អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាល្លឺម៉ង់​ជំនះ​រៀបចំ មហោស្រព​ភាពយន្តប៊ែរឡាំង ទោះ​ករណីឆ្លង​មេរោគ​កូវីដ​កំពុងកើនឡើងខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហោស្រពភាពយន្ត​អន្តរជាតិ ក្រុងប៊ែរឡាំង​លើកទី​៧២ ត្រូវ​បានរៀបចំ ពី​ថ្ងៃទី ១០​ដល់​ថ្ងៃទី ២០​កុម្ភៈ ជាមួយ​ការអនុវត្ត​វិធានការ​រឹតបន្តឹង​សុខភាព​បំផុត ក្នុង​កាលៈទេសៈ​កូវីដ។ នៅក្នុង​​មហោស្រពភាពយន្តអន្តរជាតិ​ក្រុង​ប៊ែរឡាំង International film festival មានខ្សែភាពយន្ត​ដឹកនាំ​រឿង​ដោយ​សមិទ្ធិករ​ខ្មែរពីររឿង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ប្រកួតប្រជែង​យក​រង្វាន់ខ្លាឃ្មុំមាស​របស់​មហោស្រព។ ខ្សែភាពយន្ត​ខ្នាតវែង ទី ១រឿង Everything will be Ok ​របស់​លោក​រិទ្ធី ប៉ាន់ ត្រូវបានជ្រើសរើស​សម្រាប់ពាន​រង្វាន់​ខ្លាឃ្មុំមាស​របស់​មហោស្រព ចំណែក​រឿង ឆ្ងាយដាច់អាល័យ របស់ អ្នកដឹកនាំរឿង លោក​លី ប៉ូឡែន ត្រូវ​បាន​ជ្រើសរើស​សម្រាប់ការប្រកួតប្រជែង​រង្វាន់​ខ្សែភាពយន្ត​ខ្នាតខ្លី។

ផ្ទាំងបដា​មហោស្រពភាពយន្តអន្តរជាតិ ក្រុងប៊ែរឡាំងលើកទី​៧២ ត្រូវបានរៀបចំ​ឡើង​ដោយមានការចូលរួមផ្ទាល់​ពីសិល្បករ អ្នកចូលទស្សនា ទោះអាល្លឺម៉ង់កំពុង​ប្រឈម​នឹង​ការកើនឡើងនៃករណីឆ្លងកូវីដ
ផ្ទាំងបដា​មហោស្រពភាពយន្តអន្តរជាតិ ក្រុងប៊ែរឡាំងលើកទី​៧២ ត្រូវបានរៀបចំ​ឡើង​ដោយមានការចូលរួមផ្ទាល់​ពីសិល្បករ អ្នកចូលទស្សនា ទោះអាល្លឺម៉ង់កំពុង​ប្រឈម​នឹង​ការកើនឡើងនៃករណីឆ្លងកូវីដ AFP - JOHN MACDOUGALL
ផ្សាយពាណិជ្ជកម្ម

ទម្រាំ​រៀបចំ​ឲ្យ​ចេញជា​មហោស្រពភាពយន្ត ធម្មតាឡើងវិញ មានន័យថា មានការចាក់បញ្ចាំង​នៅរោងកុន និង​មានការចូលរួម​ដោយផ្ទាល់​ក្រុមផលិតខ្សែភាពយន្ត ក៏ដូចជា​អ្នកកាសែត អ្នករៀបចំ កម្មវិធី​មហោស្រព បាន​ជំនះ​ឧបសគ្គ និងការរិះគន់ច្រើនណាស់។ រងការរិះគន់​ដោយសារ​គេ​វាយតម្លៃថា ការរៀបចំមហោស្រពភាពយន្ត​ប៊ែរឡាំង ដូចធម្មតាឡើងវិញ ដែល​បើកឱកាស​ឲ្យ​មនុស្សរាប់រយ នាក់ ចេញចូល មកប៉ះ​ចម្លង​មេរោគកូវីដដាក់គ្នា​ក្នុង​មហោស្រព​នឹង​រឹតតែធ្វើ​ឲ្យ​ស្ថានភាព​ឆ្លងកូវីដ​នៅអាល្លឺម៉ង់ កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ​ថែមទៀត។

អាល្លឺម៉ង់ សព្វថ្ងៃ មាន​ករណីឆ្លង ជាង ២សែននាក់ ក្នុង​មួយថ្ងៃៗ។ ក្រសួង​សុខាភិបាល​អាល្លឺម៉ង់​ធ្លាប់​បាន​វាយតម្លៃថា អាល្លឺម៉ង់​នឹង​អាច​ជួបករណី​ឆ្លងខ្ពស់​បំផុត នៅ​ពាក់កណ្តាល​ខែ កុម្ភៈនេះទៀតផង។ បើសិន​គេ​បណ្តោយ​ឲ្យ​មនុស្សម្នារជួបជុំគ្នា ក្នុង​កម្មវិធី​មហោស្រពភាព គេ​ខ្លាចថា មហោស្រពភាពយន្តប៊ែរឡាំង នឹង​អាច​ជា​កន្លែងផ្ទុះចម្លងមេរោគកូវីដ​ដ៏ធំមួយ​យ៉ាងដូច្នេះដែរ។

ប៉ុន្តែ សម្រាប់​អ្នករៀបចំ​កម្មវិធី​មហោស្រព ដែលបានទទួល​ការគាំទ្រ​ចេញមុខ​ពីក្រសួង​វប្បធម៌ និង​ប្រព័ន្ធផ្សព្វផ្សាយ​អាល្លឺម៉ង់ ការរៀបចំ​មហោស្រព​ដោយមានការចូលរួម​ដោយ​ផ្ទាល់​សំខាន់ណាស់ បន្ទាប់ពី​ការអាក់ខានម្តង កាលពី​ឆ្នាំមុន ដោយនៅពេលនោះ ដោយសារ​តែ​បញ្ហា​កូវីដ មហោស្រពប៊ែរឡាំង​បាន​រៀបចំ​ការប្រកួតប្រជែង ខ្សែភាពយន្ត តែតាម​វីដេអូ​អនឡាញ​តែប៉ុណ្ណោះ។ សម្រាប់​លោកស្រី Mariette Rissenbeek នាយកប្រតិបត្តិ​របស់​មហោស្រព គេមិនអាច​រៀបចំ​មហោស្រព​ភាពយន្តតាម​អនឡាញ​ទៀតនោះទេ ព្រោះថា ខ្សែភាពយន្តដែលគេ​ជ្រើសរើស​សម្រាប់ការប្រកួតលើកនេះ ត្រូវការ​អេក្រង់ធំៗ សម្រាប់​ការចាក់បញ្ចាំង ដើម្បី​ឲ្យ​គណៈមេប្រយោគបាន​មើលឃើញច្បាស់ ពីគុណភាព​រូបភាពនិង​សំឡេង។

រឹតបន្តឹង​នៅច្រកចេញចូល និងត្រួតពិនិត្យ បណ្ណចាក់វ៉ាក់សាំង របស់​អ្នកចូលរួម

ដើម្បី ធានា​រៀបចំ​មហោស្រពភាពយន្ត ដូចធម្មតាឡើងវិញ  អ្នករៀបចំ​មហោស្រព ប្រុងប្រយ័ត្ន​និង​ចាត់វិធានការ ​តឹងរ៉ឹង ខ្លាំងណាស់ ដើម្បី​កាត់បន្ថយ​ហានិភ័យ ការចម្លងរាលដាល​មេរោគកូវីដ។

រាល់​អ្នកចូលរួម​ក្នុង​មហោស្រព​ទាំងអស់ គឺត្រូវ​អនុវត្ត​កាតព្វកិច្ច មួយចំនួនដូចជាទី១ គេ​ត្រូវ​ពាក់ម៉ាស ចំពុះទា ដែល​ការពារ​ខ្លាំងជាង​ម៉ាសធម្មតា។ ទី២ រាល់អ្នកចូលរួម​ត្រូវ​បង្ហាញ លិខិតចាក់វ៉ាក់សាំងបង្ការកូវីដ ឲ្យបាន​២ដូស​យ៉ាងតិច។ បន្ថែម​ពីលើនោះ គេ​ត្រូវ​ធ្វើ​តេស្ត​រុកចម្រុះ​រាល់ថ្ងៃ ដើម្បី​រកមេរោគកូវីដ មាន​ន័យ​ថា នៅរាល់​ចេញចូល ក្នុង​ទីតាំង​របស់មហោស្រព មិនថា នៅ​រោងភាពយន្ត នៅ​កន្លែង​ទំនាក់ទំនង​របស់​មហោស្រព គឺ​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ របស់​បុគ្គលិក​មហោស្រព ដែលមានម៉ាស៊ីន​ចាំ​ស្កែន​រកព័ត៌មាន​ខាងលើហ្នឹង គឺ​ប័ណ្ណចាក់វ៉ាក់សាំង ហើយនិង​តេស្តអវិជ្ជមាន។ បើគ្មាន​ភស្តុតាង​ពីរហ្នឹងទេ គឺគេ​មិនអាច​ចូលរួម​ក្នុង​មហោស្រព​បាន​ទេ។

មួយវិញទៀត ដើម្បី​កាត់បន្ថយ ការប្រមូលផ្តុំ ពពាក់ពពូន​នៅក្នុង​មហោស្រព អ្នករៀបចំ​បាន​កាត់បន្ថយ​ចំនួន​អ្នកចូលទស្សនា​ពាក់កណ្តាល ចំណែក​ការទទួលភ្ញៀវ ពិធីជប់លឿង ផ្សារលក់ខ្សែភាពយន្តអឺរ៉ុប​ក៏ត្រូវ​លុបចោល ដើម្បី​គោរពតាមគោលការណ៍ សុវត្ថិភាព ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ។ ម្យ៉ាង គេ​ក៏ត្រូវ​តម្រូវ​ឲ្យ​ចូលទិញ សំបុត្រ នៅ​លើ​វិបសៃតិ៍​របស់​មហោស្រព ទុកជាមុន ពោលគឺ​គ្មានការឈរតម្រង់ជួរ​ទិញសំបុត្រផ្ទាល់​ដូចមុនទៀតនោះទេ។

ចាប់តាំងពី​មហោស្រព​បាន​បើកសម្ពោធ​តាំងពីថ្ងៃ​ព្រហស្បតិ៍ ទី​១០​កុម្ភៈ គឺ​មហោស្រព បានប្រព្រឹត្តទៅ​ដោយ​រលូន ដោយ​មិនទាន់មាន​ផ្ទុះករណី​ឆ្លងកូវីដ​ធំដុំ​នៅឡើយទេ។

ខ្សែភាពយន្ត​ ផលិតឡើង​ ក្នុងសម័យកូវីដ​មាន​រូបរាងដូចម្តេច?

នៅក្នុង​មហោស្រពប៊ែរឡាំង ខ្សែភាពយន្ត​ដែល​ចេញ​ដាក់បញ្ចាំង​ជាលើកទី១ ជាខ្សែភាពយន្ត​ដែល​ផលិតឡើង​នៅក្នុង​សម័យកូវីដ សម័យ​ដែល​រដ្ឋាភិបាល​ប្រកាស​បិទខ្ទប់​ព្រំដែន បិទប្រទេស ដើម្បីកាត់បន្ថយ ការចម្លងរាលដាល​មេរោគកូវីដ។

ដោយសារ​តែ​វិធានការបិទខ្ទប់ប្រទេស វិធានការរឹតបន្តឹង​សុខភាព គម្រោងការ​ថតខ្សែភាពយន្ត ហើយសូម្បី​តែសាច់រឿង ក៏​ត្រូវ​ផ្លាស់ប្តូរ កែសម្រួលឡើងវិញ ដើម្បី​សម្រប​ទៅតាម​ស្ថានការណ៍កូវីដ ដូចជា គេ​ត្រូវ​កាត់បន្ថយ​ចំនួន​អ្នកសំដែង កាត់បន្ថយ​កន្លែងថត និង​ត្រូវថត​នៅ​ក្នុង​ស្ទូឌីយោ ជាជាង នៅ​តាមទីតាំងតាមបែបធម្មជាតិ។ ឧទាហរណ៍​ក្នុងករណី​ខ្សែភាពយន្ត​រឿង Peter Von Kant ដែល​ចាក់បញ្ចាំង​នៅថ្ងៃ​បើកឆាក​មហោស្រព កាលពី​ថ្ងៃ​ព្រហស្បតិ៍ សមិទ្ធិករ​បារាំង លោក​François Ozon ម្ចាស់រឿងនេះ​បាន​និយាយ​ថា វិធានការរឹតបន្តឹង​ដើម្បី ទប់ស្កាត់​ការចម្លងមេរោគ​កូវីដ​នៅប្រទេស​បារាំង បាន​បង្ខំឲ្យ​លោក​ក៏ដូចជាអ្នកដឹកនាំរឿងផ្សេងទៀត​បោះបង់ចោល​គម្រោងការថតកុន ក្នុងទ្រង់ទ្រាយធំ។ ជាក់ស្តែង រឿង​Peter Von Kant ដែល​និយាយ​ពីខ្សែជីវិត​របស់​អ្នកដឹកនាំរឿង​អាល្លឺម៉ង់ នៅទីបំផុត​ត្រូវ​ថតដំឡើង​នៅ ទីក្រុង​ប៉ារីស គឺមិនមែន​នៅទីក្រុង​កូឡូញ​ប្រទេស​អាល្លឺម៉ង់​ដូច​សាច់រឿងដើម​នោះទេ។

នៅក្នុងករណីខ្សែភាពយន្ត​របស់​លោក​ប៉ាន់ រិទ្ធីរឿង Everything will be ok ដែលជ្រើសរើស​សម្រាប់ការប្រកួតប្រជែង​យករង្វាន់ ខ្លាឃ្មុំមាស នៅ​ឆ្នាំនេះ គឺ គ្មានទាំង​អ្នកសំដែង​ជា​មនុស្សទៅទៀត គឺ​មាន​តែ​តួអង្គ​ជា​រូបដីឥដ្ឋ។ អាច​និយាយ​បានថា ទោះមានវិបត្តិកូវីដ វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ផ្លាស់ទី និងការកាត់បន្ថយ​ការប្រមូលផ្តុំ​មនុស្ស នៅកន្លែងថត លោក​ប៉ាន់ រិទ្ធី​ហាក់​បាន​សម្របខ្លួន​​រួចទៅហើយ​សម្រាប់​កាលៈទេសៈ ដែល​គេតម្រូវ​ឲ្យកាត់បន្ថយ ការប្រមូលផ្តុំមនុស្ស ព្រោះ ថា គ្រប់តួអង្គ ក្នុងសាច់រឿង​របស់​លោក​ធ្វើពី​ដីឥដ្ឋ ហើយ​ក្រុមការងារ​របស់​លោក​ថតភាគច្រើន​តែ​ក្នុងស្ទូឌីយោតែប៉ុណ្ណោះ។

Everything will be ok ​របស់​លោកប៉ាន់ រិទ្ធី

ស្ថិតក្នុងចំណោម​ខ្សែភាពយន្ត​ ចំនួន​១៨ មក​ពីប្រទេស​ចំនួន​១៥  Everything will be ok របស់​លោកប៉ាន់ រិទ្ធី​ត្រូវ​បានចាក់បញ្ចាំង​ជាផ្លូវការ​កាលពីថ្ងៃ​ទី ១២ កុម្ភៈ ក្នុង​ក្របខ័ណ្ឌ​ប្រកួតប្រជែង​យករង្វាន់​ធំ ខ្លាឃ្មុំមាស​របស់​មហោស្រព​ប៊ែរឡាំង​លើកទី​៧២។ នេះជាលើកទី​២ ដែល​លោក​ប៉ាន់ រិទ្ធី​បាន​ត្រលប់​មក​ចូលរួម​ក្នុង​មហោស្រព បន្ទាប់ពី​បានទទួល​រង្វាន់​ខ្សែភាពយន្ត​ឯកសារ​ល្អបំផុត​របស់​មហោស្រពប៊ែរឡាំង កាលពី ២ឆ្នាំមុន សម្រាប់​រឿង Irradiated។ ជា​ការកត់សំគាល់​ ចំណងជើង​រឿង Everything will be ok យកតាម​អក្សរ​សរសេរ​នៅលើ​អាវយឺត​របស់​ក្មេងស្រី ភូមា ម្នាក់ ដែលត្រូវ​បាន​កងទ័ព​របបសឹកភូមា​បាញ់សម្លាប់ នៅក្នុង​បាតុកម្មប្រឆាំង​រដ្ឋប្រហារ​នៅភូមា​នៅ​ឆ្នាំមុន។

តាម​លោក​ប៉ាន់ រិទ្ធី លោក​មានគំនិត​សរសេរ​រឿង Everything will be ok នេះឡើង ដោយ​ផ្អែក​ទៅលើ​ព្រឹត្តិការណ៍​ជាច្រើន​ដែលកើតឡើង នៅក្នុង​ពិភពលោក​ នៅ​២ឆ្នាំ​មកនេះ ពោល​គឺ​ចាប់តាំង​ពី​មាន​វិបត្តិកូវីដ នៅ​ឆ្នាំ ២០២០។ នៅ២ឆ្នាំមកនេះ មាន​ហេតុការណ៍​ច្រើនដែលកើតឡើង ដូចជា វិធានការបិទខ្ទប់​ប្រទេស ​ដាក់មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ​ក្នុងហេតុផលទប់ស្កាត់​ការឆ្លងមេរោគកូវីដ ការកើនឡើង​នៃ​បាតុកម្ម​ប្រឆាំង​វិធានការបិទខ្ទប់ កាតព្វកិច្ច​ចាក់វ៉ាក់សាំង​ក្នុង​ហេតុផល​ការពារ​សេរីភាព​បុគ្គល ការកើនឡើង​នៃរូបភាព​វីដេអូ សារ​បញ្ចេញមតិ ពាសពេញ​បណ្តាញសង្គម និង​ការកើនឡើង​នៃជម្លោះ​នៅក្នុង​ពិភពលោក ការកើនឡើង​នៃ​ការប្រើអំណាចផ្តាច់ការ ដើម្បី បំបាក់​សំឡេង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ដូចក្នុងករណី​ប្រទេស​ភូមា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ