អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖​សភា​ប្រកាស​ចាត់​ទុក​អាណត្តិថ្មី​របស់​លោក​នីកូឡា ម៉ាឌុយរ៉ូ​មិន​ស្រប​ច្បាប់

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា សភា​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍ ទី៥ មករា​នា​ឱកាស​ជ្រើសតាំង​ប្រធាន​សភា​ថ្មី​ថា អាណត្តិ​ថ្មី​របស់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌុយរ៉ូ​មិន​ស្របច្បាប់​ទេ។ មិន​ស្រប​ច្បាប់ ព្រោះ​ការ​បោះឆ្នោត​ក្នុង​ថ្ងៃទី២០ ឧសភា​កន្លង​ទៅ​ត្រូវ​បាន​ក្រុម​គណបក្សប្រឆាំង​ធ្វើ​ពហិកា។ ការ​ប្រកាស​របស់​សភា​វ៉េណេស៊ុយឡា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បណ្តា​ប្រទេស​ក្នុង​ក្រុម​លីម៉ា​បាន​ទាមទារ​ឲ្យ​លោក​ម៉ាឌុយរ៉ូ​ចុះ​ចេញ​ពី​អំណាច។ តាម​ធម្មតា លោក​នីកូឡា ម៉ាឌុយរ៉ូ​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​អាណត្តិទី២ នៅ​ថ្ងៃ​ទី១០ មករា។ តែ​លោក​ល្វី ហ្លូរីដូ សមាជិកសភា​វ៉េណេស៊ុយអេឡា​បាន​បញ្ជាក់​ច្បាស់ៗ​ថា ចាប់​ពី​ថ្ងៃទី១០ មករា​ទៅ លោក​ម៉ាឌុយរ៉ូ​នឹង​លែង​ជា​ប្រធានាធិបតី​ទៀត​ឡើយ។

នៅ​វ៉េណេស៊ុយអេឡា ​សភា​ប្រកាស​ចាត់​ទុក​អាណត្តិថ្មី​របស់​លោក​នីកូឡា ម៉ាឌុយរ៉ូ​មិន​ស្រប​ច្បាប់
នៅ​វ៉េណេស៊ុយអេឡា ​សភា​ប្រកាស​ចាត់​ទុក​អាណត្តិថ្មី​របស់​លោក​នីកូឡា ម៉ាឌុយរ៉ូ​មិន​ស្រប​ច្បាប់ Reuters
ផ្សាយពាណិជ្ជកម្ម

« ចាប់​ពី​ថ្ងៃទី១០ មករា​ទៅ នីកូឡា ម៉ាឌុយរ៉ូ​នឹង​លែង​ជា​ប្រធានាធិបតី​ទៀត​ឡើយ។ គេ​មិន​អាច​ក្លាយ​ជា​ប្រធានាធិបតី​ដោយ​ដណ្តើម​យក​តែ​ម្នាក់​ឯង​នោះ​ទេ។ ការ​បោះឆ្នោត​ក្នុង​ថ្ងៃទី២០ ឧសភា​មិន​យុត្តិធម៌ មិន​សេរី និង​គ្មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។ គណបក្ស​ផ្សេង​មិន​អាច​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ឡើយ។ សហគមន៍​អន្តរជាតិ​ក៏​មិន​អាច​ចូលរួម​ត្រួតពិនិត្យ​នៅ​ក្នុង​ការ​រៀបចំ​បោះឆ្នោត​នោះ​ដែរ។

ដូច​ដែល​ក្រុម​លីម៉ា​បាន​សេចក្តីថ្លែងការណ៍​ក្នុង​ថ្ងៃ​សុក្រ ទី៤ មករា​រួច​ហើយ ការ​រៀបចំ​បោះឆ្នោត​ក្នុង​ថ្ងៃទី២០ ឧសភា​មិនមែន​ជា​ការ​បោះឆ្នោត​មួយ​ដែល​គ្រប់​គ្នា​ចង់​បាន និង​រង់ចាំ​នោះ​ទេ។ អ៊ីចឹង​មាន​ន័យ​ថា​នៅ​ថ្ងៃ​ទី១០ មករា​ខាង​មុខ វ៉េណេស៊ុយអេឡា​អត់​មាន​ប្រធានាធិបតី​ឡើយ។ ដូច្នេះ តួនាទី​មួយ​នេះ​នឹង​ត្រូវ​ធានា​រាប់រង​ជា​បណ្តោះអាសន្ន​ដោយ​រដ្ឋសភាជាតិ។ រដ្ឋសភា​ត្រូវ​បង្កើត​ឲ្យ​មាន​លក្ខខណ្ឌ​ចាំ​បាច់​មួយ​ចំនួន​ដើម្បី​ឲ្យ​មាន​រូបប្រធានាធិបតី​ម្នាក់​ជាប់ឆ្នោត​ដោយ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា។

ដូច្នេះ ការងារ​របស់​យើង​គឺ​នាំ​ប្រទេស​វ៉េណេស៊ុយអេឡា​ទៅ​រក​ការ​រៀបចំ​បោះឆ្នោត​ថ្មី​យុត្តិធម៌ សេរី និង​តម្លាភាព។ ខ្ញុំ​អាច​ធានា​លោក អ្នក​ថា ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ខាង​មុខ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​នីតិវិធី​បោះឆ្នោត​មួយ​នេះ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ