អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ចរចាអស់១៣​ឆ្នាំដើម្បី​សម្រេច​កិច្ចសន្យា​មហាសាលលក់​យន្តហោះ​ចម្បាំងឲ្យអេមីរ៉ាតអារ៉ាប់រួម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅតំបន់ឈូងសមុទ្រពែរ្ស ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុងកំពុង​ផ្តើម​ទស្សនកិច្ចការទូត ប៉ុន្តែ ដែលបង្កប់​ដោយ​កិច្ចសន្យា​ពាណិជ្ជកម្ម នៅថ្ងៃ​សុក្រទី៣ និងថ្ងៃ​សៅរ៍ទី ៤ធ្នូ។ នៅក្នុង​ទស្សនកិច្ច ២​ថ្ងៃ ទៅកាន់​ប្រទេស​មហាសេដ្ឋីប្រេង នៅ​តំបន់​ឈូងសមុទ្រ​ពែរ្ស ដូចជា អេមីរ៉ាត អារ៉ាប់រួម កាតា និង​អារ៉ាប៊ី សាអូឌីត ប្រធានាធិបតី​បារាំង កំពុងរងការដាក់សម្ពាធ​ផងដែរ ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស ដែល​បានទាមទារ​ឲ្យ​បារាំង ប្រកាន់ជំហរ តឹងរ៉ឹង ថ្កោលទោស​ប្រទេសអារ៉ាប់ អ្នកមាន​ទាំងបី ដែល ល្បី​ខាង​រំលោភ​សិទ្ធិមនុស្ស។ តើ​ប្រធានាធិបតី បារាំង​ជ្រើសរើស​យកផ្លូវមួយណា? បារាំង​ដែល​ជា​ប្រទេសឲ្យ​តម្លៃ​លើ​ការគោរព​សិទ្ធិមនុស្ស នឹង​សុខចិត្ត​និយាយ​រិះគន់​ការរំលោភសិទ្ធិមនុស្ស​នៅ ប្រទេស​អេមីរ៉ាត អារ៉ាប់រួម កាតា និង​អារ៉ាប៊ី សាអូឌីត ដោយ​សុខចិត្ត​លះបង់​ចោល​កិច្ចសន្យាពាណិជ្ជកម្ម​តម្លៃ រាប់ពាន់​លាន​អឺរ៉ូ ដែរឬទេ?

ប្រធានាធិបតីបារាំងចូលអង្គុយក្នុង​យន្តហោះ​ចម្បាំងRafale នៅក្បែរ​​នាយកប្រតិបត្តិ​របស់ក្រុមហ៊ុន​ផលិត​យន្តហោះDassault លោក​ Eric Trappierនៅឆ្នាំ ២០១៧
ប្រធានាធិបតីបារាំងចូលអង្គុយក្នុង​យន្តហោះ​ចម្បាំងRafale នៅក្បែរ​​នាយកប្រតិបត្តិ​របស់ក្រុមហ៊ុន​ផលិត​យន្តហោះDassault លោក​ Eric Trappierនៅឆ្នាំ ២០១៧ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង ទៅកាន់ប្រទេស​សំខាន់បី នៃ​តំបន់​ឈូងសមុទ្រ​ពែរ្ស មាន​ទិសដៅ ចូលរួម​រក្សា​ស្ថិរភាព តាំងពីតំបន់​មេឌីទែរ៉ាណេ រហូត​ដល់​ឈូង​សមុទ្រពែរ្ស។ នេះបើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​បារាំង។ លោក​ម៉ាក្រុង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់ទាំងបី អេមីរ៉ាត អារ៉ាប់រួម កាតា និងអារ៉ាប៊ី សាអូឌីត ដែលបារាំង ចាត់ទុក​ជា​ដៃគូសំខាន់ របស់​បារាំង និង​ជាអ្នកដើរ​តួនាទីចាំបាច់ ក្នុង​ការដោះស្រាយ​បញ្ហា នៅ​តំបន់​ដើមបូព៌ា។ តាមគម្រោង ប្រធានាធិបតី បារាំង ត្រូវ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​អារ៉ាប់ទាំងបី ពី​យុទ្ធសាស្រ្ត​ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម ស្ថិរភាព និង​សន្តិសុខ​ក្នុងតំបន់ ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ វិបត្តិសេដ្ឋកិច្ច​នៅ​លីបង់  និង​បញ្ហា​នៅ​លីប៊ី​ជាដើម។

តាម​វិមាន​ប្រធានាធិបតីបារាំង ប្រទេស​បារាំង​ប្រទេស​មហាអំណាច​ដែល​មាន​ស្ថិរភាពនឹងន ជា​ដៃគូ​មិនអាចខ្វះបាន និង​គួរ​ឲ្យជឿទុកចិត្ត សម្រាប់​តំបន់ឈូង​សមុទ្រពែរ្ស។ ជាក់ស្តែង​សម្រាប់​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ដែល​ជា​ក្តីកង្វល់​សំខាន់​របស់​ប្រទេស​អារ៉ាប់ នៅ​ឈូង​សមុទ្រ​ពែរ្ស ប៉ារីស​កំពុង​ព្យាយាម​ចរចា សម្របសម្រួល ដើម្បី​បន្ធូរបន្ថយភាពតានតឹង។

ចរចាអស់១៣ ឆ្នាំ ដើម្បីអាច​ចុះកិច្ចសន្យា​លក់​យន្តហោះចម្បាំង៨០គ្រឿងឲ្យ​​អេមីរ៉ាតអារ៉ាប់រួម

ក្រៅពី​ទស្សនកិច្ច​ការទូត ​លោក​ប្រធានាធិបតី​អេម៉ានុយអែលម៉ាក្រុង ដែល​ អមដំណើរ​ដោយ ​រដ្ឋមន្រ្តី​ការបរទេស រដ្ឋមន្រ្តី​សេដ្ឋកិច្ច និង​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ និង​ប្រធានក្រុមហ៊ុន​បារាំង ធំៗ ជាង ៥០នាក់ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​មហាសេដ្ឋីប្រេង និង​ឧស្ម័ន​ធំៗ​ទាំងបី​ ជាមួយ​វ៉ាលីស ដាក់​ កិច្ចសន្យា​លក់សព្វាវុធ​ ជាពិសេស កិច្ចសន្យា​លក់​យន្តហោះចម្បាំង​Rafale របស់​បារាំង។

នៅ​ថ្ងៃ​សុក្រ​ទី ៣​ធ្នូ នៅក្រោមអធិបតីភាព​របស់​ប្រធានាធិបតីបារាំង និង​រាជបុត្រស្នងរាជ្រ​របស់​អេមីរ៉ាត អារ៉ាប់រួម Mohammed Ben Zayed អេមីរ៉ាតអារ៉ាប់រួម បាន​ចុះកិច្ច​សន្យា​ទិញយន្តហោះ ចម្បាំង​Rafale របស់បារាំង ចំនួន​៨០គ្រឿង និង​ឧទ្ធម្ភាគចក្រ ១២គ្រឿង ក្នុង​តម្លៃសរុប ១៧ពាន់​លាន​អឺរ៉ូ។

អេមីរ៉ាត អារ៉ាប់រួម សម្រេច​ទិញ យន្តហោះចម្បាំង​បារាំង ដល់ទៅ ៨០គ្រឿង គឺច្រើនជាង​ចំនួន​៦០គ្រឿង ដែលបារាំង និង​អេមីរ៉ាតអារ៉ាប់រួម​ធ្លាប់បាន​ចរចា​អស់រយៈពេល ១៣​ឆ្នាំ។ ឌូបៃ ធ្លាប់​ចរចា​ទិញ យន្តហោះ​ចម្បាំង​Rafale របស់បារាំង ដើម្បី​ទៅ​ជំនួស​យន្តហោះចម្បាំង​ចាស់ៗ Mirage ដែល​អេមីរ៉ាតអារ៉ាប់​ធ្លាប់​ទិញ ពីបារាំង កាលពី​៣០ឆ្នាំមុន។ ប៉ុន្តែ អេមីរ៉ាតអារ៉ាប់រួម ដែល​ប្រើយន្តហោះចម្បាំង​អាមេរិក ធ្លាប់រារែក មិនទាន់​ចង់ទិញ យន្តហោះ​បារាំង និង​​បាន​ចរចា ទាមទារ​ឲ្យ​បារាំង​ទម្លាក់​តម្លៃ ក្នុង​ហេតុផល​ថា យន្តហោះចម្បាំង​បារាំង​មិនសូវ​ប្រកួតប្រជែង​ដូច​យន្តហោះ អាមេរិក។

លើកនេះ អេមីរ៉ាតអារ៉ាប់រួម សម្រេច​ទិញ​យន្តហោះ​ចម្បាំង របស់​បារាំង ក្នុង​ចំនួន​ដ៏ច្រើន ដើម្បី ទៅបំពាក់​ឲ្យ​កងទ័ព​របស់ខ្លួន គឺបន្ទាប់ពី ឃើញ សម្ព័ន្ធមិត្ត​អាមេរិក ដែលជា​អ្នកលក់ផ្គត់ផ្គង់​យន្តហោះ​ឲ្យខ្លួន ហាក់​ដូចជា​ ចង់​ដកខ្លួន​ចេញពី​តំបន់​ដើមបូព៌ា។ សម្រាប់​អេមីរ៉ាត​អារ៉ាប់រួម បារាំង ជា​ប្រទេស​ផ្គត់ផ្គង់​លក់សព្វាវុធ ធំមួយទៀត បន្ទាប់ពី​អាមេរិក។

នៅកាលៈទេសៈ​ដែល​អាមេរិក​ហាក់​ចង់​ដោះដៃ ដកខ្លួន​ចេញពី​តំបន់​ដើមបូព៌ា ដើម្បី ទៅ​បោះយុថ្កា ពង្រឹង​វត្តមានយោធា​របស់ខ្លួន​នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក បារាំងក៏ចង់​ឈ្លៀត​ឱកាស​នេះ ដើម្បី​ទៅ​ពង្រឹង​សម្ព័ន្ធភាព​របស់ខ្លួន​ជាមួយ ប្រទេស​អារ៉ាប់​ទាំងបី ជាពិសេស អារ៉ាប៊ី សាអូឌីត ប្រទេស​មហាសេដ្ឋីប្រេង​មួយទៀត ដែលពេលនេះ កំពុងស្ថិតក្នុង​ក្រសែភ្នែក​មិនល្អ​របស់​អាមេរិក ដោយសារ​តែ​ករណី​ឃាតកម្ម​លើ​អ្នកកាសែត ដែលមានពាក់ព័ន្ធ រាជបុត្រ​ស្នងរាជ្យ។ ត្រូវ​ដឹងថា​ដោយសារ​តែ​ករណី​ឃាតកម្ម​សម្លាប់​អ្នកកាសែត អារ៉ាប៊ី សាអូឌីត ព្រឹទ្ធសភា អាមេរិក នៅមិនទាន់​បោះឆ្នោតយល់ព្រម​ឲ្យ​អាមេរិក​លក់​សព្វាវុធ ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីតនោះទេ។ សម្រាប់​បារាំង ដរាបណា​អាមេរិក​នៅតែមាន​ទំនាក់ទំនង​មិន​សូវ​ល្អ ជាមួយ អារ៉ាប៊ី សាអូឌីត បារាំង នៅតែ​អាច​កេង​យកប្រយោជន៍​ពីកិច្ចសន្យា​លក់អាវុធ​តម្លៃរាប់ពាន់​លានអឺរ៉ូ នោះបើទោះបីជា​បារាំង ត្រូវ​ធ្វើអ្វី​ដែលមិន​សូវសមភ្នែក​អ្នកដទៃ​ក៏ដោយ។

ជាក់ស្តែង នៅ​ថ្ងៃសៅរ៍​ស្អែក លោក​ប្រធានាធិបតី​បារាំង នឹង​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​លោកខាងលិច​ដំបូងគេ ដែល​នឹង​ចាប់ដៃ រលាក់​ជាមួយ រាជបុត្រស្នងរាជ្យ ម៉ូហាម៉េដ បិនសាល់ម៉ាន គិតចាប់តាំង​ពី​រាជបុត្រ​ស្នងរាជ្យមួយនេះ ត្រូវ​សង្ស័យថា ជាអ្នកនៅពីក្រោយ​ឃាតកម្ម​សម្លាប់អ្នកកាសែត​ប្រឆាំង លោក​ខាស៊្ហូហ្ស៊ី នៅទឹកដី​តួកគី​ក្តី។

បារាំង​ កំពុង​រង​ការចោទប្រកាន់​ថា បាន​ចងសម្ព័ន្ធភាពយោធា​ជាមួយ​ប្រទេស​អារ៉ាប់​ដែល​កំពុងរងការរិះគន់​ខាង​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

អង្គការ​ការពារ​សិទ្ធិមនុស្ស ដូចជា FIFDH និង​អង្គការ​Human Rights Watch បាន​រិះគន់ រដ្ឋាភិបាល បារាំងថា គិត​តែចង់​បាន​ការចំណេញ ពីការលក់​សព្វាវុធ ដោយ​មិនខ្វល់ថា ​ប្រទេស​អេមីរ៉ាត អារ៉ាប់រួម កាតា និង​អារ៉ាប៊ី សាអូឌីត ល្បី ខាង​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ជាក់ស្តែង កាតា កំពុង​រងការចោទប្រកាន់​ថា បាន​រំលោភ​សិទ្ធិជនអន្តោប្រវេសន៍ ដែលកំពុងធ្វើការក្នុង​ការដ្ឋាន​សាងសង់​ពហុកីឡាដ្ឋាន​សម្រាប់​ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០២២។

ប៉ុន្តែ នៅទីក្រុង​ដូហា នៅល្ងាច​ថ្ងៃ​សុក្រ ប្រធានាធិបតី​បារាំង នឹង​មិន​លើកយករឿង ផលរមាស់​ទាំងនោះទៅជជែក​ជាមួយ ព្រះចៅសុលតង់​របស់​ប្រទេស​កាតានោះទេ។ កាតា​ជាដៃគូវិនិយោគ​ដ៏ សំខាន់មួយ​របស់​បារាំង។

ម្យ៉ាងវិញទៀត ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស ធ្លាប់​បាន​ព្រមាន រដ្ឋាភិបាលបារាំង​ផងដែរ ពី​ផលវិបាក​នៃការលក់​សព្វាវុធ និង​បច្ចេកវិទ្យា​យោធា ទៅ​ឲ្យ​ប្រទេស​ដែល​ជាប់ដៃ​ធ្វើសង្រ្គាម​នៅ​តំបន់ដើមបូព៌ា។ គេ​កំពុង​បារម្ភថា សព្វាវុធ​របស់​បារាំង ត្រូវ​បាន​ប្រទេស​មួយចំនួន ទិញ យកទៅប្រើ ក្នុង​ផ្លូវអាក្រក់ ដូចជា សម្រាប់ធ្វើ​សង្រ្គាម នៅ​យេម៉ែន ឬ​សម្រាប់​បង្រ្កាប​ទៅលើ​អ្នកប្រឆាំងជាដើម។ នៅ​ដើម​សប្តាហ៍នេះ វិបសៃត៍​មួយឈ្មោះ Disclose បាន​ទម្លាយ​ឲ្យ​គេដឹងថា កងទ័ព​អេហ្ស៊ីប​ប្រើ​ព័ត៌មាន​សំងាត់ របស់​បេសកកម្ម យោធា​បារាំង ដែល​បារាំង បាន​ចុះ​កិច្ចសន្យា​ជាមួយ អេហ្ស៊ីប ដើម្បី​ប្រយុទ្ធប្រឆាំង ក្រុមភេរវជន។ តាម​Disclose កងទ័ពអេហ្ស៊ីប​បានប្រើសម្ងាត់ដែល​បាន​មក​ពី​ភាគីបារាំង ដើម្បី យក​បង្រ្កាប​ក្រុមជួញរត់ពន្ធ​ខុសច្បាប់ នៅ​តាម​ព្រំដែន​លីប៊ី អេហ្ស៊ីប ដែលតាមពិត​ជា​ប្រជាជន​ស៊ីវិល។

ក្រសួងការពារជាតិ​បារាំង បាន​សន្យា​បើកការស៊ើបអង្កេតពីរឿងនេះ ប៉ុន្តែ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​បារាំង​នៅតែ​ការពារ​ខ្លួន​ថា បារាំង​មិនអាច ផ្តោតសំខាន់​តែលើ​បញ្ហា​សិទ្ធិមនុស្ស និង​ដាក់ទណ្ឌកម្ម ចងដៃជើង ប្រទេស​អារ៉ាប់ ដូចជា​អារ៉ាប៊ី សាអូឌីត​ជាដើម ដែល​តាមពិត​ដើរ​តួនាទី​សំខាន់ ក្នុង​តំបន់​ដើមបូព៌ា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ