អានតួអត្ថបទ
អាល្លឺម៉ង់-កូវីដ១៩បំប្លែងខ្លួន

អាល្លឺម៉ង់​សម្រេច​បិទ​ព្រំ​ដែន​មួយ​ផ្នែក​ទោះ​បី​មាន​ការ​រិះ​គន់​ពី​សហ​ភាព​អឺរ៉ុប

ប្រទេស​អាល្លឺម៉ង់បាន​សម្រេច​បិទ​ព្រំដែន​របស់​ខ្លួន​មួយ​ផ្នែក​ជាមួយ​សាធារណរដ្ឋ​ឆែក​ ហើយនិង​ប្រទេស​អូទ្រីស​នៅថ្ងៃ​អាទិត្យ​ ១៤​ កុម្ភៈ ឆ្នាំ២០២១។ បើទោះបីជា​ទទួល​បាន​ការ​រិះ​គន់​ពី​សហភាព​អឺរ៉ុប​យ៉ាង​ណា​ក្តី ការសម្រេចបែបនេះ​នៅតែ​ធ្វើឡើង​ដោយសារ​តែ​អាល្លឺម៉ង់​បារម្ភ​ពី​កំណើន​ករណី​ឆ្លងនៃ​វីរុស​កូវីដ ១៩ បំប្លែង​ខ្លួន។

មន្រ្តីប៉ូលិសអាល្លឺម៉ង់ត្រួតពិនិត្យអ្នកបើកបររថយន្តម្នាក់នៅព្រំដែនអាល្លឺម៉ង់-ឆែកជិតតំបន់ Marienberg ស្រុកក្នុង Reitzenhain ភាគខាងកើតប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១។
មន្រ្តីប៉ូលិសអាល្លឺម៉ង់ត្រួតពិនិត្យអ្នកបើកបររថយន្តម្នាក់នៅព្រំដែនអាល្លឺម៉ង់-ឆែកជិតតំបន់ Marienberg ស្រុកក្នុង Reitzenhain ភាគខាងកើតប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១។ AFP - JENS SCHLUETER
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ប៉ូលិស​អាល្លឺម៉ង់​ចំនួន​មួយ​ពាន់នាក់​ ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ត្រួត​ពិនិត្យតឹងរ៉ឹង​នៅ​តាមព្រំដែន​។ វិធានការ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​បែបនេះ​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាងខ្លាំង​ពីព្រោះថា​សម្រាប់​សហភាពអឺរ៉ុប​ នៅពេល​ដែល​ប្រទេសជា​សមាជិក​ណាមួយ​​សម្រេច​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ផ្សេងទៀត​យ៉ាងលឿន​ស្លេវ​បែប​នេះ វាមិនមែន​ជា​រូបភាព​ល្អ​នោះ​ទេ​។

នៅឯតំបន់​ព្រំដែន​ក្នុង​ស្រុក​បាវ៉ារៀ​ (Bavaria) ជាប់​ព្រំប្រទល់​ជាមួយនឹង​រដ្ឋ​ធីរ៉ូល​ (Tyrol) ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​កន្លែងរបស់អូទ្រីស​ គេ​ឃើញ​មន្រ្តី​អាល្លឺម៉ង់​ជាច្រើន​នាក់ពាក់ម៉ាស់​និង​អាវក្រៅ​ពណ៌លឿង​ចេញល្បាតព្រំដែន​ទាំងក្នុង​ពេល​សីតុណ្ហភាព​ធ្លាក់ចុះត្រជាក់ខ្លាំង​ក្រោមសូន្យ​ និង​បញ្ឈប់​រាល់​រថយន្ត​ដែល​មកពី​អូទ្រីស​។

យោងទៅតាមវិធានការថ្មី​ មានតែ​ជនជាតិ​អាល្លឺម៉ង់​ឬក៏​អ្នក​ដែល​រស់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ជាអចិន្ត្រីយ៍​ប៉ុណ្ណោះ​ដែល​ត្រូវបានគេ​អនុញ្ញាតឲ្យ​ចូលទឹកដី​នៃ​ប្រទេស​មហា​អំណាច​​សេដ្ឋកិច្ច​អឺរ៉ុប​មួយ​នេះ។ ហើយពួកគេ​ក៏ត្រូវតែ​ផ្តល់​នូវ​លទ្ធផល​តេស្ត​ដែល​បង្ហាញ​ថា​អវិជ្ជមាន​កូវីដ​ផងដែរ។

ជុំវិញរឿងនេះ​ ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​បានឲ្យ​ដឹងថា​មាន​ការ​លើកលែង​មួយចំនួន​ចំពោះ​បុគ្គលិកដែល​ធ្វើ​ក្នុង​ស្ថាប័នសំខាន់ៗ​មួយចំនួនដូចជា នៅក្នុង​វិស័យសុខាភិបាល​ និង​ការដឹក​ជញ្ជូន​ ក៏ដូច​ជា​សម្រាប់​ហេតុផល​មនុស្ស​ធម៌បន្ទាន់​ផ្សេងៗ​។

វិធានការ​របស់​អាល្លឺម៉ង់​ចុងក្រោយនេះ​ បានធ្វើឲ្យអ្នក​ដំណើរ​អូទ្រីស​ត្រូវចំណាយ​ពេល​វេលា​យូរជា​មុន​ច្រើនម៉ោង​ដើម្បី​ជិះ​ទៅដល់គោលដៅ​ក្នុង​ប្រទេស​អូទ្រីស​បាន​។​ អ្នក​ដំណើរខ្លះ​បានត្អូញត្អែរ​ពី​ទុក្ខលំបាក​ និង​ភាព​នឿយហត់​នៃ​ការ​បើកបរ​ផ្លូវឆ្ងាយ​ជាងមុនថាប្រៀបបីដូចជាជួបគ្រោះបហន្តរាយ។

ចំណែក​គណៈកម្មការ​អឺរ៉ុបវិញ​បាន​ចេញមុខ​រិះគន់លើ​ការ​រឹតត្បិត​ព្រំដែន​របស់​ប្រទេស​អាល្លឺម៉ង់​។ ស្នងការ​សុខភាព​សហភាពអឺរ៉ុប​លោកស្រី​ស្តេឡា គីរៀខីដ៍ (Stella Kyriakides) បាន​មាន​ប្រសាសន៍​ថា​គេយល់អំពី​ក្តីបារម្ភ​របស់​អាល្លឺម៉ង់​ចំពោះ​កំណើន​ករណី​ឆ្លង​មេរោគ​កូវីដ១៩ បំប្លែង​ខ្លួន​។

ក៏ប៉ុន្តែ​ លោកស្រីថាការឆ្លងរាលដាល​មេរោ​គប្រភេទថ្មី​ មិន​អាច​បញ្ឈប់​បាននោះទេ​តាមរយៈ​ការបិទព្រំដែន​ និងថាមានតែការចាក់វ៉ាក់សាំង ព្រមទាំងការ​អនុវត្តតាម​គោលការណ៍​នាម័យត្រឹមត្រូវប៉ុណ្ណោះទើបអាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ​បំប្លែងខ្លួនបាន។

សម្រាប់សហភាពអឺរ៉ុប​ វា​គឺជារឿង​មិនត្រឹមត្រូវទេ​ក្នុងការ​ដែល​ប្រទេស​ណាមួយនៅ​អឺរ៉ុប​សម្រេច​តែរៀងៗខ្លួន ត្រឡប់​ទៅ​បិទព្រំដែននឹងគ្នា​ដូចដែល​ពួកគេ​បាន​ធ្វើរួច​ហើយកាល​ពី​ខែ​មីនាឆ្នាំ​ ២០២០ កន្លងទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ