អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន​បាន​សម្រេច​ស្នាដៃអ្វីខ្លះ នៅ​១ឆ្នាំ​ដំបូង​នៃ​ការកាន់តំណែង​ជា​ប្រធានាធិបតី អាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី ២០មករា ជា​ខួប​១ឆ្នាំ នៃ​ការចូលកាន់តំណែង​របស់​ចូ បៃដិនជា​ប្រធានាធិបតីអាមេរិក។ នៅក្នុង​សន្និសីទកាសែត​ដ៏កម្រ កាលពី​ថ្ងៃ ពុធ​ទី ១៩​មករា ២០២២ លោក​ប្រធានាធិបតី​ចូ បៃដិន មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ថ្លែង​ដោយអំណួត​ពី​តុល្យការ​សេដ្ឋកិច្ច និង​សុខភាព ដែល​រដ្ឋបាល​របស់​លោក​សម្រេច​បាន នៅក្នុង​រយៈពេល​១ឆ្នាំមកនេះ។ លោក​ចូ បៃដិន​បាន​លើកសរសើរ​ស្នាដៃ​រដ្ឋបាល​របស់​លោក ប៉ុន្តែ នៅ​ក្នុងការស្ទង់​មតិ​ឯណោះវិញ កូដប្រជាប្រិយភាព​របស់​លោក​ចូ បៃដិន​បាន​ធ្លាក់​ចុះ គួរឲ្យកត់សំគាល់។ នៅ​មុន​ការបោះឆ្នោតសភា ពាក់កណ្តាលអាណត្តិ លោក​ចូ បៃដិន​សន្យា​ភ្ជាប់ទំនាក់ទំនង​ជិតស្និទ្ធ​ឡើងវិញ ជាមួយ​ប្រជាជនអាមេរិក។

នៅថ្ងៃ​ពុធទី ១៩ មករា លោក​ចូ បៃដិន ធ្វើ​សន្និសីទកាសែត ស្តីពី​ការងារ​ដែល​រដ្ឋបាល​លោក​បាន​សម្រេចធ្វើបាននៅ​មួយឆ្នាំមកនេះ។ តាំងពីចូលកាន់តំណែងជាប្រធានាធិបតី​អាមេរិក​នៅ​១ឆ្នាំមកនេះ ប្រធានាធិបតីអាមេរិកបាន​ធ្វើ​សន្និសីទកាសែត​តែ២ដងប៉ុណ្ណោះ។ ​
នៅថ្ងៃ​ពុធទី ១៩ មករា លោក​ចូ បៃដិន ធ្វើ​សន្និសីទកាសែត ស្តីពី​ការងារ​ដែល​រដ្ឋបាល​លោក​បាន​សម្រេចធ្វើបាននៅ​មួយឆ្នាំមកនេះ។ តាំងពីចូលកាន់តំណែងជាប្រធានាធិបតី​អាមេរិក​នៅ​១ឆ្នាំមកនេះ ប្រធានាធិបតីអាមេរិកបាន​ធ្វើ​សន្និសីទកាសែត​តែ២ដងប៉ុណ្ណោះ។ ​ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

នៅមួយថ្ងៃ​មុន​ខួប ១ឆ្នាំ​នៃ​ការចូលកាន់តំណែង​របស់ខ្លួន នៅ​សេតវិមាន លោក​ប្រធានាធិបតី ចូ បៃដិន​បានធ្វើ​សន្និសីទ​កាសែត ដើម្បី បូកសរុប​សមិទ្ធិផល ស្នាដៃ​ការងារ​ដែល​រដ្ឋបាល​របស់​លោក​បានសម្រេច​ក្នុង​រយៈពេល​មួយឆ្នាំមកនេះ។

នៅក្នុង​សន្និសីទ​កាសែត ម្សិលមិញ លោក​ចូ បៃដិន​បាន​ចោទសំណួរ​បក​ទៅ​អ្នកកាសែត​វិញថា តើ​មាន​ប្រធានាធិបតី​ណា​ដែល​ធ្វើបាន​ច្រើនដូចលោក នៅក្នុង​រយៈពេល​១ឆ្នាំ​ដំបូង​នៃ​ការចូលកាន់តំណែងដែរឬទេ? សម្រាប់​លោក​ចូ បៃដិន រដ្ឋបាល​របស់​លោក​បាន​សម្រេច​ស្នាដៃ​ជាច្រើន ក្នុងរយៈពេល ១ឆ្នាំ​មកនេះ។ លោក​ចូ បៃដិន​បាន​ធ្វើ​កិច្ចការ​ជាច្រើន ដែល​មាន​ជាប់ទាក់ទង​នឹង​ការសន្យា​របស់​លោក នៅក្នុង​យុទ្ធនាការ​បោះឆ្នោត ពោល គឺ​ដើម្បី ស្រោចស្រង់​អាមេរិក​ចេញពី​វិបត្តិសេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​វិបត្តិកូវីដ។

បញ្ហាកូវីដ គឺ​ជា​នយោបាយ​អាទិភាព​របស់​រដ្ឋបាល​លោក​ចូ បៃដិន។ នៅក្នុង​សន្និសីទកាសែត កាលពី ថ្ងៃ​ពុធ​ម្សិលមិញ លោក​ចូ បៃដិន​បាន​និយាយ​អួត​ថា រដ្ឋបាល​របស់​លោក​បាន​ប្រឹងប្រែង ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក ដល់​ទៅ ៧៥%​បាន​ទទួល​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ។ តួលេខ​នេះ​គឺខ្ពស់​ឆ្ងាយខ្លាំង​ណាស់ បើប្រៀបធៀប​នឹង​រដ្ឋបាល​មុន របស់​លោកដូណាល់ ត្រាំ ដែលមាន​ប្រជាជន​ប្រមាណ​តែ ១%ប៉ុណ្ណោះ ដែល​បាន​ទទួល​ចាក់​វ៉ាក់សាំង។

ក្រោម​ការដឹកនាំ​របស់​លោកចូ បៃដិន  សាលារៀន​បាន​បើកទ្វារ​ឡើងវិញ ចំណែក​សកម្មភាព​សេដ្ឋកិច្ច កំណើន​សេដ្ឋកិច្ច ក៏​ចាប់ងើបស្ទុះ ឡើងវិញដែរ។ ជាមួយ​នឹង​ការបង្កើតការងារ​ធ្វើ ជាង ៦លាននាក់ គិត​ចាប់តាំង​ពី​ដើមឆ្នាំនេះ អត្រា​អ្នកអត់ការងារ​ធ្វើ​នៅអាមេរិក បាន​ធ្លាក់ចុះ មកនៅត្រឹម ៣,៩%។

កាលពី​ខែ មីនា​ឆ្នាំមុន ពោល​គឺ​នៅ​តែ​១០០​ថ្ងៃ​ក្រោយ ចូលកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​បាន​ទទួលជោគជ័យ ដោយ​បាន​ជំរុញ ឲ្យ​ព្រឹទ្ធិសភា បោះឆ្នោត​កញ្ចប់ថវិកា ជិត​២​ទ្រីលាន ដុល្លារ សម្រាប់ ផែនការ​ផ្តល់សន្ទុះសេដ្ឋកិច្ច ដែលរួបរឹតដោយវិបត្តិកូវីដ។

និយាយ​ពី​នយោបាយ​ការបរទេស​វិញ រដ្ឋបាល​លោក​ចូ បៃដិន​បាន ត្រលប់​មក​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ និង​ត្រលប់​បន្ធូបន្ថយ​ភាពតានតឹង​ជាមួយ​សម្ព័ន្ធមិត្ត នៅ​អឺរ៉ុប និង​ចង់​ចរចា​ដើម្បីអាចស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ខុសពី​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ដែល​ដើរ​ឈ្លោះ​ជាមួយ​គេឯង មិនថា សម្ព័ន្ធមិត្ត ឬ​សត្រូវ រដ្ឋបាល​លោក​ចូ បៃដិន បាន​បង្ហាញ​ថា អាមេរិក​បាន​ត្រលប់មកវិញ ក្នុង​នាមជា​ប្រទេស​មហាអំណាច ដែលការពារ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​លោក។

ព្រឹទ្ធសភា​បាន​បោះឆ្នោត បដិសេធ​មិន​ធ្វើ​កំណែទម្រង់ច្បាប់បោះឆ្នោត

នៅតែ​ប៉ុន្មានម៉ោង​ក្រោយ សន្និសីទ​កាសែត​របស់​លោក​ចូ បៃដិន ព្រឹទ្ធសភា បាន​បោះឆ្នោត កប់ចោល សំណើធ្វើកំណែទម្រង់​ច្បាប់​បោះឆ្នោត ដែល​លោក​ចូ បៃដិន បានទាមទារ ដើម្បី​ផ្តល់លទ្ធភាពច្រើន​ឲ្យ​​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ បានទៅ​បោះឆ្នោត។ ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ ដែលជាអ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យរបស់​លោក​ចូ បៃដិន។

នៅក្រោយ​ការសម្រេច​របស់​ព្រឹទ្ធសភា លោក​ចូ បៃដិន​បាន​និយា​ថា លោក​ខកចិត្ត។ កិច្ចការ​សំខាន់​ដែល​លោក​ចូ បៃដិន​មិន​បាន​ធ្វើ នៅក្នុង​រយៈពេល​១ឆ្នាំ​មកនេះ គឺ​លោក​មើលស្រាល ស្ថានការណ៍​ពេក។ លោក​ជឿថា ជាមួយ សំឡេង គ្រប់គ្រាន់​របស់គណបក្ស​ប្រជាធិបតេយ្យ នៅ​ព្រឹទ្ធសភា ច្បាប់ដែលលោកស្នើឡើង ​ប្រហែល​មិនអាចជួប​វិបត្តិជាប់គាំង​នៅ​ព្រឹទ្ធសភា នោះទេ ប៉ុន្តែ លោក​យល់ខុស ព្រោះ នៅ​ក្នុង​ជួរគណបក្ស​របស់​លោក ក៏មាន​ចរន្ត​ប្រឆាំង​នឹង​សំណើធ្វើកំណែទម្រង់​របស់​លោកដែរ។

នៅ​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត សភា ពាក់កណ្តាល​អាណត្តិ គេជឿថា លោក​ចូ បៃដិនគួរ​ផ្តោតសំខាន់​លើ​ការផ្សះផ្សារ​ពង្រឹង សាមគ្គី​ភាព ក្នុង​ជួរបក្ស​របស់​លោក ពោល​គឺ​ធ្វើយ៉ាងណា​ដើម្បី​អាច​ជំរុញ ឲ្យ​គណបក្ស​អាច​នៅ​រក្សា​ឬ ឈ្នះ អាសនៈ​កាន់តែ​ច្រើន នៅក្នុង​ការបោះឆ្នោតសភា នៅ​ចុងឆ្នាំនេះ។ ប៉ុន្តែ លោក​ចូ បៃដិន​វិញ បាន​បញ្ជាក់​នៅថ្ងៃ​ម្សិលមិញថា កិច្ចការ​នៅចំពោះមុខ​របស់​លោក​នៅពេលនេះ គឺ​ការចុះជួបផ្ទាល់​ជាមួយ​ប្រជាជន ដើម្បី​ឲ្យ​ពួកគេ ជឿទុកចិត្ត លើ​នយោបាយ​កំណែទម្រង់​របស់​លោក ជាជាង​បញ្ចុះបញ្ចូល អ្នកនយោបាយ ដែល​គិតប្រយោជន៍បក្ស ជាជាង​ប្រយោជន៍​សង្គម។

ក្នុងរយៈពេល​១ឆ្នាំ កូដប្រជាប្រិយ​របស់​លោកចូ បៃដិន ធ្លាក់​ចុះ ពី​៥៧% មកនៅត្រឹម ៤០% គ្រាន់តែ​ចូលកាន់តំណែង​ជា​ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​បាន​ជំរុញ​យុទ្ធនាការ​ចាក់វ៉ាក់សាំង បាន​ច្រើន ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច។ ការណ៍នេះ​បានធ្វើ​ឲ្យ​លោក​បានទទួលការគាំទ្រ​ពីប្រជាជន​អាមេរិក ហើយកូដប្រជាប្រិយភាព​របស់​លោក​បាន​កើនឡើង​ដល់​៥៧%។ ប៉ុន្តែ ក្តីប្រាថ្នារបស់​លោកចូ បៃដិន ដែល​សន្យា​យកឈ្នះ វិបត្តិកូវីដ ក៏ត្រូវ​រំខាន បំផ្លាញ ដោយមេរោគបំប្លែងខ្លួន ដែលតា និង​ចុងក្រោយ​គឺ​អូមីក្រុង ដែលធ្វើ​ឲ្យ​អាមេរិក​ធ្លាក់​ខ្លួន​សាជាថ្មី ទៅក្នុង​វិបត្តិកូវីដ។

ដោយសារ​ការឆ្លងរាតត្បាត របស់អូមីក្រុង ប្រជាជន​អាមេរិក​ជាច្រើន​លាននាក់ ត្រូវអាក់ខាន ជាប់គាំង មិនអាច​ធ្វើដំណើរ​ទៅជួបជុំគ្រួសារ ប្រារព្ធពិធី​បុណ្យ​ដាច់ឆ្នាំ។ ទី២ ដោយសារ​វិបត្តិកូវីដ សតិអារម្មណ៍​ធ្វើការ​របស់​ប្រជាជន​មិនសូវ​មូល។ បុគ្គលិក​មួយភាគ​បាន​ឈប់​ពីការងារ ធ្វើ​ឲ្យ​រោងចក្រ​ឧស្សាហកម្ម​មួយចំនួន ត្រូវជាប់គាំង ខ្វះបុគ្គលិក និង​មិនអាច​ធានា​ការផ្គត់ផ្គង់​ទំនិញ សេវា​កម្ម​ដោយរលូន​ដូចមុន។ មួយវិញទៀត ជាមួយ បញ្ហា​ក្នុងការដឹកជញ្ជូន ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន និងការឡើងថ្លៃ​នៃ​ថាមពល វត្ថុធាតុដើម នៅក្នុង​ពិភពលោក ប្រជាជន​អាមេរិកកំពុង​ជួបបញ្ហាខ្លាំងជាងគេ គឺ​ទំនិញឡើងថ្លៃ។ អាមេរិក​បាន​ជួប អត្រាអតិផរណា​ខ្ពស់​ដល់ ៧% គឺ​ជាកម្រិត​ដ៏ខ្ពស់ មិនធា្លប់មាននៅក្នុង​រយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ វិបត្តិអតិផរណា ហើយ​អាមេរិក​នៅតែ​មិន​ទាន់​ងើបរួចផុត​ពី​វិបត្តិកូវីដ ដោយសារ​នៅតែមាន​អ្នកឆ្លងដល់​ទៅរាប់សែននាក់ ក្នុងមួយថ្ងៃៗ។ គឺ​បញ្ហា​សំខាន់​ទាំងពីរនេះហើយដែល​ធ្វើ​ឲ្យកូដប្រជាប្រិយ​របស់​លោក​ចូ បៃដិន​ធ្លាក់ចុះ។

មួយវិញទៀតដែរ គឺជឿថា នយោបាយ​ដកទ័ពអាមេរិក​ពីអាហ្វហ្កានីស្ថាន ដែលធ្វើ​ឲ្យ​អាមេរិក​រងការរិះគន់​នៅ​ឆាកអន្តរជាតិ ក៏ផ្តល់​រូបភាព​មិនល្អ​របស់​រដ្ឋបាល​លោក​ចូ បៃដិន នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាជនអាមេរិក ដែលតែងគិតថា អាមេរិក​ជា​មហាអំណាចគំរូ​ដែលមិនអាច​បន្ទោសបាន។ សំណុំរឿង​អន្តរជាតិ​មួយទៀត ដែលធ្វើ​ឲ្យ​រដ្ឋបាល​លោក​ចូ បៃដិន មានរូបភាព​មិនល្អដែរ វិបត្តិអ៊ុយក្រែន។ នៅថ្ងៃ​ម្សិលមិញ សេតវិមាន​បាន​ចេញមុខ​មក​បកស្រាយ ឡើងវិញ បន្ទាប់​ពី​លោក​ចូ បៃដិន បាន​និយាយ​ថា រុស្ស៊ី ប្រហែល​ជាអាច​ចូល​ឈ្លានពាន​ក្នុងទ្រង់ទ្រាយតូច នៅ​អ៊ុយក្រែន។ ហើយក្នុងពេលនោះ ប្រទេស​លោកខាងលិច ប្រហែល​ជា​នឹង​មិនអន្តរាគមន៍លូកដៃ​ស្រុះគ្នា​ជួយ​អ៊ុយក្រែន។ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​ចេញមុខ​រិះគន់​ភ្លាមៗ​ថា រដ្ឋបាល​លោក​ចូ បៃដិន​ទន់ខ្សោយ នៅ​ចំពោះមុខ​ការគំរាម​របស់​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ