អានតួអត្ថបទ
អាមេរិក-អូមីក្រុង

លោក​បៃដិន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​របស់​អាមេរិក​​ទល់​នឹង​រលក​ឆ្លង​អូមីក្រុង

ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​កូវីដ​បង្ក​ដោយ​មេរោគ​អូមីក្រុង​ រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​រឹតត្បិត​ជាថ្មី​។ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ខណៈ​បុណ្យ​ណូអែល​និង​ថ្ងៃ​ចូលឆ្នាំ​សកល​ខិត​កាន់​តែ​កៀក​ជិត​ដល់​ លោក​ ចូ បៃដិន​ បាន​បញ្ជាក់​ពីការ​ត្រៀម​ខ្លួន​ដើម្បី​ប្រឆាំង​ទល់​នឹង​រលកឆ្លង​បង្ក​ដោយ​អូមីក្រុង​។ ចំណែក​អ៊ីស្រាអែល​វិញ​បាន​ប្រកាស​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី៤​ សម្រាប់​អ្នក​ដែល​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​ និង​បុគ្គលិក​សុខាភិបាល​។

ពីទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក លោកប្រធានាធិបតីចូ បៃដិន និយាយអំពីផែនការឆ្លើយតបនឹងមេរោគអូមីក្រុងនាថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។
ពីទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក លោកប្រធានាធិបតីចូ បៃដិន និយាយអំពីផែនការឆ្លើយតបនឹងមេរោគអូមីក្រុងនាថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

មេរោគ​បំប្លែងខ្លួន​អូមីក្រុង​ដែល​បច្ចុប្បន្ន​​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​រាប់សិប​ ហាក់បី​ដូច​ជា​ឆ្លង​ខ្លាំង​ជាង​មេរោគ​ផ្សេង​ទៀត​ បើទោះបី​ជា​មាន​ការ​លើកឡើង​ពី​ដំបូង​ថា​មេរោគ​ប្រភេទ​នេះ​មិន​បង្កថ្នាក់ខ្លាំង​ជាងមេរោគ​ដែលតា​ក៏​ដោយ​។

ដោយ​ហេតុ​ថា​អូមីក្រុង​កំពុង​ឆ្លង​រីក​រាល​ក្នុង​ល្បឿន​លឿននិង​ឆ្លង​ខ្លាំង​ចូល​ប្រទេស​កាន់​តែ​នៅ​ជុំវិញ​ពិភព​លោក​ រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន​បាន​ដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត​ឡើង​វិញ​ ជាពិសេស​នៅ​មុន​ថ្ងៃ​បុណ្យ​ណូអែល​និង​ថ្ងៃ​ចូល​ឆ្នាំសកល​។

ពីទី​ក្រុងវ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អង្គារ ទី២១​ ធ្នូ​ម្សិលមិញ​ លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​ បាន​ប្រកាស​អំពី​វិធានការ​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កំណើន​ករណី​ឆ្លង​កូវីដ​បង្ក​ដោយ​អូមីក្រុង​។ វិធានការ​នេះ​រួមមានទាំង​ការ​ផ្តល់​ជូន​ឧបករណ៍​ធ្វើ​តេស្ត​​តាម​ផ្ទះដោយ​ឥតគិត​ថ្លៃ​ចំនួន​ប្រមាណ​ ៥០០​លាន ដោយចាប់​ផ្តើម​ពី​ខែ​មករា​ខាងមុខ​។

“យើង​ទាំងអស់គ្នា​គួរ​ព្រួយ​បារម្ភ​ពីមេរោគ​អូមីក្រុង ​តែ​មិន​ត្រូវ​ភ័យស្លន់ស្លោ​នោះទេ​”។ នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោកបៃដិន​ ជាមួយ​នឹង​ធានា​ដល់​ប្រជាជន​ដែរ​ថា​ប្រទេស​អាមេរិក​នឹង​ធ្លាក់​ខ្លួន​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​មេរោគ​អូមីក្រុង​ ដូចកាលពី​ខែមីនា​ ឆ្នាំ​ ២០២០​នោះ​ទេ​។

បន្ថែមលើ​នេះ​ លោក​ប្រធានាធិបតី​អាមេរិក​គូសបញ្ជាក់​ថា​រដ្ឋាភិបាល​នឹង​ដាក់​ពង្រាយ​បុគ្គលិក​យោធា​ទៅ​កាន់​មន្ទីរពេទ្យ​នានា ដឹក​ជញ្ជូន​សម្ភារៈ​ផ្គត់ផ្គង់​ទៅរដ្ឋ​ដែល​រងគ្រោះ​ខ្លាំង និង​ដាក់​ដំឡើង​កន្លែង​ធ្វើតេស្ត​ថ្មី​ដោយ​ឥត​គិតថ្លៃ​។

ដោយឡែក​បើ​តាម​ប្រមុខ​ការ​បរទេស​អាមេរិក​លោក​ អង់តូនី ប្ល៊ីងកិន​ សហរដ្ឋអាមេរិក​នឹង​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​ ៥៨០ លានដុល្លារ​ដល់​អង្គការ​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ក្នុង​គោលដៅ​ប្រយុទ្ធ​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​កូវីដ​។

ចំណែក​នៅ​​ប្រទេសអ៊ីស្រាអែល​វិញ​ ប្រឈមនឹង​កំណើនករណី​ឆ្លង​បង្ក​ដោយ​អូមីក្រុង​នេះដែរ​ លោក​នាយករដ្ឋមន្ត្រី​ណាវតាលី ប៊ែននែត​ និយាយថា​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​ ៦០ ឆ្នាំឡើងទៅ​ និង​ក្រុម​គ្រូពេទ្យ​នឹង​មាន​សិទ្ធិ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​កូវីដ​ដូសទី៤​ ស្រប​តាម​ការណែនាំ​របស់​ក្រុម​អ្នកជំនាញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ