អានតួអត្ថបទ
ចិន-អាមេរិក-ទណ្ឌកម្ម

អាមេរិកឈប់នាំ​ចូល​ទំនិញ​ផលិត​នៅស៊ីនជាំង​និង​​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុនបច្ចេកវិទ្យា​ចិន

ជាប់​ចោទ​ថា​​​រំលោភ​សិទ្ធិពលរដ្ឋ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ សហរដ្ឋ​អាមេរិក បាន​​រឹត​បន្តឹង​វិធានការ​ និង​ទណ្ឌកម្ម​ប្រឆាំង​ចិនកាន់​តែ​ខ្លាំង​ឡើង។ នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៦​ធ្នូ​នេះ អាមេរិក​​ចេញ​ច្បាប់​ហាមឃាត់​ការ​នាំ​ចូលទំនិញផលិត​នៅ​ស៊ីនជាំងផង និង​បានប្រកាស​​ដាក់ទណ្ឌកម្ម​​លើ​ក្រុមហ៊ុនបច្ចេកវិទ្យា​ ធំៗ​របស់​ចិនចំនួន៨ទៀត។

អាមេរិក​ដាក់ទណ្ឌកម្មក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ចំនួន ៨ ក្នុងនោះ​មួយ​ជា​ក្រុមហ៊ុន​DJI
អាមេរិក​ដាក់ទណ្ឌកម្មក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ចំនួន ៨ ក្នុងនោះ​មួយ​ជា​ក្រុមហ៊ុន​DJI AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បានបញ្ចេញ​​ឈ្មោះ​ក្រុមហ៊ុនឯកជន​ចិន​ ក្នុង​វិស័យ​បច្ចេកវិទ្យា​យោធា​និង​តាមដាន​ ​ចំនួន​៣៧ ក្នុង​បញ្ជី​ខ្មៅ​ ដែល​ត្រូវ​កំរិត​ការនាំចូល​ ព្រោះ​ក្រុមហ៊ុន​ទាំង​នេះ​មាន​សកម្មភាព​ផ្ទុយ​នឹង​នយោបាយ​​ការបរទេស​ និង​ផលប្រយោជន៍​សន្តិសុខ​អាមេរិក​។ បន្ទាប់​មក អាមេរិក​បាន​ ​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​អាមេរិក​រក​ស៊ី​និងធ្វើ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យាជាន់​ខ្ពស់​របស់​ចិន​ចំនួ​ន​៨ក្រុមហ៊ុន​ ក្នុង​នោះ មាន​មួយ​ជា​ក្រុមហ៊ុន​ផលិតដ្រូនដ៏ធំជាងគេបំផុត​នៅ​លើ​ពិភពលោក DJI។ ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦​ធ្នូ​ម្សិលមិញ​ដដែល ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​​ជា​ឯកច្ឆ័ន្ទ ​ច្បាប់​ហាមឃាត់​ ការនាំចូល​ទំនិញ​ផលិតនៅស៊ីនជាំង​ ដោយ​រដ្ឋបណ្ឌិត​សភា​វិទ្យាសាស្ត្រ​សុខាភិបាលយោធា និងដោយ​វិទ្យាស្ថាន​​​ជីវបច្ចេកវិទ្យា​ចំនួន ១១។ សម្រាប់​ព្រឹទ្ធសភា​អាមេរិក នេះ​ជា​ទណ្ឌកម្ម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ចាប់​បង្ខំ​មនុស្សឱ្យ​ធ្វើ​ការ​ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ។

ដោយ​គ្មានបង្អង់ ចិន​បានបញ្ចេញតប​វិញ​នៅថ្ងៃ​សុក្រ​នេះ ប្រឆាំង​ដាច់​ខាត​នឹង​វិធានការ​អាមេរិក និង​បាន​​ប្តេជ្ញាចាត់វិធានការតបតវិញ ដើម្បីរក្សាប្រយោជន៍ក្រុមហ៊ុនរបស់ចិន។ នៅ​ចំពោះមុខ​អ្នក​សារព័ត៌មាន អ្នក​នាំពាក្យក្រសួង​ការបរទេស​ចិន បាន​បន្ទោស​អាមេរិក​ថាបានប្រឌិត​លេស​គ្រប់​បែប​យ៉ាង និង​ប្រើ​វិធី​ត្រួត​ពិនិត្យ​ការ​នាំចូល​ហួស​ប្រមាណ ដើម្បី​គាប​ក្រុមហ៊ុន​ចិន។

សូម​បញ្ជាក់​បន្ថែម​ថា នៅក្នុង​បញ្ជី​ទណ្ឌកម្មថ្មី​នេះ សហរដ្ឋ​អាមេរិក​មិន​ត្រឹម​តែ ដាក់​ដៅលើ​ក្រុមហ៊ុន​ចិន​ទេ ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ហ្សកហ្ស៊ី ម៉ាឡេស៊ី និង​តួកគី​ ក៏​មាន​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ដែរ។ បញ្ជី​ទណ្ឌកម្មនេះ​នឹងចាប់មាន​សុពលភាព​ នៅ​ពេល​ប្រធានាធិបតី​ ចូ បៃដិន ចុះ​ហត្ថលេខា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ