អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉េណេស៊ុយអេឡា៖ហេតុអ្វីបានជាគណបក្សប្រឆាំងព្រមចូលរួមបោះឆ្នោត ក្រោយពីបានធ្វើពហិការតាំងពីឆ្នាំ ២០១៧?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អាទិត្យ ទី២១ វិច្ឆិកា ប្រទេស​វ៉េណេស៊ុយអេឡា​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ចៅហ្វាយ​ក្រុង និង​អភិបាល​រដ្ឋ។ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​តាម​ដាន ឃ្លាំមើល​ពី​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ ពិសេស​ពី​សហភាព​អឺរ៉ុប។ ចំណែក​គណបក្សប្រឆាំង​ដែល​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​តាំង​ពី​ឆ្នាំ ២០១៧ ក៏​បាន​សម្រេចចិត្ត​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ។

ថ្ងៃអាទិត្យ ទី២១ វិច្ឆិកា ឆ្នាំ ២០២១ ប្រទេសវ៉េណេស៊ុយអេឡារៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ចៅហ្វាយក្រុង និងអភិបាលរដ្ឋ។
ថ្ងៃអាទិត្យ ទី២១ វិច្ឆិកា ឆ្នាំ ២០២១ ប្រទេសវ៉េណេស៊ុយអេឡារៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ចៅហ្វាយក្រុង និងអភិបាលរដ្ឋ។ © AP Photo/Ariana Cubillos
ផ្សាយពាណិជ្ជកម្ម

មាន​ការ​កត់សម្គាល់​សំខាន់​ចំនួន​ពីរ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​វ៉េណេស៊ុយអេឡា​ពេល​នេះ ទី១ គឺ​ការ​ដែល​ប្រធានាធិបតី​លោក​នីកូឡា ម៉ាឌូរ៉ូ​យល់ព្រម​ឲ្យ​មាន​វត្តមាន​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ ពិសេស​ក្រុម​អ្នកសង្កេតការណ៍​អឺរ៉ុប។ ចូរ​កុំ​ភ្លេច​ថា នេះ​ជា​លើកទី១ គិត​តាំង​ពី ១៥ឆ្នាំ​ដែល​សហភាព​អឺរ៉ុប​ចូលរួម​តាម​ដាន ឃ្លាំមើល​ការ​រៀបចំ​បោះឆ្នោត​នៅ​វ៉េណេស៊ុយអេឡាការ។ ទី២ គឺ​ការ​ដែល​គណបក្ស​ប្រឆាំង​សុខចិត្ត​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត ក្រោយ​ពី​បាន​ធ្វើ​ពហិការ​អស់​រយៈពេល ៤ឆ្នាំ ពិសេស​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ ២០១៨ និង​ការ​បោះឆ្នោត​សភា​កាល​ពី​ឆ្នាំ ២០២០។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រូបភាព​ទាំង​អស់​នេះ​ជា​លទ្ធផល​បាន​មក​ពី​ការ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នា​កិច្ចចរចា​ក្នុង​ប្រទេស​ម៉ិចស៊ិក​កាល​ពី​ខែ​កញ្ញា​ក្រោម​ការ​រៀបចំ​របស់​ប្រទេស​ន័រវែស។ នៅ​ក្នុង​កិច្ចចរចា​កាលណោះ លោក​ម៉ាឌូរ៉ូ​យល់ព្រម​ធ្វើ​កំណែទម្រង់​លើ​គណៈកម្មការ​រៀបចំបោះឆ្នោត​ដោយ​អនុញ្ញាត​ឲ្យ​មាន​ទីប្រឹក្សាបោះឆ្នោតជាតិ​ចំនួន ២នាក់​ក្នុង​ចំណោម ៥នាក់​មក​ពី​គណបក្សប្រឆាំង និង​យល់ព្រម​ឲ្យ​មាន​វត្តមាន​អ្នកសង្កេតការណ៍​អន្តរជាតិ។ ជា​ថ្នូរ​ត្រឡប់​វិញ គណបក្សប្រឆាំង​សុខចិត្ត​ចូលរួម​បោះឆ្នោត​នៅ​ពេល​នេះ។

បើ​តាម​មើល​ទៅ គណបក្សប្រឆាំង​ដែល​កំពុង​បន្ត​បែកបាក់​គ្នា និង​កំពុង​ពិបាក​ស្វែង​រក​ឯកភាព​គ្នា​មាន​ក្តីសង្ឃឹម​តិចតួច​ណាស់​នឹង​ឈ្នះ​គណបក្ស​កាន់អំណាច​របស់​លោក​ម៉ាឌូរ៉ូ។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នេះ មាន​បេក្ខជន​ឈរឈ្មោះ​សរុប​ចំនួន ៧០ ០០០នាក់ ហើយ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ត្រូវ​ជ្រើសរើស​អភិបាលរដ្ឋ​ចំនួន ២៣រូប រួម​ទាំង​ក្រុមប្រឹក្សា​សម្រាប់ ៣៣៥ តំបន់​នៅ​ទូទាំង​ប្រទេស។

យុទ្ធសាស្រ្ត និង​ចក្ខុវិស័យ​សម្រាប់​ឆ្នាំ ២០២៤

គណបក្សប្រឆាំង​យល់​មិន​ច្រឡំ និង​បាន​ដឹង​ខ្លួន​រួច​ជា​ស្រេច​ថា ខ្លួន​ពិបាក និង​មាន​សង្ឃឹម​ស្តួចស្តើង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​អភិបាល​រដ្ឋ​ពេល​នេះ។ ពិបាក និង​មាន​សង្ឃឹម​ស្តួចស្តើង ព្រោះ​ពួក​គេ​កំពុង​បន្ត​បែកបាក់ និង​មិន​ទាន់​អាច​ឯកភាព​គ្នា​ក្នុង​ការ​និយាយ​សំឡេង​តែ​មួយ​បាន។ នេះ​ពិត​ជា​អំណោយផល​មួយ​ល្អ​ណាស់​សម្រាប់​គណបក្ស​កាន់អំណាច​របស់​ប្រធានាធិបតី​លោក​នីកូឡា ម៉ាឌូរ៉ូ។ លោក Henrique Capriles បេក្ខជន​ម្នាក់​មក​ពី​គណបក្សប្រឆាំង​បាន​ទទួល​ស្គាល់​ពេញ​មាត់​ថា បើ​គ្មាន​ការ​ឯកភាព​នៅ​ផ្ទៃក្នុង​បក្សប្រឆាំង គឺ​បក្ស​កាន់អំណាច​នឹង​ឈ្នះ។

ចំណែក​ក្រុម​អ្នកសង្កេតការណ៍​បាន​មើល​ឃើញ​ដូច​គ្នា​ដោយ​អះអាង​ថា មាន​រដ្ឋ​យ៉ាង​ច្រើន​បំផុត​ចំនួន ៦ ក្នុង​ចំណោម ២៣រដ្ឋ​ដែល​គណបក្សប្រឆាំង​អាច​ទទួល​បាន។ តែ​គោលដៅ​ដែល​គណបក្សប្រឆាំង​បាន​សំឡឹង​មើល​តាម​រយៈ​ការ​ចូលរួម​បោះឆ្នោត​ពេល​នេះ គឺ​ការ​ត្រៀម​ខ្លួន​ចូលរួម​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤ ខាង​មុខ។ សម្រាប់​គណបក្សប្រឆាំង ការ​ចូលរួម​បោះឆ្នោត​ពេល​នេះ​ជា​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ត្រឡប់​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ពេញ​មុខ ពេញ​មាត់​ជា​ថ្មី ក្រោយ​ពី​បាន​ធ្វើ​ពហិការ​អស់​រយៈពេល ៤ឆ្នាំ ពិសេស​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៨ និង​ការ​បោះឆ្នោត​សភា​ឆ្នាំ ២០២០។

គណបក្សប្រឆាំង​យល់​មិន​ខុស​ទេ​ថា ការ​បន្ត​នៅ​ក្រៅ​ឆាកនយោបាយ​នឹង​បន្ត​ធ្វើ​ឲ្យ​ពួក​គេ​ឯកោ និង​បន្ត​ទុក​ឲ្យ​គណបក្ស​កាន់អំណាច​របស់​លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​ជិះ​សេះ​លែង​ដៃ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា លោក​ម៉ាឌូរ៉ូ​ក៏​ទទួល​បាន​ផល​ចំណេញ​នយោបាយ​ពី​ការ​ចូលរួម​បោះឆ្នោត​របស់​គណបក្សប្រឆាំង​ពេល​នេះ​ដែរ ពិសេស​ចំ​ពេល​ដែល​លោក​ម៉ាឌូរ៉ូ​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​ចង់​ឃើញ​សហគមន៍​អន្តរជាតិ រួម​ទាំង​អាមេរិក​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​វិញ។

បោះឆ្នោត ឬ​មិន​បោះឆ្នោត​ជា​អាទិភាព​ទី២ របស់​ប្រជាជន​ភាគច្រើន

ការ​រៀបចំ​បោះឆ្នោត​ពេល​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ។ វិបត្តិ​មួយ​នេះ​ជា​លទ្ធផល​បាន​មក​ពី​ការ​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក។ ចំណែក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ជា​លទ្ធផល​បាន​មក​ពី​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​គណបក្សកាន់អំណាច​បាន​សង្កត់ ក ក្រុម​ប្រឆាំង​មក​ទល់​សព្វថ្ងៃ។ ជា​ប្រទេស​ជង្រុកប្រេង​មួយ​នៅ​អាមេរិកឡាទីន តែ​វ៉េណេស៊ុយអេឡា​មិន​អាច​នាំ​ប្រេង​ចេញ និង​ខ្វះ​ប្រេង​ប្រើ។ ពិត​ណាស់ ដរាប​ណា​ស្ថានការណ៍​ប្រទេស​នៅ​បន្ត​ដុនដាប​ដូច​សព្វថ្ងៃ ប្រជាជន​វ៉េណេស៊ុយអេឡា​ភាគ​ច្រើន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។

តែ​នៅ​ម្ខាង ពួក​គេ​ហាក់​មិន​អាច​បន្ត​ទុក​ចិត្ត​លើ​សមត្ថភាព​របស់​គណបក្ស​កាន់​អំណាច និង​នៅ​ម្ខាង​ទៀត ពួក​គេ​ក៏​ហាក់​ពិបាក​ជឿ​ទុក​ចិត្ត​លើ​គណបក្សប្រឆាំង។ នៅ​ពេល​ដែល​គេ​សួរ​ពលរដ្ឋ​ថា តើ​អ្វី​ទៅ​ជា​ក្តីបារម្ភ​អាទិភាព​របស់​ពួក​គេ?។ ចម្លើយ​មាន​ខុស​គ្នា​ដែល​ខ្លះ​ថា បញ្ហា​ក្រពះ​ជា​ក្តី​កង្វល់​ធំ​ជាង​គេ ព្រោះ​ទំនិញ​គ្រប់​មុខ​ឡើង​ថ្លៃ​ខ្លាំង​ដែល​គ្មាន​លុយ​ទិញ និង​ខ្លះ​ទៀត​ថា បញ្ហា​សុខភាព និង​សន្តិសុខ​ជា​រឿង​សំខាន់ ព្រោះ​ជា​រៀង​រាល់​ថ្ងៃ មាន​ការ​ឆក់ លួច​ប្លន់ និង​ការ​ស្លាប់​ដោយ​គ្មាន​ថវិកា​ទិញ​ថ្នាំ​ពេទ្យ។ សរុប​មក​វិញ ការ​បោះឆ្នោត ឬ​មិន​បោះឆ្នោត​គ្រាន់​ជា​រឿង​បន្ទាប់បន្សំ​ប៉ុណ្ណោះ​សម្រាប់​ប្រជាជន​វ៉េណេស៊ុយអេឡា​ភាគ​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ