អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជើង​ហោះហើរ​រាប់​ពាន់​នៅ​ជុំវិញ​ពិភព​លោក​ត្រូវ​លុប​ចោល​ដោយ​សារ​រលក​ឆ្លង​កូវីដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ដំណើរ​រាប់​លាន​នាក់​នៅ​ទូទាំងពិភព​លោក​ កំពុង​ឈឺក្បាល​វិលមុខ​ព្រោះមិន​អាច​ចេញ​ដំណើរ​បាន​ដូច​ការ​គ្រោងទុក​។ ​ការ​ឆ្លង​រាលដាល​កូវីដ​ បង្ខំឲ្យក្រុមហ៊ុន​អាកាស​ចរណ៍​ជាច្រើន​លុបចោល​ជើងហោះហើរ​ជាង​ ៨០០០ ចាប់​តាំង​ពី​ថ្ងៃសុក្រ​មុន​។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​អះអាង​ថា​ខ្វះ​បុគ្គលិក​ធ្វើការដោយហេតុ​បុគ្គលិក​​ខ្លះ​បាន​ឆ្លង​ជំងឺ​កូវីដ ឬ​ត្រូវ​ជាប់​ចត្តាឡីស័ក​។

អ្នកធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
អ្នកធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ DAVID MCNEW AFP
ផ្សាយពាណិជ្ជកម្ម

ជើងហោះហើររាប់ពាន់ត្រូវលុបចោលនៅជុំវិញពិភពលោក​ដោយសារ​ការ​រីក​រាល​ដាល​កូវីដ

មកទល់នឹងពេលនេះ​ ពិភពលោក​នៅ​តែ​បន្ត​រងការ​គំរាម​កំហែង​ពី​ជំងឺ​រាត​ត្បាត​កូវីដ១៩​ ជាពិសេស​ពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​។ ដោយសារ​កំណើន​នៃ​ករណី​ឆ្លង​កូវីដ ​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​សម្រេច​លុបចោល​ជើងហោះហើរ​របស់​ខ្លួន​ទាំង​បង្ខំ​ចិត្ត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​កូវីដ​ស្របទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​។

ចាប់តាំងពី​ថ្ងៃសុក្រ​មុន​មាន​ជើរ​ហោះហើរ​ប្រមាណ ៨ ០០០ត្រូវ​​បាន​លុប​ចោល​ ហើយ​រាប់ម៉ឺន​ជើង​ហោះហើរ​ផ្សេងទៀត​ត្រូវ​បាន​ពន្យារពេល​ចំ​ចុង​សប្តាហ៍​បុណ្យ​អូណែល​ដែល​ជា​អំឡុង​ពេល​នៃការធ្វើ​ដំណើរដ៏​មមាញឹក​បំផុត​មួយ​ប្រចាំឆ្នាំ​។

​នៅថ្ងៃ​ចន្ទ ទី២៧ ធ្នូនេះ​ មានជើងហោះហើរ​ជាង​១៤០០ត្រូវ​បាន​លុប​ចោល​ ហើយ​នៅថ្ងៃអង្គារ​ស្អែកនេះ​មានជើងហោះហើរ​រាប់​រយទៀត​កំពុង​តែ​ប្រឈម​នឹង​ការលុប​ចោល​រួចស្រេច​ដែរ​ទៅ​ហើយ​។ នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន FlightAware​ របស់​អាមេរិក​។

សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពីការ​លុប​ ឬពន្យារពេល​ ឬក៏​លើក​ម៉ោង​​ជើងហោះ​ហើរ​។ ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​មួយ​ចំនួន​លើក​ហេតុផល​ពន្យល់​ប្រាប់ថា​ក្រុមហ៊ុន​បាន​បង្ខំ​ចិត្តលុប​ ឬពន្យារជើង​ហោះហើរ​ក៏ព្រោះតែ​ក្រុមហ៊ុន​ខ្វះ​បុគ្គលិកធ្វើការ​ ដោយ​បុគ្គលិក​ខ្លះ​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ​ ហើយខ្លះទៀត​ត្រូវ​ជាប់​ធ្វើ​ចត្តាឡីស័ក​។

ក្នុង​ឱកាស​បុណ្យអូណែល​និងបុណ្យចូលឆ្នាំសកលនេះ​ វិស័យ​អាកាស​ចរណ៍​របស់​ពិភពលោក​នៅ​រង​ផលប៉ះពាល់​ច្រើន​ពី​ការ​ឆ្លងរាលដាល​កូវីដ​។ ទោះបីជា​ចំនួន​នៃ​ការ​លុប​ចោល​ជើងហោះហើរ​គឺជា​ភាគរយ​តូច​មួយ​នៃចំនួន​សរុប​ក្តី​ ក៏តួលេខនេះ​មាន​ចំនួន​ខ្ពស់​ជាង​ធម្មតា​ហើយវាកើតឡើង​នៅចំ​ឱកាសថ្ងៃ​បុណ្យចុងឆ្នាំ​ដែលជា​វេលា​មនុស្ស​ម្នាជាច្រើន​នៅជុំវិញ​ពិភពលោក​កំពុង​សង្វាតនិង​មមាញឹក​ធ្វើដំណើរ​ដើម្បី​ទៅជួបជុំ​ក្រុមគ្រួសារ សាច់ញាតិ​ បងប្អូន មិត្តភ័ក្តិ​។

ភាគ​ច្រើន​នៃ​កំណើន​ករណី​ឆ្លង​កូវីដបណ្តាលមកពីមេរោគបំប្លែងអូមីក្រុង

មេរោគ​បំប្លែងខ្លួន​អូមីក្រុង​ដែល​ឆ្លង​ខ្លាំងបាន​ជំរុញ​ឲ្យ​ករណី​ឆ្លង​កូវីដ​ថ្មី​កើន​ឡើងនៅ​ជុំវិញ​ពិភព​លោក​។ ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​កូវីដ​បង្ក​ដោយ​មេរោគ​អូមីក្រុង​ បណ្តា​ប្រទេស​ជាច្រើន​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​រឹតត្បិត​ជាថ្មី​មាន​តាំងពី​ការ​បិទ​ប្រទេសឡើងវិញ​ ការដាក់កំហិតឲ្យ​ធ្វើចត្តាឡីស័ក​លើអ្នកដំណើរ​ ឬ​ការ​លើក​ពន្យារ​ពេល​កម្មវិធី​ប្រកួតកីឡាធំៗ​។ ក្រៅពីនេះ​ រដ្ឋាភិបាល​នៃ​ប្រទេសជាច្រើន​រួម​មាន​សហរដ្ឋអាមេរិក បារាំង និងអ៊ីស្រាអែលជាដើម​កំពុង​ខ្នះខ្នែង​ផងដែរ​ជំរុញ​ការ​ធ្វើ​តេស្តនិង​ការចាក់​វ៉ាក់សាំង​បង្កាកូវីដដល់​ប្រជាជន​របស់​ខ្លួន​។

ក្រឡេកទៅមើល​ទីក្រុងស៊ីអាន​របស់​ចិនវិញ​ ប្រជាជនរស់នៅទីនោះ​ប្រមាណ​១៣លាន​នាក់​ត្រូវ​អាជ្ញាធរ​តម្រូវ​ឲ្យស្នាក់នៅតែក្នុងផ្ទះ​កាលពីថ្ងៃអាទិត្យម្សិលមិញ​ ខណៈ​ដែល​ប្រទេស​ចិន​បាន​កត់ត្រា​រកឃើញ​ចំនួន​ករណី​ឆ្លងកូវីដច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ២១ ខែ​មក​នេះ​។

អាជ្ញាធរចិន​បាននិងកំពុង​ប្រឹងប្រែង​ខ្លាំងសម្បើម​ណាស់​ដើម្បី​ទប់ស្កាត់​រលកឆ្លង​រាលដាល​កូវីដ​ ព្រោះថា​កម្មវិធី​ប្រកួតកីឡា​អូឡាំពិក​រដូវរងារ​នៅប៉េកាំង​នាខែកុម្ភៈខាងមុខ​ កាន់​តែ​ខិត​កៀក​ជិត​មក​ដល់​ហើយ​។

ចិន​ថែម​ទាំង​បាន​ដាក់​ចេញនូវ​ការ​អនុវត្តន៍​យុទ្ធសាស្រ្ត​ហ្សេរ៉ូកូវីដដ៏​ប្រុងប្រយ័ត្ន​មាន​តាំង​ពីការ​ធ្វើ​ចត្តាឡីស័ក​ ការ​បិទខ្ទប់​តឹងរ៉ឹង​ ការ​ធ្វើ​តេស្តិ៍​ ការ​ត្រួតពិនិត្យ​ម៉ត់ចត់​លើ​អ្នក​ដំណើរ​មក​ពី​បរទេស ឬ​​ក៏​ការ​តាម​ដាន​លើ​ការ​ផ្លាសទី​របស់​ពលរដ្ឋ​ជា​ដើម​។ យ៉ាង​ណាក៏​ដោយនៅតែ​មាន​ការ​ផ្ទុះ​ឡើងនៃ​ករណីឆ្លង​កូវីដថ្មី​ជា​បន្តបន្ទាប់ដដែល​នៅក្នុង​ប្រទេស​ចិន រហូត​មក​ទល់នឹងពេលនេះ​។

បច្ចុប្បន្នភាព​កូវីដ​និង​ការ​លុប​ជើង​ហោះហើរ​នៅក្នុង​បណ្តា​ប្រទេស​នានា

​មក​ទល់​នឹង​សព្វថ្ងៃនេះ​ ជំងឺរាតត្បាត​កូវីដ​មាន​វត្តមាន​ក្នុង​ពិភពលោក​យើង​រយៈពេល ២ ឆ្នាំ​ហើយ​។ ករណីកូវីដ​ដំបូងបង្អស់​ដែល​ត្រូវ​បាន​គេរកឃើញ​គឺ​នៅទីក្រុង​វូហាន​ប្រទេសចិន​ក្នុង​ខែធ្នូ ឆ្នាំ ២០១៩​។

គិតត្រឹ​មថ្ងៃចន្ទ​ ទី២៧ ធ្នូ ឆ្នាំ ២០២១នេះ​ មាន​មនុស្ស​ជាង​៥​លាន ៤​សែន​នាក់​ (៥ ៤១៨ ៥៤១) បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ​នៅទូទាំងពិភព​លោក​ និង​មាន​ឆ្លង​ជាង​ ២៨០ លាន​ករណី​ (២៨០ ៣៩០ ៤៤៦)​។ នេះបើយោង​តាម​សាកលវិទ្យា​ល័យ Johns Hopkins របស់​អាមេរិក​។

ងាកទៅ​ចាប់អារម្មណ៍​ពី​ការ​លុបជើងហោះហើរនានា​នៅជុំវិញ​ពិភពលោកវិញ។​ យោងតាម​ការប៉ាន់ស្មាន​របស់​សមាគម​រថយន្ត​អាមេរិក​ (The American Automobile Association) មាន​ប្រជាជនអាមេរិកាំង​ប្រមាណជាង​១០៩លាននាក់នឹងធ្វើ​ដំណើរតាម​យន្ត​ហោះ រថភ្លើង​ ឬរថយន្ត​នៅចន្លោះថ្ងៃទី​ ២៣ ធ្នូ ដល់ថ្ងៃទី២ ខែមករា​។ ចំនួននេះ​កើន​ឡើង ៣៤% ធៀបនឹងឆ្នាំមុន​។

នៅខណៈនេះ​ ក្រុមហ៊ុន​អាមេរិក​ដែលរងគ្រោះ​ខ្លាំង​ជាងគេ​គឺ​ក្រុមហ៊ុន United ដោយ​ការ​ឆ្លង​រាលដាល​កូវីដ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​លុប​ចោល​ជើងហោះហើរ​អស់​ប្រមាណ​៨៤ និង​បន្ទាប់​មក​ទៀត​គឺក្រុមហ៊ុនJetBlue ដែលលុបអស់​ ៦៦។

ដោយឡែក​ ក្រុមហ៊ុន FlightAware បានឲ្យដឹងថា​ជើងហោះហើរ​ភាគច្រើន​ដែល​ត្រូវបាន​លុបចោល​នៅថ្ងៃចន្ទ​នេះគឺជាជើងហោះហើរ​របស់​ក្រុមហ៊ុនចិន​ដែល​រួម​មាន​ក្រុមហ៊ុន China Eastern ​លុបចោល​ជើងហោះហើរ​ ២៦៨ និង Air China ដែល​បានលុប​ចោល​១៤១​។

អាកាសយានដ្ឋាន​ក្នុងទីក្រុងប៉េកាំង​ និងសៀងហៃ​ក៏រងផលប៉ះពាល់​ខ្លាំងណាស់ដែរ​ដោយ​ត្រូវ​លុបចោល​ជិត​ ៣០០ ជើង​ហោះហើរ​គិត​រួម​បញ្ចូលគ្នា​ទាំងពីរ​។ នៅ​អង់គ្លេស​ឯណោះវិញ​ក្រុមហ៊ុន​អាកាសចរណ៍ British Airways បាន​លុបចោលជើងហោះហើរចំនួន ៤២​ នៅថ្ងៃចន្ទនេះ​។ ចំណែក​អាកាសយានដ្ឋាន Heathrow នៃទីក្រុងឡុងដ៍មាន​ជើង​ហោះ​ហើរ​ចំនួន ៤៧ ត្រូវ​បាន​លុប​ចោល​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ BBC​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ