆ្នាំមុន សម្រាប់​ការដឹកជញ្ជូន​ពី​កំពង់ផែ​សៀងហៃ ទៅ​កាន់​អឺរ៉ុប តម្លៃ​កុងតឺន័រ មួយ ដែល​មាន​ប្រវែង​៦ម៉ែត្រ ត្រូវគេ​គិតថ្លៃ ជាង ១ពាន់​ដុល្លារ។ ប៉ុន្តែ នៅ​ខែ កក្កដា ឆ្នាំនេះ តម្លៃ​ដឹកកុងតឺន័រ​មួយ ត្រូវគេ​គិតថ្លៃ​ដល់​ទៅ ៧ពាន់​ដុល្លារ។

តាម​អង្គការ​CNUCED បើសិន​តម្លៃ​នៃ​ការដឹកជញ្ជូន​តាមផ្លូវសមុទ្រ​នៅតែ​បន្ត​កើនឡើងលឿនស្លេវ​យ៉ាងដូច្នេះ វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​នាំចូល និង​ទំនិញ​ប្រើប្រាស់ ជាទូទៅ ឡើងថ្លៃខ្ពស់ដែរ ហើយ​ប្រទេស​ដែល​ប៉ះពាល់ រងគ្រោះ​ខ្លាំងជាងគេ ដូចគេ​ដឹងស្រាប់ គឺ​បណ្តាប្រទេស​កោះ ដែល​មិនសូវ​រីកចម្រើន ហើយនិង​បណ្តាប្រទេស​ក្រីក្រ ដែល​ពឹងអាស្រ័យ​ខ្លាំង​លើ​ទំនិញ នាំចូល​ពីបរទេស។

តាមការព្យាករ​របស់​អង្គការ​CNUCED តម្លៃទំនិញ នៅក្នុង​ពិភពលោក​នឹង​កើនឡើង ប្រមាណ ១,៥%​នៅ​ឆ្នាំ ២០២៣។ ប៉ុន្តែ សម្រាប់​ប្រទេស​កោះ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ទំនិញនាំចូល​តាមផ្លូវសមុទ្រ តម្លៃទំនិញ នឹងកើនឡើង ៧,៥% និង ២,២% សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍ។

តម្លៃប្រេងឡើងថ្លៃធ្វើ​ឲ្យអត្រាអតិផរណា​នៅអាមេរិក​កើនឡើងខ្ពស់

ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក។ នៅថ្ងៃពុធ​ម្សិលមិញ ​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន ទើប​បាន​បញ្ជា​ឲ្យ​មានការស៊ើបអង្កេត

អតិផរណា ជារឿងល្អ បើសិន​គេ​គ្រប់គ្រង​វា​ឲ្យ​បាន​នៅអត្រាសមរម្យ។ ប៉ុន្តែ នៅអាមេរិក អត្រា​អតិផរណា​បាន​កើនឡើង ដល់ ៦,២% ដែលជាអត្រាខ្ពស់បំផុត គិត​ចាប់តាំង​ពី​ឆ្នាំ ១៩៩០។ អត្រាអតិផរណា​នៅអាមេរិក​មាន​កម្រិតខ្ពស់ ដោយសារ មួយចំណែក បណ្តាល​មក​ពី​តម្លៃប្រេង​ឡើងថ្លៃខ្លាំង។ នៅអាមេរិក ក្នុងរយៈពេល​១ឆ្នាំ តម្លៃប្រេង មួយ​Gallon (៣,៧៨លីត្រ) មានតម្លៃ​មធ្យម ៤,៣១​ដុល្លារ (​កើនឡើង ១ដុល្លារ​បើប្រៀបធៀប​នឹង​ឆ្នាំមុន)

ដោយសារ​តម្លៃ​ប្រេងឡើងថ្លៃ ដោយ​គំហុក​ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​បញ្ជា​ឲ្យគេស៊ើបអង្កេត​រកមូលហេតុ ដែលធ្វើ​ឲ្យ​ប្រេងឡើងថ្លៃ​ខុសប្រក្រតី ដែល​ជា​ដើមហេតុចម្បង​មួយ ធ្វើ​ឲ្យ​អតិផរណាមានអត្រា​កើន​ឡើងភ្លាមៗ នៅ​អាមេរិក។

នៅក្នុង​សំបុត្រ​ផ្ញើទៅកាន់​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ ​លោក​ចូ បៃដិន​បាន​ប្រាប់​ឲ្យ​គេ​ស៊ើបអង្កេត ព្រោះថា តម្លៃប្រេងចេញ​ពី​រោងចក្រ​ចម្រាញ់ប្រេង ហើយនិងប្រេង លក់​នៅ​តាម​ស្ថានីយ៍​ខុសគ្នា​ឆ្ងាយ។ ម្យ៉ាង លទ្ធផល​បូកសរុប​របស់​ក្រុមហ៊ុនប្រេងធំៗ​ពីរ​របស់អាមេរិក ដូចជា  បង្ហាញថា ពួកគេ​កាត់បន្ថយ​ចំណាយ​សម្រាប់​ការផលិត ចំណែក ផលចំណេញ​របស់​ក្រុមហ៊ុន​បាន​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ ២០២១នេះ។ បើតាម​ប្រធានាធិបតី​អាមេរិក ប្រាកដ ជា​អាច​មាន​ការលួច​ដំឡើង​ថ្លៃ ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​ដោយ​ក្រុមហ៊ុន​លក់​ប្រេង។

ឆ្លើយតប​នឹង​របាយការណ៍​របស់​សេតវិមាន កាលពី​ពាក់កណ្តាល​ឆ្នាំនេះ ​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​ដែលជាអាជ្ញាធរ​ត្រួតពិនិត្យ ការធ្វើជំនួញ នៅអាមេរិកធ្លាប់​បានសន្យា​បើកការស៊ើបអង្កេត ​លើ​យុទ្ធសាស្រ្ត ច្របាច់​បញ្ចូលចូលគ្នា រវាង​ក្រុមហ៊ុន​លក់ប្រេង នៅអាមេរិក ដែល​គេជឿ​ថា មាន​ចេតនា​លុប​បំបាត់ចោល​ការប្រកួតប្រជែង ​តម្លៃប្រេង​នៅទីផ្សារ។

សហព័ន្ធ​តំណាងក្រុមហ៊ុន​ប្រេង​បាន​រិះគន់ ខ្លាំងៗ ចំណាត់ការ​របស់​លោក​ចូ បៃដិន ដែលពួកគេ​ចាត់ទុក​ធ្វើឡើង​ដើម្បី​មុខមាត់​នយោបាយ​តែប៉ុណ្ណោះ។ តាម​ក្រុមហ៊ុន​ប្រេង​នៅអាមេរិក តម្លៃប្រេង ហ្គាសឡើង​ថ្លៃ​នៅ​អាមេរិក មិនមែន​ឡើងថ្លៃ​ដោយសារ​តែ​ការកំណត់ ផ្តេសផ្តាស​របស់​ក្រុមហ៊ុន​នោះទេ ប៉ុន្តែ វាឡើងថ្លៃ ដោយសារ​តម្លៃប្រេង ឡើងថ្លៃ នៅទីផ្សារ អន្តរជាតិ នៅក្នុង​កាលៈទេសៈ ដែល​តម្រូវការប្រេងកើនឡើង នៅក្នុង​ពិភពលោក ជាពិសេស​នៅ​ប្រទេស​ចិន និង​ការខើចស្តុកប្រេង ឧស្ម័ន នៅ​ទឹកដីអឺរ៉ុប ។ ម្យ៉ាង ប្រេងឡើងថ្លៃ​នៅអាមេរិក ក៏ដោយសារ​មួយចំណែក​មកពី​នយោបាយអាកាសធាតុ របស់​ប្រធានាធិបតី​អាមេរិក ដែលតម្រូវ​ឲ្យ​គេ​កាត់បន្ថយ ការបូមប្រេង ឧស្ម័ន ដែលជាប្រភព​បញ្ចេញ​ឧស្ម័ន​កាបូនិក។

អាមេរិក​ស្នើ​ឲ្យសម្ព័ន្ធមិត្ត និង​​ប្រទេស​នាំចូលប្រេង​សំខាន់ ដូចជា​ចិន និង​ឥណ្ឌា ​ប្រើប្រាស់​ប្រេង​ក្នុងស្តុកបម្រុង

ដំណឹង​ដែលថា រដ្ឋបាល​លោក​ចូ បៃដិន ស្នើ សុំ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត និង​ប្រទេស​នាំចូល​ប្រេង​ធំៗ ប្រើប្រាស់​ប្រេង​ក្នុង​ស្តុកបម្រុង មិនបាន​ធ្វើឡើង​ដោយ​ផ្លូវការនោះទេ។ ដំណឹងនេះ​ចេញមកពី​ប្រភពស្និទ្ធ​នឹង​មន្រ្តីអាមេរិក​តែប៉ុណ្ណោះ។ បើតាម​ប្រភពខាងលើ​លោក​ចូ បៃដិន បាន​ស្នើ​ឲ្យ​ចិន ឥណ្ឌា និង​ប្រទេស​សម្ព័ន្ធមិត្តរបស់​អាមេរិក ដូចជា កូរ៉េខាងត្បូង និង​ជប៉ុន ប្រើប្រាស់​ប្រេងក្នុងស្តុកបម្រុង ពោល​គឺ​ដើម្បី ដាក់សម្ពាធ​លើ​ក្រុមប្រទេស​ផលិត នាំចេញ​ប្រេង សមាជិក​របស់​OPEP ឲ្យបង្កើនការផលិត ដើម្បី ទម្លាក់​តម្លៃប្រេង ឧស្ម័ន​ក្នុងទីផ្សារ​អន្តរជាតិ។

ប្រឈម​នឹង​ប្រេងឡើងថ្លៃ ដែលជាមូលហេតុ​នៃការកើនឡើង​អត្រាអតិផរណា​ក្នុង​ស្រុក អាមេរិក​បាន​ទាមទារ​ឲ្យ​អង្គការ​OPEP បង្កើនការផលិតប្រេង​ច្រើនជាងមុន ប៉ុន្តែ OPEP បានទាត់ចោល​ចោល​សំណើរបស់អាមេរិក។

អាមេរិក និង​សម្ព័ន្ធមិត្ត​ធ្លាប់​បាន​ចាត់វិធានការ​នេះ​ម្តងហើយ កាលពី​ឆ្នាំ ២០១១ នៅពេល​ជម្លោះប្រដាប់អាវុធ ផ្ទុះឡើង​ខ្លាំង​នៅ​លីប៊ី ដែលជា​ប្រទេស​សមាជិក​មួយរបស់​អង្គការ​OPEP។

ចិន និង​ឥណ្ឌា នៅមិនទាន់​បង្ហាញ​ជំហរ​យ៉ាងណានោះទេ។ ចិន និង​ឥណ្ឌា​ជា​ប្រទេស​ប្រើប្រាស់ នាំចូលប្រេង ច្រើនជាងគេ ក្នុងពិភពលោក និង​កំពុងត្រូវការ​ថាមពល ប្រេង និង​ឧស្ម័ន​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន។

តាម​មន្រ្តី​ក្រសួងឧស្សាហកម្ម​ជប៉ុន អាមេរិក​បាន​សុំ​ការសហការ​ពីជប៉ុន ដើម្បី​ទប់ស្កាត់​ការឡើងថ្លៃប្រេង។ ប៉ុន្តែ ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក បាន​និយាយ​ថា ជប៉ុន​នឹង​ពិចារណា​សំណើ​របស់​អាមេរិក។ ច្បាប់​របស់​ជប៉ុន បាន​ហាមដាច់ខាត មិន​ឲ្យ​គេ​បញ្ចេញ​ប្រើប្រេងក្នុងស្តុកបម្រុង សម្រាប់​ទិសដៅ​ទម្លាក់​តម្លៃប្រេង​នោះទេ។ សម្រាប់​រដ្ឋាភិបាល​កូរ៉េខាងត្បូង គេអាច​បញ្ចេញប្រេង​ក្នុងស្តុក​បម្រុង សម្រាប់​តែ​ករណី​បន្ទាន់ ដូចជា​ការខ្វះខាត​ប្រេង​តែ​ប៉ុណ្ណោះ ពោល​គឺ​គេមិនអាច​បញ្ចេញ​ប្រេង ពីក្នុង​ស្តុកបម្រុង ដើម្បី​ជំរុញ​ទម្លាក់​តម្លៃប្រេង ដែល​អាមេរិក​ចង់បាន​នោះទេ។

តាម​មន្រ្តីអាមេរិកដែលស្និទ្ធ​នឹង​សំណុំរឿងខាងលើ គេ​នៅមិនទាន់​ឃើញ​មាន​វិធានការ​ជាក់ស្តែងណាមួយ ដើម្បី បញ្ចុះតម្លៃប្រេង​នោះទេ។ ប៉ុន្តែ គេ​វាយតម្លៃថា អាមេរិក ត្រូវការ​បញ្ចេញ​ប្រេង ២០​លាន​បារីល ដើម្បី ទប់ស្កាត់​កុំ​ឲ្យតម្លៃប្រេង​ឡើងថ្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ