អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទៅជួបផ្ទាល់មេដឹកនាំ​រុស្ស៊ី លោកម៉ាក្រុងកំពុង​​​ធ្វើបេសកកម្ម​ការទូតដ៏ប្រថុយប្រថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី បារាំង​ទៅជួបផ្ទាល់​ប្រធានាធិបតីរុស្ស៊ី នៅទីក្រុង​ម៉ូស្គូ នៅថ្ងៃចន្ទ​ទី ៧ កុម្ភៈ​ឆ្នាំ ២០២២។ ចំណែកនាយករដ្ឋមន្រ្តី​អាល្លឹម៉ង់ ទៅ​វ៉ាស៊ីនតោន ដើម្បី​ជួបពិភាក្សា​ជាមួយប្រធានាធិបតីអាមេរិក មុន​នឹង​ត្រលប់​មកជួប​ប្រធានាធិបតី​រុស្ស៊ី និង​អ៊ុយក្រែន នៅ​សប្តាហ៍ក្រោយ។ បន្ទាប់ពី​អាមេរិក​បដិសេធ ការទាមទារ​របស់​រុស្ស៊ី មេដឹកនាំ​អឺរ៉ុប​ខំប្រឹង​សម្រុក​យុទ្ធនាការ​ការទូត ដើម្បី​បន្ធូរភាពតានតឹងជាមួយ​រុស្ស៊ី ជុំវិញ វិបត្តិ​អ៊ុយក្រែន។ អ៊ុយក្រែន ដែល មន្រ្តីអាមេរិក​វាយតម្លៃ ថា នឹង​អាច​រង​ការឈ្លានពាន​ក្នុង​ទ្រង់ទ្រាយធំ​របស់​រុស្ស៊ី នាពេលឆាប់ៗ​ខាងមុខ។

ប្រធានាធិបតីបារាំង(ស្តាំ)ផ្តល់កិត្តិយស​ទទួល​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​​នៅវាំង Versailles នៅបារាំង នៅ​ឆ្នាំ ២០១៩
ប្រធានាធិបតីបារាំង(ស្តាំ)ផ្តល់កិត្តិយស​ទទួល​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​​នៅវាំង Versailles នៅបារាំង នៅ​ឆ្នាំ ២០១៩ AP - Stephane de Sakutin
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុងចេញ​ដំណើរ​នៅថ្ងៃចន្ទ នេះ ទៅ​ទីក្រុង​ម៉ូស្គូ ទៅ​ជួប​លោក​ប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន។ តាម​គម្រោង មេដឹកនាំ​បារាំង និង​រុស្ស៊ី នឹង​ជួបគ្នា​នៅ ម៉ោង​៤រសៀល ម៉ោង​នៅប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង ១០ យប់ ម៉ោង​នៅកម្ពុជា។ តាម​វិមាន​ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង​ទៅ​ម៉ូស្គូ ក៏ដោយមកពី​មានការអញ្ជើញ​ផ្ទាល់​របស់​លោក​ប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ​ពូទីន។

ចាប់តាំង​ពី​កើតមាន​ភាពតានតឹង​រវាង​ប្រទេស​លោកខាងលិច និង​រុស្ស៊ី ជុំវិញ ការចល័តទ័ពរុស្ស៊ី នៅ​ព្រំដែន​អ៊ុយក្រែន លោក​ប្រធានាធិបតី បារាំង​អេម៉ានុយអែល​ម៉ាក្រុង​បាន​ជួប​សន្ទនា​តាមទូរស័ព្ទ ជាមួយ លោក​ប្រធានាធិបតី រុស្ស៊ី​ពូទីន ដល់​ទៅ​៣ដង។ លោក​ម៉ាក្រុង​ក៏​ជា​មេដឹកនាំ​ប្រទេស​លោកខាង​លិច ដំបូងគេ​ដែលធ្វើដំណើរ​ទៅ​ជួប​ផ្ទាល់​លោក​ពូទីន នៅទីក្រុង​ម៉ូស្គូ។

តាម​វិមាន​ប្រធានាធិបតី​បារាំង នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ កន្លងមក មេដឹកនាំ​រុស្ស៊ី លោក​ពូទីន បាន​និយាយប្រាប់​សមភាគី​បារាំង​ថា លោក​រង់ចាំ​ជួប​ផ្ទាល់​លោក​ម៉ាក្រុង ដើម្បី​ពិភាក្សា​បញ្ហា​ស៊ីជម្រៅ ព្រោះ​ថា លោក​ម៉ាក្រុង ជា​ដៃគូ​ចរចា​ដ៏​មាន​គុណភាព គួរ​ឲ្យ​ជឿ​ទុកចិត្ត។

លោកពូទីន​អាច​ចង់ជួប​ផ្ទាល់​លោកម៉ាក្រុង មកពី​លោកម៉ាក្រុង​កំពុងធ្វើជា​ប្រធានវិលជុំ​សហភាព​អឺរ៉ុប ហើយ​បារាំង​ផ្ទាល់​ក៏ជាអ្នកសម្របសម្រួល​កិច្ចប្រជុំ​ណ័រម៉ង់ឌី ស្តីពី​វិបត្តិភាគខាងកើត​អ៊ុយក្រែន កន្លងមក។ ប៉ុន្តែ ចំនុចនេះ ក៏នៅតែ​មិនទាន់​គ្រប់គ្រាន់ ដើម្បី ជំរុញ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​ជ្រើសរើស​ប្រធានាធិបតី​បារាំង​ជា​ដៃគូ​ពិភាក្សា​នោះទេ។ លោក​ពូទីន​ជ្រើសរើស​ប្រធានាធិបតី​បារាំង មកធ្វើជា​ដៃគូពិភាក្សា​ក៏ព្រោះតែ​លោក​ពូទីន​មើលឃើញថា ផ្ទុយពី​មេដឹកនាំ​អឺរ៉ុប​ផ្សេងទៀត លោក​ម៉ាក្រុង មានជំហរ មិនសូវ​តឹងផ្អឹស​ដាក់​រុស្ស៊ីនោះទេ។

ទោះបារាំង​ធ្លាប់ចូលរួម​ជាមួយ សហគមន៍អន្តរជាតិ​ថ្កោលទោស​រុស្ស៊ី ក្នុង​រឿងកាត់យកទឹកដី គ្រីមេ​របស់​អ៊ុយក្រែន នៅឆ្នាំ ២០១៤ ប៉ុន្តែ លោក​ម៉ាក្រុង​បាន​បង្ហាញ​ចិត្ត​ទូលាយ​ដាក់រុស្ស៊ី ដោយ​បាន​អំពាវនាវ​ឲ្យ​គេស្តារទំនាក់ទំនង​ល្អ​ឡើងវិញ​ជាមួយ​រុស្សី។ ចាប់តាំង​ពី​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​បារាំង​នៅ​ឆ្នាំ ២០១៧ លោក​ម៉ាក្រុង បាន​ជួបផ្ទាល់​ជាមួយ​លោក​ពូទីន ញឹកញាប់​ដល់ទៅ ៣ដង ដោយ​ពីរដង​នៅបារាំង និង​មួយដង នៅទឹកដី​រុស្ស៊ី។

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​អាច​ចូលចិត្ត លោក​ម៉ាក្រុង ដោយសារ​លោក​យល់​ឃើញថា លោក​ម៉ាក្រុង​ជា​មេដឹកនាំ​អឺរ៉ុប​ដំបូងគេ ដែលទាមទារ​ឲ្យ​គេ​បង្កើត​កងកម្លាំង​យោធា​អឺរ៉ុប ដើម្បីកាត់បន្ថយ ការពឹង​អាស្រ័យ​លើអូតង់ ដែល​មាន​អាមេរិក​ជាអ្នកកាច់ចង្កូត។ នៅ​ខែ មករា​កន្លងទៅ លោកម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​បើក​ការពិភាក្សា​ផ្ទាល់​ជាមួយ រុស្ស៊ី ដើម្បី​ដោះស្រាយ​វិបត្តិអ៊ុយក្រែន ជាជាង​ពឹងផ្អែក​លើ​អាមេរិក។ ជំហរ​របស់​ប្រធានាធិបតី បារាំង ដើម្បីដោះដៃ​ពី​អាមេរិក ធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី ពេញចិត្ត​ពេកក្រៃ ព្រោះ​ថា រុស្ស៊ី​គ្មាន​ប្រាថ្នា​ចង់​ឃើញ ទ័ព​អាមេរិក ទ័ព​អូតង់ ឈរជើង នៅ​ក្នុង​ទឹកដីអឺរ៉ុប​ខាងកើត។

វិមានក្រេមឡាំង ជំនួប​រវាង​លោកម៉ាក្រុង និង​លោកពូទីន សំខាន់ ប៉ុន្តែ មិនអាច​ជួយដោះស្រាយ​វិបត្តិអ៊ុយក្រែន ដ៏ស្មុគស្មាញ

ដោយសារ នៅក្នុង​ក្រសែភ្នែក​របស់​រុស្ស៊ី លោកម៉ាក្រុង ជា​ដៃគូចរចា ដ៏​មាន​គុណភាព គួរឲ្យទុកចិត្ត និង​ទន់ភ្លន់ មិន​ចេះដំឡើង​សំឡេង​ដាក់​រុស្ស៊ី ដូច្នេះ គេ​មិនអាច​សង្ឃឹមថា ជំនួប​រវាង​លោកម៉ាក្រុង និង​លោក​ពូទីន​នៅថ្ងៃ​ចន្ទ​នេះ​នឹង​ផ្តល់​លទ្ធផលធំដុំ​នោះទេ។

នៅថ្ងៃ​នេះ​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី បានអះអាង​រួចហើយដែរថា ជំនួប​នៅថ្ងៃនេះ​នឹង​អាច​ទៅ​ដោះស្រាយ​វិបត្តិអ៊ុយក្រែន​បានទេ ព្រោះ​បញ្ហា​អ៊ុយក្រែន ស្មុគស្មាញ ខ្លាំងណាស់។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ ម៉ូស្គូ​នៅតែ​ចាត់ទុក​ថា ជំនួប​រវាង​ប្រធានាធិបតី​បារាំង និង​រុស្ស៊ី នៅតែ​សំខាន់ ចាំបាច់ សម្រាប់​ដោះស្រាយ​វិបត្តិអ៊ុយក្រែន។

មុនធ្វើដំណើរ​ទៅជួប​លោក​ពូទីន លោកម៉ាក្រុងផ្ទាល់​ក៏ទទួលស្គាល់ដែរថា នៅក្នុង​ដំណើរ​ទៅជួប​លោកពូទីន​នៅថ្ងៃ​នេះ គេ​មិនអាច​សង្ឃឹមថា នឹង​ជំរុញ​ឲ្យ​រុស្ស៊ី ផ្លាស់ប្តូរ​ជំហរ តែម្នាក់ឯងទេ។ នៅមុន​ធ្វើដំណើរទៅ​ជួបផ្ទាល់​ប្រធានាធិបតី​រុស្សី លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​បានលើកឡើង​ថា រុស្ស៊ី​មាន​សិទ្ធិ សំដែង​ក្តី​បារម្ភ​ពី​សន្តិសុខ​របស់ខ្លួន នៅចំពោះមុខ​ការដាក់ទ័ព​របស់​អូតង់។ សម្រាប់​លោកម៉ាក្រុង រុស្ស៊ី​គ្មាន​គោលដៅ​ចង់​ឈ្លានពាន លេបយក​អ៊ុយក្រែន​ ប៉ុន្តែ ដោយគ្រាន់តែ​ចង់​បញ្ជាក់​ឲ្យ​អឺរ៉ុប និង​អូតង់ បញ្ជាក់ជំហរ ក្នុងរឿង​ពង្រាយទ័ព​នៅទឹកដី​អឺរ៉ុប។

យ៉ាងណាក៏ដោយ លោកម៉ាក្រុង​ដែល​កំពុង​ធ្វើ​ជា​ប្រធាន​វិលជុំ​សហភាពអឺរ៉ុប បាន​សង្កត់ធ្ងន់ដែរថា ការចរចាណាមួយ​ដើម្បី​បង្កើត​តុល្យភាព​កម្លាំង​រវាង​អឺរ៉ុប និង​រុស្ស៊ី ក៏​នឹង​មិនត្រូវ​ធ្វើ​ឲ្យ​អឺរ៉ុប​ចុះ​ខ្សោយ ខាតបង់ប្រយោជន៍​នោះដែរ។ តើ​លោកម៉ាក្រុង នឹង​អាច​មាន​ទឹកមាត់ប្រៃ ដើម្បី​និយាយចរចា​ឲ្យ​ប្រធានាធិបតីរុស្ស៊ី​ស្តាប់​ចូលត្រចៀក​ដែរឬទេ? គេ​មិនច្បាស់​រឿងនេះទេ។

ជារួមទៅ គេ​មិនអាច​សង្ឃឹម​អ្វី​បាន​ច្រើន ពីជំនួប​រវាង​លោកម៉ាក្រុង និង​លោក​ពូទីន។ វិមានប្រធានាធិបតី​បារាំង​វិញ បាន​អះអាងថា ជំនួប​នៅទីក្រុង​ម៉ូស្គូ នឹង​ជួយ​កាត់បន្ថយភាពតានតឹង​បាន​មួយរយៈពេល។ គេ​វាយតម្លៃថា ​ជំនួបរវាង​លោកម៉ាក្រុង និង​លោកពូទីន គឺជា​ជំនួបដើម្បី​ពន្យារពេល ឲ្យ​ស្ថានការណ៍​ចុះស្ងប់ មួយរយៈ រហូត​ដល់​ចុងខែ​មេសា។ ពីពេលនេះ រហូត​ដល់​ចុងខែ​មេសា បារាំង​មិន​ចង់​ឃើញ មាន​សង្រ្គាមផ្ទុះឡើង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​ទឹកដីអឺរ៉ុប ព្រោះថា ទាំង​បារាំង និង​ប្រទេស​អឺរ៉ុប​មួយចំនួន ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ។

លោកប្រធានាធិបតីបារាំង ធ្វើនយោបាយការទូត​ដ៏ប្រថុយប្រថាន

លោកម៉ាក្រុង​ដំបូង​គេ​ដែលជួបបញ្ហា បើសិន​លោកម៉ាក្រុង​មិនអាច​ទទួល​បាន​ចម្លើយ​វិជ្ជមាន​ណាមួយ ពីប្រធានាធិបតី​រុស្ស៊ី។ លោក​ម៉ាក្រុង ដឹង​ថា នៅពេល​ទៅជួប​លោក​ពូទីន ដែល​បាន​ដាក់សម្ពាធ​ខ្លាំង​លើ​អ៊ុយក្រែន និង​អឺរ៉ុប រួចហើយតាមរយៈ ការចល័តទ័ព ជាង ១សែននាក់ នៅព្រំដែន​អ៊ុយក្រែន លោក​កំពុង ធ្វើ​បេសកកម្ម​ការទូត​ដ៏​ប្រថុយប្រថាន​ខ្លាំង។ លោក​ម៉ាក្រុងដឹងថា លោក​ប្រថុយខ្លាំង ព្រោះថា បើសិន​លោក​ត្រលប់​ពីម៉ូស្គូ​វិញ ដោយដៃទទេ គ្មាន​បានលទ្ធផល​អ្វីពីលោកប្រធានាធិបតី​រុស្ស៊ី នោះ​លោក​នឹង​បាត់បង់​ការគាំទ្រ ធ្លាក់កូដប្រជាប្រិយ​ដែលនេះ​ជា​រឿងមិនល្អ​ទេ​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី ដែលលោក​អាច​ឈរឈ្មោះ​សាជាថ្មី។

ប៉ុន្តែ យ៉ាង​ណាក៏ដោយ លោក​ម៉ាក្រុង​នៅតែ​ប្រថុយ ព្រោះថា យ៉ាងហោច លោក​ចង់​បង្ហាញ ជាពិសេស​ទៅ​អាមេរិក និង​ពិភពលោក​ឲ្យ​ឃើញ​ថា បារាំង​ជា​ដៃគូ​សំខាន់ ដែលគេ​មិនអាច​មើល​រំលង​ដើម្បី​ដោះស្រាយ​វិបត្តិអ៊ុយក្រែន។ ចង់ឬ​មិនចង់ ចំណុចនេះ​នឹងធ្វើ​ឲ្យ​លោកម៉ាក្រុង អាច​បញ្ជាក់​ប្រាប់ទៅ​ប្រជាជន​បារាំង​ដែលជា​ម្ចាស់​សំឡេងឆ្នោត ថា លោកជា​មេដឹកនាំ​មួយ​ដែលក្លាហាន ហ៊ានប្រថុយគ្រោះថ្នាក់ ដើម្បី បញ្ជាក់​តួនាទី​របស់​បារាំង ក្នុងដំណើរការដោះស្រាយ​សំណុំរឿង​អន្តរជាតិធំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ