អានតួអត្ថបទ

អាមេរិក​ប្រកាស​ត្រៀមទ័ព​ទៅពង្រឹង​អូតង់ ក្នុង​ករណី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន

អាមេរិក និងសម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​បង្ហាញ​ជំហរ​ឯកភាពគ្នា​ទាំងស្រុង នៅចំពោះមុខ​ការគំរាមកំហែង​របស់​រុស្ស៊ី ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ នៅក្នុង​កិច្ចប្រជុំ​តាម​វីដេអូ កាលពី​ថ្ងៃ​ចន្ទ​ទី ២៤​មករា ប្រធានាធិបតី​អាមេរិក លោកចូ បៃដិន និង​មេដឹកនាំ​អឺរ៉ុប​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ដំណោះស្រាយ​ការទូត​ជាមួយ​រុស្ស៊ី ក្នុងសំណុំរឿង​អ៊ុយក្រែន។ ប៉ុន្តែ ជាមួយ​គ្នានោះ គេ​ក៏បាន​ព្រមាន​រុស្ស៊ី​ពី​ផលវិបាកសេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើសិនរុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន សេតវិមាន​បានលើកឡើង​ផងដែរ​ពីការពង្រឹង​សន្តិសុខ​នៅ​ជួរ​សមរភូមិ​ភាគខាងកើត​របស់​អង្គការ​អូតង់។ នៅថ្ងៃ​ចន្ទដដែល ក្រសួងការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​ដាក់ទ័ព ៨៥០០នាក់ ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុងជើងការណ៍ ដើម្បី​ត្រៀម​ទៅ​ជួយ​អូតង់ ក្នុងករណីមានការរំលោភឈ្លានពានពីរុស្ស៊ី ទៅលើប្រទេស​អ៊ុយក្រែន។

ទង់សញ្ញាអង្គការ​សម្ព័ន្ថអាត្លង់ទិកអូតង់ នៅ​កន្លែង​ហ្វឹកហាត់​ក្នុង​មូលដ្ឋានទ័ពនៅប្រទេស​ឡេតូនី នៅឆ្នាំ ២០១៩
ទង់សញ្ញាអង្គការ​សម្ព័ន្ថអាត្លង់ទិកអូតង់ នៅ​កន្លែង​ហ្វឹកហាត់​ក្នុង​មូលដ្ឋានទ័ពនៅប្រទេស​ឡេតូនី នៅឆ្នាំ ២០១៩ REUTERS - INTS KALNINS
ផ្សាយពាណិជ្ជកម្ម

ដោយសារ​ភាពតានតឹង​ជាមួយ​រុស្ស៊ី ក្នុង​សំណុំរឿង​អ៊ុយក្រែន សម្ព័ន្ធអាត្លង់ទិក អូតង់​បាន​ប្រកាស​ដាក់​កងទ័ព​របស់ខ្លួន​ក្នុង​ស្ថានភាពអាសន្ន និង​បាន​បញ្ជូន បន្ថែម​នាវា និង​យន្តហោះ​ចម្បាំង ទៅ​ពង្រឹង​សន្តិសុខ​នៅ​តំបន់អឺរ៉ុប​ខាងកើត។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ អគ្គលេខាធិការ​អង្គការអូតង់ លោក​Jens Stoltenberg បាន​អះអាងថា អូតង់​នឹង​ចាត់គ្រប់វិធានការ​ដើម្បី​ការពារ​ប្រទេស​សម្ព័ន្ធមិត្ត ដែលនៅក្នុង​នោះមានផងដែរ ការពង្រឹងកម្លាំងនៅភាគខាងកើត។

បច្ចុប្បន្ន អូតង់​ពង្រាយទ័ព​ប្រមាណ ៤០០០នាក់ និងដាក់ប្រចាំការ រថក្រោះ ប្រព័ន្ធខែលមីស៊ីល និង​កម្លាំងស៊ើបការណ៍​ពិសេស នៅតាម​ប្រទេស​អឺរ៉ុប​ខាងកើត​ ដែលមាន​ដូចជា ប៉ូឡូញ លីទុយអានី អេស្តូនី​និង​ឡេតូនី។ តាមអង្គការ​អូតង់ បារាំង អេស្ប៉ាញ ដាណឺម៉ាក ហូឡង់ ដែលជា​សមាជិក​របស់​អូតង់ កំពុង​ពិចារណា​បញ្ជូន​ទ័ព និង​នាវា យន្តហោះ​ចម្បាំង​ទៅ​អឺរ៉ុប​ខាងកើត។

នៅថ្ងៃ​ចន្ទម្សិលមិញដែរ ក្រសួងការពារ​ជាតិ​អាមេរិកបាន​ប្រកាស​ដាក់​ទ័ព ៨៥០០​នាក់​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ប្រុងជើងការណ៍ខ្ពស់។ មានន័យថា ក្នុង​រយៈពេល​តែ ៥ថ្ងៃ ពួកគេ​អាចបើកប្រតិបត្តិការ​រហ័ស ​ចេញ ទៅអន្តរាគម​ជួយ​ពង្រឹង​កម្លាំង​អូតង់ ដែលមាន​ទាហាន​ចម្រុះជាតិសាសន៍ សរុប ៤ម៉ឺននាក់។

ដោយប្រកាស​ពីលទ្ធភាពបញ្ជូនទ័ព​ទៅពង្រឹង​កម្លាំងទ័ពរបស់អូតង់ ប្រធានាធិបតីអាមេរិក​កំពុង​ដាក់សម្ពាធទៅលើ​រុស្ស៊ី។ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​អឺរ៉ុប តាមវីដេអូសន្និសីទ​កាលពីថ្ងៃ​ចន្ទ ប្រធានាធិបតី​អាមេរិក​បាននិយាយ​ពី​ជំហរឯកភាពគ្នា​របស់​ប្រទេស​លោកខាងលិច ដើម្បី ចាត់វិធានការ​ប្រឆាំង​រុស្ស៊ី ក្នុង​ករណីរុស្ស៊ីចូលវាយប្រហារ​ឈ្លានពាន​អ៊ុយក្រែន។

ម៉ូស្គូតាមរយៈ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ចាត់ទុក​សកម្មភាព​ពង្រាយទ័ព​អូតង់​ថា ជា​រោគវក់ចិត្ត។ ម៉ូស្គូ​បាន​បន្ទោសផងដែរ ប្រទេស​លោកខាងលិចថា ជាអ្នកបង្កហេតុ ធ្វើ​ឲ្យ​វិបត្តិ​កាន់តែ​តានតឹង។ សម្រាប់​រុស្ស៊ី ការពង្រឹង​ទ័ព​របស់អូតង់ នៅក្នុង​តំបន់​បាន​ស្តែង​កាន់តែ​ច្បាស់ថា រុស្ស៊ី​ជា​ជនរងគ្រោះ ប៉ុន្តែ​មិនមែន​ជា​អ្នកបៀតបៀន រំលោភឈ្លានពានប្រទេស​ណាមួយនោះទេ។

រុស្ស៊ី​ត្រូវ​បាន​អ៊ុយក្រែន និង​ប្រទេស​លោកខាងលិច​ចោទប្រកាន់​ថា នឹង​អាច​ឈ្លានពាន​អ៊ុយក្រែន នៅ​ដើម​ឆ្នាំនេះ។ នៅ​មុន​មានព័ត៌មាន​ស្តីពី​ការពង្រាយទ័ព​ជាង ១សែននាក់ ​នៅព្រំដែន​ជាមួយ​អ៊ុយក្រែន រុស្ស៊ី​ធ្លាប់​បាន​ព្រមានដែរថា នឹង​ចាត់វិធានការ​យោធា បើសិន បស្ចឹមលោក​មិនព្រម​ធ្វើ​សំបុត្រ ដែល​ធានា សន្តិសុខ​ឲ្យរុស្ស៊ី តាមរយៈ ការឈប់ពង្រីកដែនឥទ្ធិពល​ទៅខាងកើត ដែលនៅក្នុងនោះ មានផងដែរ ការបដិសេធ​មិន​ឲ្យ​អ៊ុយក្រែន​ចូលជា​សមាជិក​របស់​អូតង់។

នៅប៉ុន្មាន​សប្តាហ៍មកនេះ ការចរចា​ការទូត​រវាង​អាមេរិក​ និងរុស្ស៊ី ស្តី​ពី​សំណុំរឿង​អ៊ុយក្រែន មិនបាន​ផ្តល់​លទ្ធផល​អ្វីនោះទេ។ យ៉ាងណាក៏ដោយ ប្រភពមន្រ្តីទូត​អឺរ៉ុប​បាន​ពន្លយ​ឲ្យដឹងថា ប្រមុខការទូត​រុស្ស៊ី និង​អាមេរិក នឹងជួបប្រជុំគ្នា​បន្តទៀត ដើម្បី​សម្រាលភាពតានតឹង។

ប្រភពមន្រ្តី រុស្ស៊ី​វិញបានលើកឡើង​ពី​កិច្ចប្រជុំ​ថ្នាក់​ទីប្រឹក្សា​នយោបាយ​របស់​រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអ៊ុយក្រែន ក្នុង​ទម្រង់ ណ័ម៉ង់ឌី នៅថ្ងៃ​ពុធទី ២៦​មករា។ តាមវិមានប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែលម៉ាក្រុង​នឹង​ជួបសន្ទនា​តាមទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន និង​ប្រធានាធិបតី រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន ដែលនៅក្នុងនោះ លោក​នឹងស្នើ​ផ្លូវដោះស្រាយ​មួយ​ដើម្បី​បន្ធូរបន្ថយភាពតានតឹង​ក្នុងសំណុំរឿងអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ