អានតួអត្ថបទ
G7-រុស្ស៊ី

អាមេរិកថា ក្រុមប្រទេស​G7 ត្រៀមខ្លួន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច បើសិន​រុស្ស៊ី​ចូលឈ្លានពាន​អ៊ុយក្រែន

ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​G7​បាន​បង្ហាញ​ការរួបរួម ​ឯកភាព​គ្នា​ជាធ្លុងមួយ នៅក្នុង​សំណុំរឿង​អ៊ុយក្រែន រុស្ស៊ី។ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តីការបរទេស កាលពី ថ្ងៃ​សៅរ៍ នៅទីក្រុង​លីវឺភូល ភាគខាងជើង​ប្រទេស​អង់គ្លេស ក្រុមប្រទេស​អ្នកមាន G7 បាន​និយាយរួមគ្នា ព្រមាន​រុស្ស៊ី ពីការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច បើសិន​រុស្ស៊ី ធ្វើសង្រ្គាម ចូលឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ នៅប៉ុន្មាន​សប្តាហ៍មកនេះ អាមេរិក អឺរ៉ុប និង​អ៊ុយក្រែនផ្ទាល់​បាន​ចោទប្រកាន់​រុស្ស៊ី​ថា កំពុង​ត្រៀមកម្លាំងទ័ព​នៅព្រំដែន ដើម្បី​ចូលឈ្លានពាន​អ៊ុយក្រែន។ ការចោទប្រកាន់​ដែល​ម៉ូស្គូ​បាន​បដិសេធ​ទាត់ចោល។

រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន នៅក្នុង​កិច្ចប្រជុំ​G7 នៅLiverpool ប្រទេស​អង់គ្លេសនៅ​ខែ​ធ្នូ ២០២១
រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន នៅក្នុង​កិច្ចប្រជុំ​G7 នៅLiverpool ប្រទេស​អង់គ្លេសនៅ​ខែ​ធ្នូ ២០២១ Anthony Devlin POOL/AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​G7 ដែលត្រូវ​បន្ត​នៅ​ថ្ងៃអាទិត្យ​នេះ នៅមិនទាន់​ចេញ​សេចក្តីថ្លែងការណ៍រួម នៅក្នុង​សំណុំរឿង​អ៊ុយក្រែន រុស្ស៊ី ប៉ុន្តែ អ្នកទទួលខុសត្រូវ​អាមេរិក​ម្នាក់ ដែលបានចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង Liverpool ប្រទេស​អង់គ្លេស បាន​និយាយ​ប្រាប់​អ្នកកាសែតថា ក្រុមប្រទេស​ G7​ត្រៀមខ្លួន​ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ខ្លាំងៗ ក្នុងករណី​រុស្ស៊ី រំលោភ​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

នៅថ្ងៃ​សៅរ៍ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​បាន​និយាយ​ប្រាប់អ្នកកាសែត​ដែរថា នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​កាលពីថ្ងៃ​អង្គារ លោក​បាន​បញ្ជាក់​ហើយ​ថា រុស្ស៊ី​នឹង​រងផលវិបាក​ធ្ងន់ធ្ងរ​ខាងផ្នែក​សេដ្ឋកិច្ច បើសិន រុស្ស៊ី ធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។

នៅក្នុង​កិច្ចប្រជុំ​G7 អាមេរិក​បាន​ទាមទារ​សាជាថ្មី​ឲ្យ​រុស្ស៊ី​បន្ថយ​ភាពតានតឹង​នៅព្រំដែន ជាមួយ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពីប្រទេស​លោកខាងលិច និង​អ៊ុយក្រែន ចោទរុស្ស៊ី កំពុង​ចលនាទ័ព ដើម្បីត្រៀម​ចូល​ឈ្លានពាន​អ៊ុយក្រែន។ សម្រាប់​អ្នកទទួល​ខុសត្រូវ​អាមេរិក ដែលបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​G7 យ៉ាងណាក៏ដោយ គេ​នៅមានផ្លូវដោះស្រាយ​វិបត្តិអ៊ុយក្រែន តាម​ការទូត។

នៅត្រង់ចំណុចនេះ ភាគីអាមេរិក​បាន​បញ្ជាក់ថា នឹង​បញ្ជូន​អនុរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុក​អឺរ៉ុប លោកស្រី Karen Donfried ទៅកាន់​ប្រទេស​អ៊ុយក្រែន និង​រុស្ស៊ី នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​ពុធ​សប្តាហ៍ក្រោយ។ បេសកកម្ម​ការទូត​របស់​អាមេរិក​មាន​គោលដៅ ទាមទារ​ឲ្យ​គេ​អនុវត្ត​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​Minsk ដើម្បី​បិទបញ្ចប់ ជម្លោះ​ប្រដាប់អាវុធ​នៅ​តំបន់​Donbass ភាគខាងកើត​ប្រទេស​អ៊ុយក្រែន។ សម្រាប់អ្នកទទួលខុសត្រូវអាមេរិក បើសិន​រុស្ស៊ី​មិនជ្រើសរើស​ផ្លូវទូត​ដើម្បី​បន្ថយភាពតានតឹង​ជាមួយ​អ៊ុយក្រែន នោះ​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G7 នឹងរួមគ្នា ដើម្បី ធ្វើ​ឲ្យ​រុស្ស៊ី​រងផលវិបាកធ្ងន់ធ្ងរ ដោយសារ​ការរំលោភឈ្លានពាន​អ៊ុយក្រែន។

ក្រៅពី​សំណុំរឿងក្តៅគគុក អ៊ុយក្រែន រុស្ស៊ី ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្មG7 ផ្តោតពិភាក្សា​ផងដែរ ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ការពង្រីកដែន​ឥទ្ធិពល​ដ៏គួរ​ឲ្យព្រួយបារម្ភ​របស់​ប្រទេស​ចិន។ សម្រាប់​រដ្ឋមន្រ្តីការបរទេស​អង់គ្លេស Liz Truss គេត្រូវរួមកម្លាំងគ្នា ដើម្បីប្រឈមតទល់​នឹង​របបផ្តាច់ការ អ្នកឈ្លានពាន​ដែល​ចង់​ពង្រួញ​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ។ ប្រសាសន៍​របស់​ប្រមុខការបរទេស​អង់គ្លេស​ស្របតាម​ឆន្ទៈ​របស់​អាមេរិក​ដែល​ចង់​ឲ្យ​ក្រុមប្រទេស​ G7 ចូលរួម​ក្នុង​យុទ្ធសាស្រ្ត​តែមួយ​របស់​ក្រុមប្រទេស​លោកខាងលិច ដើម្បី ទប់ទល់​មហិច្ឆតា​របស់​ចិន នៅក្នុង​ឆាកអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ