អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិអ៊ុយក្រែន៖ អាមេរិក​គំរាមសម្លាប់​គម្រោងបំពង់បង្ហូរឧស្ម័ន​រុស្ស៊ី Nord Stream 2

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​វិបត្តិអ៊ុយក្រែន ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​បើកកិច្ចប្រជុំបន្ទាន់​នៅថ្ងៃ​ចន្ទ ដើមសប្តាហ៍ក្រោយ ទៅតាម​ការស្នើឡើង​របស់​សហរដ្ឋអាមេរិក។ នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន កាលពីថ្ងៃ​ព្រហស្បតិ៍ទី​២៧ មករា  ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន បាននិយាយ​ថា រុស្ស៊ី នឹង​អាច​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ​ខាងមុខ។ កាលលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​ធ្វើឡើង នៅថ្ងៃ​ដែល រុស្ស៊ី​បានសំដែងការខកចិត្តខ្លាំង បន្ទាប់ពី​អាមេរិក​បដិសេធ​មិនព្រម​ធ្វើតាម​សំណើ​ចង់បាន​របស់​រុស្ស៊ី ស្តីពី​ការបដិសេធ​សមាជិកភាព​របស់​អ៊ុយក្រែន ក្នុង​អង្គការ​អូតង់។

បំពង់បង្ហូរឧស្ម័ន​Nord Stream 2 ដែល​តភ្ជាប់​ បង្ហូរឧស្ម័ន​ពីទឹកដីរុស្ស៊ី ទៅទឹកដីអាល្លឺម៉ង់។
បំពង់បង្ហូរឧស្ម័ន​Nord Stream 2 ដែល​តភ្ជាប់​ បង្ហូរឧស្ម័ន​ពីទឹកដីរុស្ស៊ី ទៅទឹកដីអាល្លឺម៉ង់។ REUTERS - MAXIM SHEMETOV
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ ព្រហស្បតិ៍ទី ២៧ មករា ប្រធានាធិបតី​អាមេរិក​បាន​និយាយទូរស័ព្ទជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន ដែលនៅក្នុងនោះ លោកបានវាយតម្លៃ​ថា រុស្ស៊ី​នឹង​អាច​ឈ្លានពាន​ចូល​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ​ខាងមុខ។ ប៉ុន្តែ ជាមួយគ្នានោះ លោកប្រធានាធិបតី​ចូ បៃដិន​បាន​និយាយ​ប្រាប់សមភាគី អ៊ុយក្រែន ថា អាមេរិក​នឹង​ចាត់វិធានការ​ខ្លាំង បើសិន​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ លើសពីនោះ លោក​ចូ បៃដិន​បានពិភាក្សា​ពីការ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​បន្ថែម​ដល់​អ៊ុយក្រែន។

នៅថ្ងៃ​ព្រហស្បតិ៍ដដែល ដើម្បី ដាក់សម្ពាធ​លើ​រុស្ស៊ី អាមេរិក​បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កោះប្រជុំបន្ទាន់ ដើម្បីនិយាយ​ពី​វិបត្តិអ៊ុយក្រែន ដែល​កំពុង​រងការគំរាមកំហែង​ឈ្លានពាន​ពីសំណាក់រុស្ស៊ី។

ប៉ុន្តែ ដោយសារ​តែ​រុស្ស៊ី​ជា​សមាជិក​អចិន្ត្រៃយ៍ និងមានសិទ្ធិវេតូ នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នោះ គេ​គ្មាន​សង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខ​នឹង​អាច​ចេញ​សេចក្តីសម្រេច​ណាមួយ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ីនោះទេ។

រឿង​នេះ​យើងធ្លាប់​ឃើញ​កន្លងមក​រួចហើយ ជាពិសេស ចាប់តាំង​ពី​រុស្ស៊ី កាត់យកទឹកដី គ្រីមេ​របស់អ៊ុយក្រែន​នៅឆ្នាំ ២០១៤មក រុស្ស៊ី​បាន​លើកដៃ​វេតូ​រហូត មិនឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បោះឆ្នោត ចេញសម្រេច​ដាក់​ទណ្ឌកម្ម​ណាមួយ​លើ​ខ្លួន​នោះទេ។

អាមេរិក​ដឹងថា ​រុស្ស៊ី​នឹង​ប្រើសិទ្ធិវេតូ​របស់ខ្លួន មិន​ឲ្យក្រុមប្រឹក្សាចេញសេចក្តី​សម្រេច​ណាមួយ​ប្រឆាំង​ខ្លួន ទាក់ទង​នឹង​វិបត្តិអ៊ុយក្រែន​លើកនេះ។ ប៉ុន្តែ ​នៅតែ​ទាមទារ​ឲ្យ​មាន​កិច្ចប្រជុំបន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

តាម​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោកស្រី Linda Thomas-Greenfieldដែលជាអ្នកដាក់សំណើ​ឲ្យមាន​ការកោះប្រជុំ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ នៅថ្ងៃ​ចន្ទ បើទោះបីជា​រុស្ស៊ី​មាន​សិទ្ធិវេតូ ប៉ុន្តែ រុស្ស៊ី​នឹង​ត្រូវគេ​ដាក់​ឲ្យឯកោ។ បើសិន​គ្រប់ប្រទេស​រួបរួមគ្នា នោះ​សំឡេង​វេតូ​របស់​រុស្ស៊ី​នឹង​ចុះខ្សោយ ដូចក្នុង​ករណី​បោះឆ្នោត​លើរឿង កាត់ទឹកដីគ្រីមេ។

នៅក្រោយ រុស្ស៊ី កាត់យកទឹកដីគ្រីមេ របស់​អ៊ុយក្រែន នៅ​ឆ្នាំ ២០១៤ ទោះបីជា​ក្រុមប្រឹក្សា​សន្តិសុខ មិនអាច​ចេញសេចក្តីសម្រេច​ថ្កោលទោស រុស្ស៊ី ប៉ុន្តែ រុស្ស៊ី​បាន​នៅ ឯកោ ព្រោះ​មាន​សំឡេង​បោះឆ្នោត​ប្រឆាំង រុស្ស៊ី ដល់​ទៅ ១៣សំឡេង ដោយមានតែ​រុស្ស៊ី​ម្នាក់ឯង​ប៉ុណ្ណោះ ដែលបោះឆ្នោត​ប្រឆាំង និង​មានសំឡេង​អនុប្បវាទ​តែមួយ គឺ​ចិន។

ឯកអគ្គរដ្ឋទូត​អាមេរិក​សង្ឃឹមថា គ្រប់សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ប្រាកដជា​មិនចង់​ឃើញ​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន បង្ក​អសន្តិសុខ​ក្នុង​ពិភពលោក។ ដូច្នេះ គេ​នឹង​បោះឆ្នោត​ប្រឆាំងរុស្ស៊ី នៅក្នុងកិច្ចប្រជុំ នៅ​ចន្ទ ដើមសប្តាហ៍​ក្រោយនេះ។

ចិនគាំទ្រ​ការព្រួយបារម្ភ​របស់​រុស្ស៊ី នៅចំពោះមុខការពង្រីកដែនយោធា​របស់​អូតង់

ចិន​បាន​បង្ហាញ​ជំហរ​របស់ខ្លួនរួចហើយ នៅក្នុង​អំឡុង​កិច្ចសន្ទនាតាមទូរស័ព្ទ​រវាង​ប្រមុខការបរទេស​ចិន និង​អាមេរិក កាលពីថ្ងៃ​ម្សិលមិញ។ ម្សិលមិញ ប្រមុខការទូត​អាមេរិក លោក​អង់តូនី ប្លីងកិន​បាន​ស្វែងរក​ជំនួយ​ពីចិន ដើម្បី​ឲ្យ​ទៅបញ្ចុះបញ្ចូល​រុស្ស៊ី​ព្រោះថា ការរំលោភឈ្លានពាន​ណាមួយ​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន នឹង​បង្ក​ឲ្យមានគ្រោះថ្នាក់ដល់​សន្តិសុខ​ពិភពលោក និងជាពិសេស សេដ្ឋកិច្ច ដែល​ជាសរសរពឹងផ្អែក​សំខាន់​របស់​ប្រទេស​ចិន។

ប្រមុខការទូត​ចិន យល់ស្រប និង​អំពាវនាវ​ឲ្យ​គ្រប់ភាគី​អត់ធ្មត់ កុំ​ធ្វើសកម្មភាពទាំងឡាយណា​ដែល​រឹតតែ​ញុះញង់ បង្ក​​ឲ្យមាន​វិបត្តិកាន់តែតានតឹង។ ប៉ុន្តែ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការបរទេស ​ចិន លោក​វ៉ាងយី បាន​បញ្ជាក់ទៅសមភាគីអាមេរិក​ថា ចិន​គាំទ្រ ការយល់ឃើញ និង​ក្តីបារម្ភរបស់​រុស្ស៊ី អំពី​សន្តិសុខ​របស់ខ្លួន នៅចំពោះមុខ​ការពង្រីក​ដែនឥទ្ធិពល​យោធា​របស់​ប្រទេស​លោក​ខាងលិច ទៅក្នុង​តំបន់​អឺរ៉ុប​ខាងកើត ដែល​ជាប់ព្រំដែន​រុស្ស៊ី។

ដោយ​មិននិយាយ​ចំៗ​ឈ្មោះ អង្គការ​អូតង់ ប្រមុខការទូតចិន បាននិយាយ​ថា ការពង្រាយតាំងទី កងទ័ព​របស់​ក្រុមប្រទេសណាមួយ​នោះ មិនប្រាកដ​ថា ជាការធានា​សន្តិសុខ នៅក្នុង​ពិភពលោកនោះទេ។

ជាមួយ​ការអះអាងយ៉ាងដូច្នេះ រុស្ស៊ី គឺ​បានទទួលការគាំទ្រ​ជាផ្លូវការ​ពីប្រទេស​ចិន។ នេះមិនមែនជា​រឿងថ្មីនោះទេ។ រុស្ស៊ី និង​ចិន ដែល​រងការរិះគន់​ដូចគ្នា ពី​អាមេរិក និង​សហភាពអឺរ៉ុប ដោយសារ​សំណុំរឿងរំលោភ​សិទ្ធិមនុស្ស បាន​ខិតចូលជិត​គ្នា​កាន់តែខ្លាំង។ សម្ព័ន្ធភាព ការរឹតចំណង​មិត្តភាព​រវាង​ចិន និង​រុស្ស៊ី​នឹង​ស្តែង​កាន់តែ​ច្បាស់ នៅ​ខែ​ក្រោយ​នេះ នៅពេល​ប្រធានាធិបតី​រុស្ស៊ី​នឹង​ក្លាយ​ជា​មេដឹកនាំ​សំខាន់ជាងគេដែល​ទៅចូលរួម ឈរ​នៅលើ​វេទិកា ក្នុងការប្រកួតកីឡាអូឡាំពិក​រដូវរងា នៅទីក្រុង​ប៉េកាំង ក្នុងខណៈពេល​ដែល មេដឹកនាំ​អាមេរិក និង​ប្រទេស​លោកខាងលិច​ផ្សេងទៀត ពហិកា​មិនបញ្ជូន​មន្រ្តីរដ្ឋាភិបាល​ទៅប៉េកាំង ដើម្បី​ដាក់សម្ពាធ​រដ្ឋអំណាច​ចិន ក្នុង​រឿង រំលោភសិទ្ធិមនុស្ស​នៅ​ខេត្ត​ស៊ីនជាំង។

នៅក្នុងឱកាសជួបប្រជុំទ្វេភាគី​ជាមួយ​ប្រធានាធិបតីចិន នៅទីក្រុង​ប៉េកាំង នៅដើមខែ​កុម្ភៈ ប្រធានាធិបតី រុស្ស៊ី​លោក​វ្លាឌីមៀរ ពូទីន នឹង​ពិភាក្សា​សំខាន់​ពីទំនាក់ទំនង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ ជាពិសេស គឺ​ការផ្គត់ផ្គង់ឧស្ម័ន ដែល រុស្ស៊ី​ធានា​លក់​ទៅ​ឲ្យ​ប្រទេស​ចិន។ អាមេរិក​ធ្លាប់​បាន​ប្រាប់​ទៅចិន ហើយថា សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​អ៊ុយក្រែន នឹង​ធ្វើឲ្យ​ ពិភពលោក​កើតមាន​វិបត្តិ​ថាមពល ដែលនេះជា​បញ្ហាធំណាស់​សម្រាប់​ចិន ដែល​ត្រូវការ​ថាមពល​ឧស្ម័ន​សម្រាប់​សេដ្ឋកិច្ច។

អាមេរិក​បង្កើនការដាក់សម្ពាធ​លើ​រុស្ស៊ី ដោយ​គំរាម​សម្លាប់​គម្រោង​បំពង់បង្ហូរហ្គាស​Nord Stream 2​ដែលជាប្រភពចំណូល​សំខាន់​របស់​រុស្ស៊ី

តាំង​ពី​ដំបូងទី អាមេរិក​បាន​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​នឹង​ធ្វើឲ្យ​រុស្ស៊ី​ខាតបង់​ធ្ងន់ធ្ងរ ប្រសិន​បើ​រុស្ស៊ី​ហ៊ាន​ចូលឈ្លានពាន​អ៊ុយក្រែន។ កន្លងមក ប្រធានាធិបតី​អាមេរិក​ធ្លាប់​ពន្លយថា អាមេរិក​នឹង​អាច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ផ្ទាល់​ទៅលើ​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន ឬ​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​រុស្ស៊ី​ប្រើប្រាស់​លុយដុល្លារ សម្រាប់​ការដោះដូរ​អន្តរជាតិ​ជាដើម។ ចុងក្រោយនេះ គឺ​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2​ដែល​ជាផ្ទាំងស៊ីប​ដាក់ទណ្ឌកម្ម​មួយ​ទៀត​របស់​អាមេរិក។ គម្រោង​បំពង់បង្ហូរឧស្ម័ន  ដែល​អាមេរិក​បាន​ប្រឆាំង​តាំង​ពីដំបូងទី ក្នុង​ហេតុផលថា វា​នឹង​ផ្តល់ប្រយោជន៍​សេដ្ឋកិច្ច​ដល់​រុស្ស៊ី។

កន្លងមក រឿងគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2ដែលតភ្ជាប់​ពី​រុស្ស៊ី ទៅ​អាល្លឺម៉ង់ មិនត្រូវ​បាន​អាមេរិក​លើក​មក​និយាយ​នោះទេ ព្រោះ​ថា​រឿង​នេះ​វា​មាន​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ផលប្រយោជន៍​របស់​អាល្លឺម៉ង់ដែរ។ បំពង់បង្ហូរឧស្ម័ន Nord Stream 2ដែល​ចំណាយ​ពេល​សាងសង់ អស់​៥ឆ្នាំ និង​ទឹកប្រាក់​ជាង ១១​ពាន់លាន​អឺរ៉ូ នឹង​ក្លាយ​ជា​បំពង់បង្ហូរឧស្ម័ន​សំខាន់មួយ ទៀត ដែល​បង្ហូរឧស្ម័នផ្ទាល់​ពីទឹកដី​រុស្ស៊ី ទៅ​អាល្លឺម៉ង់ ដោយ​ឆ្លងកាត់​សមុទ្រ​បាល់ទិក។

អាល្លឺម៉ង់ធ្លាប់​ជំទាស់ និង​ព្យាយាម បង្វែរ​មិន​ឲ្យ​គម្រោងការបំពង់បង្ហូរឧស្ម័ន​អាល្លឺម៉ង់ រុស្ស៊ី មកឡូកឡំ​ក្នុង​រឿង​ជម្លោះនយោបាយ​អន្តរជាតិ​នោះទេ។ ប៉ុន្តែ លើកនេះ អាមេរិក​ចេញមុខ គំរាមសម្លាប់​គម្រោង​លក់​ឧស្ម័ន​របស់​រុស្ស៊ី ទៅ​អាល្លឺម៉ង់ នៅបន្ទាប់ពី រដ្ឋាភិបាល​ថ្មី​របស់​អាល្លឺម៉ង់ បើកភ្លើងខៀវ។ តាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាល្លឺម៉ង់ បញ្ជីដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់ប្រទេសលោកខាងលិច​ទៅលើ​រុស្ស៊ី ក្នុងករណី​រុស្ស៊ី ចូលឈ្លានពាន​អ៊ុយក្រែន មានផងដែរ​គម្រោង​បំពង់បង្ហូរឧស្ម័ន Nord Stream 2។

អាល្លឺម៉ង់ ក៏ដូចជា​រុស្ស៊ី​នឹង​អាច​ខាតបង់​ប្រយោជន៍ បើសិន​រឿងនេះ​កើតឡើងមែន។ ប៉ុន្តែ សួរថា តើ​ពាក្យគំរាម បញ្ឈប់​ការទិញឧស្ម័ន​ពីរុស្ស៊ី​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​ចុះចាញ់​ដែរឬទេ។ រហូតមកពេលនេះ រុស្ស៊ី​នៅមិនទាន់​ប្រតិកម្ម ឬ​បន្ទន់ជំហរ​ណាមួយនោះទេ។ ក្រៅតែ​អឺរ៉ុប រុស្ស៊ី​នៅតែ មាន​អតិថិជន​ធំ ដែលនៅត្រូវការ​ទិញ​ឧស្ម័ន​រុស្ស៊ី នោះគឺ​ចិន។

កិច្ចសន្ទនារវាង​ប្រធានាធិបតី​បារាំង និង​រុស្ស៊ី ជាការប៉ុនប៉ង​ចុងក្រោយ នៃ​ការចរចាការទូត?

នៅក្រោយ​អាមេរិក​ប្រកាស​បិទផ្លូវ មិនធ្វើតាម​ការទាមទារ​របស់​រុស្ស៊ី ផ្លូវចរចាការទូត​ដើម្បីដោះស្រាយ​ភាពតានតឹង​ជាមួយ​រុស្ស៊ី ក្នុង​សំណុំរឿង​អ៊ុយក្រែន កាន់តែរួញតូចទៅៗ។ នៅថ្ងៃ​សុក្រ​ទី ២៩​មករា ប្រធានាធិបតី បារាំង ត្រូវ​ជួបនិយាយ​តាមទូរស័ព្ទ​ជាមួយប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរពូទីន ដើម្បី កាត់បន្ថយភាពតានតឹង​ជាមួយ​រុស្ស៊ី ក្នុងសំណុំរឿង​អ៊ុយក្រែន។ អាចថា ជាឱកាស​ចុងក្រោយ ដើម្បី​បញ្ចុះបញ្ចូល​កុំ​ឲ្យ​រុស្ស៊ី​ចាត់វិធានការ​យោធា​ណាមួយ​ទៅលើអ៊ុយក្រែន។ ប៉ុន្តែ ដោយ​មើលទៅលើ​ប្រវត្តិទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បារាំង រុស្ស៊ី ដែល​ធ្លាប់​រកាំរកូស​នឹង​គ្នា​ដោយសារ​សំណុំរឿងរំលោភសិទ្ធិមនុស្ស​នៅ​រុស្ស៊ី និង​ការបំពុល​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី នោះ គេ​មិនសង្ឃឹម​ច្រើនថា ជំនួប​តាមទូរស័ព្ទ រវាង​ប្រធានាធិបតី​បារាំង និង​មេដឹកនាំ​រុស្ស៊ី​នឹង​ផ្តល់​លទ្ធផល​ផ្លែផ្កានោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ