អានតួអត្ថបទ
ពាណិជ្ជកម្ម

OMC/WTO អំពាវនាវឲ្យ​ពង្រឹងសហប្រតិបត្តិការ ដើម្បី​ការពារប្រព័ន្ធពាណិជ្ជកម្មពិភពលោក ប្រឈម​នឹងវិបត្តិធ្ងន់​ផ្សេងទៀត

វិបត្តិកូវីដ១៩ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការដោះដូរពាណិជ្ជកម្ម​។ យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការពាណិជ្ជកម្មពិភពលោក ចេញផ្សាយ​កាលពីថ្ងៃអង្គារទី​១៦វិច្ឆិកា ថ្វីបើសន្ទុះនៃ​ចរាចរណ៍ទំនិញ​បរិក្ខាពេទ្យ បាន​ងើបឡើងយ៉ាងរហ័ស​ក្នុងអំឡុងពេល​វិបត្តិកូវីដ​ក្តី តែទំនិញយុទ្ធសាស្ត្រផ្សេងទៀត បានជួបនូវបញ្ហារងស្ទះ។ អង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងជាអនុសាសន៍មួយចំនួន ជំរុញឲ្យ​ប្រទេសសមាជិកទាំងអស់ រួមសហប្រតិបត្តិការគ្នាឲ្យ​បាន​ប្រសើរជាងនេះ ព្រោះថា​វិបត្តិ មហន្តរាយផ្សេងៗទៀត អាចនឹងកើតមាននៅថ្ងៃខាងមុខ។

នាវាដឹកទំនិញនៅកំពង់ផែ Baltimore ថ្ងៃទី១០ វិច្ឆិកា ២០២១
នាវាដឹកទំនិញនៅកំពង់ផែ Baltimore ថ្ងៃទី១០ វិច្ឆិកា ២០២១ © Susan Walsh - AP
ផ្សាយពាណិជ្ជកម្ម

វិបត្តិកូវីដ១៩ បានស្តែងឲ្យ​ឃើញនូវ ភាពងាយរងគ្រោះ នៃវិស័យពាណិជ្ជកម្មពិភពលោក។ វិស័យផលិតកម្មបានរាំងស្ទះ បណ្តាញដឹកជញ្ជូនផ្គត់​ផ្គង់ ត្រូវនៅទ្រឹងមួយកន្លែង គ្មានចរាចរណ៍។ មានតែវិស័យទំនិញបរិក្ខាពេទ្យទេ ដែលបានស្ទុះឡើង យ៉ាងរហ័ស នៅក្នុង​ការដោះដូរពាណិជ្ជកម្ម។ ដោយ​ឡែក ទំនិញផ្សេងទៀត ជាក់ស្តែង ឧបករណ៍សឺមីកុងឌុចទឺ ដែលចាំបាច់បំផុត ក្នុង​ការផលិត​រថយន្ត និងផលិត​អេឡិចត្រូនិក កំពុងតែខ្វះខ្លាំង និង​ចោទជាបញ្ហា។

នៅក្នុងរបាយការណ៍​ ចេញផ្សាយ​កាលពីថ្ងៃអង្គារ ទី​១៦មិថុនា អង្គការពាណិជ្ជកម្មពិភពលោក បាន​ផ្ញើសារ ឲ្យ​ដល់​ប្រទេសសមាជិកទាំងអស់ ដើម្បីធ្វើយ៉ាងណា ពង្រឹកការពារ ប្រព័ន្ធពាណិជ្ជកម្មពិភពលោក ឲ្យមានភាពរឹងមាំ និងមានការតស៊ូ ក្នុងករណីមានវិបត្តិថ្មីទៀត។ ជាងនេះ​ទៀត ពិភពលោកយើង ស្ថិតក្នុង​បរិបទ​កាន់តែប្រឈមខ្លាំងឡើងៗ នូវគ្រោះមហន្តរាយនានា ជាក់ស្តែងមហន្តរាយធម្មជាតិ និង​សុខភាព ជាដើម។

ប្រសិនបើពិភពលោកយើង ចង់ឲ្យ​ប្រព័ន្ធពាណិជ្ជកម្ម អាចមានកម្លាំងត្រៀមរឹងមាំគ្រប់គ្រាន់ ទៅថ្ងៃអនាគត គឺយើងត្រូវតែ​ធ្វើការសហការគ្នាឲ្យ​បានច្រើន។ ជាការចំណងសហប្រតិបត្តិការ​ពហុភាគីនិយម និងនៅតាមតំបន់។ អង្គការពាណិជ្ជកម្មពិភពលោក បានសង្កត់ធ្ងន់លើ​ប្រការនេះ ព្រោះថាពិភពលោក​យើង ត្រូវតែ​ដោះស្រាយ​បញ្ហា​ បម្រែបម្រួលអាកាសធាតុ ការពារបរិស្ថាន និង ការពារលំនឹងទីផ្សារហិរញ្ញវត្ថុ។ ការងារទាំងអស់នេះ តោងចាំបាច់ ត្រូវមាន​សហប្រតិបត្តិការ​ល្អរវាងប្រទេសទាំងអស់។

អង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា ប្រទេសទាំងអស់ ត្រូវតែធ្វើការជាមួយគ្នា ក្នុង​ករណី​មានវិបត្តិថ្មីណាមួយ ទៅថ្ងៃខាងមុខ។ វិស័យផលិត​កម្ម​ ទំនិញយុទ្ធសាស្ត្រមួយចំនួន​ ត្រូវតែបានទទួលការការពារ ដកចេញនូវឧបសគ្គក្នុងការផ្គត់ផ្គង់ និងនាំចេញជាដើម។ ភាពចាក់ស្រែសនៃប្រព័ន្ធពាណិជ្ជកម្មពិភលោក ត្រូវបានប្រទេសខ្លះយល់ថាវាចំណុចខ្សោយ។ ក៏ប៉ុន្តែអង្គការពាណិជ្ជកម្មពិភពលោក យល់ថា គំនិត ចង់​ចាកចេញ​ពីសមាហរណកម្មពាណិជ្ជកម្ម លើក​ប្រមូល​ការផលិត​ មកធ្វើ​តែក្នុងស្រុកឯង ឬការពង្រឹងភាព​គ្រប់គ្រាន់ខ្លួនឯង វាអាចជះផលអវិជ្ជមានទៅវិញទេ។ ដំណោះស្រាយទាំងនេះ វាអាចធ្វើ​ឲ្យ​ប្រព័ន្ធសេដ្ឋកិច្ច​បាត់បង់ភាពរឹងមាំ មិនអាចទប់ជាប់ ក្នុងករណី​មានវិបត្តិធ្ងន់ធ្ងរណាមួយផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ