អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រោងចក្រ​​ថាមពល​​នុយក្លេអ៊ែរ​​របស់​​អ៊ុយក្រែន​​រង​​ការ​​វាយ​​ប្រហារ​​ពី​​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាម​អ៊ុយក្រែន​នៅតែ​បន្តពុះ​កញ្ជ្រោលខ្លាំង​នៅថ្ងៃ សុក្រ​ ទី៤ មីនា ឆ្នាំ២០២២​នេះ​។ ការ​ប្រយុទ្ធគ្នា​បាន​ផ្ទុះឡើង​យ៉ាង​ខ្លាំងក្លា​ រវាង​កង​ទ័ពរុស្ស៊ី​ និង​អ៊ុយក្រែន​ នៅក្បែរ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ហ្សេប៉ូរីហ្សៀ ​(Zaporizhia) ដែល​ជា​រោងចក្រ​ដ៏ធំ​បំផុត​មួយ​របស់​អ៊ុយក្រែន​រហូត​បង្ក​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ឡើង​។ សហគមន៍​អន្តរជាតិ​មាន​ក្តី​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើងនេះ​ និង​បាន​ទាញ​សញ្ញា​អាសន្ន​អំពី ​គ្រោះ​មហន្តរាយ​ដ៏ធំធេង​ដែល​អាច​នឹង​កើត​ចេញ​ពី​ការ​ផ្ទុះឆេះ​ទីតាំង​នុយក្លេអ៊ែរ​។

រូបភាពពីវីដេអូកាមេរ៉ាបង្ហាញ ពីអណ្តាតភ្លើងដែលឆាបឆេះនៅឯរោងចក្រថាមពលនុយក្លេអ៊ែរក្នុងក្រុង Zaporizhia ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
រូបភាពពីវីដេអូកាមេរ៉ាបង្ហាញ ពីអណ្តាតភ្លើងដែលឆាបឆេះនៅឯរោងចក្រថាមពលនុយក្លេអ៊ែរក្នុងក្រុង Zaporizhia ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។ Zaporizhzhya NPP via REUTERS - Zaporizhzhya NPP
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​វាយប្រហារ​លើ​រោងចក្រ​ថាមពលនុយ​ក្លេអ៊ែរ"​ហ្សេប៉ូរីហ្សៀ"

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​របស់​អ៊ុយក្រែន​ដែល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់កង​ទ័ព​រុស្ស៊ី​ គឺជារោងចក្រដ៏ធំបំផុត​មួយ​របស់​អ៊ុយក្រែន​និង​របស់​អឺរ៉ុប​។ រោងចក្រ​នេះ​មាន​ឈ្មោះថា​ ហ្សេប៉ូរីហ្សៀ​ (Zaporizhia) ស្ថិត​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​អ៊ុយក្រែន និង​មាន​ចម្ងាយ​ប្រមាណជា​ ៥២៥គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​ទីតាំង​នុយក្លេអ៊ែរ​ឈែរណូប៊ីល​។ ទីតាំង​នុយក្លេអ៊ែរ​ឈែរណូប៊ីល​បនេះ​ ធ្លាប់​បាន​ជួប​គ្រោះមហន្តរាយ​ដ៏ធ្ងន់ធ្ងរ​ដោយសារ​ផ្ទុះឆេះ​កាលពី​ឆ្នាំ ១៩៨៦​និង​បាន​សម្លាប់​ជីវិត​មនុស្ស​រាប់រយនាក់​។

រោងចក្រ​ ហ្សេប៉ូរីហ្សៀ មាន​កម្លាំង​រហូតដល់​ ៦ពាន់​មេហ្គាវ៉ាត់ និង​អាច​ផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់​សម្រាប់​ផ្ទះ​ប្រមាណ​ ៤លានខ្នង​។ បន្ទាប់ពី​ទីតាំង​នុយក្លេអ៊ែរ​ឈែរណូប៊ីល ហ្សេប៉ូរីហ្សៀ​ បានក្លាយ​ទីតាំងនុយក្លេអ៊ែរទី២​ដែល​​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃរុស្ស៊ី​នៅ​ថ្ងៃ​សុក្រ ទី៤ មីនា​ ឆ្នាំ២០២២​នេះ​។

បើទោះបីជា​មាន​ការអំពាវពី​ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ក្តី​ ក៏​ប្រទេស​រុស្ស៊ី​របស់​លោកពូទីន​មិន​បានយក​ត្រចៀក​ស្តាប់​សោះ​ឡើយ​ និង​បាន​បន្ត​បើក​ការ​វាយប្រហារ​នៅក្បែរ​ទីតាំង​នុយក្លេអ៊ែរ​ហ្សេប៉ូរីហ្សៀ​ ដែល​មាន​ម៉ាស៊ីន​ប្រតិករ​ចំនួន ៦នេះ​ទៀត​។

បើតាម​អាជ្ញាអ៊ុយក្រែន​ ទាហានរុស្ស៊ី​បានបាញ់ផ្លោង​ទៅលើរោងចក្រ​រហូត​បណ្តាលឲ្យ​មាន​ភ្លើង​ឆាបឆេះឡើង​នៅក្នុងអគារ​ហ្វឹកហ្វឺន​។ ដំណឹងនេះ​បាន​ធ្វើឲ្យ​សហគមន៍​អន្តរជាតិភ្ញាក់ផ្អើល និងតក់ស្លុតខ្លាំងណាស់​ពីព្រោះថាការវាយ​ប្រហារ​របស់កងទ័ពរុស្ស៊ីនេះ​ វាអាច​បង្កឲ្យ​រោងចក្រនុយក្លេអ៊ែរ​ហ្សេប៉ូរីហ្សៀ​ផ្ទុះឆេះ ហើយក្នុង​ករណីនេះវានឹង​នាំមក​នូវ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរដែលជា​ហានិភ័យខ្លាំង​ណាស់​សម្រាប់ប្រជាជនអ៊ុយក្រែន ប្រទេស​ជិត​ខាងអ៊ុយក្រែន​ និងអឺរ៉ុបទាំងមូល​។

គ្មាន​ការ​លេចធ្លាយវិទ្យុ​សកម្ម

អាច​ថា​នេះ​ជា​ដំណឹងល្អ​មួយដែរ​ពីព្រោះថា​បើតាម​ព័ត៌មានថ្មី​ចុងក្រោយ​ដែលធ្លាក់​មុននេះ​បន្តិច​ ក្រុមអ្នក​ពន្លត់អគ្គីភ័យ​អាច​គ្រប់គ្រងស្ថានការណ៍​ និងបាន​រារាំង​មិនឲ្យ​ភ្លើង​ដែល​ឆាបឆេះ​នោះ​ ឆេះ​រាលខ្លាំង​ទៅទីតាំង​នុយក្លេអ៊ែរហ្សេប៉ូរីហ្សៀ​ឡើយ​។

អ្នកជំនាញ​នុយក្លេអ៊ែរ​របស់​អ៊ុយក្រែន​ បានឲ្យដឹថា​គ្មានការ​លេចធ្លាយវិទ្យុសកម្ម​ត្រូវ​បាន​រក​ឃើញ​នោះទេ​នៅរោងចក្រ ក្រោយ​មានភ្លើងឆេះ​ក្នុងអំឡុងពេល​ដែល​កងទ័ពអ៊ុយក្រែនវាយ​ប្រប្រយុទ្ធតតាំង​គ្នា​ជាមួយ​ទាហានរុស្ស៊ី​។

ជាការគួរឲ្យកត់សម្គាល់​ ក្រោយ​ផ្ទុះ​ហេតុការណ៍​ដ៏គួរឲ្យព្រួយបារម្ភនេះ ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ ហៅកាត់ IAEA ដែល​ជា​អ្នក​មាន​នាទីជា​អ្នកតាមដាន​ឃ្លាំមើល​សកម្មភាព​នុយក្លេអ៊ែរ​នៅក្នុង​ពិភពលោកបានប្រញាប់​ចា​ត់វិធានការឆ្លើយ​តប​ជា​បន្ទាន់​តែម្តង​។

ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​របស់​អង្គការសហប្រជាជាតិ បាន​សម្រេច​នៅថ្ងៃ​សុក្រនេះ​ធ្វើដំណើរទៅកាន់តំបន់​ឈែរណូប៊ីល ក្នុង​គោលដៅ​បើក​កិច្ចចរចា​ជាមួយទាំង​ភាគី​អ៊ុយក្រែន និងរុស្ស៊ី​ដើម្បី​ជជែកគ្នា​ស្តីពី​ការធានាសន្តិសុខ​នៅ​ទីតាំង​នុយក្លេអ៊ែរ​នានា​របស់​អ៊ុយក្រែន​។

សេចក្តីសម្រេចរបស់​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិនេះ​ធ្លាក់មកតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ​ ក្រោយកងទ័ពរុស្សី​ប្រកាសពីជ័យជម្នះ​ក្នុងការ​បាន​ដណ្តើមយក​រោងចក្រ​ថាមពល​ហ្សេប៉ូរីហ្សៀ​មក​គ្រប់គ្រង​។

សហគមន៍​អន្តរជាតិ​ថ្កោលទោស​រុស្ស៊ី

មិនបង្អង់យូរហើយ​ មេដឹកនាំពិភពលោកនិងស្ថាប័នអន្តរជាតិជាច្រើន​បាននាំគ្នាបរិហារ​ថ្កោល​ទោស​ប្រទេសរុស្ស៊ីយ៉ាងខ្លាំងដែលបានបើកការវាយប្រហារ​ទៅលើទីតាំងរោងចក្រ​ថាមពល​នុយក្លេអ៊ែរ​របស់​អ៊ុយក្រែន។

ពីទីក្រុងឡុង៍​ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​បូរីស ចនសុន​ បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក ពូទីន ថាបាន​ប្រព្រឹត្តទង្វើគ្រោះថ្នាក់​ដែល​អាច​គំរាមកំហែង​ដល់សុវត្ថិភាព​នៃ​ទ្វីប​អឺរ៉ុប​ទាំងមូល​។ ទន្ទឹមនេះ លោកប្រមុខរដ្ឋាភិបាលអង់គ្លេស​ ក៏បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​បន្ទាន់ផងដែរដើម្បីជជែកពិភាក្សាគ្នាអំពី​សកម្មភាព​របស់​រុស្ស៊ី​នៅឯទីតាំង​នុយក្លេអ៊ែរ​ក្នុងទឹកដី​អ៊ុយក្រែន។

អង្គការអូតង់​ក៏មិននៅស្ងៀមដែរ។​ លោក យែន ស្តុលទែនប៊ែរ ដែល​ជា​ប្រធាន​អង្គការ​អូតង់និយាយថា​សកម្មភាព​ដ៏គ្រោះថ្នាក់​របស់​រុស្ស៊ី​នៅទីតាំង​នុយក្លេអ៊ែររបស់​អ៊ុយក្រែនស​បង្ហាញឲ្យឃើញ​កាន់តែច្បាស់ថា​គេមិនអាច​នៅ​ព្រងើយកន្តើយ​ទុកឲ្យ​សង្គ្រាម​នៅ​អូស​បន្លាយទៀត​នោះទេ​។

លោក​ប្រមុខ​អង្គការអូតង់​ បានឆ្លៀត​គូស​បញ្ជាក់​ដែរថា​វាចាំបាច់ណាស់​ដែល​គេ​ត្រូវ​បញ្ចប់​សង្គ្រាម​នេះឲ្យ​បានឆាប់រហ័ស​ ហើយ​ត្រូវ​ដក​ទ័ព​រុស្ស៊ី​ទាំងអស់​ចេញ​ពី​ទឹកដីអ៊ុយក្រែន​។ វិបត្តិ​អ៊ុយក្រែន​នេះ​គួរតែ​ដោះស្រាយ​ដោយ​សន្តិវិធី​តាមផ្លូវទូត។ លោកស្តុលទែនប៊ែរ បន្ថែម។​

ចំណែក​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក ម៉ារីយូ ដ្រាហ្គី (Mario Draghi)វិញ តាមរយៈ សេចក្តីថ្លែងការណ៍មួយ លោកបានថ្កោលទោសការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីទៅលើរោងចក្រ​ថាមពល​នុយក្លេអ៊ែរអ៊ុយក្រែន។ លោក បានចាត់ទុកទង្វើរបស់រុស្ស៊ីនេះថាជាការ​វាយ​ប្រហារ​លើ​សន្តិសុខ​របស់​មនុស្សគ្រប់គ្នា​តែម្តង​។

ស្រដៀងគ្នានេះដែរ អង្គការ Greenpeace បានថ្កោលទោសយ៉ាងខ្លាំងចំពោះ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅទីតាំង​នុយក្លេអ៊ែរ​ ព្រោះថា​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ដ៏ធំក្រៃ​។ “លោកពូទីន​... ឥឡូវនេះ​កំពុង​តែ​ប្រថុយនឹង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​”។ នេះគឺជាប្រសាសន៍របស់លោក Pat Venditti នាយកប្រតិបត្តិ Greenpeace នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ដោយបានបន្ថែមទៀតថា “នេះ​គួរតែ​ជា​លើក​ចុងក្រោយ​ហើយ​ ដែល​យើង​បាន​ឃើញ​យោធា​រុស្ស៊ី​ចូល​ទៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ុយក្រែន​”។

ងាកទៅ​ប្រទេសអ៊ុយក្រែនឯណោះវិញ​ លោកប្រធានាធិបតី​ ហ្សេឡេនស្គី និយាយថាការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រថាមពលនុយក្លេអ៊ែរហ្សេប៉ូរីហ្សៀ អាច​បង្ក​គ្រោះថ្នាក់​ធំ​លើស ៦នៃ​ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ​ដោយសារ​ការផ្ទុះឆេះ​កាលពី​ឆ្នាំ ១៩៨៦ នៅទីតាំង​នុយក្លេអ៊ែរ​ឈែរណូប៊ីល​។

លោកហ្សេឡេនស្គី​បាន​សង្កត់ធ្ងន់​ថា​ប្រសិន​បើ​មាន​ការ​ផ្ទុះ​ឆេះ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ នោះវា​គឺ​ជា​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​។​ ទី​បញ្ចប់​នៃ​ទ្វីប​អឺរ៉ុបតែម្តង​។ ហើយ​លោក​និយាយទៀត​ទាល់តែអឺរ៉ុបបញ្ចេញសកម្មភាពជាបន្ទាន់រួមគ្នា​ ទើប​អាច​បញ្ឈប់​សកម្មភាព​របស់​ទាហាន​រុស្ស៊ី​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ